ពលរដ្ឋ នៅតាម បណ្ដោយ ព្រំដែន បន្ត ជួលដី កសិកម្ម ឲ្យវៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ១២ មីនា ២០១៦
ប្រជាពលរដ្ឋ ខ្មែរ រស់នៅ តាមបណ្ដោយ ព្រំដែន កម្ពុជា-វៀតណាម ក្នុងខេត្ត ស្វាយរៀង នៅតែ បន្ត ជួលដី ស្រែចម្ការ ទៅឲ្យកសិករ វៀតណាម បើ ទោះបី ជារដ្ឋាភិបាល ហាមឃាត់ យ៉ាងណាក្តី។ បញ្ហានេះ ពួកគាត់ អះអាង ថា ដោយសារ គ្មាន លទ្ធភាព និងបច្ចេកទេស ធ្វើស្រូវស្រែ ដោយខ្លួនឯង បានចំណេញ និងមិនទាន់ ទទួលបាន ព័ត៌មាន ហាមឃាត់ ច្បាស់លាស់។ មន្ត្រី រដ្ឋាភិបាល លើកឡើង ថា, ទោះលំបាក ប៉ុណ្ណា ក៏ពលរដ្ឋ ត្រូវតែ ឈប់ជួលដី នៅតាម ព្រំដែនសិន ដើម្បី ជៀសវាង ការកើតឡើង នូវវិបត្តិ ធ្ងន់ធ្ងរ ក្នុងការកំណត់ ព្រំដែន នៃប្រទេស ទាំងពីរ នៅថ្ងៃ ខាងមុខ។
ហ្វូងសត្វស្លាប បានហោះហើរស្រែកឆ្លើយឆ្លងគ្នាយ៉ាងសប្បាយនៅលើវាលស្រូវស្រែ ខៀវខ្ចីដាច់កន្ទុយភ្នែក ព្រមទាំងប្រព័ន្ធបង្ហូរទឹកខ្វែងខ្វាត់លូនកាត់ពេញវាលស្រែ នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដែលមានចម្ងាយប្រមាណមួយគីឡូម៉ែត្រ ទៅ ២គីឡូម៉ែត្រ ចេញពីបង្គោលព្រំដែននីមួយៗ ដូចជា នៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា និងនៅភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ជាដើម។
ទិដ្ឋភាពវាលស្រែស្រូវដ៏ត្រជាក់ភ្នែកទាំងនេះ ប្រសិនបើអ្នកណាទៅដល់ទីនោះលើកដំបូងប្រហែលជាលាន់មាត់ស្ងើចសរសើរ និងមានមោទនភាពណាស់ដែលពលរដ្ឋខ្មែរធ្វើវិស័យកសិកម្មជឿនលឿនដូច្នេះ។ ប៉ុន្តែផ្ទុយស្រឡះ គឺម្ចាស់កសិផលស្រូវទាំងនោះ សុទ្ធតែជាជនជាតិវៀតណាម ស្ទើរ ៩០%។ ជនជាតិវៀតណាម បានមកជួលដីស្រែចម្ការពីពលរដ្ឋខ្មែរធ្វើកសិកម្មជាច្រើនឆ្នាំមក ហើយ។
ពលរដ្ឋខ្មែរម្ចាស់ដីស្រែចម្ការ បានបញ្ជាក់ពីហេតុផលនៃការជួលដីទៅឲ្យវៀតណាម ដូចៗគ្នាថា ដោយសារពួកគាត់ខ្វះទឹកទុនទីផ្សារ បច្ចេកទេស និងបញ្ហាលំបាកផ្សេងៗទៀតដែលនាំឲ្យពួកគាត់ខាតបង់ក្នុងមុខរបរនេះ ជារៀងរាល់ឆ្នាំ។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់ស្នើឲ្យអភិបាលខេត្តដែលគ្រប់គ្រងតំបន់មាន ព្រំដែនជាប់នឹងប្រទេសវៀតណាម ឡាវ និង ថៃ ធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរនៅ តាមតំបន់ព្រំដែន ដែលជួលទៅឲ្យប្រជាពលរដ្ឋនៃប្រទេសជិតខាង ដើម្បីសំដៅរក្សាការពារឲ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
