យុវជន គាំទ្រ បក្សប្រជាជន ទាមទារ ឲ្យលោក សម រង្ស៊ី សុំទោស រឿងហ្វេសប៊ុក
RFA / វិទ្យុ អាស៊ី សេរី | ១២ មីនា ២០១៦
ក្រុម យុវជន គាំទ្រ លោក ហ៊ុន សែន និងគណបក្ស ប្រជាជន កម្ពុជា ទាមទារ ឲ្យលោក សម រង្ស៊ី សុំទោស ជាសាធារណៈ ករណី បង្ហោះសារ ក្នុងហ្វេសប៊ុក (Facebook) របស់លោក ថា រកឃើញ Likes ក្លែងក្លាយ លើបណ្ដាញ សង្គម ហ្វេសប៊ុក របស់ លោក ហ៊ុន សែន។
សេចក្ដីថ្លែងការណ៍ របស់ ក្រុមយុវជន សម្ព័ន្ធ សេនានាគ ដែលចេញផ្សាយ កាលពីថ្ងៃ ទី១១ ខែមីនា ឲ្យដឹង ថា, សំណេរ របស់លោក សម រង្ស៊ី នោះ ជាពាក្យពេចន៍ អកុសល, អវិជ្ជា, ខ្វះការ ទទួលខុសត្រូវ និងជាការ ប្រមាថ មាក់ងាយ ពលរដ្ឋ និងសង្គមខ្មែរ ដែលចូល ទៅចុច like ទំព័រ ហ្វេសប៊ុក របស់លោក ហ៊ុន សែន។
ក្រុមសម្ព័ន្ធ យុវជន សេនានាគ ដដែល លើកឡើង ថា, ក្រុម របស់ ពួកគេ គោរព, ស្រឡាញ់, អាណិត, ចូលចិត្ត (Like) ទំព័រ ហ្វេសប៊ុក របស់លោក ហ៊ុន សែន។
សេចក្ដីថ្លែងការណ៍នេះ ចុះហត្ថលេខា ដោយប្រធាន ប្រតិបត្តិ ក្រុមយុវជន សម្ព័ន្ធសេនានាគ លោក ប៉ាន់ខែម ប៊ុនថន និងជាជំនួយការ របស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ ដឹកនាំ ការតវ៉ា ទាមទារ ទម្លាក់លោក កឹម សុខា ពីតំណែង ជាអនុប្រធាន ទី១ នៃរដ្ឋសភា កាលពីចុងឆ្នាំ ២០១៥ ដែលកាលនោះ ក៏មានហិង្សា វាយដំលើ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ២រូបដែរ។
ពាក់ព័ន្ធនឹងសារនៅលើហ្វេសប៊ុក របស់លោក សម រង្ស៊ី នេះដែរ មន្ត្រីគណបក្សប្រជាជនកម្ពុជា លោក សោម សឿន ក៏បានប្ដឹងលោក សម រង្ស៊ី អោយតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន ២០លានរៀល។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងសុំការឆ្លើយតបភ្លាមៗពីលោក សម រង្ស៊ី បាននៅឡើយទេ នៅថ្ងៃទី១២ ខែមីនា។
លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមីនា បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា «ធ្លាយ ព័ត៌មានមួយ តាមរយៈ កាសែត ភ្នំពេញប៉ុស្តិ៍ ពីមតិ ចូលចិត្ត ឬ Like ក្លែងក្លាយ លើទំព័រ ហ្វេសប៊ុក របស់លោក ហ៊ុន សែន។» លោក ថា ចំនួនចូលចិត្ត ឬ Like មួយចំនួនធំលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រដែលអត់ការងារធ្វើឲ្យបង្កើតគណនីក្លែងក្លាយ ដើម្បីផ្ដល់មតិ ចូលចិត្ត ឬ Like ឲ្យលោក ហ៊ុន សែន។ លោក សម រង្ស៊ី សរសេរបន្តថា អ្នកដែលគេជួលឲ្យធ្វើបែបនេះ ច្រើនជាងគេគឺនៅប្រទេសឥណ្ឌា (India) និងហ្វីលីពីន (Philippines)៕
No comments:
Post a Comment