Paris Peace Accords 23 Oct. 1991

Sunday, March 27, 2016

បទសម្ភាសន៍ ​របស់ VOA៖ សមាជិក​ សភា​ អាមេរិកាំង​ ចង​ក្រង​ ជា​ក្រុម​ តាមដាន​ កិច្ចការ​ កម្ពុជា | VOA interview: US Members of Congress create caucus to follow events in Cambodia

បទសម្ភាសន៍ ​របស់ VOA៖ សមាជិក​ សភា​ អាមេរិកាំង​ ចង​ក្រង​ ជា​ក្រុម​ តាមដាន​ កិច្ចការ​ កម្ពុជា

ក្រុម​ សមាជិក​ សភា​ ទទួលបន្ទុក ​កិច្ចការ​ កម្ពុជា​នេះ​ ដឹកនាំ​ ដោយ​លោក​ Alan Lowenthal ​សមាជិក​ សភា​​ ប្រចាំ​ រដ្ឋ​ កាលីហ្វញ៉ា​ មក​ពី​ខាង​ គណបក្ស​ ប្រជាធិបតេយ្យ ​និង​លោក​ Steve Chabot ​សមាជិក​ សភា​ ប្រចាំ​ រដ្ឋ​ អូហៃយូ​ មកពី​ខាង​ គណបក្ស​ សាធារណរដ្ឋ។
លោក ​Alan Lowenthal ​សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក។
លោក ​Alan Lowenthal ​សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក។


កំណត់​និពន្ធ៖ សមាជិក ​សភា​ អាមេរិកាំង ​ដែល​មក ​ពី​គណបក្ស​ ទាំងពីរ​ បាន​បង្កើត ​ក្រុម​សមាជិក​ សភា​ ទទួល​បន្ទុក​ កិច្ចការ​ កម្ពុជា​ (Bipartisan Congressional Cambodia Caucus) ​កាលពី​ថ្ងៃ​ ទី​១៧ ​ខែ​មីនា ដើម្បី​ តាមដាន​ ការវិវត្តន៍​ នយោបាយ ​និង​សេដ្ឋកិច្ច ក្នុង​ប្រទេស​ កម្ពុជា។  ក្រុម​សមាជិក​ សភា​ ទទួលបន្ទុក​ កិច្ចការ​ កម្ពុជា​នេះ ​ដឹកនាំ​ ដោយ​លោក​ Alan Lowenthal ​សមាជិក​ សភា ប្រចាំ ​រដ្ឋ​កាលីហ្វញ៉ា ​មក​ពី​ខាង ​គណបក្ស ​ប្រជាធិបតេយ្យ ​និង​លោក​ Steve Chabot ​សមាជិក​ សភា ​ប្រចាំ ​រដ្ឋ​អូហៃយូ​ មកពី​ខាង​ គណបក្ស​ សាធារណរដ្ឋ។  ពីរដ្ឋធានី ​វ៉ាស៊ីនតោន​ លោក ម៉ែន គឹមសេង ​នៃ​ VOA ​បាន​សម្ភាស ​លោក Alan Lowenthal ​សហ​ ប្រធាន ​នៃក្រុម​ សមាជិក​ សភា​ ទទួល​បន្ទុក​ កិច្ចការ​ កម្ពុជា​នេះ។ ខាងក្រោម​នេះ ​គឺ​ ជា​បទសម្ភាស​ ទាំងស្រុង៖

VOA៖ សូម អរគុណ​លោក​ ដែល​យល់​ព្រម ​ផ្តល់​បទសម្ភាស ​ដល់​ VOA ខ្មែរ។  ការិយាល័យ ​របស់​លោក​ ទើបតែ ​ចេញ​សេចក្តី​ ប្រកាស ​ព័ត៌មាន ​មួយ​ ស្តីពី ការបង្កើត ​ក្រុម សមាជិក​ សភា ​ដែល​មក​ពី គណបក្ស​ ទាំងពីរ ​ដើម្បី ​តាមដាន​ ការងារ​ កម្ពុជា។  តើ​ លោក​ អាច​ប្រាប់​ខ្ញុំ​ បាន​ទេ​ ថា, ​ក្រុម សមាជិក​ សភា​នេះ​ នឹង​ធ្វើ​ កិច្ច​ការ​ អ្វី​ខ្លះ?

