ពលរដ្ឋ លក់ឧស ប្រភេទ ដើមកៅស៊ូ ត្អូញត្អែរ ថា, អាជ្ញាធរ ហាម មិនឲ្យលក់ ទៅវៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ៣១ មីនា ២០១៦
ប្រជាពលរដ្ឋ នៅស្រុក មេមត់ ដែលមាន មុខរបរ ដឹកឧស កៅស៊ូ និងម្ចាស់ចម្ការខ្លះ លើកឡើង ថា, ក្រោយពេល អាជ្ញាធរ មិនអនុញ្ញាត ឲ្យពួកគាត់ អាចយកឧស ទាំងនេះ ទៅលក់ នៅប្រទេស វៀតណាម បាន គឺ ធ្វើឲ្យប៉ះពាល់ ដល់ជីវភាព ក្នុងគ្រួសារ។ ពលរដ្ឋខ្លះ ត្រូវការ ប្រាក់ បង់បំណុល ធនាគារ ប្រចាំខែ, ហើយ ពលរដ្ឋខ្លះទៀត ត្រូវការ ដឹកជញ្ជូន ដើមកៅស៊ូ ទៅលក់ នៅវៀតណាម គ្រាន់បាន ដើមទុនខ្លះ មកដាំដំណាំ ផ្សេងៗ បន្តទៀត។
ពលរដ្ឋ នៅភូមិ ណងក្រពើ ឃុំ មេមត់ លោក អ៊ាប ឆាយ រៀបរាប់ថា ក្រោយពេល គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មិនអនុញ្ញាតឲ្យដឹកជញ្ជូនឈើគ្រប់ប្រភេទចេញទៅប្រទេសវៀតណាម គឺបណ្ដាលឲ្យប៉ះពាល់ប្រជាពលរដ្ឋដែលធ្លាប់ដឹកជញ្ជូនឧសកៅស៊ូ ទៅលក់នៅវៀតណាម ប្រចាំថ្ងៃ ហើយលោកត្រូវខាតបង់ផ្ទួនៗគ្នា។ លោកថា ប្រសិនបើអាជ្ញាធរតម្រូវឲ្យពួកគាត់សុំច្បាប់អនុញ្ញាតពីក្រសួង កសិកម្ម ឬខាងរដ្ឋបាលព្រៃឈើនោះ គឺពិបាកណាស់ ព្រោះពលរដ្ឋមានចម្ការកៅស៊ូតិចតួចជាលក្ខណៈគ្រួសារ គ្រាន់តែចំណាយប្រាក់រត់ការ គឺមិនគ្រប់គ្រាន់ផង៖ «ប៉ះពាល់ ច្រើនតែម្តងបង ដូចខ្ញុំដើរម៉ៅគេ ដើរកក់លុយគេ ហើយម្ចាស់គេចេះតែបង្ខំឲ្យកាប់រហូត ដល់យើងកាប់ មិនដឹងយកទៅលក់នៅណា?»
ប្រភពដដែលបន្តថា នៅស្រុកមេមត់ មានពលរដ្ឋជាច្រើនគ្រួសារកំពុងជួបបញ្ហាប្រឈមមួយនេះ។ សកម្មភាពបិទច្រកព្រំដែន មិនអនុញ្ញាតឲ្យពលរដ្ឋដឹកជញ្ជូនឧសប្រភេទដើមកៅស៊ូ ឬស្វាយចន្ទី ទៅលក់នៅប្រទេសវៀតណាម ក្រោយពេលរាជរដ្ឋាភិបាលបង្កើតគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កាលពីថ្ងៃទី១៥ មករា។ គណៈកម្មាធិការនេះ បានដាក់បទបញ្ជាទប់ស្កាត់មិនឲ្យឈើគ្រប់ប្រភេទ អាចចរាចរតាមច្រកព្រំដែនបាន ដើម្បីជៀសវាងករណីរត់ពន្ធឈើខុសច្បាប់ចេញទៅវៀតណាម។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍កាលពីថ្ងៃទី២៩ មីនា ថា ខាងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានដោះស្រាយរួចរាល់ហើយតាមរយៈកិច្ចប្រជុំកាលពីដើមខែកុម្ភៈ ដោយសម្រេចឲ្យពលរដ្ឋប្រកបមុខរបរនាំឈើប្រភេទកៅស៊ូ និងប្រភេទស្វាយចន្ទី ទៅលក់នៅប្រទេសវៀតណាម ត្រូវសុំច្បាប់ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធជាមុន៖ «ការនាំឈើចេញ បើទោះបីជាឈើហ្នឹងដាំក៏ដោយ ស្អីក៏ដោយ ត្រូវតែសុំលិខិតអនុញ្ញាត។»
ប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលនៅតែទាមទារឲ្យពួកគាត់សុំច្បាប់ទៀតនោះ ពួកគាត់មានតែនាំគ្នាផ្អាកការប្រកបមុខរបររបស់ខ្លួនប៉ុណ្ណោះ។
ទោះបីយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្ត ត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា ចំណាត់ការរបស់អាជ្ញាធរ គឺមិនត្រឹមត្រូវឡើយ ពីព្រោះនៅក្នុងច្បាប់គេហាមឃាត់ចំពោះព្រៃឈើរបស់រដ្ឋប៉ុណ្ណោះ មិនបានហាមឃាត់ចំពោះឈើដើមកៅស៊ូ ឬស្វាយចន្ទីជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋទេ។ លោកថា វិធានការរបស់អាជ្ញាធរ គឺបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់អ្នកភូមិ៖ «ដើមកៅស៊ូមិនមានអីខុសច្បាប់ទេ មិនមែនជាជំនួញដែលខុសច្បាប់ទេ។»
លោក នាង សុវ៉ាត បង្ហាញទស្សនៈថា រាជរដ្ឋាភិបាលត្រូវមានការសម្រួលណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋដែលមានមុខរបរបែបនេះ អាចដោះដូរទំនិញរបស់ខ្លួនបានដោយងាយស្រួល ជាជាងធ្វើឲ្យពួកគាត់កាន់តែរងទុក្ខបន្ថែមទៀតនោះ៕
No comments:
Post a Comment