Paris Peace Accords 23 Oct. 1991

Thursday, April 28, 2016

តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង ​ដែល​រង​ការ​ វាយ​ដំ​ ស្នើ​ឲ្យ​ សមត្ថកិច្ច​ ស្វែងរក​ ជន​ល្មើស​ បន្ថែម​ទៀត | Opposition MPs brutally beaten request search for more perpetrators

តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង ​ដែល​រង​ការ​ វាយ​ដំ​ ស្នើ​ឲ្យ​ សមត្ថកិច្ច​ ស្វែងរក​ ជន​ល្មើស​ បន្ថែម​ទៀត

RFA / វិទ្យុ អាស៊ី សេរី |  មេសា ២០១៦

 

បាតុករ​ធាក់​តំណាង​រាស្ត្រ ២០១៥ ៨៥៥
ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។  Photo: RFA  

តំណាង​រាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ ទាំង​ពីរ​រូប​ ដែល​រង​ការ​ វាយ​ប្រហារ​ ពី​ក្រុម​បាតុករ​ កាល​ពី​ចុង​ ខែ​តុលា ឆ្នាំ​២០១៥ ស្នើ​ទៅ​សមត្ថកិច្ច​ ឲ្យ​ស្វែងរក​ ជន​ដៃ​ដល់​ បន្ថែម ខណៈ ​សំណុំ​រឿង​ ពួក​គេ ​កំពុង ​ស្ថិត​ក្នុង​ដៃ​ តុលាការ ​ក្រុង​ភ្នំពេញ។  អ្នក​នាំ​ពាក្យ​ ក្រសួង​ មហាផ្ទៃ ថា​, ប្រសិន​បើ ​តុលាការ​ រក​ឃើញ ​អ្នក​ជាប់​ពាក់ព័ន្ធ​ មាន​ច្រើន​ ជាង​នេះ​ទៀត, សមត្ថកិច្ច​ នឹង​ស្វែងរក​ ជន​ប្រព្រឹត្តិ​ បន្ថែម​ទៀត​ តាម​សំណើ ​របស់​ តុលាការ។

តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ក្រុម​បាតុករ​វាយ​ឲ្យ​រង​របួស សម្រេច​មិន​ចូល​បំភ្លឺ​នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ខាង​មុខ​នេះ​ទេ។ ការ​សម្រេច​បែប​នេះ ព្រោះ​ពួក​គេ​មិន​ជឿជាក់​ថា តុលាការ​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្លួន​បាន។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ថា លោក​មិន​ទុក​ចិត្ត​ថា តុលាការ​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​លោក​បាន​នោះ​ទេ។ លោក​យល់​ថា ដំណើរ​ការ​ក្តី​នេះ តុលាការ​គ្រាន់​តែ​ធ្វើ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។

ញ៉យ ចំរើន គង់ សភា ៦២០
តំណាងរាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា (កណ្ដាល) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។ RFA/Brach Chev

តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាតុករ​វាយ​ឲ្យ​រង​របួស​នៅ​មុខ​រដ្ឋសភា ចូលរួម​បំភ្លឺ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា។
មេធាវី​ការពារ​ក្តី​ឲ្យ​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប គឺ​លោក ជូង ជូងី និយាយ​ថា កូន​ក្តី​របស់​លោក​ក្រៅ​ពី​ប្ដឹង​ជន​សង្ស័យ​ទាំង​បី​រូប​ដែល​បាន​សារភាព ក៏​មាន​ប្ដឹង​ជន​ដទៃ​ទៀត​ដែរ ប៉ុន្តែ​មិន​ទាន់​ឃើញ​តុលាការ​មាន​ចំណាត់​ការ​នៅ​ឡើយ​ទេ។ លោក​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ដំណាក់​កាល​ក្នុង​សវនាការ​ជំនុំ​ជម្រះ គឺ​ជា​ការ​ដេញដោល​រក​កំហុស​តាម​ការ​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា ទៅ​លើ​ជន​ត្រូវ​ចោទ។

ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា បាតុករ​បាន​វាយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ឲ្យ​រង​របួស​ខ្លាំង គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា។ អ្នក​ទាំង​ពីរ ត្រូវ​បាតុករ​ព្រួត​គ្នា​វ៉ៃ​ដោយ​ទាញ​ចេញ​ពី​ក្នុង​រថយន្ត រួច​ហើយ​ទាត់​ធាក់​តាម​ចិត្ត​ចង់ គ្មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​សន្តិសុខ​របស់​រដ្ឋសភា​អន្តរាគមន៍​ឡើយ។

