តំណាងរាស្ត្រ បក្សប្រឆាំង ពីររូប ស្នើសមត្ថកិច្ច ស៊ើបអង្កេត លើសម្ដី របស់លោក ឈាង វុន
RFA / វិទ្យុ អាស៊ី សេរី | ៥ មេសា ២០១៦

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា (ស្ដាំ)
និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន
ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៩ ខែធ្នូ
ឆ្នាំ២០១៥។ Photo: RFA
ឈុតឆាកវាយតប់លើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា នៅជាប់របងរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ ត្រូវបានមជ្ឈដ្ឋានទូទៅសង្កេតឃើញថា គឺជាការរៀបចំរបស់គណបក្សកាន់អំណាច ហើយគ្មានហេតុផលណាមួយដែលតំណាងរាស្ត្ររងគ្រោះទាំងពីរ ចេញពីរដ្ឋសភាសំដៅទៅឲ្យក្រុមបាតុករ ព្រួតវាយស្ទើរស្លាប់ស្ទើររស់នោះទេ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។
ការបញ្ចេញប្រតិកម្មតបនៅពេលនេះ គឺបន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១ មេសា ថា តំណាងរាស្ត្រគណបក្សប្រឆាំងទាំងពីររូប បានដើរចេញពីអង្គប្រជុំនៅរដ្ឋសភា ទៅឲ្យបាតុករដែលទាមទារទម្លាក់ លោក កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភានោះ វាយតប់៖ «តំណាងរាស្ត្រទាំងពីរហ្នឹង នៅពេលសភាកំពុងប្រជុំ គាត់ចេញទៅឲ្យគេវាយ។ សំណួរ៖ ឯកឧត្តមគិតថា គាត់ចេញទៅឲ្យគេវាយ? ចម្លើយ៖ ខ្ញុំនិយាយអ៊ីចឹងហើយ ព្រោះចេញទៅបានគេវាយ បើនៅក្នុងសភា មានអ្នកណាគេវាយគាត់។ សំណួរ៖ តែគាត់ចេញទៅផ្ទះទេអីឯកឧត្តម ព្រោះម៉ោង១២ ទៅហើយ? ចម្លើយ៖ អត់ចេញទៅផ្ទះកើតទេ ឥឡូវខ្ញុំប្រាប់រឿងហេតុ រឿងអីបានគេវាយគាត់ ដោយសារអ្នកបើកឡានគាត់ ឈប់ឡានឲ្យគេវាយ។»
ពាក្យសម្ដីរបស់ លោក ឈាង វុន នេះ ត្រូវបាន លោក គង់ សភា ជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ធ្វើការស៊ើបអង្កេត ព្រោះករណីហិង្សានោះអាចជាប់ពាក់ព័ន្ធជាមួយ លោក ឈាង វុន។ លោកបញ្ជាក់ថា នៅប៉ុន្មានថ្ងៃមុនហេតុការណ៍នោះកើតឡើង គឺលោក ឈាង វុន បានទាស់សម្ដីជាមួយរូបលោក៖ «គាត់ដឹងថា ខ្ញុំចេញទៅឲ្យគេវាយ តែជនល្មើសទាំង ៣នាក់បានសារភាពថា គាត់ជាកងអង្គរក្ស ហើយគាត់ជាអ្នកវាយយើងខ្ញុំ។ ផ្ដើមចេញពីរឿងហ្នឹង ត្រូវតែស៊ើបអង្កេតសម្ដីរបស់ឯកឧត្តម ឈាង វុន ព្រោះមុនគេវាយខ្ញុំប៉ុន្មានថ្ងៃ គឺខ្ញុំបានទាស់សម្ដីខ្លះជាមួយឯកឧត្តម ឈាង វុន។ សំណួរ៖ ទាស់ទែងយ៉ាងម៉េចខ្លះទៅ? ដំបូងឡើយឯកឧត្តម ឈាង វុន បានរុញទ្រូងគ្នា ឈ្លោះគ្នាជាមួយឯកឧត្តម ឡាត់ លិតេយ្យ តំណាងរាស្ត្រមណ្ឌលព្រៃវែង ហើយគាត់ដោះអាវ បបួលឯកឧត្តម ឡាត់ លិតេយ្យ វាយគ្នា ហើយខ្ញុំក៏ហាមឃាត់ថា ឯកឧត្តមជាឧត្តមមន្ត្រី ជាតំណាងរាស្ត្រជាន់ខ្ពស់ ជាសមាជិកអចិន្ត្រៃយ៍សភាទៀត មិនគួរធ្វើចរិតជាបងធំកាងនៅក្នុងសភាទេ មិនគួរដោះអាវវាយគ្នាអ៊ីចឹងទេ ព្រោះវាខ្វះសីលធម៌ ខ្មាសឧត្តមមន្ត្រីផ្សេងទៀត ហើយខ្មាសមន្ត្រីដែលនៅជុំវិញខ្លួន។ ពេលនោះហើយគាត់ខឹងខ្ញុំ ប្រហែលជារឿងហ្នឹង គាត់អាចជាអ្នករៀបចំគម្រោងជាមួយជនមានអំណាចនៅពីក្រោយខ្នង ដើម្បីវាយដំ ឬសងសឹកមកលើរូបខ្ញុំ។»
