Paris Peace Accords 23 Oct. 1991

Friday, March 18, 2016

[Vietnamization] ដី​សម្បទាន​ សេដ្ឋកិច្ច​ របស់ ​ក្រុមហ៊ុន​ វៀតណាម ​នៅ​ជាប់​ព្រំដែន​ នឹង​ត្រូវ​ ដក​ហូត | Economic land concession of Vietnamese company at border to be confiscated

ដី​សម្បទាន​ សេដ្ឋកិច្ច​ របស់ ​ក្រុមហ៊ុន​ វៀតណាម ​នៅ​ជាប់​ព្រំដែន​ នឹង​ត្រូវ​ ដក​ហូត

RFA / វិទ្យុ អាស៊ី សេរី | ១៨ មីនា ២០១៦

 

ផែនទី​ខេត្ត​រតនគិរី ៦២០
ផែនទី​ខេត្ត​រតនគិរី។  Photo: RFA

ដី​ ចម្ការ​ កៅស៊ូ​ ក្រុមហ៊ុន​ សម្បទាន​ សេដ្ឋកិច្ច​ របស់ ​វៀតណាម ឈ្មោះ ដាយ ដុង យឿង ខមឺសល យ៉ញ ស្ដុក (Dai Dong Yoeurng Commercial Yornh Stock Co., Ltd.) ជាង ៨០០​ ហិកតារ មាន​ទីតាំង នៅ​តំបន់​ ព្រំដែន ​ស្រុក ​អូរយ៉ាដាវ ខេត្ត​ រតនគិរី ជាប់​ នឹង​ស្រុក​ ដាក់កឺ ប្រទេស​ វៀតណាម នឹង​ត្រូវ​ ដក​ហូត​ តាម​លិខិត​ ជូន​ដំណឹង ​របស់ ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី។

​​មន្ត្រី​កសិកម្ម​ ខេត្ត​ រតនគិរី ឲ្យ​ដឹង ​នៅ​ថ្ងៃ​ ទី​១៨ ខែ​មីនា ថា, អនុក្រឹត្យ​ ស្ដីពី​ ការ​ដក​ហូត ​ដី​សម្បទាន របស់​ ក្រុមហ៊ុន​ វៀតណាម មួយ​នេះ អាជ្ញាធរ​ខេត្ត​ បាន​ទទួល​ហើយ​ កាល​ពី​ដើម​ ខែ​មីនា, ក៏ប៉ុន្តែ​ បែបបទ​ នៃ​ការ ​ដក​ហូត​ ដី​នោះ​ មិន​ទាន់ ​ដឹង​នៅ​ឡើយ។


ប្រធាន ​មន្ទីរ ​កសិកម្ម​ ខេត្ត​រតនគិរី លោក សយ សូណា មាន​ប្រសាសន៍​ ថា មន្ទីរ ​កសិកម្ម​ បាន​ទទួល​​​លិខិត ​ជូន​ដំណឹង​នេះ ​ពី​អាជ្ញាធរ​ខេត្ត​ក្នុង​ នោះ​ដី​ចម្ការ​កៅស៊ូ​ដែល​ក្រុមហ៊ុន​បាន​ដាំ​ដុះ​រួច​ជាង ៨០០​ហិកតារ​នឹង​ត្រូវ​ដក​ហូត។ លើស​ពី​នេះ​ទៀត រាជរដ្ឋាភិបាល​មាន​គោលការណ៍​សង​ប៉ះប៉ូវ​តម្លៃ​វិនិយោគ​របស់​ក្រុមហ៊ុន​ដែល​ បាន​ចំណាយ ក៏ប៉ុន្តែ​ទំហំ​ទឹក​ប្រាក់​កម្រិត​ណា​មិន​មាន​លិខិត​បទដ្ឋាន​បញ្ជាក់​ឲ្យ​ ទាន់​ដឹង​នៅ​ឡើយ៖ «មាន​អនុក្រឹត្យ​មួយ​សេចក្ដី​ជូន​ដំណឹង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដាយ ដុង យឿង នៅ ៨០០​ហិកតារ​យើង​ប៉ះប៉ូវ​សង។»

