មន្ត្រី អ.ស.ប. ស្នើ គ.ជ.ប. យកចិត្ត ទុកដាក់ ការចុះឈ្មោះ បោះឆ្នោត របស់ ពលករ ចំណាកស្រុក
RFA / វិទ្យុ អាស៊ី សេរី | ២៥ មីនា ២០១៦
អ្នករាយការណ៍ ពិសេស ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ស្នើឲ្យ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) យកចិត្ត ទុកដាក់ ពីការចុះឈ្មោះ បោះឆ្នោត របស់ ពលករខ្មែរ ចំណាកស្រុក នៅក្រៅប្រទេស។ ការស្នើនេះ ត្រូវ បានលើកឡើង នៅក្នុងជំនួប រវាង អ្នកស្រី រ៉ូណា ស្មីត ជាមួយ ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក នៅថ្ងៃ ទី២៥ ខែមីនា។
ការស្នើ របស់ អ្នកស្រី រ៉ូណា ស្មីត ពេលនេះ គឺ ស្របពេល ដែលកន្លងមក បញ្ហានេះ ក៏ត្រូវ បានគណបក្ស ប្រឆាំង និងគណបក្ស ទើបបង្កើត ថ្មី មួយចំនួន, ព្រមទាំង សង្គមស៊ីវិល ធ្វើការ ពាក់ព័ន្ធ នឹងការងារ បោះឆ្នោត, លើកឡើង ពីការផ្ដល់ លទ្ធភាព និងភាពងាយស្រួល ក្នុងការ ចុះឈ្មោះ បោះឆ្នោត សម្រាប់ ពលរដ្ឋ និងពលករ ខ្មែរ កំពុង ធ្វើការ នៅក្រៅប្រទេស ផងដែរ។
ជុំវិញ ការស្នើ របស់ អ្នកស្រី រ៉ូណា ស្មីត នេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប. មិនមានលទ្ធភាពក្នុងការរៀបចំឲ្យមានការចុះឈ្មោះអ្នកបោះឆ្នោត ខ្មែរនៅក្រៅប្រទេសនោះទេ។ លោក ហង្ស ពុទ្ធា ផ្តល់ហេតុផលចម្បងថា ច្បាប់បោះឆ្នោតរបស់កម្ពុជា មិនបានចែងពីការអនុញ្ញាតឲ្យ គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោតសម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនោះទេ។ លើសពីនេះ លោកថា សូម្បីតែការរៀបចំការចុះឈ្មោះបោះឆ្នោតនៅក្នុងប្រទេស វាមានភាពស្មុគស្មាញណាស់ទៅហើយ ទម្រាំរៀបចំឲ្យមានការបោះឆ្នោតនៅក្រៅប្រទេសទៀតនោះ គ.ជ.ប មិនទាន់មានលទ្ធភាពនោះទេ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ថា គ.ជ.ប ទុកពេលរហូតដល់ ៣ខែ សម្រាប់ការចុះឈ្មោះបោះឆ្នោត។ ដូច្នេះលោកថា ក្នុងរយៈពេលនេះ ពលករខ្មែរអាចធ្វើដំណើរមកចុះឈ្មោះបោះឆ្នោតនៅកម្ពុជា បាន។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប គ្រោងរៀបចំការចុះឈ្មោះបោះឆ្នោតចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ២០១៦៖ «រយៈពេល ៣ខែនេះ ពលរដ្ឋដែលរស់នៅ ឬធ្វើការនៅក្រៅប្រទេសអញ្ជើញមកចុះឈ្មោះបោះឆ្នោតបាន ហើយពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅ ឬក៏ចល័តធ្វើការងារនៅក្នុងប្រទេសលោកអាចធ្វើការសម្រេចចិត្តចុះ ឈ្មោះនៅកន្លែងណាក៏បានដែរ រហូតដល់ច្បាប់ចែងថា ឲ្យតែមានលិខិតបញ្ជាក់ពីទីសំណាក់ ដូច្នេះបើគាត់មានអត្តសញ្ញាណប័ណ្ណហើយ តែខុសលំនៅ ហើយគាត់សម្រេចចិត្តចុះឈ្មោះក្នុងឃុំណា ឲ្យតែគាត់បានរស់នៅក្នុងឃុំហ្នឹង ឬក៏ធ្វើការ ឬជួលផ្ទះកន្លែងនោះ គឺគាត់អាចចុះឈ្មោះបោះឆ្នោតបានដូចគ្នា។»
កាលពីពេលថ្មីៗនេះ ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ លោក ហ៊ាង ឫទ្ធី បានស្នើទៅកាន់សហភាពអឺរ៉ុប ជំរុញឲ្យ គ.ជ.ប រៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោតសម្រាប់ពលករខ្មែរធ្វើការនៅក្រៅ ប្រទេសផងដែរ។
