រដ្ឋមន្ត្រី ពាណិជ្ជកម្ម ថា, យ៉ាងតិច ២ឆ្នាំទៀត ទើប កម្ពុជា មានឱកាស ចូល TPP
លោក ស៊ុន
ចាន់ថុល ថ្លែងថា,
កម្ពុជា នឹងទាញ ផលចំណេញ ពីកិច្ចព្រមព្រៀង ដៃគូ ពាណិជ្ជកម្ម ឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឬTPP
បើ ទោះបី ជាកម្ពុជា ត្រូវ រង់ចាំ រយៈពេល ពីរឆ្នាំ ទៅមុខទៀត ក៏ដោយ។
លោក
ស៊ុន ចាន់ថុល
រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំពិភាក្សាក្រោមប្រធានបទ
“ទីតាំងភូមិសាស្ត្រអាស៊ាននៅឆ្នាំ២០១៦ និង ចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥”
នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧
ខែកុម្ភៈ ឆ្នាំ២០១៦។ (រូបថតពី Facebook ក្រសួងពាណិជ្ជកម្ម)
VOA / វីអូអេ | ២ មិនា ២០១៦
ភ្នំពេញ—លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម ជាឥស្សរជន ខ្មែរ មួយរូប ក្នុងចំណោម ឥស្សរជនខ្មែរ ផ្សេងទៀត ដែលបាន អមដំណើរ ជាមួយ នឹងលោក នាយកមន្ត្រី ហ៊ុន សែន ទៅចូលរួម កិច្ចប្រជុំ កំពូល សហរដ្ឋ អាមេរិក និងអាស៊ាន នៅរមណីយដ្ឋាន Sunnylands ក្នុងរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិក កាលពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៦។ បន្ទាប់ ពីវិលត្រឡប់ មក ពីកិច្ចប្រជុំ នេះវិញ, លោក ស៊ុន ចាន់ថុល ថ្លែងថា, កម្ពុជា នឹងទាញ ផលចំណេញ ពីកិច្ចព្រមព្រៀង ដៃគូ ពាណិជ្ជកម្ម ឆ្លងមហា សមុទ្រ ប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឬTPP បើ ទោះបីជា កម្ពុជា ត្រូវ រង់ចាំ រយៈពេល ពីរឆ្នាំ ទៅមុខទៀត ក៏ដោយ។ ថ្លែងទៅកាន់ ក្រុម អ្នកសារព័ត៌មាន ក្នុងម៉ោង សម្រាក ពីកម្មវិធី ធ្វើ បទបង្ហាញ អំពី គំនិតអាជីវកម្ម ទៅកាន់ វិនិយោគិន ដោយក្រុម សហគ្រិន វ័យក្មេង នៅក្នុង ការប្រកួតប្រជែង ផ្នែកពាណិជ្ជកម្ម ដែលបាន ធ្វើឡើង នៅឯ ទីស្តីការ ក្រសួង ពាណិជ្ជកម្ម កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន, លោក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែង ថា, រដ្ឋាភិបាល បានផ្តល់ ការគាំទ្រ លើកិច្ចព្រមព្រៀង TPP នេះ, ហើយ អាច នឹងត្រូវ ប្រើពេល ពីរឆ្នាំ បន្ថែមទៀត សម្រាប់ ការសុំសច្ចាប័ន ពីរដ្ឋសភា។ លោករដ្ឋមន្ត្រី បន្តថា, សហរដ្ឋ អាមេរិកក៏ នឹងត្រូវ ប្រើរយៈពេល ដូចគ្នានេះ ដើម្បី បើក ឲ្យមាន ការចូលរួម ពីប្រទេស ផ្សេងទៀត នៅក្នុង កិច្ចព្រមព្រៀង នេះ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ ថា៖ «សូម ជម្រាប ទីមួយ, TPP នេះ ប្រហែល ជាត្រូវការ ពេលវេលា ពីរឆ្នាំ ទើប ប្រទេស ទាំង១២នេះ អាចសុំ សច្ចាប័ន ពីរដ្ឋសភា របស់គេ បាន។ សព្វថ្ងៃនេះ គឺ មានតែ វៀតណាម និងម៉ាឡេស៊ី ទេ ដែលបានផ្តល់ សច្ចាប័ន លើ TPP, ហើយ សហរដ្ឋ អាមេរិក នៅមិនទាន់ធ្វើ នៅឡើយ ទេ។ អញ្ចឹង តាមការ គ្រោងទុក ប្រហែល ជាពីរឆ្នាំ ទើប ចូលជាធរមាន អា TPP សព្វថ្ងៃនេះ ទើប សហរដ្ឋអាមេរិក អាចបើក ថែមទៀត ឲ្យប្រទេស មួយចំនួន ថែមទៀត ដែលចង់ចូល ជាសមាជិក TPP នេះ ចាប់ផ្តើម ធ្វើកិច្ចការ ចរចានេះ ឯង។ អាហ្នឹង សូម ជម្រាបថា ហ្នឹង នីតិវិធី គឺអញ្ចឹង។»
