Paris Peace Accords 23 Oct. 1991

Saturday, March 5, 2016

[Vietnamization] ពលរដ្ឋ​ ខេត្ត​ ស្វាយរៀង ​ចោទ​វៀតណាម ​ថា​ បន្ត​ សង់​ផ្លូវ​ ទន្ទ្រាន ​ចូល​ដី​ខ្មែរ​ ជាង​៥០០​ ហិកតារ | Svay Rieng villagers accuse Vietnam of building a road over 500 hectares into Cambodian land

ពលរដ្ឋ​ ខេត្ត​ ស្វាយរៀង ​ចោទ​វៀតណាម ​ថា​ បន្ត​ សង់​ផ្លូវ​ ទន្ទ្រាន ​ចូល​ដី​ខ្មែរ​ ជាង​៥០០​ ហិកតារ

RFA / វិទ្យុ អាស៊ី សេរី | ៥ មីនា ២០១៦

 

សកម្មភាព​ឈូស​ឆាយ​ធ្វើ​ផ្លូវ​របស់​វៀតណាម  នៅ​ព្រំដែន​ស្វាយរៀង ៨៥៥
សកម្មភាព​ឈូស​ឆាយ​ធ្វើ​ផ្លូវ​របស់​វៀតណាម ចូល​ដី​ខ្មែរ​នៅ​តាម​ក្រវាត់​ព្រំដែន​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។  RFA/Tha Kitya

ពលរដ្ឋ​ នៅ​ខេត្ត​ ស្វាយរៀង ចោទ​អាជ្ញាធរ ​វៀតណាម ថា ​នៅ​តែ​ បន្ត​ សាងសង់ ​ផ្លូវ​ទន្ទ្រាន ​ចូល​ដី​ខ្មែរ ​រាប់​រយ​ហិកតារ​ នៅ​តាម​ ក្រវាត់​ ព្រំដែន​ នា​ស្រុក ​ចន្ទ្រា ខេត្ត​ ស្វាយរៀង ដែល​ផ្ទុយ ​នឹង​កិច្ចព្រមព្រៀង ​ព្រំដែន​ នៃ​ភាគី​ ទាំង​ពីរ គឺ​ កម្ពុជា-វៀតណាម ដែល​ឲ្យ​ផ្អាក​ សកម្មភាព​ ឈូស​ឆាយ​ ធ្វើ​ហេដ្ឋា រចនាសម្ព័ន្ធ​នានា ​តាម​ព្រំដែន មុន​មាន ​ដំណោះស្រាយ។

ជុំវិញ​រឿង​នេះ គណៈកម្មាធិការ ​ចម្រុះ​ ខណ្ឌ​សីមា និង​បោះ​បង្គោល ​ព្រំដែន ​កម្ពុជា ថា ​មិន​ទាន់​ ទទួល ​របាយការណ៍​ ច្បាស់លាស់​ទេ។  ចំណែក​ អាជ្ញាធរ ​មូលដ្ឋាន​ អះអាង​ ថា បាន​បញ្ជូន​ សំណុំ​រឿង​នេះ ​ទៅ​កាន់ ​ថ្នាក់​លើ​ ពិនិត្យ​ ជា​យូរ​ មក​ហើយ។

ទឹក​ដី​ខ្មែរ​ នៅ​តាម​បណ្ដោយ ​ព្រំដែន ​កម្ពុជា-វៀតណាម ចំនួន ៤០០​ហិកតារ ​ទៅ ៥០០​ហិកតារ ដែល​ប្រជាពលរដ្ឋ​ រស់នៅ ​ឃុំ​ ចន្ទ្រា ស្រុក​ ចន្ទ្រា ខេត្ត​ ស្វាយរៀង អះអាង​ ថា បាន​ធ្លាក់​ចូល ​ក្នុង​កណ្ដាប់​ដៃ​ វៀតណាម នោះ គឺ ​ចាប់​ពី​បង្គោល ​ព្រំដែន​ លេខ​១៩៤ ដល់​បង្គោល​ លេខ​១៩៨។


ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​ភូមិ​គោកតែក លោក ចន សាយ ថ្លែង​ទាំង​បារម្ភ​ពី​សុវត្ថិភាព​ថា ទឹក​ដី​កម្ពុជា បាន​បាត់បង់​នៅ​ពេល​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា-វៀតណាម បាន​ចុះ​វាស់វែង​បោះ​បង្គោល​ខណ្ឌ​សីមា​ពុះ​ចែក​ប្រទេស​ទាំង​ពីរ កាល​ពី​បី​បួន​ឆ្នាំ​មុន និង​ការ​បន្ត​ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​ពី​សំណាក់​ភាគី​វៀតណាម រហូត​មក​ទល់​បច្ចុប្បន្ន។ បុរស​រូប​នេះ​បញ្ជាក់​ថា ចំណុច​ដែល​បាត់​ដី​ជាច្រើន​ហិកតារ​នោះ គឺ​ត្រង់​ចំណុច​ចំពុះ​ទា​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៩៤ ដល់​លេខ​១៩៨ ចាប់​ពី​ឃុំ​ទួលស្ដី រហូត​ដល់​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ លោក​ថា អាជ្ញាធរ​វៀតណាម ពុំ​បាន​ធ្វើ​ផ្លូវ​វាង​តាម​ចំណុច​ចំពុះ​ទា​នោះ​ទេ គឺ​ពួក​គេ​បាន​ធ្វើ​ត្រង់​ពុះ​កាត់​ចូល​ដី​ស្រែ​ពលរដ្ឋ​ខ្មែរ​ដោយ​សំដៅ​ពី​ បង្គោល​មួយ​ទៅ​បង្គោល​មួយ​ទៀត៖ «ចូល​ច្រើន​ណាស់​នៅ​ចំពុះ​ទារ​នោះ ប្រហែល​ខ្ទង់​មួយ​គីឡូ​កន្លះ​អី​ណោះ គ្រាន់​តែ​អា​រឿង​អស់ ៣០០​ហិកតារ។»


ពលរដ្ឋ​ផ្សេង​ទៀត​សក់​ល្បាយ​អាចម៍​ខ្លា រាង​ស្គម​ខ្មៅ​ខ្ពស់ គឺ​លោក ឈួក សុខុម បាន​ចង្អុល​បង្ហាញ​ប្រាប់​ថា បង្គោល​ចាស់​ដែល​បោះ​ក្នុង​សម័យ​បារាំង គឺ​អ្នក​ភូមិ​ធ្លាប់​ឃើញ​នៅ​ឆ្ងាយ​ពី​បង្គោល​ថ្មី​ជាង ១​គីឡូ​ដី។ មាន​វ័យ​ជិត ៦០​ឆ្នាំ លោក​ថា ខ្មែរ​មិន​ដែល​ចូល​ដី​វៀតណាម សូម្បី​មួយ​ចង្អាម​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​សង្កេត​ឃើញ​ថា ស្ថានភាព​ព្រំដែន គឺ​មាន​ការ​ប្រែប្រួល ដោយ​បង្គោល​ព្រំដែន​តែង​តែ​រំកិល​ចូល​មក​ដី​ខ្មែរ​បន្តិច​ម្តងៗ៖ «បង្គោល​ចាស់​ហួស​ពី​ព្រំដែន​ថ្មី​ឆ្ងាយ​ប្រហែល​ជា​មួយ​គីឡូ​ដី​ទៀត។»