​លោក​ Alan Lowenthal៖ បាទ ខ្ញុំ​ គិត​ថា, ​ទំនាក់​ទំនង​ ដ៏ខ្លាំង ​រវាង សហរដ្ឋ​ អាមេរិក​ និង​ប្រទេស ​កម្ពុជា ​គឺ ​វា ​មាន​សារៈ សំខាន់​ណាស់​ ដើម្បី ​ជំរុញ​ អនាគត ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ និងសិទ្ធិ​មនុស្ស​ នៅ​តំបន់ អាស៊ី​អាគ្នេយ៍។  ហើយ​ ក្នុង​ខណៈ​ពេល​ ដែល​ប្រទេស​ កម្ពុជា​ បាន​ និង​កំពុង ​តែ ​ក្លាយ​ ជា​ដៃគូ​ ពាណិជ្ជកម្ម​ កាន់​តែ ​រឹងមាំ​ ជាមួយ ​នឹង​សហរដ្ឋ​ អាមេរិក​, វា​ ជា​ការ សំខាន់​ណាស់​ ដែល​សមាជិក​ សភា ​យល់​ដឹង​ ពីអ្វី​ ដែល​កំពុង ​កើតមាន​ឡើង​ នៅ​ក្នុង​ប្រទេស​ កម្ពុជា។  ក្នុង​ខណៈ​ពេល​ ដែល​យើង​ បន្ត​គាំទ្រ​ ការរីកចម្រើន​ សេដ្ឋកិច្ ច​នៅក្នុង​ប្រទេស ​កម្ពុជា, ​យើង ​ក៏​ចង់ ​ឱ្យ​កម្ពុជា​ យល់​ដែរ​ ថា, ​ក្នុង​នាម​ ជា​ដៃគូ​ របស់​យើង,​ គេ ក៏​គួរ​ដឹង​ ថា​ តើ​ យើង ​ផ្តល់​តម្លៃ​ លើ​អ្វីខ្លះ។  ហើយ ​តម្លៃ​ ដែល​យើង ​ផ្តល់​ឱ្យ​ គឺ​ ការគោរព​ សិទ្ធិ​មនុស្ស​, នីតិរដ្ឋ​, ហើយ​ យើង នៅតែ បន្ត​គាំទ្រ​ ឱ្យ​មាន​ ការផ្លាស់ប្តូរ​ នៅ​ក្នុង​ប្រទេស ​កម្ពុជា​ ដែល​នឹង​នាំ​ទៅ​ ឱ្យ​មាន​ លទ្ធិ​ប្រជាធិបតេយ្យ​ កាន់តែ ​ធំ​ ជាង​មុន, ​ការគោរព ​សិទ្ធិមនុស្ស​ កាន់តែ​ ធំ​ ជាង​មុន, ​ហើយ​ មានការ​ ការពារ​ ផ្លូវ​ច្បាប់ ពិតប្រាកដ​ ដល់​ពលរដ្ឋ​ របស់​ខ្លួន។


VOA៖ ​ខ្ ញុំ​ដឹង​ថា​ លោក​បាន​ជួប​ពិភាក្សា​ជាមួ​យនឹង​លោក​ William Heidt ​ដែល​ជាឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ តើ​ក្នុង​ជំនួប​នោះ ​លោក​ឯកអគ្គរដ្ឋ​ទូត​បាន​ជម្រាប​ជូន​លោក​យ៉ាង​ដូចម្តេច​ខ្លះ​ ពី​ការ​អភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា?