លោក បានបន្តថា ប្រទេសកម្ពុជានឹងចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មបានយ៉ាង ងាយស្រួលនៅពេលខាងមុខ ដោយហេតុថា ប្រទេសកម្ពុជាពុំបានដាក់របាំងពាណិជ្ជកម្មច្រើន បើធៀបនឹងប្រទេសដទៃទៀត ហើយថា កម្ពុជានឹងមិនខាតបង់ប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួននោះឡើយ ប្រសិនបើកម្ពុជាក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPPនេះពិតប្រាកដនោះ។
«ខ្ញុំ ជឿជាក់, ខ្ញុំ ជឿជាក់ ថា, បើ តាមមើលទៅ គឺ ថា, ប្រទេស កម្ពុជា ជាប្រទេស តូច, ប្រទេស បើកចំហ។ យើង គ្មាន ការហាមឃាត់ អ្វី ច្រើនទេ, កម្ពុជាយើង។ ដូច្នេះ បើ យើង អាចចុះ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ទ្វេភាគី ជាមួយ ប្រទេស នៅក្នុងពិភពលោក ឲ្យបានច្រើន ជាការណ៍ល្អ របស់ កម្ពុជា។ អាហ្នឹង ជាគំនិតចម្បង របស់ខ្ញុំ។ ការយល់ដឹង របស់ខ្ញុំ មុនដំបូង ឃើញ អញ្ចឹងឯង។ អញ្ចឹង ខ្ញុំ ជឿជាក់ ថា, យើង ចូលទៅ ប្រហែល មិនខាតទេ ព្រោះ ផ្សារ ធំណាស់។»
នេះជាលើកទីពីរផងដែរ ដែលមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីចេតនា ចង់ធ្វើឲ្យកម្ពុជាក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានលក្ខណៈភូមិសាស្ត្រនយោបាយ ដែលសហរដ្ឋអាមេរិកចង់ប្រើសម្រាប់ទប់នឹងការកើនឡើងនៃអំណាច សេដ្ឋកិច្ចនិងយោធារបស់ចិន។
កាលពីពាក់កណ្តាលខែកុម្ភៈនេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងប្រាប់អ្នកចូលរួមនៅក្នុងវេទិកាសាធារណៈស្តីពីការ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងថវិកាឆ្នាំ២០១៦ ដែលបានរៀបចំឡើងនៅឯទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងសិក្សាលើផលប្រយោជន៍នៃការ ចូលជាសមាជិកនៃកិច្ចព្រមព្រៀង TPP នេះ។
សហរដ្ឋអាមេរិកនិងប្រជាជាតិ១១ផ្សេងទៀតបានចុះកិច្ចព្រមព្រៀង TPP កាលពីខែតុលា ឆ្នាំ២០១៥។ សមាជិកអាស៊ានចំនួន៤ ដែលក្លាយជាសមាជិក TPP រួមមាន ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។
ប្រទេសដែលចង់ក្លាយជាសមាជិកនៃកិច្ចព្រមព្រៀង TPP នេះ ត្រូវ ធ្វើការច្របាច់រួមគ្នានូវបទប្បញ្ញត្តិមួយចំនួនពាក់ព័ន្ធ នឹងសិទ្ធិការពារកម្មសិទិ្ធបញ្ញា និងបទប្បញ្ញត្តិផ្សេងទៀត សម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម។ នេះបើយោងទៅតាមការវិភាគរបស់ក្រុមអ្នកវិភាគផ្នែក ពាណិជ្ជកម្មអន្តរជាតិ។
សេដ្ឋវិទូនៅក្នុងប្រទេសកម្ពុជា ថ្លែងថា ផ្អែកលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ប្រទេសកម្ពុជាអាចក្លាយជាភាគីមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម មួយនេះ។ ក៏ប៉ុន្តែប្រទេសដ៏ក្រីក្រនេះ អាចនឹងពិបាកបំពេញឲ្យបាននូវលក្ខខណ្ឌមួយចំនួនសម្រាប់ក្លាយជា សមាជិកនៃកិច្ចព្រមព្រៀងនេះក្នុងនោះ គឺសិទ្ធិការពារកម្មសិទ្ធិបញ្ញា។