ទន្ទឹម​គ្នា​នេះ វៀតណាម ក៏​បាន​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ដី​ស្រែ​របស់​ពលរដ្ឋ ១​គ្រួសារ ដែល​រស់នៅ​ជិត​បង្គោល​ព្រំដែន​លេខ​១៩៨ ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​អស់​ដី​ធ្លាប់​អាស្រ័យ​ផល​ជាង ២០​ឆ្នាំ​កន្លង​មក​ជិត ១​ហិកតារ​ដែរ។ ការ​ធ្វើ​ផ្លូវ​ប៉ះពាល់​ដី​ស្រែ​នេះ តាម​លិខិត​កំណត់​ហេតុ​រួម​ជា​ភាសា​ខ្មែរ និង​វៀតណាម ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន ចុះ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ រវាង​អាជ្ញាធរ​ខ្មែរ គឺ​មេ​ឃុំ​ចន្ទ្រា លោក ក្លែង រុន និង​អាជ្ញាធរ​វៀតណាម គឺ​លោក ឡេ វាំងហាយ មេ​ឃុំ​តាំងហៀប ស្រុក​ថាន់វ៉ា ខេត្ត​ឡុងអាង បាន​សម្រុះ​សម្រួល​គ្នា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ខ្មែរ​រងគ្រោះ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​ធ្វើ​ផ្លូវ​របស់​វៀតណាម បន្ត​ធ្វើ​ផ្លូវ​នោះ​ទៅ​មុខ​ទៀត។

ពលរដ្ឋ​ខ្មែរ​ម្ចាស់​ដី​រៀបរាប់​ថា ការ​ដែល​លោក​ទាមទារ​សំណង​នេះ ព្រោះ​លោក​មិន​សង្ឃឹម​ថា នឹង​ទទួល​បាន​ដី​ស្រែ​មក​គ្រប់គ្រង​វិញ​ឡើយ។ មក​ទល់​ពេល​នេះ លោក​ក៏​មិន​ទាន់​ឃើញ​ប្រាក់​ឧបត្ថម្ភ​ពី​វៀតណាម ដែរ ប៉ុន្តែ​មេ​ឃុំ​វៀតណាម ប្រាប់​លោក​ថា កំពុង​បញ្ជូន​ករណី​នេះ​ទៅ​អាជ្ញាធរ​ថ្នាក់​លើ​របស់​គេ ដើម្បី​ដោះស្រាយ៖ «បើ​មិន​ព្រម មិន​ដឹង​ថា​ទៅ​តវ៉ា​ម៉េច​ទៀត។ អ៊ីចឹង​គ្រាន់​តែ​សុំ​សំណង​តិចតួច។»


ឆ្លើយ​តប​ចំពោះ​ករណី​នេះ មេ​ឃុំ​ចន្ទ្រា លោក ក្លែង រុន ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​ពិត​ជា​បាន​ធ្វើ​កំណត់​ហេតុ​រួម​នេះ​ជាមួយ​មេ​ឃុំ​វៀតណាម មែន។ លើស​ពី​នេះ លោក​មេ​ឃុំ​ចន្ទ្រា បញ្ជាក់​ថា ការ​ទូទាត់​ជា​ប្រាក់​សំណង​នេះ គឺ​សម្រាប់​តែ​ការ​ខូចខាត​ពូជ​ស្រូវ​ដែល​ពលរដ្ឋ​ខ្មែរ​សាបព្រោះ​នៅ​លើ​ដី​ នោះ​ទេ ហើយ​ចំណែក​ដី​វិញ គឺ​វៀតណាម មិន​សង​ទេ ព្រោះ​ជា​តំបន់​ស ឬ​តំបន់​ហាម​ឃាត់។ ត្រង់​នេះ លោក​ហាក់​និយាយ​មិន​ច្បាស់​ឡើយ ហើយ​បែរ​ជា​ចុង​ក្រោយ​និយាយ​ថា ទុក​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​នៅ​ពេល​ខាង​មុខ៖ «ពេល​ ធ្វើ​ផ្លូវ​មក​ដល់​ហ្នឹង​ទៅ គេ​សម្រប​សម្រួល​សង​តម្លៃ​ពូជ ប៉ុន្តែ​ដី​នោះ​គេ​គ្មាន​លក់​ដូរ​អី​ទេ គឺ​លើ​រដ្ឋាភិបាល និង​ទូត​សង​ខាង​ទេ ដោះស្រាយ​ទៅ​មុខ​ទៀត ប្រសិន​បើ​មាន​ការ​ដោះស្រាយ។ ខ្ញុំ​ធ្វើ​សាក្សី ព្រោះ​ម្ចាស់​ដី​គាត់​ឯកភាព​ហើយ បើ​មិន​ឯកភាព​ទេ នោះ​ចាំ​ចរចា​គ្នា​ទៀត។ សំណួរ៖ គេ​សង​តែ​ពូជ​ទេ ចុះ​ដី​វិញ បើ​គេ​ឈូស​ហើយ ម្ដេច​មិន​ផ្អាក​សិន? ចម្លើយ៖ ព្រោះ​ថា​ដី​នោះ គឺ​យើង​មិន​ទាន់​កំណត់​ថា វា​ត្រឹម​ណា ឬ​ក៏​ពិត​ប្រាកដ​យ៉ាង​ម៉េច​ទេ? ព្រោះ ​គេ​ទុក​តំបន់​ស​ដូច​គ្នា ប៉ុន្តែ​ផែនទី​គេ​អូស​មក​តាម​ហ្នឹង។ សំណួរ៖ ចុះ​បើ​តំបន់​ស ហេតុ​ម្ដេច​វៀតណាម ធ្វើ​ផ្លូវ​បាន ហើយ​ចំណែក​ខ្មែរ​ធ្វើ​ស្រែ​មិន​បាន? ចម្លើយ៖ អា​រឿង​នេះ គឺ​រដ្ឋាភិបាល​ទេ មិន​មែន​យើង​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​គេ​ធ្វើ​ទេ រាជ​រដ្ឋាភិបាល​គេ​មាន​បច្ចេកទេស គេ​វាស់វែង គេ​ចរចា​គ្នា​យ៉ាង​ណា​នោះ ខ្ញុំ​មិន​បាន​ចូលរួម​ទេ។»