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅថ្ងៃទី៥ ខែមេសា បានទេ ដោយមិនទទួលទូរស័ព្ទ។
ក្រុមបាតុករគាំទ្រ
គណបក្សប្រជាជនកម្ពុជា ទាត់ធាក់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក
ញ៉យ ចំរើន នៅមុខបរិវេណរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សម្ដែងការសោកស្ដាយចំពោះការលើកឡើងរបស់ លោក ឈាន វុន ដែលជាសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា។ លោកដាក់ជាសំណួរថា ចុះបើ លោក ឈាង វុន ដឹងថាតំណាងរាស្ត្រទាំងពីរនាក់នោះចេញទៅឲ្យគេវាយ ម្ដេចក៏ លោក ឈាង វុន ក្នុងនាមជាសមាជិករដ្ឋសភា មិនអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់កុំឲ្យមានអំពើហិង្សានោះកើតឡើង៖ «ការ ឆ្លើយនេះ គឺយកតែរួចខ្លួន តែតាមផ្លូវច្បាប់ ទោះជាយ៉ាងណាក៏ដោយ ការវាយដំដល់តំណាងរាស្ត្រ គឺប៉ះពាល់ធ្ងន់ធ្ងរណាស់លទ្ធិប្រជាធិបតេយ្យ ពីព្រោះតំណាងរាស្ត្រទាំងមូលការពារសុវត្ថិភាពមិនបាន ចុះទម្រាំប្រជាពលរដ្ឋ? ប្រសិនបើស្រុកគេកាន់ លទ្ធិប្រជាធិបតេយ្យ គេនឹងរកឲ្យឃើញឲ្យអស់នរណាជាអ្នកដែលប្រើប្រាស់អំពើហិង្សា ហើយនរណាជាអ្នកនៅពីក្រោយខ្នងនៃការប្រើប្រាស់អំពើហិង្សានោះ។»
សំណុំរឿងហិង្សាលើតំណាងរាស្ត្របក្សប្រឆាំងនេះ ត្រូវបានតុលាការបិទការស៊ើបអង្កេតហើយ ដោយពុំបានស្វែងរកមនុស្សពាក់ព័ន្ធបន្ថែមទៀតនោះទេ ក្រៅតែពីជនដៃដល់ចំនួន ៣នាក់ ដែលបានចូលខ្លួនសារភាពក្រោយពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការនឹងបើកសវនាការនៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះ។
ក្រុមអង្គការសង្គមស៊ីវិល លើកឡើងថា រឿងនេះប្រសិនបើអាជ្ញាធរ និងតុលាការចង់បង្ហាញភាពស្អាតស្អំរបស់ខ្លួន ថាមិនបានជួយលាក់បាំងជនល្មើស និងមិនឋិតនៅក្រោមសម្ពាធនយោបាយរបស់បក្សណាមួយនោះ ត្រូវតែវែកមុខនាំជនល្មើសបន្ថែមទៀត ព្រោះជនជាប់ចោទទាំង ៣នាក់នោះ ស្ថិតក្នុងចំណោមមនុស្សប្រហែលជាង ២០នាក់នៅក្នុងបាតុកម្មគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានវាយសមាជិកសភាមកពីបក្សប្រឆាំង។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា បានដាក់ពាក្យប្ដឹងក្រុមបាតុករតាមរយៈមេធាវីរបស់ខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុន និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា មានស្ថានទម្ងន់ទោស ព្រមទាំងទាមទារសំណងជាទឹកប្រាក់ម្នាក់ៗចំនួន ១០០លានរៀល៕
No comments:
Post a Comment