Paris Peace Accords 23 Oct. 1991

Tuesday, April 19, 2016

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ ឲ្យ​រក ភស្តុតាង​ និង​សាក្សី​ រឿងចោទប្រកាន់ រូបលោក​ | Hun Manet requests for evidence and witnesses in criticisms of him

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ ឲ្យ​រក ភស្តុតាង​ និង​សាក្សី​ រឿងចោទប្រកាន់ រូបលោក​

 | ១៩ មេសា ២០១៦
ប្រជាពលរដ្ឋ ខ្មែរ​-អាមេរិកកាំង តវ៉ា​ ប្រឆាំង​ នឹង​លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ (រូបថត ពីហ្វេសប៊ុក​)

នាយរងសេនាធិការ ចម្រុះ នៃកងយោធពល ខេមរភូមិន្ទ និងជាកូនច្បង របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត បានអំពាវនាវ ឲ្យបង្ហាញ ភស្តុតាង និងសាក្សី ដោយលោក សំដៅ ទៅរក ពលរដ្ឋ ខ្មែរ-អាមេរិកកាំង មួយចំនួន ដែលលោក ថា, ចោទរូបលោក ថា ជាជនផ្តាច់ការ រំលោភដីធ្លី និងសម្លាប់ មនុស្ស។

ការលើកឡើង របស់លោក ហ៊ុន ម៉ាណែត ស្របពេល ដែលពលរដ្ឋ ខ្មែរ-អាមេរិកកាំង មួយចំនួនបានចេញមុខ តវ៉ា ប្រឆាំង រូបលោក ជាបន្តបន្ទាប់ នៅពេល លោក ទៅបំពេញ ទស្សនកិច្ច នៅរដ្ឋ មួយចំនួន នៅសហរដ្ឋ អាមេរិក នាពេល ថ្មីៗនេះ។

ក្នុងបទសម្ភាសន៍ ជាមួយ VOA កាលពីពេល ថ្មីៗនេះ, លោក ហ៊ុន ម៉ាណែត បានលើក ជាសំណួរ ថា, ហេតុអ្វី បានជាភ្ជាប់ រូបលោក ទៅនឹងឪពុក របស់លោក?  លោក បន្តថា, គុណសម្បត្តិ និងគុណវិបត្តិ មានដូចគ្នា ចំពោះ ការដឹកនាំ របស់ រដ្ឋាភិបាល កម្ពុជា,   តែ លោក ថា, រដ្ឋាភិបាល មានស្នាដៃ ធំៗ ជាច្រើន។  លោក មានប្រសាសន៍ ថា៖ «ប្រឆាំង ជាមួយខ្ញុំ ដោយសារ ខ្ញុំ ជាកូន របស់ ឪពុក របស់ខ្ញុំ។  ខ្ញុំ គ្រាន់តែ ចោទសួរ ទៅវិញ។  ខ្ញុំ អត់បកស្រាយ ពីរឿង នយោបាយ អីទេ។  ក្នុងនាម ជាគុណធម៌ នយោបាយ, បើ យើង ធ្វើជាមួយ នឹងអ្នកណាម្នាក់, តើ យើង ចាំបាច់ ទៅរាលដាល ដល់កូនចៅគេ ធ្វើអី?  អានេះ ដែលខ្ញុំ ចង់ឆ្ងល់, ហើយ ខ្ញុំឆ្ងល់»

លោក អំពាវនាវ ឲ្យបង្ហាញ ភស្តុតាង ដែលមាន ការចោទ រូបលោក លើបញ្ហា មួយចំនួន។  លោក មានប្រសាសន៍ ថា៖ «ខ្ញុំ អត់ខ្លាច ឲ្យបងប្អូនយកមក បងប្អូនមានសិទ្ធិថាចោទខ្ញុំ ថាឥឡូវហ៊ុន ម៉ាណែត រំលោភដីធ្លីរបស់គេ។ ហ៊ុន ម៉ាណែត ជាជនកុម្មុយនីស្ត ខ្ញុំសូមឲ្យបងប្អូនមានលើកចុះ ប៉ុន្តែសុំរកភស្តុតាងហើយរកសាក្សីទៅ ថាតើនៅកម្ពុជាហ៊ុន ម៉ាណែត បានទៅរំលោភដីប៉ុន្មាន តើហ៊ុន ម៉ាណែតហ្នឹង ទៅសម្លាប់មនុស្សណាខ្លះ ដូចដែលគេចោទ?»


លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាលោកបានចេញមុខដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនិងបំពេញការងារមនុស្សធម៌ផងដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។


កន្លងទៅ មេដឹកនាំគណបក្សប្រឆាំងបានហៅការដឹកនាំរបស់លោក ហ៊ុន សែន បែបកុម្មុយនីស្តនិងរិះគន់ថាមិនមានការគោរពសិទ្ធិមនុស្សនិងដើរតាមលទ្ធិប្រជាធិបតេយ្យ។ បញ្ហារំលោភសិទ្ធិមនុស្ស ការបណ្តេញចេញ បញ្ហាដីធ្លី ឃាតកម្មលើសកម្មជន ការបំបិទសិទ្ធិសេរីភាពអ្នកនយោបាយ សកម្មជនបក្សប្រឆាំង និងអំពើពុករលួយ ត្រូវបានចុះផ្សាយជាបន្តបន្ទាប់នៅលើទំព័រកាសែតទាំងក្នុងស្រុកនិងអន្តរជាតិមួយចំនួន៕


No comments:

Post a Comment