ឯកអគ្គរាជទូត កម្ពុជា ប្រចាំ ប្រទេស កូរ៉េ ខាងត្បូងត្រូវ បានឃាត់ខ្លួន
VOD / វីអូឌី | ៤ មេសា ២០១៦
ប្រធាន អង្គភាព ប្រឆាំង អំពើពុករលួយ បានឲ្យដឹង ថា, អង្គភាព នៅព្រឹក ថ្ងៃចន្ទនេះ បានឃាត់ខ្លួន ឯកអគ្គរាជទូត ខ្មែរ ប្រចាំប្រទេស កូរ៉េ ខាងត្បូង លោក ស៊ុត ឌីណា មកសាកសួរ ពាក់ព័ន្ធ នឹងការចោទប្រកាន់ អំពើពុករលួយ។
ប្រធាន អង្គភាព ប្រឆាំង អំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់វីអូឌីនៅព្រឹកថ្ងៃចន្ទនេះថាលោក ស៊ុត ឌីណា ត្រូវបានាំពីក្រសួងការបរទេសកម្ពុជា មកសាកសួរ នៅម៉ោងប្រមាណ៨ព្រឹកនេះ ក្រោយពីលោកត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជាកាលពីយប់ថ្ងៃអាទិត្យ។ លោកបញ្ជាក់ថាលោកត្រូវឃាត់ខ្លួនមកសាកសួរពាក់ព័ន្ធនឹងអំពើពុករលួយ តាមបណ្តឹងមួយចំនួន។ ទោះជាយ៉ាងណា លោកបដិសេធមិនអត្ថាធិប្បាយលម្អិតលើការចោទប្រកាន់អំពើពុករលួយនេះ។
លោក មានប្រសាសន៍ថា៖ «យើងបាននាំខ្លួនឯកឧត្តមស៊ុត ឌីណា មកអង្គភាព ដើម្បីយើងស្តាប់ចម្លើយ ហើយខាងមុខតិចទៀតបានយើងអាចដឹង ប៉ុន្តែស្ថិតនៅក្នុងមូលបទបញ្ហាពុករលួយ អត់មានរឿងអីផ្សេងទេបាទ។»
វីអូឌី មិនទាន់អាច សុំ ការអត្ថាធិប្បាយ ពីអ្នកនាំពាក្យ ក្រសួង ការបរទេស លោក ជុំ សន្ទរី បាននៅឡើយ ទេ។
ការចាប់ខ្លួន លោក ស៊ុត ឌីណា ធ្វើឡើង ស្របពេល ដែលកូនប្រុស របស់លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត បានកំពុង សួរសុខទុក្ខ ប្រជាពលរដ្ឋ ខ្មែរ នៅប្រទេស កូរ៉េ ខាងត្បូង។ លោក ស៊ុត ឌីណា បានរៀបចំពិធីជួបជុំរវាងលោក ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរនៅទីនោះ កាលពីថ្ងៃ ទី២ ខែមីនា។
កាលពីថ្ងៃ ទី១៤ ខែមីនា លោក ស៊ុត ឌីណា បានផ្ញើសារ មួយ តាមរយៈ ហ្វេសប៊ុក របស់ នាយករដ្ឋមន្រ្តី មេត្តាពិនិត្យ និងផ្តល់យុត្តិធម៌ ដល់រូបលោក ដោយលោក ថា, លោក កំពុង ត្រូវ បានគេ មូលបង្កាច់ និងមាន ចេតនា ទម្លាក់លោក ចេញពីតំណែង។ លោក មានប្រសាសន៍ ថា៖ «ហេតុអី រយៈពេល ពីរឆ្នាំ ដែលខ្ញុំ បាទ បំពេញមុខងារ ជាឯកអគ្គរាជទូត នៅសាធារណរដ្ឋ កូរ៉េ ដែលខ្ញុំ បាទ បានលះបង់ គ្រប់យ៉ាង ដើម្បី រាជរដ្ឋាភិបាល ដើម្បី គណបក្ស ប្រជាជន កម្ពុជា បែរ ជាត្រូវ ទទួលរង នូវការ រៀបចំ សេណារីយ៉ូ មូលបង្កាច់ បង្ខូច និងមានការ ចាត់បញ្ជូន ក្រុមមនុស្ស មកធ្វើសវនកម្ម ពីរបីដង។ ថ្ងៃនេះ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត (មកពីអង្គភាព ពិសេស)។»
លោក ស៊ុត ឌីណា ក៏បានសុំទោសនាយករដ្ឋមន្រ្តី ដែលលោកបានស្នើសុំនៅលើហ្វេសប៊ុកបែបនេះ។
លោក ស៊ុត ឌីណា ធ្លាប់ប្រាប់វីអូឌី(VOD)លោកចង់ផ្ញើសារនេះទៅកាន់មន្រ្តីពាក់ព័ន្ធមួយចំនួនដែលលោកថាចង់ឲ្យចេះធ្វើការជាមួយបញ្ញវន្តនិងតាមបរិបទនៃកំណែទម្រង់ស៊ីជម្រៅ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំសរសេរហ្នឹងក្នុងន័យចង់ឲ្យមន្រ្តីដែលមកបុករុកហ្នឹង ដឹងឭ។ ចង់ឲ្យមន្រ្តីមួយចំនួនពាក់ព័ន្ធហ្នឹងចេះធ្វើការជាមួយបញ្ញវ័ន្ត ក្នុងបរិបទកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ មន្រ្តីអសកម្ម កុំឲ្យគាត់នាំគ្នាបង្កបរិយាកាសធ្វើឲ្យពិបាក។»លោកបដិសេធមិនអត្ថាធិប្បាយលម្អិតលើបញ្ហាដែលលោកជួបប្រទះ។
លោក ស៊ុត ឌីណា បន្តថាមូលហេតុដែលលោកសរសេរជាសាធារណៈបែបនេះ ដោយថាចង់ឲ្យមានតម្លាភាពនិងឲ្យសាធារណជនបានដឹងពីបញ្ហានេះ។ លោកបញ្ជាក់ថាលោកមិនបារម្ភពីការបាត់បង់តំណែង ដោយសារការសរសេរសារបែបនេះនោះទេ។
គួរបញ្ជាក់ថាលោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕
No comments:
Post a Comment