លិខិតរបស់ក្រសួងមហាផ្ទៃ ក៏អំពាវនាវឲ្យពលរដ្ឋឈប់ជួលដីទៅកសិករប្រទេសជិតខាង ព្រោះថា ករណីជួលដីខ្លះ ពុំមានរៀបចំឯកសារគតិយុត្តិ ឬកិច្ចសន្យាជួលឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរម្ចាស់ដីបាត់បង់នូវផលប្រយោជន៍ នៅពេលមានវិវាទកើតមានឡើង។
ស្ត្រីមេម៉ាយម្នាក់ គឺលោកស្រី ហាយ សុទ្ធ រស់នៅក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ឲ្យដឹងថា គាត់នៅមិនទាន់ទទួលបានព័ត៌មានច្បាស់ពីរឿងរដ្ឋាភិបាលណែនាំមិនឲ្យ ជួលដីស្រែទៅវៀតណាម ឡើយ ដូច្នេះហើយទើបគាត់នៅតែបន្តជួលដី ២ហិកតារនៅខាងក្រោយផ្ទះរបស់គាត់ទៅឲ្យកសិករវៀតណាម ដូចទម្លាប់រាល់ឆ្នាំ គឺ ១ហិកតារតម្លៃ ២៥០ដុល្លារក្នុងមួយរដូវដែលមានរយៈពេល ៣ខែ ទៅ ៤ខែ។
មានវ័យ ៦៩ឆ្នាំ លោកស្រី ហាយ សុទ្ធ រៀបរាប់ថា ដីនោះ បើគាត់មិនជួលឲ្យវៀតណាមទេ គឺត្រូវទុកទំនេរដដែល ព្រោះគាត់គ្មានលទ្ធភាពធ្វើ ដោយសារខ្វះទឹក ខ្វះបច្ចេកទេស និងថ្លៃថ្នាំ ជីសព្វគ្រប់បែបយ៉ាង មានតម្លៃថ្លៃដែលធ្វើទៅមិនចំណេញ។
ប្រជាពលរដ្ឋផ្សេងៗទៀត អះអាងដូចៗគ្នាថា ដីស្រែចម្ការភាគច្រើននៅតាមព្រំដែននៅសង្កាត់ប្រាសាទ និងនៅភូមិគោកតែក ឃុំចន្ទ្រា ត្រូវបានអ្នកមានលុយមានអំណាចដែលមានភរិយាជាជនជាតិវៀតណាម ឬក៏ពួកគាត់មានដើមកំណើតជាជនជាតិវៀតណាម បានប្រមូលទិញដីទុកជួលឲ្យកសិករវៀតណាម បន្ទាប់ពីពលរដ្ឋខ្មែរក្រីក្រ ធ្វើស្រូវខាតបង់ច្រើន ហើយត្រូវបង្ខំចិត្តលក់ដីដើម្បីបានលុយសងម្ចាស់បំណុល ឬធនាគារជាដើម។
ចំពោះបញ្ហានេះ ប្រធានប៉ូលិសច្រករបៀងប្រាសាទ លោក ខឹម ចិត្រា ដែលកំពុងអង្គុយក្នុងប៉ុស្តិ៍ជារោងមានជញ្ជាំងបិទបាំងដោយចំបើងលាយ ជាមួយភក់មានសភាពចាស់ទ្រុឌទ្រោមនោះ មានប្រសាសន៍ទាំងទឹកមុខញញឹមថា លោកបានផ្សព្វផ្សាយលិខិតរបស់ក្រសួងមហាផ្ទៃ ដែលណែនាំឲ្យពលរដ្ឋឲ្យឈប់ជួលដីទៅវៀតណាម រួចរាល់ហើយ។
មេប៉ុស្តិ៍ច្រករបៀងរូបនេះ ក៏រៀបរាប់ថា លោករស់នៅទីនោះគ្មានទឹក គ្មានភ្លើងប្រើប្រាស់នោះទេ គឺលោកតែងតែទៅងូតទឹក និងបោកខោអាវនៅប៉ុស្តិ៍ព្រំដែនរបស់វៀតណាម ហើយយកទឹកពីនោះ មកប្រើប្រាស់ប្រចាំថ្ងៃរហូតមក។
នៅបណ្ដាស្រុក និងខេត្តផ្សេងៗទៀតដែលជាប់នឹងព្រំដែនវៀតណាម ក៏មានករណីជួលដី និងរហូតមានដាក់បញ្ចាំទៅឲ្យជនជាតិវៀតណាម ដូចគ្នាដែរ។ ប្រជាពលរដ្ឋខ្មែរនៅតែធ្វើស្រែប្រវាស់មេឃពោលគឺពួកគាត់ពុំមាន លទ្ធភាពធ្វើស្រូវក្នុងមួយឆ្នាំបាន ២ ទៅ ៣ដងដូចកសិករវៀតណាម ហើយទទួលបានទិន្នផលចាប់ពី ៨តោន ទៅ ១០តោន ក្នុងមួយហិកតារ ចំណែកកសិករខ្មែរខ្លាំងបំផុតបាន ៥តោនស្រូវ។