លោក ចាន់ សុផល ប្រធានមជ្ឈមណ្ឌលដើម្បីការសិក្សាគោលនយោបាយបានមានប្រសាសន៍ប្រាប់ VOA ថា កម្ពុជានឹងមានការលំបាកក្នុងបំពេញឲ្យបាននូវលក្ខខណ្ឌចូលជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ទាក់ទិននឹងកម្មសិទ្ធិបញ្ញា តែថា ដើម្បីផលចំណេញផ្នែកពាណិជ្ជកម្ម កម្ពុជាគួរបំពេញឲ្យបានចំពោះលក្ខខណ្ឌនេះ។
«បើ រឿង កម្មសិទ្ធិបញ្ញា ប្រហែល ជាយើង អាចពិបាក បំពេញ តាមតម្រូវការគេ ពីព្រោះ ស្រុកយើង នៅមាន របស់ copy ឬ ថតចម្លងច្រើន, ប៉ុន្តែ ផលចំណេញ មួយ ដែលយើង អាចរំពឹង ថា, យើង អាចនាំ ផលិតផល សម្លៀកបំពាក់ ទៅប្រទេស អាមេរិក ដោយមិនបង់ពន្ធ ឬក៏បង់ពន្ធ តិចតូច បំផុត។ ចំពោះ បច្ចុប្បន្ននេះ យើង នាំទៅអាមេរិក ច្រើន, តែ ជាប់ពន្ធ, ជាប់ពន្ធ ក្នុងក្របខ័ណ្ឌ WTO។ ហើយ បើសិនជា ក្របខ័ណ្ឌ TPP តម្រូវ ឲ្យមិន បង់ពន្ធ ឬបង់ពន្ធ តិចតួច បំផុត, វា នឹងជួយ ដល់ប្រទេស កម្ពុជាយើង ក្នុងការនាំ សម្លៀកបំពាក់ ច្រើន ថែមទៀត ទៅប្រទេស អាមេរិក។»
កិច្ចព្រមព្រៀង TPP នេះ ក៏ត្រូវបានលើកយកមកជជែកគ្នានៅក្នុងជំនួបកំពូលសហរដ្ឋអាមេរិក និងអាស៊ាន ដែលទើបតែបានបញ្ចប់កាលពីពាក់កណ្តាលខែកុម្ភៈនេះដែរ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា កិច្ចខិតខំប្រឹងប្រែងមួយត្រូវបានធ្វើឡើង ដើម្បីឲ្យមេដឹកនាំក្នុងប្រទេសអាស៊ានយល់ពីកិច្ចព្រមព្រៀង TPP ដែលនឹងសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ី ប៉ាស៊ីហ្វិក។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមក្នុងកិច្ចជំនួបកំពូលនេះ បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកស្នើឲ្យមានការរៀបចំសិក្ខាសាលាដើម្បីពន្យល់ដល់ ប្រទេសដែលពុំទាន់បានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ដដែលនេះ។
លោក ស៊ុន ចាន់ថុល បញ្ញាក់ ថា៖ «សហរដ្ឋ អាមេរិក ក៏បាន លើកឡើង អំពី កម្មវិធីធ្វើ workshop [សិក្ខាសាលា] ដើម្បី ពន្យល់ ប្រទេស ដែលមិន ទាន់ចូល ជាសមាជិក TPP នេះ ឲ្យយល់ អំពី TPP។ អញ្ចឹង យើង ត្រៀមខ្លួន នឹងចូលរួម ស្វែងយល់ អំពី TPP នេះ ពីសហរដ្ឋ អាមេរិក។ ទុក ឲ្យគេ ពន្យល់យើង, តើ ចំណុច ពាក់ព័ន្ធ នឹងការងារ, ចំណុច ពាក់ព័ន្ បរិស្ថាន របៀបម៉េច។ល។ គឺ ថា, គេ នឹងពន្យល់ មួយចំណុច ម្តង, មួយចំណុច ម្តង ឲ្យសមាជិក ប្រាំមួយ ប្រទេស ទៀតហ្នឹង ឲ្យយល់ អំពី TPP។»
កិច្ចព្រមព្រៀង TPP នេះ គ្របដណ្តប់៤០ភាគរយនៃផលិតផលក្នុងស្រុករបស់ពិភពលោក។ ប្រទេសក្នុងសមាគមអាស៊ាន ក៏កំពុងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយផ្សេងទៀតនាំមុខដោយ ប្រទេសចិន ដែលត្រូវគេស្គាល់ថា ជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Economic Comprehensive Partnership) ហៅកាត់ ថា RCEP។ កិច្ចព្រមព្រៀងនេះ គ្របដណ្តប់ ៣០ ភាគរយ នៃផលិតផល ក្នុងស្រុក របស់ ពិភពលោក។ នេះ បើ យោងទៅតាម សេចក្តីវិភាគ នៃអ្នកវិភាគ ផ្នែកពាណិជ្ជកម្ម អន្តរជាតិ ដែលត្រូវ បានគេ រាយការណ៍ កាលពីពេល កន្លងមក៕
No comments:
Post a Comment