ផ្លូវ​ដែល​វៀតណាម ធ្វើ​នោះ គឺ​មាន​លក្ខណៈ​កាច់​កោង​ដូច​ដាន​ពស់​វារ ហើយ​ពលរដ្ឋ​ថា​កន្លែង​ខ្លះ គឺ​វៀតណាម ចូល​ដី​ខ្មែរ​យ៉ាង​សម្ងាត់​តែ​ម្តង។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី ដែល​ធ្លាប់​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា-វៀតណាម នេះ​ដែរ មាន​ប្រសាសន៍​ថា កន្លែង​ខ្លះ​មិន​ត្រឹម​តែ​រំកិល​ព្រំដែន​នោះ​ទេ ប៉ុន្តែ​កន្លែង​ខ្លះ​ទៀត គឺ​ពលរដ្ឋ​វៀតណាម ចូល​រស់នៅ​លើ​ដី​ខ្មែរ​តែ​ម្តង តែ​អាជ្ញាធរ​ខ្មែរ​ហាក់​ធ្វើ​មិន​ដឹង​គ្មាន​វិធានការ។ លោក​ថា ការ​ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ គឺ​ជា​ការ​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា ហើយ​អាជ្ញាធរ​គួរ​តែ​មាន​វិធានការ មិន​មែន​ទុក​ឲ្យ​ពលរដ្ឋ​នៅ​បន្ត​រអ៊ូរទាំ​នោះ​ទេ៖ «ប្រសិន ​បើ​ឈូស​ផ្លូវ​ពី​វៀតណាម មក​ប៉ះពាល់​ដី​ស្រែ​ខ្មែរ ហើយ​មាន​សំណង​នោះ មាន​ការ​សម្រប​សម្រួល​នោះ គឺ​ជា​ការ​រំលោភ​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​ធ្ងន់ធ្ងរ​ណាស់ ហើយ​រដ្ឋាភិបាល​គួរ​ពិនិត្យ​រឿង​នេះ​ឡើង​វិញ។»


មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៦៩។

ពលរដ្ឋ​រស់នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន​ស្រុក​ចន្ទ្រា ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ថា អាជ្ញាធរ​កម្ពុជា តាំង​ពី​ថ្នាក់​ក្រោម​ដល់​លើ ហាក់​ស្តាប់​តាម​បង្គាប់​របស់​វៀតណាម ហើយ​ព្យាយាម​បិទ​បាំង​ព័ត៌មាន​ផ្សេងៗ ដោយ​មិន​ហាម​ឃាត់​សកម្មភាព​របស់​វៀតណាម ដែល​បន្ត​រំលោភ​អធិបតេយ្យភាព​កម្ពុជា ដោយ​មិន​គោរព​កិច្ចព្រមព្រៀង​នានា​ឡើយ៖ «ថ្ងៃ​មុខ​ ថ្ងៃ​ក្រោយ​បើ​បាត់បង់​ដី​យើង​ទៀត ក៏​រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​ដែរ គឺ​បាន​តែ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​ចិត្ត​ប៉ុណ្ណោះ មិន​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​នោះ​ទេ។ បើ​រដ្ឋាភិបាល​ចង់​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត សូម​ចុះ​មក​មើល​ទឹក​ដី​ដែល​វៀតណាម កំពុង​ឈូស​ធ្វើ​ផ្លូវ និង​ចាក់​កៅស៊ូ​រាល់​ថ្ងៃ​នេះ សូម​អើត​មើល​ផង»


ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ក៏​បាន​ប្រតិកម្ម​ចំពោះ​លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​បាន​ចុះ​ស្រាវជ្រាវ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​នោះ​ដែរ។ ពលរដ្ឋ​អះអាង​ថា លោក សុខ ទូច មិន​បាន​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​វិវាទ ឬ​មន្ទិល​សង្ស័យ​លើ​បញ្ហា​ព្រំដែន​នៅ​តំបន់​នោះ​ឡើយ ប៉ុន្តែ​បែរ​ជា លោក សុខ ទូច ទៅ​ដើម្បី​ទទួល​ស្គាល់​ថា ព្រំដែន​នោះ​ត្រឹមត្រូវ​ទៅ​វិញ៖ «គាត់​នៅ​តែ​លើ​ទូក មិន​បាន​ដើរ​មើល​កន្លែង​ណា​បាត់បង់​នោះ​ទេ។ អ៊ីចឹង​គាត់​មិន​ដឹង​អ្វី​ទេ»


ជុំវិញ​រឿង​នេះ លោក សុខ ទូច ហាក់​មិន​ចង់​តបត​ទៅ​ពលរដ្ឋ​វិញ​ទេ ប៉ុន្តែ​លោក​ថា ពេល​ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់ គឺ​មិន​បាន​ជួប​ពលរដ្ឋ​ខ្មែរ​ទេ គឺ​ភាគ​ច្រើន​បាន​ឃើញ និង​បាន​ជួប​តែ​ពលរដ្ឋ​វៀតណាម កំពុង​ធ្វើ​ស្រែ​នៅ​លើ​ដី​ខ្មែរ។ លោក​បណ្ឌិត សុខ ទូច ដែល​ធ្លាប់​ជិះ​លើ​ផ្លូវ​ដែល​វៀតណាម ធ្វើ​នោះ​លើក​ឡើង​ថា ផ្លូវ​នោះ​មាន​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​បង្គោល ហើយ​ភាគី​កម្ពុជា ក៏​អាច​ធ្វើ​ផ្លូវ​ដូច​គ្នា​បាន​ដែរ៖ «ផ្លូវ​នេះ គឺ​មាន​ច្បាប់​វា គេ​ក៏​ធ្វើ​បាន យើង​ក៏​ធ្វើ​បាន គឺ​នៅ​ចម្ងាយ​ពី​បង្គោល​ប្រមាណ ៥០​ម៉ែត្រ​ទី​១ ហើយ​ទី​២ គាត់​ថា​បាត់​ដី​ស្រែ​គាត់ ៥០០ ទៅ ៦០០​ហិកតារ គាត់​អាង​ទៅ​លើ​អី? ហើយ​ពេល​ដែល​បោះ​បង្គោល​នោះ ម្ដេច​មិន​ចេញ​មក​តវ៉ា។»