លោក​ Lowenthal៖ ​បាទ ​លោក​ឯកអគ្គរដ្ឋ​ទូត​បាន​ប្រាប់​យើង​ពី​បញ្ហា​មួយ​ចំនួនដែល​កំពុងតែ​កើត​មាន ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​រំឭក​ដល់​យើង​ថា​នៅ​មាន​កិច្ច​ការ​ជាច្រើន​ដែល​នឹង​ត្រូវ​ធ្វើ​បន្ត ​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធានា​ថា ​នឹងមាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ទូលំទូលាយ​។ យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ។ ​បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣​ យើង​នៅ​តែ​មានការ​ព្រួយ​បារម្ភ​ពី​ បញ្ហា​ជាច្រើន ហើយ​យើង​បាន​និយាយ​ទៅ​លោក​ឯកអគ្គរដ្ឋ​ទូត​ហើយ​ប្រាប់​គាត់​ឱ្យ​ជូន​ដំណឹង​ ជាប់​ជា​ប្រចាំ​ដល់​ក្រុម​សមាជិក​សភា​ថា ​តើ​នឹង​មានការ​បោះឆ្នោត​ដោយ​សេរី ​ឬទេ។ យើង​គាំទ្រ​ដល់​ការ​បោះឆ្នោត​ ហើយ​ថា​តើ​អ្នក​ណា​ក៏ដោយ​ដែល​ពលរដ្ឋ​កម្ពុជា​សម្រេច​បោះឆ្នោត​ឱ្យ​គឺ​ អាស្រ័យ​លើ​ពលរដ្ឋ​កម្ពុជា​ទេ ​ប៉ុន្តែ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​បាន​ គឺ​ធ្វើយ៉ាង​ណា​អាច​ឱ្យ​ការ​បោះឆ្នោត​នោះ​ត្រូវ​រៀបចំ ​ឡើង​ដោយ​ត្រឹម​ត្រូវ​ហើយ​សំឡេង​របស់​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​គេ​ ទទួលស្គាល់ ​ហើយ​ការ​បោះឆ្នោត​នោះ ​ពិតជា​បង្ហាញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា។

VOA៖ ​ចុះ ​ជាទូទៅ​លោក​គិត​យ៉ាង​ណា​ដែរ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​សេរីភាព​ខាង​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា?

លោក​ Lowenthal៖ ​ខ្ញុំ​គិត​ថា​ លោក​ឯកអគ្គរដ្ឋ​ទូត​បាន​និយាយ​ប្រាប់​យើង​ថា​ ក្នុង​ពេល​ដែលមានការ​ប្រសើរ​ឡើង​ខ្លះ​នៅ​លើ​ផ្នែក​នេះ ​ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ច្រើន​ទេ។ ខ្ញុំ​ក៏​នៅ​ក្នុង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ Tom Lantos ​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​ លោក​សម រង្ស៊ី​ មកពិភាក្សា​ជាមួយ​ពួកយើង​អំពីការ​បណ្តេញ​រូបលោក​ចេញ​ពី​សភាជាតិ​ មាន​ដីកា​ចាប់​ខ្លួន​គាត់ ហើយ​គាត់​ត្រូវ​តែ​ចាកចេញ​ពី​ប្រទេស​កម្ពុជា។ ដូច្នេះ​យើង​ក្នុង​ក្រុម​សមាជិកសភា​នេះ​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​មិន​គ្រាន់​ តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​ត្រូវ​មាន​សំឡេង ​ប៉ុន្តែ​ក៏ត្រូវ​មាន​សំឡេង​បក្ស​ប្រឆាំង​ដែរ​ ហើយ​ប្រសិន​បើ​គេ​ចង់​ឱ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​គឺ​ ត្រូវ​តែ​មានបក្ស​ប្រឆាំង​ដែល​អាច​បញ្ចេញ​សំឡេង​បាន​ ហើយ​ទុក​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើការ​សម្រេច​ចិត្ត។ ដូច្នេះ​យើង​មានការ​ព្រួយ​បារម្ភ។ ទោះបី​ពលរដ្ឋកម្ពុជា​ខិតខំ​បញ្ចេញ​សំឡេង​តាំង​ពីឆ្នាំ​២០១៣​ប៉ុន្តែ​នៅ​មិន​ ទាន់​ច្រើន​នៅឡើយ​ទេ។ ដូច្នេះ​យើង​គាំទ្រ​ឱ្យ​មាន​ការផ្លាស់ប្តូរ​ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​ សង្គម​មួយ​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ។

