Paris Peace Accords 23 Oct. 1991

Sunday, March 27, 2016

អ.ស.ប. ​បារម្ភ​ ពី​អ្នក​ បាត់​សិទ្ធិ​ បោះឆ្នោត​ ដោយសារ ​គ្មាន ​អត្តសញ្ញាណប័ណ្ណ​ និង​ចំណាកស្រុក | UN concerned about those without right to vote due to no ID card and migration

អ.ស.ប. ​បារម្ភ​ ពី​អ្នក​ បាត់​សិទ្ធិ​ បោះឆ្នោត​ ដោយសារ ​គ្មាន ​អត្តសញ្ញាណប័ណ្ណ​ និង​ចំណាកស្រុក

នៅថ្ងៃ​សុក្រ​ នេះ ​អ្នកស្រី ​រ៉ូណា ស្មីត​ ( Rhona Smith) ​អ្នក​រាយ​ការណ៍​ ពិសេស ​របស់ ​អ.ស.ប.​​ ប្រចាំ​ នៅ​ប្រទេស​ កម្ពុជា​ បាន​បង្ហាញ​ ចំណាប់​អារម្មណ៍​ របស់​ អ្នកស្រី​ ចំនួន​ ៥​ចំណុច​ ទាក់​ទង នឹង​ការ​ បោះឆ្នោត។
រូបឯកសារ៖ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក​ស្រី​ ​រ៉ូណា​ ស្មីត (​Rhona Smith​) និង​លោក​ណៃ វង់ដា​ ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក ​នៅ​ឯ​ការិយាល័យ​សិទ្ធិ​របស់​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០១៦។​ (រូប​ភាព​ផ្តល់​ដោយ​លោក​ ណៃ​ វង់ដា)
រូបឯកសារ៖ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ កម្ពុជា​លោក​ស្រី​ ​រ៉ូណា​ ស្មីត (​Rhona Smith​) និង​លោក​ណៃ វង់ដា​ ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក ​នៅ​ឯ​ការិយាល័យ​សិទ្ធិ​របស់​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០១៦។​ (រូប​ភាព​ផ្តល់​ដោយ​លោក​ ណៃ​ វង់ដា)
VOA / វីអូអេ | ២៦ មិនា ២០១៦
នៅថ្ងៃ​សុក្រ​នេះ ​អ្នកស្រី ​រ៉ូណា ស្មីត​ ( Rhona Smith) ​អ្នក​រាយ​ការណ៍​ ពិសេស ​របស់​ អ.ស.ប. ប្រចាំ​ នៅ​ប្រទេស​ កម្ពុជា​ បាន​បង្ហាញ ​ចំណាប់​អារម្មណ៍ ​របស់ អ្នកស្រី​ ចំនួន​ ៥​ចំណុច​ ទាក់​ទង នឹង​ការ​ បោះឆ្នោត។ ​ អ្នក​ស្រី​ បាន​បង្ហាញ​ ចំណាប់​អារម្មណ៍​ នេះ នៅ​ក្នុង​ជំនួប ​ជាមួយ​ មន្ត្រី​ គណៈ​កម្មាធិការ​ ជាតិ រៀបចំ ​ការ​បោះឆ្នោត។ 
​ក្តី​បារម្ភ ទាំង​នោះ ​រួម​មាន៖​ ទី១, ​ការចេញ អត្តសញ្ញាណ​ប័ណ្ណ​ មិន ទាន់​ពេល ​វេលា​ សម្រាប់ យក​ទៅ​ចុះ​ឈ្មោះ​ បោះឆ្នោត។ ​ ទី២,​ ពលករ​ ចំណាក​ស្រុក ​ដែល​អាច​ បាត់​ឱកាស​ បោះ​ឆ្នោត​។ ​ ទី៣, ​ការ​ផ្សព្វផ្សាយ​ ការ​អប់រំ​ អំពី​ ការ​បោះឆ្នោត ​ដល់​ជន​ជាតិ​ដើម ភាគ​តិច​ ដែល​មិន​ចេះ ​ភាសាខ្មែរ។  ទី៤,​ ចំនួន​ បេក្ខនារី​ មាន​ចំនួន ​តិច​ពេក​ បើ ប្រៀប​ធៀប​ នឹង​បេក្ខជន​ បុរស​ ខណៈ​ ដែល​ប្រទេស​ កម្ពុជា​ មាន​ស្ត្រី​ ច្រើន​ ជាង​បុរស។  ​និង​ទី​៥​, គឺ ​ការ​លេច​ឮ​ ព័ត៌មាន​ ថា, ​ការ​អប់រំ​ ពី​ការ​បោះឆ្នោត​ កន្លងមក​ មាន​ការ​លម្អៀង,​ គឺ អត់​អព្យាក្រិត្យ។​

