Paris Peace Accords 23 Oct. 1991

Thursday, April 14, 2016

ក្រសួង​ មហាផ្ទៃ​ អំពាវនាវ​ ឲ្យ​ពលរដ្ឋ​ ប្រុង​ប្រយ័ត្ន​ ចំពោះ​ ផលិតផល​ ក្លែងក្លាយ​ និង​ខូច​គុណភាព | Interior Ministry warns population to be cautious of fake and spoiled products

ក្រសួង​ មហាផ្ទៃ​ អំពាវនាវ​ ឲ្យ​ពលរដ្ឋ​ ប្រុង​ប្រយ័ត្ន​ ចំពោះ​ ផលិតផល​ ក្លែងក្លាយ​ និង​ខូច​គុណភាព

RFA / វិទ្យុ អាស៊ី សេរី | ១‌‌៣ មេសា ២០១៦

 

ពិនិត្យ​នំ​ចំណី ព្រះសីហនុ ៦២០
មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ ពិនិត្យ​គុណភាព​ទំនិញ ឬ​នំ​ចំណី នា​បរិវេណ​សាលា​បឋម​សិក្សា ជា ស៊ីម ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥។  RFA/Den Ayuthyea

គណៈកម្មាធិការ ​ប្រយុទ្ធ​ប្រឆាំង ​ផលិតផល​ ក្លែងក្លាយ នៃ​ក្រសួង​ មហាផ្ទៃ លើក​ឡើង ​ថា, ផលិតផល​ ក្លែងក្លាយ ឬ​ទំនិញ​ ពី​ក្រៅ​ប្រទេស​ មួយ​ចំនួន កំពុង ​ប្រឈម និង​បង្ក​ ផល​ប៉ះពាល់​ ដល់​សុខភាព និង​សុវត្ថិភាព​ សង្គម ដែល​ទាមទារ ​ត្រូវ​ ចូលរួម​ ដោះស្រាយ​ ទាំងអស់​គ្នា។

ទន្ទឹម​គ្នា​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផលិតផល​ខូច​គុណភាព ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ជាយថាហេតុ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ។

ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួង​មហាផ្ទៃ លោក មៀច សុផាន់ណា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ថា កន្លង​ទៅ សមត្ថកិច្ច​បាន​រក​ឃើញ​នៅ​លើ​ទីផ្សារ​មាន​ផលិតផល​ខូច​គុណភាព ផលិតផល​បន្លំ​គុណភាព ផលិតផល​វេច​ខ្ចប់ ឬ​ស្តុក​ទុក​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ផលិតផល​ហួស​សុពលភាព​នៃ​ការ​ប្រើប្រាស់ ផលិតផល​ក្នុង​ស្រុក និង​នាំ​ចូល​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច កំពុង​ត្រូវ​បាន​គេ​ដាក់​បន្លំ​លក់​ជាមួយ​ផលិតផល​ពិត​មាន​ច្បាប់​អនុញ្ញាត​ ត្រឹមត្រូវ​នៅ​លើ​ទីផ្សារ។

ជាង​នេះ​ទៀត លោក​ថា ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ គឺ​ជា​ពេលវេលា​ដែល​គ្រួសារ​ខ្មែរ​ជួប​ជុំ​គ្នា និង​អាច​បរិភោគ​នំ​ចំណី ព្រម​ទាំង​ប្រើប្រាស់​ផលិតផល​ដែល​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ជាច្រើន។ លោក​បញ្ជាក់​ថា ផលិតផល​ទាំង​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម និង​ជា​គ្រោះថ្នាក់​សម្រាប់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។ ហេតុ​នេះ លោក​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ផលិតផល​ដែល​ខូច​គុណភាព​ទាំង​នេះ៖ «សូម ​ប្រជាពលរដ្ឋ​យើង​មុន​នឹង​ទិញ ត្រូវ​ពិនិត្យ​មើល​គុណភាព ពិនិត្យ​មើល​កាលបរិច្ផេទ​របស់​នាំ​ចូល ថា​របស់​នោះ​ពិត ឬ​ក្លែងក្លាយ ពិនិត្យ​មើល​ផ្លាក​សញ្ញា ការ​វេច​ខ្ចប់​វា​ខុស​ទ្រង់ទ្រាយ​យ៉ាង​ម៉េច រសជាតិ​ក្លិន ពណ៌ វា​ខុស​ប្លែក​យ៉ាង​ម៉េច​ខ្លះ។ ហេតុ​នេះ សូម​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់​មុន​សម្រេច​ចិត្ត​ទិញ។»

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួង​មហាផ្ទៃ ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ សហការ​ផ្ដល់​ព័ត៌មាន​ពី​ទីតាំង ឬ​ជន​ដែល​ផលិត ឬ​ជន​ដែល​ចែក​ចាយ​ផលិតផល​ទាំង​នេះ​ដល់​សមត្ថកិច្ច ដើម្បី​ចុះ​ពិនិត្យ​តាម​ដាន ស៊ើប​អង្កេត និង​ឈាន​ដល់​ការ​បង្ក្រាប​ទៅ​តាម​នីតិវិធី​ផង​ដែរ៕


No comments:

Post a Comment