ក្រុមអង្គការសង្គមស៊ីវិល បង្ហាញក្តីបារម្ភចំពោះបញ្ហានេះ ហើយចាត់ទុកថា ជាអាណានិគមបែបថ្មីដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បូរណភាពទឹកដី កម្ពុជា ពីសំណាក់ប្រទេសជិតខាងតាមរយៈយុទ្ធសាស្ត្រច្រែះស៊ីដែក ដែលបានរៀបចំទុកជាយូរណាស់មកហើយ។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត កែម ឡី ដែលធ្លាប់ស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នេះដែរ មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែទទួលស្គាល់ការពិត ហើយចាប់ផ្ដើមអភិវឌ្ឍ ឬបំពេញបន្ថែមនូវតម្រូវការចាំបាច់របស់ប្រជាជនតាមព្រំដែន ដើម្បីឲ្យពួកគាត់ងាយស្រូលបង្កបង្កើនផល។
អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោកស្រី តៅ សុខម៉ារ៉ា មិនទាន់អាចធ្វើអត្ថាធិប្បាយបានទេអំពីទំហំដីធ្លីដែលពលរដ្ឋខ្មែរ បានជួលទៅឲ្យវៀតណាម សព្វថ្ងៃនេះ ដោយសារមិនទាន់មានរបាយការណ៍សរុប និងព័ត៌មានលម្អិតនៅឡើយ។
រីឯប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ទទួលស្គាល់ពីការលំបាករបស់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែន ប៉ុន្តែលោកថា ជំហានដំបូងនោះ គឺសុំឲ្យប្រជាពលរដ្ឋខ្មែរឈប់ជួលដីតទៅទៀត ព្រោះថា បើបាត់បង់ដីស្រែរបស់ពលរដ្ឋខ្មែរ គឺជាការខាតបង់របស់ជាតិ។ លោកបន្ថែមថា មកដល់ពេលនេះ រដ្ឋាភិបាលកំពុងអភិវឌ្ឍវិស័យផ្សេងៗជាបណ្តើៗហើយ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី ក៏មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តស្វាយរៀង លោក ជៀង អំ បាននៅឡើយដែរ។
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា កម្ពុជាមានការប្រឈមច្រើនក្នុងវិស័យកសិកម្ម ហើយលោកក៏បានជំរុញឲ្យក្រសួងពាក់ព័ន្ធធ្វើការខិតខំបន្ថែមក្នុង ការលើកស្ទួយវិស័យកសិកម្ម ដូចជាបង្កើនប្រព័ន្ធធារាសាស្ត្រឲ្យបានគ្រប់ទីកន្លែង និងផ្គត់ផ្គង់គ្រាប់ពូជឲ្យបានគ្រប់គ្រាន់ដល់កសិករ។
ទោះយ៉ាងណាក៏ដោយចុះ ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអះអាងថា ពួកគាត់នៅតែមិនទាន់ទទួលបានផលជាក់ស្ដែងពីការសន្យារបស់ រដ្ឋាភិបាលឡើយ។ ពួកគាត់ចាត់ទុកថា គោលនយោបាយ និងការសន្យារបស់រដ្ឋាភិបាលមានតែនៅលើបបូរមាត់ និងនៅលើក្រដាសប៉ុណ្ណោះ៕
No comments:
Post a Comment