Paris Peace Accords 23 Oct. 1991

Tuesday, March 29, 2016

[Vietnamization] អ្នក​វិភាគ​ ចង់​ឃើញ​ រដ្ឋាភិបាល ​មាន​វិធានការ​ លើ​ករណី​ ពលរដ្ឋ​ ជួល​ដី​ តាម​ព្រំដែន ​ឲ្យ​បរទេស | Analysts want to see concrete measures from govt re matter of villagers renting out land along border to foreigners


អ្នក​វិភាគ​ ចង់​ឃើញ​ រដ្ឋាភិបាល ​មាន​វិធានការ​ លើ​ករណី​ ពលរដ្ឋ​ ជួល​ដី​ តាម​ព្រំដែន ​ឲ្យ​បរទេស

RFA / វិទ្យុ អាស៊ី សេរី | ២៨ មីនា ២០១៦

 

សកម្មភាព​ឈូស​ឆាយ​ធ្វើ​ផ្លូវ​របស់​វៀតណាម  នៅ​ព្រំដែន​ស្វាយរៀង ៨៥៥
សកម្មភាព​ឈូស​ឆាយ​ធ្វើ​ផ្លូវ​របស់​វៀតណាម ចូល​ដី​ខ្មែរ​នៅ​តាម​ក្រវាត់​ព្រំដែន​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។  RFA/Tha Kitya

អ្នក​វិភាគ​ ថា, ​ការ​អំពាវនាវ ​របស់​ រដ្ឋាភិបាល កុំ​ឲ្យ​ ពលរដ្ឋ​ខ្មែរ ​ជួល​ដី​ នៅ​តាម​ ព្រំដែន​នោះ គឺ ​គ្មាន​ ប្រសិទ្ធភាព​ឡើយ ប្រសិន​បើ​ គ្មាន​ វិធានការ ​ច្បាស់លាស់ និង​ពុំ​មាន​ ដំណោះស្រាយ ​បញ្ហា​ ប្រឈម ​របស់​ ពលរដ្ឋ​ នៅ​តាម​ព្រំដែន។  ការ​លើក​ឡើង​នេះ បន្ទាប់​ ពី​រដ្ឋមន្ត្រី​ ក្រសួង​ មហាផ្ទៃ បាន​ក្រើន ​រំឭក​ ជា​ថ្មី​ ក្នុង​ពិធី​ តែង​តាំង លោក សួន បវរ ជា​អភិបាល​ ថ្មី​ ខេត្ត​ បន្ទាយមានជ័យ នៅ​ថ្ងៃ​ ទី​២៨ ខែ​មីនា ជំនួស លោក គោ ស៊ុំសារឿត ដែល​ត្រូវ​ បាន​ផ្ទេរ​ ទៅ​កាន់​ ការងារ​ ជា​រដ្ឋលេខាធិការ ​ក្រសួង​ ធនធាន​ទឹក និង​ឧតុនិយម។


អ្នក​វិភាគ​ចង់​ឃើញ​រដ្ឋាភិបាល បញ្ចេញ​វិធានការ​ច្បាស់លាស់​ចំពោះ​បញ្ហា​ជួល​ដី​កសិកម្ម​នៅ​តាម​ព្រំដែន​ទៅ​ ឲ្យ​កសិករ​ប្រទេស​ជិត​ខាង ជា​ជាង​ស្រែក​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត រួច​ហើយ​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក មាស នី បង្ហាញ​ទស្សនៈ​ថា ការ​អំពាវនាវ​នេះ គឺ​មិន​អាច​ទប់ស្កាត់​ទៅ​បាន​ទេ ព្រោះ​ករណី​ជួល​ដី​ខ្លះ​ស្មុគស្មាញ​ច្រើន និង​ករណី​ជួល​ដី​ខ្លះ​ទៀត​ជាប់​ទាក់ទង​នឹង​អ្នក​មាន​លុយ​មាន​អំណាច។ លោក​ថា រដ្ឋាភិបាល​ត្រូវ​ចាប់​ផ្ដើម​អភិវឌ្ឍ​នៅ​តាម​ព្រំដែន ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​លទ្ធភាព​ធ្វើ​កសិកម្ម​ដោយ​ខ្លួន​ឯង៖ «ទាល់ ​តែ​មាន​វិធានការ បើ​គ្រាន់​តែ​អំពាវនាវ ខ្ញុំ​គិត​ថា​ដូចជា​ទៅ​អត់​រួច ហើយ​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ដូចជា​មិន​ទាន់​បង្ហាញ​របាយការណ៍​ច្បាស់លាស់​ថា តើ​ទំហំ​ការ​ជួល​ដី​នោះ​វា​មាន​ទំហំ​ប៉ុណ្ណា»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​២៨ មីនា ក្នុង​ឱកាស​តែង​តាំង​អភិបាល​ថ្មី​ខេត្ត​បន្ទាយមានជ័យ លោក សួន បវរ។ លោក ស ខេង អំពាវនាវ​ឲ្យ​អភិបាល​ខេត្ត​ថ្មី រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ឲ្យ​បិទ​ច្រក​របៀង និង​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជួល​ដី​ឲ្យ​ប្រទេស​ជិត​ខាង ព្រោះ​វា​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ទៅ​ថ្ងៃ​ក្រោយ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លើក​ឡើង​ថា ដើម​ចម​ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​ជួល​ដី​នោះ ដោយសារ​បញ្ហា​ទឹក ទុន បច្ចេកទេស និង​ទីផ្សារ។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ទើប​អាច​ទប់ស្កាត់​ការ​ជួល​ដី​នៅ​តាម​ព្រំដែន​បាន។

ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មីនា កន្លង​ទៅ ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន លោក សុខ ទូច មាន​ប្រសាសន៍​ថា យន្តការ​ដែល​អាច​ទប់ស្កាត់​ការ​ជួល​ដី​កសិកម្ម​នៅ​តាម​ព្រំដែន​នោះ គឺ​រដ្ឋ​ត្រូវ​តែ​លើក​ទឹក​ចិត្ត និង​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​កសិករ រក្សា​ប្រភព​ទឹក​ដែល​មាន ប្រើ​គោល​នយោបាយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ឬ​រដ្ឋាភិបាល​ចេញ​ថ្លៃ​ខាត ហើយ​កសិករ​ត្រូវ​តែ​ចង​ជា​សមាគម ដើម្បី​កុំ​ឲ្យ​ឈ្មួញ​កណ្ដាល​ទម្លាក់​តម្លៃ​កសិផល។

ការ​អំពាវនាវ​របស់ លោក ស ខេង ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ជួល​ដី​ឲ្យ​ប្រទេស​ជិត​ខាង​នេះ មិន​មែន​ជា​លើក​ទី​១ ទេ។ កន្លង​មក ក្រសួង​មហាផ្ទៃ ឬ​រដ្ឋាភិបាល ធ្លាប់​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មិន​ឲ្យ​ពលរដ្ឋ​ជួល​ដី​កសិកម្ម​ឲ្យ​ ប្រទេស​ជិត​ខាង​ឡើយ តែ​ការ​ទប់ស្កាត់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ៕


No comments:

Post a Comment