​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ដាយ ដុង យឿង កាល​ពី​ឆ្នាំ​២០០៨ បាន​ស្នើ​សុំ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ស្រុក​អូរយ៉ាដាវ មាន​ផ្ទៃ​ដី​ជិត ៥.០០០​ហិកតារ ដើម្បី​ដាំ​កៅស៊ូ ស្វាយចន្ទីរ និង​ចិញ្ចឹម​សត្វ ក៏ប៉ុន្តែ​រហូត​​បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល​បាន​កាត់​ចេញ​ដី​មាន​ផល​ ប៉ះពាល់ និង​រក្សាទុក​ដី​ដែល​ក្រុមហ៊ុន​ដាំ​កៅស៊ូ​បាន​ជាក់ស្ដែង​ប្រមាណ ៨០០​ហិកតារ​សម្រាប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ មាន​រឿង​អាស្រូវ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ដាយ ដុង យឿង សុំ​អធិប្បាយ​ជុំវិញ​ការ​សម្រេច​ដក​​ហូត​ដី​សម្បទាន​របស់​រាជ​រដ្ឋាភិបាល​ នេះ​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា។

​ទាក់ទិន​ការ​ដក​ហូត​ដី​សម្បទាន​នេះ​ដែរ អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ទទួល​ស្គាល់​ថា លោក​បាន​ឃើញ​អនុក្រឹត្យ​ដក​ដី​សម្បទាន​ក្រុមហ៊ុន ដាយ ដុង យឿង ដែរ ​ក៏ប៉ុន្តែ​លោក​មិន​មាន​ព័ត៌មាន​ជាក់លាក់​ពី​ចំណាត់​ការ​បែប​ណា​ទៅ​លើ​ អនុក្រឹត្យ​នោះ​ទេ៖ «ខ្ញុំ​មិន​ច្បាស់​ដែរ​ទេ ខ្ញុំ​ឃើញ​កូនចៅ​វាត់​អាប់ wathsApp ឲ្យ​ដែរ​ទេ ខ្ញុំ​សួរ​នាំ។»

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​នៅ​សហរដ្ឋអាមេរិក លោក អ៊ុំ សំអាន កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា បាន​ផ្ញើ​លិខិត​ទី​ពីរ​តាម​រយៈ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន លើក​​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បំភ្លឺ​សំណួរ​ហេតុ​អ្វី​បាន​ជា​កងទ័ព​ប្រជាជន​វៀតណាម ទទួល​បាន​ការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​រតនគិរី? តើ​មាន​វត្តមាន​កងទ័ព​វៀតណាម នៅ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​រតនគិរី ឬ​ទេ? តើ​រាជរដ្ឋាភិបាល​មាន​គម្រោង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ ដោយ​កងទ័ព​ប្រជាជន​វៀតណាម នៅ​ខេត្ត​រតនគិរី ឬ​ទេ?

​ឆ្លើយ​តប ​ករណី​នេះ រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​​​បញ្ជាក់​ ថា, ទីស្ដីការ​ គណៈរដ្ឋមន្ត្រី​ បាន​ឆ្លើយ​តប ​បែប​រដ្ឋបាល ​ទៅ​សភា ​រួច​ហើយ ចំណែក​សំណួរ​ របស់ ​​​តំណាងរាស្ត្រ ​គណបក្ស​ សង្គ្រោះ​ជាតិ មន្ត្រី​ជាន់​ខ្ពស់​ ទីស្ដីការ ​គណៈរដ្ឋមន្ត្រី​ នឹង​ពិនិត្យ​ ស្រាវជ្រាវ​ មុន​ នឹង​ឆ្លើយ​តប​ បែប​ណា៖ «ផ្នែក​រដ្ឋបាល​ គេ​ ឆ្លើយ​តប​ភ្លាម បាន​គេ​ ស្វែង​រក​ ឯកសារ​, ហើយ​ ពិនិត្យ​មើល។  ចំណែក​ ការ​បំភ្លឺ​ បែប​ណា​ ជា​ការ​សម្រេច​ របស់​ សម្ដេច។»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែប កត់ បញ្ជាក់​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១៨ ខែ​មីនា នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មិន​ទាន់​ទទួល​បាន​លិខិត​បទដ្ឋាន​​​ទាក់ទិន​ទៅ ​នឹង​វិធានការ​ដក​ហូត​ដី​សម្បទាន​ក្រុមហ៊ុន ដាយ ដុង យឿង នៅ​ឡើយ។ លោក​បន្ត​ថា ​ក្រុមហ៊ុន ដាយ ដុង យឿង ក៏​មិន​មាន​សកម្មភាព​ដាំ​ដុះ​នៅ​លើ​ដី​សម្បទាន​នោះ​ទេ៕



No comments:

Post a Comment