Paris Peace Accords 23 Oct. 1991

Thursday, April 14, 2016

មន្ត្រី​ រដ្ឋាភិបាល​ កម្ពុជា​ ចាត់​ទុក​ ការ​ប្ដឹង ​លោក ហ៊ុន ម៉ាណែត ថា​, ធ្វើ​ឡើង ​ដោយ​ស្រមើស្រមៃ | Cambodian govt official says lawsuit against Hun Manet done in a dreamy state

មន្ត្រី​ រដ្ឋាភិបាល​ កម្ពុជា​ ចាត់​ទុក​ ការ​ប្ដឹង ​លោក ហ៊ុន ម៉ាណែត ថា​, ធ្វើ​ឡើង ​ដោយ​ស្រមើស្រមៃ

RFA / វិទ្យុ អាស៊ី សេរី | ១‌‌៣ មេសា ២០១៦

 

ហ៊ុន ម៉ាណែត ៨៥៥ ២០១៦
លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។  RFA/Chuop Sereyroth

មន្ត្រី​ រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ ទៅ​នឹង​មេធាវី​ អាមេរិក ដែល​កំពុង​ ដាក់​ពាក្យ​ប្ដឹង លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​ រង​ កងទ័ព ​ជើង​គោក និង​ជា​នាយ​រង ​សេនាធិការ​ ចម្រុះ ​នៃ​កង​យោធពល​ ខេមរភូមិន្ទ និង​រដ្ឋាភិបាល ជុំវិញ​ ការ​កាត់​ទោស និង​ឃុំ​ខ្លួន ​មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា។  មន្ត្រី​ រដ្ឋាភិបាល ហៅ​ការ​ប្ដឹង​នេះ​ ថា ជា​ការ​មិន​យល់ ​ពី​នីតិវិធី​ តុលាការ​ កម្ពុជា និង​ធ្វើ​ឡើង ​ដោយ​ស្រមើស្រមៃ។

អ្នក​នាំ​ពាក្យ​ អង្គភាព​ ព័ត៌មាន និង​ប្រតិកម្ម​ រហ័ស​ នៃ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក ទិត សុធា ចាត់​ទុក​ ការ​ប្ដឹង លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ កម្ពុជា ដោយ​មេធាវី​ សហរដ្ឋ​ អាមេរិក ថា​ ជា​ការ​អនុវត្ត​ ខុស​នីតិវិធី។

លោក ទិត សុធា ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៣ មេសា ថា ការ​ប្ដឹង លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា របស់​មេធាវី​បរទេស គឺ​មាន​បំណង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ លោក​បន្ត​អះអាង​ថា មេធាវី​ទាំង​នោះ​គួរ​តែ​សិក្សា​ឲ្យ​បាន​ច្បាស់​ពី​ភស្តុតាង និង​ទិដ្ឋភាព​ច្បាប់​ដែល​មាន​នៅ​កម្ពុជា មុន​ពេល​ដំណើរ​ការ​នីតិវិធី​ជា​លក្ខណៈ​អន្តរជាតិ៖ «ការ ​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា គឺ​ជា​អំណាច​ឆន្ទានុសិទ្ធិ​របស់​តុលាការ។ អ៊ីចឹង​សូម​ឲ្យ​មេធាវី​នៅ​បរទេស គួរ​តែ​សិក្សា​ពី​ទិដ្ឋភាព​ច្បាប់​ឲ្យ​ច្បាស់លាស់ ពីព្រោះ​រឿង​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ជា​នីតិវិធី​របស់​តុលាការ មិន​មែន​សម្ដេច​តេជោ ឬ​ឯកឧត្តម ហ៊ុន ម៉ាណែត ជា​អ្នក​ចេញ​សាល​ដីកា ឬ​មួយ​ក៏​សេចក្តី​សម្រេច​ណា​មួយ​របស់​តុលាការ​ឯណា។ អ៊ីចឹង​ខ្ញុំ​គិត​ថា នេះ​ជា​ការ​ធ្វើ​ការ​ខុស​បែបបទ​ហើយ ហើយ​ជា​ការ​វង្វេង​ចំពោះ​នីតិវិធី​នៃ​អំណាច​រដ្ឋ​ឯករាជ្យ​មួយ​នៅ​ក្នុង​ ប្រទេស​កម្ពុជា ហើយ។»

ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មេសា បាន​ដកស្រង់​សម្ដី​របស់​មេធាវី​សហរដ្ឋ​អាមេរិក លោក ម័រតុន ក្លារ (Morton Sklar) ដែល ​ថា លោក​កំពុង​ដាក់​ពាក្យ​ប្ដឹង លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ចំពោះ “ការ​ធ្វើ​ទារុណកម្ម​តាម​តែ​អំពើ​ចិត្ត និង​ការ​ឃុំ​ខ្លួន​ហួស​ពី​ផ្លូវ​ច្បាប់ និង​រយៈពេល​យូរ” ទៅ​លើ លោក មាជ សុវណ្ណារ៉ា។ លើស​ពី​នេះ លោក ម័រតុន ក្លារ ក៏​បាន​អះអាង​ទៀត ​ថា, «លោក​កំពុង​ដំណើរ​ការ​កោះ​ហៅ​រដ្ឋាភិបាល​ឲ្យ​ចូល​បំភ្លឺ តាម​រយៈ​ក្រសួង​ការ​បរទេស​អាមេរិក។»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​មេធាវី​អាមេរិក លោក ម័រតុន ក្លារ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៣ មេសា ដើម្បី​សាកសួរ​ពី​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នៃ​បណ្ដឹង​របស់​លោក ប្រឆាំង​នឹង លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា។ វិទ្យុ​អាស៊ីសេរី ក៏​មិន​ទាន់​អាច​ទាក់ទង លោក ហ៊ុន ម៉ាណែត បាន​ដូច​គ្នា។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ គឺ​ជា​សិទ្ធិ​របស់​មេធាវី ប៉ុន្តែ​មិន​ប្រាកដ​ទេ​ថា វា​នឹង​មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ​សំណុំ​រឿង​នៅ​កម្ពុជា។ លោក សុខ ឥសាន ថ្លែង​បន្ត​ថា តុលាការ​អាមេរិក គឺ​សម្រាប់​កាត់​ទោស​ជនជាតិ​អាមេរិក ដែល​មិន​អាច​អញ្ជើញ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទៅ​ឆ្លើយ​បំភ្លឺ​បាន​នោះ​ទេ៖ «ភារកិច្ច ​វា​ផ្សេង មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ឃុំ​ខ្លួន។ នោះ​ជា​រឿង​តុលាការ ឲ្យ​មេធាវី​អាមេរិក ប្ដឹង​តុលាការ​កម្ពុជា ទើប​វា​ត្រឹមត្រូវ ហើយ​ត្រង់​គេ​ឆ្លើយ ឬ​មិន​ទៅ​ឆ្លើយ នោះ​ជា​រឿង​មួយ​ផ្សេង​ទៀត។ ដូច​ខ្ញុំ​ថា​អ៊ីចឹង អធិបតេយ្យ​កម្ពុជា និង​អធិបតេយ្យ​អាមេរិក នោះ វា​យ៉ាង​ម៉េច? ក្រែង​គាត់​យល់​តែ​បុគ្គល​គាត់ លោក​មេធាវី​ហ្នឹង។ ឲ្យ​ជួយ​លុយ​ឲ្យ​ច្រើន​តិច​ទៅ ឲ្យ​មេធាវី​មាន​លុយ​ច្រើន​ធ្វើ​ការ។»

លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ដឹក​នាំ​កុបកម្ម​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ។ លោក​មេធាវី ជូង ជូងី ដែល​ការពារ​ក្ដី​ឲ្យ លោក មាជ សុវណ្ណារ៉ា បាន​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​១១ មេសា ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ព្យាបាល​ជំងឺ៕

No comments:

Post a Comment