ទាក់ទង​ការ​ធ្វើ​បាតុកម្ម​នេះ​ដែរ ប្រភព​រួម​មាន ម្ចាស់​ឡាន​ឈ្នួល​ដឹក​បាតុករ និង​ប្រពន្ធ​របស់​ម្ចាស់​ឡាន​ឈ្នួល ឲ្យ​ដឹង​ថា មាន​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ជិត ២០០​នាក់ ចេញ​ពី​បន្ទាយ​នៅ​ក្រុង​តាខ្មៅ ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។
ម្ចាស់​ឡាន​ឈ្នួល​ទាំង​នោះ​លើក​ឡើង​ថា កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ទាំង​នោះ ស្លៀកពាក់​ស៊ីវិល​បន្លំ​ខ្លួន​ជា​ប្រជាពលរដ្ឋ​ធម្មតា ដែល​ពួក​គាត់​ដឹក​ចេញ​ពី​បន្ទាយ​ឈ្មោះ​ថា «បញ្ជាការដ្ឋាន​កង​អង្គរក្ស​សម្ដេច ហ៊ុន សែន» ឬ​ហៅ​ថា «បន្ទាយ​ពោង​លឿង» ស្ថិត ​ក្នុង​ភូមិ​ព្រែកសំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មក​ធ្វើ​បាតុកម្ម​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រាប់​ពាន់​នាក់​ទៀត​នៅ​មុខ​រដ្ឋសភា។

ចំណែក​បាតុករ​ម្នាក់​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ថា លោក និង​បាតុករ​ផ្សេង​ទៀត ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​មក​ប្រជុំ​នៅ​បន្ទាយ​ទួល​ក្រសាំង មុន​នឹង​ទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការ​វាយ​ដំ រហូត ​មក​ទល់​ពេល​នេះ​មិន​ទាន់​ជាសះស្បើយ​នៅ​ឡើយ។ អ្នក​ទាំង​ពីរ សម្រេច​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ ជា​ជាង​យក​ពេល​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ ប៉ុន្តែ​ពួក​គេ​ផ្តល់​សិទ្ធិ​ឲ្យ​មេធាវី​របស់​ខ្លួន​ចូល​ឆ្លើយ​បំភ្លឺ​ ជំនួស។

មាន​មាឌ​តូច​ល្អិត សក់​ត្រង់ យុវជន​មាន​អាយុ​ជាង ២០​ឆ្នាំ​ដែល​អះអាង​ថា ជា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ក្រោយ​ចូលរួម​ធ្វើ​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ចេញ​ពី​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​កាល​ពី​ចុង​ឆ្នាំ​២០១៥ ថា ក្នុង​អំឡុង​ធ្វើ​បាតុកម្ម អ្នក​រៀបចំ ឲ្យ​លោក​គ្រាន់​តែ​ឈរ​កាន់​បដា និង​ស្រែក​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង។ ប៉ុន្តែ​លោក​ថា ដំណាល​គ្នា​នោះ​ក៏​មាន​បាតុករ​ផ្សេង​ទៀត​មាន​ពាក់​មួក​សុវត្ថិភាព និង​ក្រុម​អ្នក​ចង​ក្រមា​ដើរ​ចុះ​ដើរ​ឡើង។

យុវជន​ដដែល​បន្ត​ថា នៅ​ក្រោយ​ហេតុការណ៍​វាយ​តំណាង​រាស្ត្រ ក្រុម​បាតុករ​ទាំងអស់​នាំ​គ្នា​រត់​ឡើង​ឡាន ហើយ​ពេល​នោះ​មាន​អ្នក​ខ្លះ​ប្ដូរ​អាវ​របស់​ខ្លួន​ចេញ មុន​នឹង​ឡើង​ឡាន​ចេញ​ពី​មុខ​រដ្ឋសភា។

ចំណែក​ស្ត្រី​ម្ចាស់​ឡាន​ឈ្នួល​ម្នាក់​រស់នៅ​ខេត្ត​កណ្ដាល ឲ្យ​ដឹង​ថា មុន​ការ​ធ្វើ​បាតុកម្ម​មួយ​ថ្ងៃ មាន​បុរស​ម្នាក់​ទូរស័ព្ទ​ទៅ​លោកស្រី ឲ្យ​ដឹក​មនុស្ស​ទៅ​ប្រជុំ​នៅ​ភ្នំពេញ ប៉ុន្តែ​ជាក់ស្តែង​មិន​ដូច្នោះ​ទេ គឺ​ត្រូវ​ដឹក​បាតុករ​ទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា។ លោកស្រី​បញ្ជាក់​ថា បាតុករ​ជិះ​ឡាន​មាន​មនុស្ស​ចំនួន ១៨​នាក់ ដែល​ភាគច្រើន​មាន​ក្រមា​ម្នាក់​មួយ។

អ្នក​រត់​ឡាន​ឈ្នួល​ម្នាក់​ទៀត​ប្រាប់​ថា គេ​ជួល​ឡាន​លោក​ក្នុង​តម្លៃ ៤០​ដុល្លារ ដើម្បី​ដឹក​បាតុករ​ទៅ​ធ្វើ​បាតុកម្ម ប៉ុន្តែ​អ្នក​ទូរស័ព្ទ​មក​នោះ មុន​ដំបូង​ប្រាប់​ថា​ជួល​ដឹក​មនុស្ស​ទៅ​ប្រជុំ​ទេ។ លោក​បន្ត​ថា ពេល​ឡាន​ទៅ​ដល់​មុខ​រដ្ឋសភា គេ​ប្រាប់​ឲ្យ​យក​ឡាន​ចេញ​ពី​មុខ​រដ្ឋសភា ដោយ​រង់ចាំ​គេ​ហៅ​ទូរស័ព្ទ​មក​ដឹក​ត្រឡប់​ទៅ​វិញ។