លោក​ ហង្ស ពុទ្ធា ​អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា ​លោក​ស៊ិក ប៊ុនហុក ​ប្រធាន​គ.ជ.ប.​បាន​សន្យា​ថា ​ គ.ជ.ប. ​នឹង​សម្រួល​នីតិ​វិធី ​ដែល​អ្នក​អត់​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរអាច​សុំ​លិខិត​បញ្ជាក់​ពី ​មន្ត្រី​ឃុំ​សង្កាត់​ដែល​អាច​ប្រើ​ជំនួស​អត្ត​សញ្ញាណ​ប័ណ្ណ​សម្រាប់​ការ​ បោះឆ្នោត។

ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​របស់​ពលករ​ចំណាក​ស្រុក​ លោក​ប្រធាន​គ.ជ.ប.​បាន​ប្រាប់​អ្នកស្រី ​រ៉ូណា ស្មីត​ ថា ​គ.ជ.ប.​មិនទាន់​មាន​លទ្ធភាព​រៀបចំ​ចុះ​ឈ្មោះ​និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ ទេ ​ហើយ​ច្បាប់​ក៏​មិន​អនុញ្ញាត​ដែរ។​ គ.ជ.ប.​ ក៏​មាន​កម្មវិធី​បកប្រែ​ភាសា​ មាន​កម្មវិធី​ភាសា​កាយ​វិការ​ និង​ការ​អប់រំ​ជា​រូបភាព​សម្រាប់​ជនជាតិ​ដើម​ភាគតិច​មិន​ចេះអក្សរ​ និង​មិនចេះ​ភាសា​ខ្មែរ។ ​ 

គ.ជ.ប.​ បាន​បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​មួយ​សម្រាប់​សហការ​ជាមួយ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ទាក់ទង​នឹង​ការបោះ​ឆ្នោត។

«តើការ​អប់រំ​ជា​អ្វីណា៎។​ ការ​អប់រំ​មិនមែន​ជា​ការ​ឆ្លៀត​ឱកាស​ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ​នោះ​ទេ។ ​រឿង​នេះ​យើង​កំពុងតែ​ធ្វើ​ហើយ ​ហើយ​ទូលំទូលាយ​ជាង​នេះ​ទៀត។»

លោក ​ហង្ស ពុទ្ធា ​បន្ត​ថា ​ការ​កំណត់​ចំនួន​បេក្ខនារី ​មិនមែន​ជា​សមត្ថ​កិច្ច​របស់​គ.ជ.ប.​ទេ។​

លោក ​សុន ឆ័យ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិប្រាប់​ VOA ​ថា​ កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើន​តួនារី​ស្ត្រីទាំងថ្នាក់​ មូលដ្ឋាន​និង​ថ្នាក់ជាតិ។ ​តែ​កំណើន​នៅ​ថ្នាក់​ជាតិ​មិន​បាន​ច្រើន​ដូច​ថ្នាក់​មូលដ្ឋាន​ទេ។ ​លោក​និយាយ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើន​ឲ្យស្ត្រី​មាន​តួនាទី​ពី​ ២៥% ទៅ​៣០%​ ហើយ​បេក្ខនារី​ដែល​មាន​សមត្ថភាព​ស្មើ​បុរស​នឹង​ឋិត​នៅ​លំដាប់​លើ​សម្រាប់​ ការ​បោះឆ្នោត​ខាង​មុខ។​

