លោក សម រង្ស៊ី៖ ហេតុអី អ្នកការពារ ទឹកដី ត្រូវ ចាប់ដាក់គុក, ឯ អ្នក ធ្វើ ឲ្យបាត់បង់ ទឹកដី ត្រូវ រួចខ្លួន?
RFA / វិទ្យុ អាស៊ី សេរី | ១៣ មីនា ២០១៦
ប្រធាន គណបក្សប្រឆាំង រំឭក ថ្ងៃ នៃការ បណ្ដេញ លោកចេញ ពីរដ្ឋសភា កាលពី ៨ឆ្នាំ មុន។ លោក សម រង្ស៊ី អះអាង ថា, ពេលវេលា នៅសល់ ពីរថ្ងៃទៀតទេ ជាថ្ងៃខួប ដ៏សោកសៅ ដែលលោក ត្រូវ បានតុលាការ ក្រុងភ្នំពេញ កាត់ ឲ្យមានទោស រឿងដកតម្រុយ បង្គោល ព្រំដែន, គឺ នៅថ្ងៃ ទី១៥ ខែមីនា, ហើយ ត្រូវ បានតំណាងរាស្ត្រ លើសលប់ ពីខាងបក្ស កាន់អំណាច បណ្ដេញចេញ ពីរដ្ឋសភា ថែមទៀត។
មន្ត្រី នាំពាក្យ ពីខាង គណបក្ស ដែលដឹកនាំ រដ្ឋាភិបាល វិញ យល់ឃើញ ថា, អ្នក សាងបញ្ហា ពុំមាន អ្នកណា ក្រៅពីលោក សម រង្ស៊ី ខ្លួនឯង ឡើយ។
មន្ត្រីជាន់ខ្ពស់ គណបក្ស ដែលគ្រប់គ្រង អំណាច បានហៅ សកម្មភាព របស់ ប្រធាន គណបក្ស សង្គ្រោះជាតិ ថា ជាចលនា ទុច្ចរិត និងព្យាយាម បង្កបញ្ហា ដែលផ្ទុយ ពីអ្វី ដែលមេបក្សនេះ ធ្លាប់អះអាង ថា នឹងធ្វើ ឲ្យកម្ពុជា ប្រែក្លាយទៅ ជាប្រទេស នីតិរដ្ឋ។
ការរិះគន់ របស់ លោក សុខ ឥសាន នៅពេលនេះ បន្ទាប់ ពីលោក សម រង្ស៊ី មេបក្សប្រឆាំង ដែលកំពុង រស់នៅ និរទេសខ្លួន គេច ពីការ តាមចាប់នោះ បានបញ្ចេញ សារនយោបាយ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) របស់ លោកផ្ទាល់ នៅថ្ងៃ ទី១២ មីនា ថា, ទីតាំង តម្រុយ បង្គោលព្រំដែន ដែលលោក បានដកនោះ បើ លោក មិនដក ចេញទេ នឹងក្លាយ ជាដី កម្មសិទ្ធិ វៀតណាម។
មន្ត្រី នាំពាក្យ រូបនេះ ឲ្យដឹងទៀត ថា, លោក សម រង្ស៊ី គឺ ជាមេដឹកនាំ ដែលមិនចេះ ទទួលខុសត្រូវ, ហើយ ភូតកុហក និងក្លែងបន្លំ ជានិច្ច, ជាពិសេស ក្នុងរឿង ព្រំដែន រវាង កម្ពុជា ជាមួយ ប្រទេស វៀតណាម។ ម្យ៉ាងវិញទៀត សកម្មភាព ដែលមេ បក្សប្រឆាំង តែងធ្វើក ន្លងមកនេះ គឺ ជាការអុកឡុក និងបង្កបញ្ហា មិនចេះចប់ សម្រាប់ ទំនាក់ទំនង រវាង ប្រទេស ទាំងពីរ ថែមទៀតផង។ លោក បន្ត ថា, «ទៅបង្គោល ព្រំដែន, សុំ ច្បាប់។ សម្ដេចប្រធាន រដ្ឋសភា ថា, ទៅខេត្ត តាកែវ, តែ ផ្ទុយទៅវិញ ទៅស្វាយរៀង។ អាហ្នឹងហើយ គ្រាន់តែ ឃើញពាក្យ សុំ ច្បាប់, វា ទង្វើទុច្ចរិត មួយហើយ។ មិនទាន់ ដកបង្គោល ក៏វា ទុច្ចរិតដែរ។ សូម គេ ទៅត្បូង ដល់ពេលទៅ, ទៅកើត។ អាហ្នឹង វា យ៉ាងម៉េច?»