VOA៖ បើ​និយាយ​ពី​មេដឹកនាំ​គណបក្ស​ប្រឆាំង​វិញ​ដូច​លោក​បាន​លើក​ឡើង​ហើយ​គឺ​គាត់​ នៅ​ក្រៅប្រទេស​នៅឡើយ​ ដើម្បីគេច​ចេញ​ពី​ការ​ចោទប្រកាន់​នានា​ដែល​ក្រុម​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ​មាន​លក្ខណៈ​នយោបាយ​ ហើយ​ឥឡូវ​នេះ​អនុប្រធាន​របស់​គាត់​កំពុង​ត្រូវ​បាន​គេ​ភ្ជាប់​ទៅនឹង​រឿងរ៉ាវ ​អាស្រូវ​ជាច្រើន​ ហើយ​ក្រៅពីនេះ​គឺ​មាន​សមាជិក​បក្ស​ប្រឆាំង​នៅ​ជាប់​ពន្ធនាគារ​ហើយ​ម្នាក់​ ក្នុង​ចំណោម​នោះ ​គឺ​ជា​ពលរដ្ឋ​អាមេរិកាំង​ ហើយ​តើ​ក្រុម​អ្នក​តំណាងរាស្រ្ត​មើល​ឃើញ​ថា ​គួរ​ដោះស្រាយ​បញ្ហា​ទាំងនេះ​យ៉ាង​ម៉េចដែរ?

លោក​ Lowenthal៖ ជំហាន​ដំបូង​ គឺ​ក្រុម​អ្នក​តំណាងរាស្រ្ត​មើល​ឃើញ​ថា ​នេះ​គឺជា​បញ្ហា​ដែលបាន​កើត​មាន​ឡើង​ហើយ​យើង​នឹង​និយាយ​អំពី​បញ្ហា​នេះ។ យើង​នៅ​មិន​ទាន់​បាន​និយាយ​ពីបញ្ហា​នេះ​នៅ​ឡើយ​ទេ ​ក្នុង​នាម​ជាក្រុម​អ្នក​តំណាងរាស្រ្ត​ បើ​ទោះបី​ជា​លោក​សហប្រធាន​ Steve Chabot ​និង​រូបខ្ញុំ​ ធ្លាប់​បាន​និយាយ​អំពី​ការ​អនុញ្ញាត​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រឡប់​ ទៅប្រទេស​កម្ពុជា ហើយ​បញ្ឈប់​ការ​ចាប់ខ្លួន​នេះក៏ដោយ។ ការបោះឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​អាច​ធ្វើ​បាន​ លុះត្រា​ណាតែ​គណបក្ស​ប្រឆាំង​មិន​រង​ការ​យាយី​រំខាន​ ហើយ​អនុញ្ញាត​ឱ្យ​សម្តែង​មតិ​ដោយ​សេរី។ យើង​ក្នុង​នាម​ជាក្រុម​សមាជិក​សភា​នៅ​មិន​ទាន់​ប្រកាន់​ជំហរ​ណា​មួយ​ពី​ បញ្ហា​នេះ​នៅ​ឡើយ​ទេ​។ ដូច​លោក​ដឹង​ហើយ​ថា​ យើង​ទើប​តែ​បង្កើត​កាលពី​ជាង​មួយ​សប្តាហ៍​មុន គឺ​នៅ​ថ្ងៃទី​១៧​ខែ​មិនា។ ប៉ុន្តែ​ទាំងលោក​ Chabot ​និង​ខ្លួន​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​នេះ​ខ្លាំង​ណាស់​ហើយ​ អាទិភាព​សំខាន់​របស់​យើង​នឹង​ឱ្យ​ក្រុម​សមាជិក​សភា​នឹង​សម្តែង​មតិ​ពី​បញ្ហា ​នេះ។  ប៉ុន្តែ​ យើង​ នៅ​មិនទាន់ ​ប្រកាន់​ជំហរ​ នៅឡើយ​ទេ។​

VOA៖ ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅពេល​ឥឡូវ​នេះ​កំពុង​តែ​ប្រើ​សិទ្ធិ​របស់​ពួកគេ​ កាន់តែ​ច្រើន​ឡើង​ក្នុង​នាម​ជា​ពលរដ្ឋអាមេរិកាំង។ នេះ​បើតាម​ប្រភព​ផ្សេងៗ​ដែល​ខ្ញុំ​ទទួលបាន​តាម​រយៈការ​ធ្វើ​សេចក្តី​ រាយការណ៍​ពី​សហគមន៍​ខ្មែរ​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច។ ដូច្នេះ​តាម​យោបល់​របស់​លោក​ តើ​ពួកគាត់​គួរ​តែ​ធ្វើ​យ៉ាង​ណា​ទៀត​ដើម្បី​ធានា​ថា​ សិទ្ធិ​សេរីភាព​ទាំងអស់​ដែល​លោក​ទើប​មាន​ប្រសាសន៍​អម្បាញ់​មិញ​ត្រូវ​បាន​ គោរព​ និង​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ?