«យើង​មាន​ពិសោធន៍​ដែល​ក្នុង​នោះ​មាន​អ្នក​ដឹក​នាំ​ជាស្ត្រី​ក្នុង​ឃុំមួយ ​ចំនួន​ គឺទទួល​បាន​ការគាំទ្រ ​ហើយ​យើង​ឃើញ​ការ​គ្រប់​គ្រង​របស់​គាត់​នៅ​មូលដ្ឋាននោះ​គឺ​មាន​ប្រសិទ្ធភាព​ គឺ​គាត់​ហ៊ាន​ការ​ពារ ​ច្បាស់​លាស់​ក្នុង​តួនាទី​បម្រើ​ប្រជា​ពលរដ្ឋ​មូលដ្ឋាន។»

រីឯ ​លោក ​ឈឹម ផលវរុណ ​អ្នកនាំពាក្យ​ គណបក្ស​ ប្រជាជន​ កម្ពុជា ​ថ្លែង​ថា៖​

«លោកស្រី​រ៉ូណាស្មីត​ ជា​អ្នក​រាយ​ការណ៍​ពិសេស​ខាង​សិទ្ធិ​មនុស្ស​ឲ្យ​អ.ស.ប.​ បែរ​ទៅ​ជា​ចេញ​សម្តី​ឲ្យ​គណបក្ស​កំណត់​កូតា​ស្ត្រី​ឈរ​ជាបេក្ខជន ​មាន​ន័យ​ថា​ លោកស្រីរ៉ូណា ស្មីត​ ជា​អ្នក​រំលោភ​សេរីភាពនយោបាយ​របស់​គណបក្ស​ទាំង​ស្រុង។​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​ស្វ័យ​សម្រេច​នឹង​ជ្រើសរើស​បេក្ខភាព​ អ្នក​នយោបាយ​ឈរ​ឈ្មោះ​ជា​បុរស​ ឬ​ជាស្ត្រី​ទៅ​តាម​ចំនួន​ ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ ហើយ​ចាំមើល​ជាក់ស្តែង​នៅ​ពេល​ដែល​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ចេញ​ជា​ផ្លូវ​ការ ​ បាទ។»

ទាក់ទង​នឹង​ការចេញ​អត្តសញ្ញាណ​ប័ណ្ណ​ប្រជាជន​ ​ ​កាលពី​ថ្ងៃ​ទី២៣​ខែ​កុម្ភៈ លោក​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​បានជំរុញ​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​ជូន ​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ទាន់​ពេលបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​ឆ្នាំ​២០១៧​នេះ។​ លោក​និយាយ​ថា ​លោក​សង្ឃឹម​ថា​ ធ្វើ​ទាន់។​ លោក​ស ខេងបញ្ជាក់​ថា មាន​ប្រជាជន​ជាង​១០​លាន​នាក់​ត្រូវ​មានអត្ត​សញ្ញាណ​ប័ណ្ណ​ ហើយ​បច្ចុប្បន្ន​នៅ​សល់​តែ​៣,៦​លាន​ទៀត​ប៉ុណ្ណោះ​ដែល​ក្រសួង​ត្រូវ​ធ្វើ​ អត្តសញ្ញាណ​ប័ណ្ណ​ជូន។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​ព្រមាន​មន្ត្រី​អត្រានុគោលដ្ឋាន​ឲ្យ​ពន្លឿន​ការ​ធ្វើ​អត្ត​ សញ្ញាណ​ប័ណ្ណ​ ដែល​ជាភារកិច្ច​របស់​ខ្លួន៕


No comments:

Post a Comment