Paris Peace Accords 23 Oct. 1991

Thursday, April 7, 2016

ACU ថា, លោក ស៊ុត ឌីណា មាន​មាស​ និង​លុយ​ រាប់​លាន​ ដុល្លារ | ACU says Suth Dina has gold and cash in the millions of dollars [peal si peal]

ACU ថា, លោក ស៊ុត ឌីណា មាន​មាស​ និង​លុយ​ រាប់​លាន​ ដុល្លារ

RFA / វិទ្យុ អាស៊ី សេរី | មេសា ២០១៦

 

ឱម យ៉ិនទៀង ៨៥៥ ២០១៦
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ទៅ​កាន់​ក្រុម​យុវជន​ក្នុង​កម្មវិធី​ប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​ កោសល្យវិច័យ​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចោទ​ថា ជា​សំឡេង​របស់​លោក កឹម សុខា ជាមួយ​ស្រី​កំណាន់ នៅ​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៦។  RFA/Cheu Sideth

អង្គភាព ​ប្រឆាំង ​អំពើ​ ពុក​រលួយ (ACU) បង្ហាញ​ថា, ឯកអគ្គរាជទូត​ កម្ពុជា ​ប្រចាំ​ ប្រទេស​ កូរ៉េ​ ខាង​ត្បូង លោក ស៊ុត ឌីណា មាន​មាស និង​លុយ ​រាប់​លាន ​ដុល្លារ ដែល​អង្គភាព​នេះ ​ថា, នេះ​ ជា​អំពើ ពុករលួយ ចំនួន​ ២​ បទល្មើស។

សេចក្ដី​ប្រកាស​ ព័ត៌មាន​ របស់​ អង្គភាព ​ប្រឆាំង​ អំពើ​ ពុក​រលួយ ចុះ​ថ្ងៃ​ទី​៧ មេសា បញ្ជាក់​ថា, លោក ស៊ុត ឌីណា មាន​លុយ ​ដុល្លារ​ ជា​សាច់​ប្រាក់​ នៅ​ក្រៅ​ធនាគារ​ ចំនួន ៧.២​លាន ​ដុល្លារ​ សហរដ្ឋ​អាមេរិក ដែល​កាល​ ពី​ឆ្នាំ​២០១៣ លោក ស៊ុត ឌីណា មាន​លុយ​ ៤.២​លាន​ ដុល្លារ និង​កើន​ឡើង ​ចុង​ក្រោយ​ បន្ទាប់ ​ពី​កាន់​តំណែង​ ចំនួន ៣​លាន ​ដុល្លារ និង​មាស​សុទ្ធ​ ជា​មាស ​គីឡូ​ ចំនួន ៣៣៩​ តម្លឹង។ 

ការ​បង្ហាញ ​របស់​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ពេល​នេះ​ដែរ គ្រាន់​តែ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ប្រើប្រាស់​ហ្វេស៊បុក (Facebook) មួយ ​ចំនួន​ដែល​ថា លោក ស៊ុត ឌីណា ជា​មនុស្ស​ស្អាត​ស្អំ និង​ជា​អ្នក​ក្រ​ជាដើម ដោយ​អង្គភាព​នេះ ចាត់​ទុក​ថា​​ក្រុម​អ្នក​ប្រើប្រាស់​ហ្វេស៊បុក​នោះ ថា ជា​ដៃជើង និង​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​លោក ស៊ុត ឌីណា ហើយ​ក៏​ជា​អ្នក​ញុះញង់​​គំរាមកំហែង ដុត​បញ្ឆេះ​សាធារណ​មតិ​ទៅ​វិញ។

ទោះបីជា​យ៉ាងណា​ក្ដី​អង្គភាព​នេះ មិន​បាន​បង្ហាញ​ភស្តុតាង​ពី​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​ទេ ក្រៅ​ពី​យោង​បណ្ដឹង​របស់​ពលករ​នៅ​កូរ៉េ បណ្ដឹង​របស់​មន្ត្រី​ស្ថានទូត និង​នៅ​ក្រសួង​ការបរទេស កំណត់​ហេតុ​សវនកម្ម​នៃ​ប្រតិភូ​ចម្រុះ របស់​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ការបរទេស និង​ការ​ចុះ​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រួម​នឹង​​ចម្លើយ​របស់​លោក ស៊ុត ឌីណា និង​សាក្សី​ជា​ច្រើន​ទៀត​ជាដើម។

ប៉ុន្តែ​អង្គភាព​នេះ​នឹង​ធ្វើ​សន្និសីទ​កាសែត​ពី​ករណី​នេះ នៅ​រសៀល​ម៉ោង​៣ ថ្ងៃ​ទី​៧ មេសា។

នៅ​ព្រឹក​ថ្ងៃ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជូន​លោក ស៊ុត ឌីណា មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ប្រគល់​តួនាទី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​សាកសួរ ក្រោយ​ពី​អង្គភាព​នេះ​បាន​ចាប់​ខ្លួន​លោក ស៊ុត ឌីណា កាល​ពី​ថ្ងៃ​ទី​៤ មេសា ដោយ​ចោទ​​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។


No comments:

Post a Comment