លោក​ Lowenthal៖ ​ខ្ញុំ​គិត​ថា​ពួកគេ​ត្រូវ​តែ​សម្តែង​មតិ។ ពួកគេ​ត្រូវ​ដឹង​ថា ​ពួកគេ​មាន​មិត្តភក្តិ​នៅ​ឯ​រដ្ឋ​សភា​ជាតិ​ដែល​ពិត​ជា​ចង់​គាំទ្រ​ឱ្យ​មាន​ លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​គឺ​ប្រទេស​កម្ពុជា​មួយ​ដែល​មាន​មេដឹកនាំ​ត្រូវ​បាន​គេ​បោះឆ្នោត​ ជ្រើសរើស​ដោយ​សេរី​ ដោយ​ពលរដ្ឋ​កម្ពុជា។ សហគមន៍​(ខ្មែរ​)ឥឡូវ​នេះ​ បាន​សម្តែង​មតិ​ ហើយ​នឹង​ថា​ពួកគេ​ចង់​បាន​ការបោះឆ្នោត​ដោយ​ត្រឹម​ត្រូវ​ក្នុង​ប្រទេស​ កម្ពុជា។​

VOA៖ បើ​និយាយ​ពី​ក្រុម​សមាជិក​សភានេះ​វិញ ​តើ​លោក​គិត​ថា​វា​នឹង​ពិបាក​ក្នុង​ការ​ប្រមូលផ្តុំ​សមាជិក​សភាដទៃ​ទៀត​ឱ្យ​ គាំទ្រ​បញ្ហា​កម្ពុជា​ទេ?

លោក​ Lowenthal៖ ​អត់​ទេ។ ខ្ញុំ​គិត​ថា​ដូច​ក្រុម​សមាជិក​សភា​ដទៃ​ទៀត​ដែរ​គឺ​ត្រូវ​ការ​ពេល​វេលា​មួយ​ រយៈ​ក្នុង​ការ​បង្កើត​ជាក្រុម​ ហើយ​ខ្ញុំ​គិត​ថា​ដោយ​មាន​ការ​ងាក​របស់​សហរដ្ឋ​អាមេរិក​ទៅរក​ទ្វីបអាស៊ី​ ហើយ​ឥឡូវ​មាន​ការផ្តោត​លើ​តំបន់​អាស៊ី​អាគ្នេយ៍ ​ហើយ​ដោយ​សារ​កម្ពុជា​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ជា​ជំហានៗ​ ខ្ញុំ​គិត​ថា​មាន​សមាជិកសភា​ជាច្រើន​នឹង​ចាប់​ផ្តើម​ដឹង​ពី​តម្រូវ​ការ​ដែល​ ថា ​ប្រសិន​បើ​ប្រទេស​កម្ពុជា​រីកលូតលាស់​ខាងផ្នែក​សេដ្ឋកិច្ច​ជាមួយ​នឹង​ សហរដ្ឋ​អាមេរិក​គឺ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ពី​អ្វី​ដែល​ យើង​ឱ្យ​តម្លៃ។ ​ហើយ​យើង​និយាយ​ទៅ​កាន់​ពលរដ្ឋ​កម្ពុជា​ពី​អ្វី​ដែល​យើង​ឱ្យ​តម្លៃ។ អ្វី​ដែល​យើង​ឱ្យ​តម្លៃ​គឺ​ថា​ យើង​ចង់​ឱ្យ​ប្រទេសកម្ពុជា​ជោគជ័យ ​យើង​គាំទ្រ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ ប៉ុន្តែ​យើង​ក៏​គាំទ្រ​ពលរដ្ឋ​កម្ពុជា​ដែរ។​ យើង​នឹង​សម្តែង​មតិ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ដែល​កំពុងតែ​ត្រូវ​បាន​រំលោភ ​ហើយ​យើង​នឹង​សម្តែង​មតិ​ក្នុង​នាម​ជាក្រុម​អ្នក​តំណាងរាស្រ្ត​ដើម្បី​ឱ្យ​ មានការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ។ នេះ​គឺ​ជា​ការ​ផ្តោត​ចំណាប់​អារម្មណ៍​របស់​យើង​ក្នុង​នាម​ជា​ក្រុមអ្នក​ តំណាងរាស្រ្ត។