ការ​លើក​ឡើង​របស់ លោក សុខ ទូច នេះ គឺ​ផ្ទុយ​ពី​ការ​អះអាង​របស់​ប្រជាពលរដ្ឋ ដែល​ថា ផ្លូវ​ក្រវាត់​ព្រំដែន​របស់​វៀតណាម នោះ គឺ​មាន​ចម្ងាយ​ពី ៥​ម៉ែត្រ​ទៅ ១០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​បង្គោល​ធំ ហើយ​ការ​ដែល​មិន​ហ៊ាន​តវ៉ា​នោះ ព្រោះ​ពលរដ្ឋ​តែង​តែ​រង​ការ​គំរាម​កំហែង​ចាប់​ចង​ដាក់​គុក​ម្តង​ហើយ​ម្តង​ ទៀត។ លើស​ពី​នេះ វា​ក៏​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អនុប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី កន្លង​មក​ដែល​ថា ភាគី​កម្ពុជា-វៀតណាម មិន​អាច​ធ្វើ​សកម្មភាព​សាងសង់​អ្វី​ដែល​ថ្មី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ពោល​គឺ​ត្រូវ​រក្សា​ស្ថានភាព​ដដែល​យោង​តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​ ព័ត៌មាន​រួម​ឆ្នាំ​១៩៩៥។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ភាគី​វៀតណាម ក៏​ធ្លាប់​សន្យា​ថា នឹង​ផ្អាក​ការ​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង តាម​ការ​តវ៉ា​របស់​កម្ពុជា ទៀត​ផង។

ថ្មីៗ​នេះ គណៈកម្មាធិការ​ព្រំដែន​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង ហៅ​ការ​សិក្សា​ពី​ការ​បោះ​បង្គោល​ព្រំដែន​របស់​ក្រុម​ស្រាវជ្រាវ​អំពី​ បង្គោល​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ថា​មិន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ទេ។

រីឯ​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ កន្លង​ទៅ​ថា ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង ទោះ​បី​ជា​កន្លែង​ខ្លះ​មាន​បង្គោល​ធំ​ក្តី ប៉ុន្តែ​នៅ​មិន​ទាន់​បោះ​បង្គោល​ព្រំ​ខណ្ឌ​សីមា​នៅ​ឡើយ។

ចំពោះ​បញ្ហា​វៀតណាម ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ​នោះ គឺ​លោក វ៉ា គឹមហុង ឆ្លើយ​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ជាក់លាក់​ពី​មន្ត្រី​ព្រំដែន ហើយ​លោក​បញ្ជាក់​ថា ការ​ដោះ​ដូរ​ផ្នែក​ណា​មួយ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​ការ​កំណត់​ព្រំ​ខណ្ឌ​សីមា​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បញ្ចប់​ជា​ស្ថាពរ​ជា​មុន​សិន៖ «យើង ​មិន​ទាន់​ដឹង​ថា ព័ត៌មាន​នេះ​ពិត ឬ​មិន​ពិត​ទេ ហើយ​បើ​យើង​មិន​ទាន់​បោះ​ព្រំ​ខណ្ឌ​សីមា អ្វី​ដែល​គេ​កាន់​កាប់ យើង​មិន​អាច​ដេញ​គេ​បាន​ទេ ដោះ​ដូរ​បាន​ទេ។ រក្សា​ស្ថានភាព​ដដែល ព្រោះ​មាន​សេចក្តី​ប្រកាស​ព័ត៌មាន​រួម»


