អង្គការ សង្គមស៊ីវិល ជាតិ និងអន្តរជាតិ ថ្កោលទោស ការចាប់ខ្លួន លោក អ៊ុំ សំអាន
RFA / វិទ្យុ អាស៊ី សេរី | ១២ មេសា ២០១៦
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ
ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)
លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី
នារាជធានីវ៉ាស៊ីនតុន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥។ Photo: RFA
អង្គការ សង្គមស៊ីវិល ជាតិ និងអន្តរជាតិ ជាច្រើន បានលើកឡើង ដូចៗគ្នា ថា, ការចាប់ខ្លួន តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ លោក អ៊ុំ សំអាន ដោយអាជ្ញាធរ កម្ពុជា គឺ ជាការរំលោភ សិទ្ធិមនុស្ស និងច្បាប់ យ៉ាងធ្ងន់ធ្ងរ។ ពួកគេ អំពាវនាវ ឲ្យដោះលែង លោក អ៊ុំ សំអាន និងទម្លាក់ចោល ទាំងស្រុង នូវបទចោទ ទាំងឡាយ ទៅលើតំណាងរាស្ត្រ បក្ស ប្រឆាំង រូបនេះ។ ទោះយ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាល កម្ពុជា លោក ហ៊ុន សែន អះអាងថា លោក អ៊ុំ សំអាន បានប្រព្រឹត្ត បទល្មើស ជាក់ស្តែង ដែលលោក មិនអាច លើកលែង ឲ្យបាន។
នាយកប្រតិបត្តិ ទទួលបន្ទុក កិច្ចការ តំបន់អាស៊ី នៃអង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ហៅការចាប់ខ្លួន លោក អ៊ុំ សំអាន នៅពេលនេះ ថា ជាការរំលោភ ច្បាប់ និងធ្វើឡើង ក្រោមហេតុផល នយោបាយ។
តាមរយៈសារអេឡិចត្រូនិកមកកាន់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ មេសា លោក ប៊្រែដ អាដាម ជំរុញឲ្យរដ្ឋាភិបាលដោះលែង លោក អ៊ុំ សំអាន និងសកម្មជនគណបក្សប្រឆាំងផ្សេងទៀតដែលកំពុងជាប់ពន្ធនាគារ៖ «គាត់ គួរតែត្រូវបានដោះលែងភ្លាមៗ ហើយការផ្ដន្ទាទោស និងការចោទប្រកាន់ដែលមានចរិតនយោបាយទាំងអស់ប្រឆាំងនឹងរូបគាត់ និងសមាជិកគណបក្សសង្គ្រោះជាតិ ផ្សេងទៀតត្រូវតែបញ្ចប់។ ម្ចាស់ជំនួយគួរតែប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ថា ការធ្វើបែបនេះវាល្មមបញ្ចប់ហើយ វាល្មមគ្រប់គ្រាន់ហើយ ហើយដរាបណាការរំលោភបំពានទាំងនេះនៅតែបន្ត ពួកគេនឹងចាប់ផ្ដើមគិតគូរពីការកាត់ផ្តាច់ជំនួយ និងបន្ទាបទំនាក់ទំនងជាមួយកម្ពុជា។»
ចំណែកអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកវិញ ក៏បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ថ្កោលទោសការចាប់ខ្លួន លោក អ៊ុំ សំអាន ដែរ។
តំណាងរាស្ត្រគណបក្ស
សង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន (អាវស)
ត្រូវបានសមត្ថកិច្ចបញ្ជូនពីក្រសួងមហាផ្ទៃ
ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។ Photo
courtesy of VOD
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក (ADHOC) អង្គការខុមហ្វ្រែល (Comfrel) និង អង្គការ ១០ ផ្សេងទៀត ហៅការចាប់ខ្លួន លោក អ៊ុំ សំអាន ថាជាការប្រព្រឹត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញដែលធានានូវអភ័យឯកសិទ្ធិ អ្នកតំណាងរាស្ត្រ និងជាសញ្ញាបង្ហាញពីលំហលទ្ធិប្រជាធិបតេយ្យរួមតូច និងការមិនទទួលយកនូវនយោបាយបែបពហុបក្សនៅកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ចេញផ្សាយនៅថ្ងៃទី១២ មេសា ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ យល់ឃើញថា ការចាប់ខ្លួន លោក អ៊ុំ សំអាន គឺជាការបង្ក្រាបជាប្រព័ន្ធទៅលើគណបក្សប្រឆាំង ហើយការធ្វើទុក្ខបុកម្នេញដោយគ្មានការអត់ឱនទៅលើគណបក្សប្រឆាំងបែប នេះ គឺជាសញ្ញាគួរឲ្យព្រួយបារម្ភសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតសកលនៅឆ្នាំ២០១៨ ខាងមុខ។
ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែង លោក អ៊ុំ សំអាន ជាបន្ទាន់ ហើយត្រូវទម្លាក់ចោលរាល់បទចោទទាំងឡាយប្រឆាំងរូបលោក។
ជុំវិញរឿងនេះ នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារយោធិនពិការនៅខេត្តសៀមរាប ព្រឹកថ្ងៃទី១២ មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកត្រូវតែចាប់ខ្លួន លោក អ៊ុំ សំអាន ព្រោះតំណាងរាស្ត្ររូបនេះ ប្រព្រឹត្តបទល្មើសជាក់ស្តែង។ លើសពីនេះ លោក ហ៊ុន សែន បានព្រមានជាថ្មីម្តងទៀតថា លោកនឹងចាប់ខ្លួនអ្នកណាក៏ដោយដែលនៅនិយាយថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ទោះបីជាបុគ្គលនោះមានតួនាទីជាអ្វីក៏ដោយ៖ «ខ្ញុំ បានផ្តល់ឱកាសឲ្យពួកគេគ្រប់គ្រាន់ណាស់ទៅហើយ ប៉ុន្តែនិយាយពីផ្លូវច្បាប់ គ្មានការចាំបាច់ដើម្បីមកផ្ទៀងផ្ទាត់បែបនេះទេ ប៉ុន្តែខ្ញុំចង់ឲ្យពលរដ្ឋកម្ពុជា យល់អំពីទឹកដីកម្ពុជា នៅសល់ប៉ុនណា។ ចូលទៅដល់រដ្ឋសភា អត់មាននិយាយរឿងដក ឬមិនដកអភ័យឯកសិទ្ធិនោះទេ ព្រោះចាប់ក្នុងបទល្មើសជាក់ស្តែង គឺមានតែទៅសួរសភាថាដំណើរការក្តីនេះទៅមុខទៀត ឬអត់?»
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីម៉ោងជាង ១២ យប់ថ្ងៃអាទិត្យ ទី១០ ឈានចូលថ្ងៃទី១១ ខែមេសា គឺតែប៉ុន្មានម៉ោងក្រោយពេលលោកវិលត្រឡប់ពីសហរដ្ឋអាមេរិក វិញ។ លោក អ៊ុំ សំអាន ជាតំណាងរាស្ត្រមួយរូបដែលនិយាយមិនសំចៃមាត់អំពីរឿងព្រំដែន និងផែនទីរវាងកម្ពុជា ជាមួយប្រទេសជិតខាង ពិសេសបញ្ហាព្រំដែន និងផែនទីរវាងកម្ពុជា និងវៀតណាម៕

No comments:
Post a Comment