ទំព័រហ្វេសប៊ុក (Facebook) របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ឲ្យដឹងថា ក្រៅពីស្នើឲ្យ គ.ជ.ប សម្រួលដល់ដំណើរការចុះឈ្មោះបោះឆ្នោតពលករខ្មែរចំណាកស្រុកនៅក្រៅ ប្រទេស អ្នកស្រី រ៉ូណា ស្មីត ក៏ស្នើឲ្យ គ.ជ.ប យកចិត្តទុកដាក់ពីការចុះឈ្មោះបោះឆ្នោតរបស់ជនអនាថា ជនពិការ អ្នកតាំងទីលំនៅថ្មី ស្ត្រី និងជនជាតិដើម។
លើសពីនេះទៀត អ្នកស្រី រ៉ូណា ស្មីត ក៏ទទូចឲ្យ គ.ជ.ប ធ្វើយ៉ាងណាធានាថា អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់អាចចុះឈ្មោះបោះឆ្នោតនៅមុនពេល បោះឆ្នោតបាន ព្រមទាំងស្នើឲ្យ គ.ជ.ប បង្កើតកម្មវិធីទូលំទូលាយដើម្បីអប់រំពលរដ្ឋ និងអ្នកបោះឆ្នោតឲ្យបានយល់ពីដំណើរការបោះឆ្នោត និងពីបញ្ហាប្រឈមពាក់ព័ន្ធនានា។
ទោះជាកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសអស់ ៥អាណត្តិហើយក្តី ប៉ុន្តែនៅមុនពេល អំឡុងពេល និងក្រោយពេលការបោះឆ្នោតម្តងៗ ពលរដ្ឋ និងបក្សប្រឆាំងតែងរអ៊ូរទាំ និងតវ៉ាពីភាពមិនប្រក្រតីនានាក្នុងពេលបោះឆ្នោត ដោយសារគ្មានឈ្មោះបោះឆ្នោត បាត់ឈ្មោះបោះឆ្នោត មានឈ្មោះខ្មោចច្រើន មានគេបោះឆ្នោតជំនួស ការបង្កការលំបាកក្នុងការចុះឈ្មោះបោះឆ្នោត ការលួចបន្លំសន្លឹកឆ្នោត ឬការគំរាមកំហែងផ្នែកនយោបាយជាដើម។
ក្នុងពេលធ្វើជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានរកឃើញថា កត្តាសំខាន់បំផុតមួយក្នុងចំណោមកត្តាមួយចំនួនទៀតដែលនាំឲ្យមាន ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា នោះគឺការបោះឆ្នោតមិនមានភាពយុត្តិធម៌។ ការជួបពិភាក្សារបស់អ្នករាយការណ៍ថ្មីអ្នកស្រី រ៉ូណា ស្មីត ជាមួយ គ.ជ.ប ពេលនេះ ស្ដែងឲ្យឃើញថា អង្គការសហប្រជាជាតិនៅតែបារម្ភចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ក្នុងពេលខាងមុខនៅឡើយ។
ក្រៅពីជួបប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក នៅថ្ងៃទី២៥ ខែមីនា ដដែល អ្នកស្រី រ៉ូណា ស្មីត ក៏ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ លោក ជា សុផារ៉ា ផងដែរ។
ក្នុងជំនួបជាមួយលោក ម៉ក់ សម្បត្តិ អ្នកស្រី រ៉ូណា ស្មីត ពិភាក្សាពីផែនការសកម្មភាពរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការរៀបចំរបាយការណ៍នានា ដែលមិនទាន់បានដាក់ជូនស្ថាប័នសិទ្ធិមនុស្ស និងពីតួនាទីរបស់គណៈកម្មាធិការនេះ ពាក់ព័ន្ធនឹងបណ្ដឹងបុគ្គល ការឃ្លាំមើលបាតុកម្ម និងការតវ៉ានានា។
ចំណែកក្នុងជំនួបជាមួយលោក ជា សុផារ៉ា ភាគីទាំង២ ពិភាក្សាលើបញ្ហានៃការអភិវឌ្ឍសហគមន៍ជនជាតិដើម កិច្ចការពារដីរបស់សហគមន៍ ដំណើរការចុះបញ្ជីមុនទទួលបានប័ណ្ណកម្មសិទ្ធិដីសហគមន៍ សារសំខាន់នៃកិច្ចពិគ្រោះយោបល់ជាមួយសហគមន៍រងគ្រោះក្នុងគម្រោង អភិវឌ្ឍន៍ ការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ការផ្ដល់សម្បទានដី និងដំណើរការតាំងទីលំនៅថ្មីរបស់ពលរដ្ឋជាដើម៕
No comments:
Post a Comment