លោក ហ៊ុន សែន ហៅលោក សម រង្ស៊ី ថា «អាឆ្កួត» រឿង Likes តាមហ្វេសប៊ុក
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានហៅ អ្នកនយោបាយ ម្នាក់ ថា ”អាឆ្កួត” ដែលលោក សំដៅទៅរក លោក សម រង្ស៊ី ប្រធាន គណបក្ស សង្រ្គោះជាតិ រឿងនិយាយ ពីការចុច ចូលចិត្ត ("Likes") លើហ្វេសប៊ុក។
ក្នុងពិធី សម្ពោធ ដាក់ឲ្យ ប្រើប្រាស់ រោងចក្រ ស្ករស នៅខេត្ត ព្រះវិហារ, លោក ហ៊ុន សែន បានថ្លែង សំដៅ ទៅលោក សម រង្ស៊ី ថា បានបន្ត និយាយ ពីការចុច Likes ក្លែងក្លាយ និងបន្លំ លើហ្វេសប៊ុក របស់លោក ដែលមាន អ្នកចុច Likes ទៅដល់ជាង ៣លាន ៨សែន នាក់។ លោក ហ៊ុន សែន បានចំអក ឲ្យលោក សម រង្ស៊ី ថា លេងហ្វេសប៊ុក ចាញ់រូបលោក និងថា លោក សម រង្ស៊ី បានចោទប្រកាន់ រូបលោក ថាលួច Likes ពីហ្វេសប៊ុក របស់ខ្លួន។
លោក មានប្រសាសន៍ ថា៖ «អានេះ គឺ ជាការបង្កហេតុ តែ ប៉ុណ្ណឹង។ គេ បង្កហេតុឥតឈប់ គេបង្ខំឲ្យខ្ញុំឆ្លើយ តែខ្ញុំគិតថាមិនគួរឆ្លើយជាមួយនឹងអាឆ្កួតហ្នឹងទេ ហ្សែនវារបៀបម៉េចគឺវាអញ្ចឹង។ ពូជស្វាយ វាស្វាយ ពូជក្រូច វាក្រូច។»
កាលពីថ្ងៃ ទី១៧ ខែមេសា អ្នក លេងហ្វេសប៊ុក ម្នាក់ បានសរសេរសារ នៅលើ ហ្វេសប៊ុក លោក សម រង្ស៊ី ថា, រូបគេ បានចុច Like ទំព័រ ហ្វេសប៊ុក របស់លោក សម រង្ស៊ី, តែ បែរ លោតទៅទំព័រ ហ្វេសប៊ុក របស់លោក ហ៊ុន សែន វិញ។
លោក សម រង្ស៊ី បានឆ្លើយតបវិញ ថា៖ «គេ បានជួល អ្នកបច្ចេកទេស, ហើយ បានប្រើ មនុស្ស ឲ្យបង្កើត likes ក្លែងក្លាយ លើទំព័រ Facebook របស់គេ។ លើសពីនេះ ទៅទៀត, គេ បានលួច likes ពីទំព័រ Facebook របស់ខ្ញុំ តាមជំនាញចោរ ដូចក្មួយឯង បានឃើញ ផ្ទាល់ភ្នែក។ រឿង likes ក្លែងក្លាយ និងlikes លួចបន្លំ លើទំព័រ Facebook នេះ, វា ដូចតែ រឿងសន្លឹកឆ្នោត ក្លែងក្លាយ និងសន្លឹកឆ្នោត លួចបន្លំ អញ្ចឹងដែរ, ពេលបោះឆ្នោត ម្តងៗ នៅស្រុកយើង។»
លោក សម រង្ស៊ី បានបញ្ជាក់ ថា៖ «មនុស្ស ទុច្ចរិត វា នៅតែ ទុច្ចរិត ដដែល, ហើយ វា នឹងបង្ហាញ ចរិក ទុច្ចរិត ជានិច្ច។ តែ ម្តងនេះ ខ្ញុំ ចាប់ចោរ ឲ្យទាល់ តែបាន ពីព្រោះ ក្នុងការ ប្រើប្រាស់ ប្រព័ន្ធ Facebook នេះ មានអ្នក ជំនាញ អន្តរជាតិ ពូកែៗ ច្រើនណាស់ ទាំងមនុស្ស ល្អ ទាំងមនុស្ស អាក្រក់។»
វីអូឌី មិនទាន់ អាចសុំ ការឆ្លើយតប ភ្លាមៗ ពីលោក សម រង្ស៊ី ដែលកំពុង និរទេសខ្លួន នៅក្រៅប្រទេស គេច ពីការចាប់ខ្លួន បាននៅឡើយទេ។
កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបដិសេធថាលោកមិនបានទិញ Likes នៅលើ ហ្វេសប៊ុក នោះទេ។ ការលើកឡើងនេះ ក្រោយពេលលោកសម រង្ស៊ី បានអះអាងថាLikesលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ៨០ភាគរយគឺទិញពីបរទេស៕
| ១៩ មេសា ២០១៦
No comments:
Post a Comment