VOA៖ ​បើ​ខ្ញុំ​រំឭក​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ពេល​កន្លងមក​។ ក្នុង​ពេល​កន្លងមក​មាន​សេចក្តី​ថ្លែងការណ៍​ខ្លះ​ពី​សភាជាតិ​ហាក់​ដូច​ជា​ គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​មិន​ទទួល​យកទេ។ ដូច្នេះ​តើ​មាន​យន្តការ​ណា​ដើម្បី​ធានា​ថា ​ការព្រួយ​បារម្ភ​ដែល​សភា​បញ្ចេញ​ត្រូវ​បាន​កម្ពុជា​ទទួល​យក​ទេ?

លោក​ Lowenthal៖ ​ខ្ញុំ​គិត​ថា​យើង​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចាប់​អារម្មណ៍​ហើយ។ ខ្ញុំ​គិត​ថា​ពួកគេ​ដឹង​ហើយ​ថា ​ដោយ​មានការ​បង្កើត​ជា​ក្រុម​សមាជិក​សភា គឺ​សភា​សហរដ្ឋ​អាមេរិក​ចង់​មាន​ទំនាក់​ទំនង​ស៊ី​ជម្រៅ​ជាមួយ​នឹង​ប្រទេស​ កម្ពុជា។ ប៉ុន្តែ​នេះ​មាន​ន័យ​ថា​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្តូរ​ខ្លះ​ក្នុង​ប្រទេស​ កម្ពុជា។

VOA៖ ​សំឡឹង​ទៅ​ពេល​ខាង​មុខ​។ លោក​បាន​មាន​ប្រសាសន៍​ច្រើន​ពី​ការបោះឆ្នោត។ ជាការពិត​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នៅ​ឆ្នាំ​ ២០១៧ ​និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។ តើ​លោក​មាន​អនុសាសន៍​យ៉ាងណា​ដែរ​ដល់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដើម្បី ​ជួយ​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ​និង​ត្រឹមត្រូវ​ដូច​ដែល​លោក​បាន​លើក​ឡើង?

លោក​ Lowenthal៖ ​យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ កំណែ​ទម្រង់​អ្វី​ក៏ដោយ​ដែល​បានពិភាក្សា​ហើយ​មាន​ការ​ឯកភាព​ដោយ​គណបក្ស​ ទាំងពីរ​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣គឺ​ត្រូវ​បាន​គេ​ធ្វើ​តាម។

ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ​អ្វី​ដែល​ក្រសួង​ការបរទេស​ដឹង​គឺ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ ការបោះឆ្នោត​នោះ​ ហើយ​ត្រូវ​ធានា​ថា​ នឹង​មានការ​ផ្លាស់​ប្តូរ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ​និង ២០១៨។ យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ក្រសួង​ការបរទេស​តាម​ដាន​ការងារ​នេះ​និង​ សង្កេតការណ៍​ក្នុង​ការបោះឆ្នោត​នេះ​ មាន​អ្នក​សង្កេតការណ៍ ​និង​ចូលរួម​ច្រើន​ជាង​កាលពី​ឆ្នាំ​២០១៣។

VOA៖ ​សូមអរគុណ​លោក​ Alan Lowenthal ​សមាជិក​សភា​ដែល​បាន​ផ្តល់​បទសម្ភាស​ដល់​ VOA ​ខ្មែរ។ សូម​អរគុណ​ចំពោះ​ពេល​វេលា​របស់​លោក។​

លោក​ Lowenthal៖ ​អរគុណ។  ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ណាស់​លោក​គឹមសេង ​ហើយ​ខ្ញុំ​មានការ​គាំទ្រ​ទាំងស្រុង​និង​សង្ឃឹម​ថា​ក្រុម​សមាជិក​សភា​នេះ​ នឹង​មាន​ផល​ប៉ះពាល​ពិតប្រាកដ​លើ​ការ​អភិវឌ្ឍ​និង​ការផ្លាស់​ប្តូរ​ក្នុង​ ប្រទេស​កម្ពុជា៕



No comments:

Post a Comment