អ្នក​ដឹង​ហេតុការណ៍​មួយ​រូប​ទៀត​ជា​អ្នក​បើក​ឡាន​ឈ្នួល​ដែរ​នោះ​ ប្រាប់​ថា លោក​ត្រូវ​ទៅ​ដឹក​មនុស្ស​នៅ​បន្ទាយ​ពោង​លឿង ហើយ​ក្រៅ​ពី​ឡាន​របស់​លោក ក៏​មាន​ឡាន​ចំនួន ១០​គ្រឿង​ផ្សេង​ទៀត​ដែល​ឡាន​មួយ​គ្រឿង​ដឹក​មនុស្ស​ចំនួន ១៨​នាក់។ លោក​បន្ត​ថា អ្នក​ទាំង​នោះ​ជា​ក្រុម​អង្គរក្ស ហើយ​អ្នក​ខ្លះ​មាន​ដំបង អ្នក​ខ្លះ​មាន​ដុំ​ថ្ម និង​អ្នក​ខ្លះ​ទៀត​មាន​បដា។

សព្វថ្ងៃ​មាន​ជន​ប្រព្រឹត្តិ ៣​រូប បាន​ស្ម័គ្រ​ចិត្ត​ចេញ​មក​សារភាព ថា​ពួក​គេ​ជា​អ្នក​វាយ​តំណាង​រាស្ត្រ។ ក្រុម​ទាំង​នោះ​រួម​មាន លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ប៉ុន្តែ​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​ដែល​រង​របួស ថា​ជន​ប្រព្រឹត្តិ​មាន​ច្រើន​ជាង​នេះ។

ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ៦២០
ជន​ជាប់​ចោទ​​​ វាយតំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​ចេញ​​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ (ពី​ឆ្វេង៖ ម៉ៅ ហឿន សុត វណ្ណនី និង ចាយ សារិទ្ធ)។ RFA/Brach Chev

ថ្លែង​បន្ទាប់​ពី​ទទួល​ដំណើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បដិសេធ​ថា កងទ័ព​គ្មាន​សិទ្ធិ​ចូលរួម​ធ្វើ​បាតុកម្ម​ទេ។ លោក​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​ស្រមើស្រមៃ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប​ទៀត​ដែល​រង​ការ​វាយ​ធ្វើ​បាប​ពី​ក្រុម​បាតុករ គឺ​លោក ញ៉យ ចំរើន និយាយ​ថា អ្នក​វាយ​លោក​មិន​មែន​ត្រឹម​តែ​បុរស​បី​នាក់​ចេញ​មុខ​សារភាព​នោះ​ទេ គឺ​ច្រើន​ជាង​នេះ។ លោក​ថា ប្រសិន​បើ​សមត្ថកិច្ច​ចង់​ស៊ើប​អង្កេត​រក​ការ​ពិត​លើ​រឿង​នេះ អាច​ពិនិត្យ​មើល​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​របស់​ស្ថានទូត​ប្រទេស​អូស្ត្រាលី។

ឆ្លើយ​តប​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​រង់ចាំ​សំណើ​របស់​តុលាការ ថា​ចង់​បាន​អ្វី​បន្ថែម​ទៀត ទើប​សមត្ថកិច្ច​ធ្វើ​ការ​បន្ថែម​ទៀត។

តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​សមត្ថកិច្ច និង​តុលាការ ថា​អនុវត្ត​ការងារ​មាន​ស្តង់ដារ​ពីរ ដោយ​ពួក​គេ​លើក​ឡើង​ថា ប្រសិន​បើ​ជន​រងគ្រោះ​ជា​មន្ត្រី​រដ្ឋាភិបាល ឬ​មន្ត្រី​បក្ស​កាន់​អំណាច សមត្ថកិច្ច ឬ​តុលាការ​នឹង​អន្តរាគមន៍​បាន​លឿន ប៉ុន្តែ​បើ​ជន​រងគ្រោះ​ជា​មន្ត្រី​គណបក្ស​ប្រឆាំង ឬ​សង្គម​ស៊ីវិល​ដែល​រិះគន់​រដ្ឋាភិបាល មិន​ងាយ​ទទួល​បាន​យុត្តិធម៌​ទេ៕


1 comment:

  1. Anonymous12:46 AM

    Now that'S what THEY call "QUELL WITH THE HEEL" [on the victim's chest] or «ញី កែងជើង» like Hun sen alluded to in the song and not "swivel the ankle" as K.D of T2P had called it. We now know what Hun Sen meant by «ញី កែងជើង» on his victim!!!

    ReplyDelete