ជុំវិញរឿងនេះ កាលពីថ្ងៃទី១២ ខែមីនា លោក សម រង្ស៊ី បានសរសេរសារនយោបាយដែលរំឭកពីមូលហេតុ ដែលលោកត្រូវបានសមាជិកសភាបណ្ដេញចេញកាលពីចុងឆ្នាំ២០០៨ ក្រោយពីតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ១២ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែន នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បន្ថែមពីលើនេះ លោកឲ្យដឹងថា ទីតាំងតម្រុយបង្គោលព្រំដែនដែលលោកបានដកនោះ សព្វថ្ងៃបានក្លាយជាកម្មសិទ្ធិរបស់ពលរដ្ឋកម្ពុជា ជាស្ថាពរហើយ។ ផ្ទុយទៅវិញ បើលោកមិនបានសើរើទេ ដីនៅចំណុចតម្រុយបង្គោលព្រំដែននោះ នឹងក្លាយជារបស់វៀតណាម ដូចទីតាំងដទៃទៀតដែលកម្ពុជា បានបាត់ជាបន្តបន្ទាប់យ៉ាងដូច្នោះដែរ។
លោក សម រង្ស៊ី ធ្លាប់ជាប់បណ្ដឹងតាមផ្លូវតុលាការជាហូរហែមកហើយក្នុងពេលកន្លងទៅ។ បើទោះបីជាបែបណា នៅនាទីចុងក្រោយ ច្រកចេញរបស់មេដឹកនាំបក្សប្រឆាំងនេះ គឺតែងត្រូវបានត្រូវសម្របសម្រួលផ្នែកនយោបាយជានិច្ច ក៏ប៉ុន្តែបណ្ដឹងជាថ្មីទៀតរបស់ លោក សម រង្ស៊ី លើកនេះវិញ ត្រូវបានអ្នកវិភាគសង្គមមើលឃើញថា ហាក់តឹងតែងបន្តិច។ កន្លងទៅនេះ លោក ហ៊ុន សែន បញ្ជាក់ថា នឹងមិនលើកលែងឲ្យ លោក សម រង្ស៊ី ទៀតឡើយ។ ជំហរដ៏ម៉ឺងម៉ាត់នេះ ត្រូវបាន លោក ហ៊ុន សែន ព្រមានកាត់ដៃលោកចោលថែមទៀត បើលោកនៅតែបន្តចុះហត្ថលេខាក្រោមហេតុផលណាមួយ ឬសម្របសម្រួលផ្នែកនយោបាយឲ្យ លោក សម រង្ស៊ី វិលចូលស្រុកវិញនោះ។
ករណីនេះ ត្រូវបាន លោក សុខ ឥសាន បញ្ជាក់ថា លោក ហ៊ុន សែន បិទផ្លូវ លោក សម រង្ស៊ី លើកនេះ គឺប្រឆាំងការធ្វើខុសម្ដងហើយម្ដងទៀតរបស់ លោក សម រង្ស៊ី ហើយមេដឹកនាំបក្សប្រឆាំងរូបនេះ លែងមានវាសនាបានចូលស្រុកវិញហើយ។ ម្យ៉ាងវិញទៀត ជីវិតនយោបាយរបស់ លោក សម រង្ស៊ី ក៏ត្រូវចប់ត្រឹមនេះដែរ។ លោកបន្តថា «បើឥត មានស៊ីញេ គឺឥតមានលើកលែងទោស បើឥតមានលើកលែងទោស វាឥតមានដំណោះស្រាយក្នុងការឲ្យ លោក សម រង្ស៊ី ចូលស្រុកវិញទេ។ ពីមុនមក គេអនុគ្រោះឲ្យគាត់ដោយសារឲ្យគាត់ចូលមកបូកសំឡេង ដើម្បីកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មកជា ៥០ភាគរយបូក១ តើបានវាមានចូលមកហ្នឹង។»
អ្នកវិភាគនយោបាយមើលឃើញថា ប្រទេសកម្ពុជា ពុំមែនជាប្រទេសដែលជាដៃគូប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយឡើយទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ការមើលឃើញពីផ្នែកសេដ្ឋកិច្ច និងនយោបាយមិនរឹងមាំនេះ ដោយសារអ្នកនយោបាយគេកម្រឃើញគិតគូរ ភាគច្រើនទៅលើការលើកស្ទួយជីវភាពពលរដ្ឋ ក្រៅពីដើម្បីអំណាច និងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធឡើយ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ ចាត់ទុកថា ការចង់ឈ្នះចាញ់ នឹងមិនធ្វើឲ្យកម្ពុជា ចំណេញអ្វីទាល់តែសោះ ជាពិសេសពលរដ្ឋខ្មែរនឹងរឹតតែខាតបង់ពីការធ្វើនយោបាយនេះ។ លោកមើលឃើញថា ជាទម្លាប់របស់អ្នកនយោបាយខ្មែរ តែងចង់ឱបក្ដាប់អំណាចនៅក្នុងដៃតែម្ខាងៗ។ ទាំងនេះហើយ គឺជាមូលហេតុតែមួយគត់ដែល លោក រស់ រ៉ាវុធ អះអាងថា នឹងរុញច្រានប្រទេសកម្ពុជា នាំឲ្យមានការប្រេះឆាផ្ទៃក្នុង និងចុះអន់ថយពីមួយជំនាន់ទៅមួយជំនាន់ទៀត។ លោកបន្តថា «ពិនិត្យ ឃើញថាអ្នកនយោបាយខ្មែរច្រើនតែមួយឆ្កឹះនូវភាពគ្មានប្រយោជន៍ ឲ្យប្រជាពលរដ្ឋមើលឃើញ ហើយម្ខាងទៀត គឺការយកច្បាប់មកសៀតស៊ក ដើម្បីដាក់សម្ពាធនយោបាយទៅលើអ្នកនយោបាយ។»
លោក សម រង្ស៊ី សរសេរសារនយោបាយនៅលើបណ្ដាញសង្គមរបស់លោក ដោយលើកជាចម្ងល់ថា ហេតុអីអ្នកការពារទឹកដីត្រូវចាប់ដាក់គុក ដោយឡែកអ្នកធ្វើឲ្យបាត់បង់ទឹកដី ត្រូវរួចខ្លួនទៅវិញ? ក្នុងន័យនេះ មេដឹកនាំបក្សប្រឆាំងចាត់ទុកថា វាជាការចម្លែកណាស់នៅប្រទេសកម្ពុជា សព្វថ្ងៃ៕
No comments:
Post a Comment