ដោយឡែក លោក កែម ឡី វិញ​យល់​ថា ការ​ដែល​អនុញ្ញាត​ឲ្យ​វៀតណាម ធ្វើ​ផ្លូវ​សិន​ទៅ ហើយ​រង់ចាំ​ដោះស្រាយ​ទូទាត់​ចែក​ដី​គ្នា​តាម​ក្រោយ​នេះ គឺ​នឹង​មាន​ជោគ​វាសនា​អាក្រក់។ លោក​ថា នៅ​ពេល​ពលរដ្ឋ​វៀតណាម ចូល​មក​រស់នៅ​តាម​ព្រំដែន​កាន់​តែ​ច្រើន ហើយ​សំណង់ និង​ហេដ្ឋារចនាសម្ពន្ធ​ចាក់​គ្រឹះ​រឹងមាំ​នោះ គឺ​កម្ពុជា មិន​អាច​បណ្ដេញ​ពួក​គេ​ឲ្យ​ថយ​ក្រោយ​វិញ​បាន​ទេ ហើយ​អាច​នឹង​មាន​វិវាទ​ព្រំដែន​ធ្ងន់ធ្ងរ​ទៀត​ផង៖ «កាលណា ​ដេញ គេ​ថា​ជា​ការ​រើសអើង​ជាតិ​សាសន៍ ឬ​មួយ​ជា​ការ​បង្កើត​ជម្លោះ​នៅ​តាម​ព្រំដែន។ អ៊ីចឹង​វា​កើត​ហេតុ​ទៅ​ជា​បិទ​ព្រំដែន ផ្អាក​ព្រំដែន។ ខ្ញុំ​គិត​ថា យើង​មិន​គួរ​ប្រថុយប្រថាន​ឲ្យ​ឈូស​ឆាយ ហើយ​ចាំ​ដោះស្រាយ​យើង​មក​វិញ អា​ហ្នឹង​វា​ជា​អកុសល​ហើយ។»

ជាទូទៅ ប្រជាពលរដ្ឋ​អះអាង​ថា តំបន់​ស គឺ​មាន​តែ​នៅ​ខាង​កម្ពុជា ចំណែក​ខាង​វៀតណាម វិញ គឺ​គ្មាន​តំបន់​ស​ឡើយ ហើយ​វៀតណាម តែង​តែ​អភិវឌ្ឍ​ស្ទើរ​គ្រប់​បែប​យ៉ាង​នៅ​តាម​បន្ទាត់​ព្រំដែន​ដែល​មើល​ទៅ​ ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​ខ្មែរ ដែល​តែង​តែ​ប្រឈម​មុខ​ផ្លូវ​ច្បាប់ និង​ការ​ហាម​ឃាត់​សព្វ​បែប​យ៉ាង ប្រសិន​បើ​ហ៊ាន​អភិវឌ្ឍ​អ្វី​មួយ​នោះ។

ប្រជាពលរដ្ឋ​នៅ​ទីនោះ ហាក់​មិន​ចង់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ជួយ​ដោះស្រាយ​ឡើយ ដ្បិត​អី​ពួក​គេ​ដឹង​ថា លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ដោះស្រាយ និង​ឋិត​នៅ​ក្រោម​សម្ពាធ​របស់​វៀតណាម។ ដូច្នេះ លោក​បង្វែរ​ទៅ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​វិញ។

របាយការណ៍​របស់​អាជ្ញាធរ​បង្ហាញ​ថា ព្រំដែន​គោក​ប្រទេស​កម្ពុជា ជាប់​នឹង​ប្រទេស​វៀតណាម មាន​បណ្ដោយ ១.២៧០ ​គីឡូម៉ែត្រ។ ចាប់​ពី​ឆ្នាំ​២០០៥ រហូត​បច្ចុប្បន្ន ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន​ជាង ៨៣​ភាគរយ ពោល​គឺ​បាន​ចំនួន ៣១១​បង្គោល។ ដោយឡែក​ព្រំដែន​ទឹក​មាន​ប្រវែង​ជាង ២.៥០០​គីឡូម៉ែត្រ មិន​ទាន់​វាស់វែង​នៅ​ឡើយ៕

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. Was it just the false alarm on the part of those Svay Rieng's residents or will that be falling on to the deaf ear of the CPP's majority pro-Viet regime as usual should that be truly [evidentially] the case?

    ReplyDelete