Paris Peace Accords 23 Oct. 1991

Tuesday, April 12, 2016

តំណាងរាស្រ្ត​ បក្ស​ប្រឆាំង​ ថា​, រដ្ឋសភា​ ធ្វើការងារ មិនច្បាស់លាស់​ ករណី​ អភ័យឯកសិទ្ធិ​ តំណាងរាស្រ្ត​ | Opposition party says NatAss muddled re parliamentary immunity

តំណាងរាស្រ្ត​ បក្ស​ប្រឆាំង​ ថា​, រដ្ឋសភា​ ធ្វើការងារ មិនច្បាស់លាស់​ ករណី​ អភ័យឯកសិទ្ធិ​ តំណាងរាស្រ្ត​

VOD / វីអូឌី |១២ មេសា ២០១៦​ 

  តំណាងរាស្រ្ត គណបក្ស​ សង្រ្គោះជាតិ លោក សុន ឆ័យ (កណ្តាល) ថ្លែង​ក្នុងសន្និសីទ សារព័ត៌មាន​ នៅព្រឹក ថ្ងៃ​អង្គារនេះ នៅ​ទីស្នាក់ការ គណបក្ស ​(រូបថត ដោយកាន់ វិច្ឆិកា)


តំណាងរាស្រ្ត គណបក្ស​ សង្រ្គោះជាតិ​ បាន​ថ្លែង​ ថា, ​រដ្ឋសភា​ ធ្វើការងារ ”មិន ច្បាស់លាស់”​ ករណី​ អភ័យឯកសិទ្ធិ​​​ តំណាងរាស្រ្ត ដោយ​ចាត់ទុក​ ថា, រដ្ឋសភា ​នឹង​ខូចឈ្មោះ ប្រសិន​បើ​ ចាត់ទុក​ករណី ចាប់ខ្លួន ​លោក អ៊ុំ សំអាន ស្រប​ទៅតាមច្បាប់​ រដ្ឋធម្មនុញ្ញ។​


ក្នុងសន្និសីទ សារព័ត៌មាន ​នៅព្រឹកថ្ងៃ​ អង្គារនេះ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ លោក សុន ឆ័យ មាន​ប្រសា​សន៍ថា​គណបក្សនឹង​មិន​ចូល​រួមកិច្ចប្រជុំគណៈ​កម្មាធិការ​ អចិន្រ្តៃយ៍​និង​កិច្ចប្រជុំ​សភាពេញអង្គ​ពិភាក្សា​​លើ​បញ្ហា​លោក អ៊ុំ សំអាន ដែល​គ្រោង​ធ្វើ​នៅថ្ងៃ​នេះ​នោះទេ​ ដោយ​លោកថា​ប្រសិន​បើ​ចូល​រួម​ប្រជុំ គឺ​បង្ហាញ​ថា​គណបក្ស​ចូលរួម​ធ្វើ​សកម្មភាព​មិនស្រប​ច្បាប់។​​​

លោក សុន ឆ័យ បន្តថា, ​គណបក្ស សង្រ្គោះជាតិ​​ មិន​បណ្តែតបណ្តោយ​ ឲ្យ​ស្ថាប័ន ជាតិ​ រដ្ឋសភា​ ធ្វើ ”ការងារ មួយ មិនច្បាស់លាស់” ដោយ​លោក ​បញ្ជាក់ថា៖ ដូច្នេះ​ យើងអត់ទៅចូលរួមធ្វើខុសទេ។  លោក​មានប្រសាសន៍ថា​ប្រសិន​បើ​រដ្ឋសភា​សម្រេច​ថា​ការចាប់ខ្លួនតំណាងរាស្រ្ត​ ស្រប​ច្បាប់​ វា​​នឹង​ធ្វើ​ឲ្យ​ខូចមុខមាត់របស់​​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​ស្ថាប័ន​​រដ្ឋសភា។

លោក សុន ឆ័យ ក៏​បាន​លើកឡើង​ពីការបកស្រាយ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញពី​ បទល្មើសជាក់ស្តែងនិងការដក​អភ័យ​ឯកសិទ្ធិ។ លោក​ចាត់ទុក​ថា​ការ​សម្តែង​មតិ​របស់​លោក អ៊ុំ សំអាន ជា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​និងជា​ការ​បញ្ចេញ​សកម្មភាព ទៅ​លើ​​បញ្ហាធំៗ​របស់ជាតិ រួមមាន​អំពើពុករលួយ បញ្ហា​រំលោភដីធ្លី​និង​បញ្ហា​បូរណភាពទឹកដីជាដើម។​ លោក​បន្ត​ថា​កម្ពុជា​មិន​ទាន់​មានស្ថាប័ន​ជាតិ​ណាមួយ​ដែល​អាច​បក​ស្រាយ​ពី​ ពាក្យ​នៃ​បទល្មើសជាក់ស្តែង​ដែលមានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះទេ។​

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី​កាលពីថ្ងៃ​ចន្ទ​ថា​ការចាប់ខ្លួន​តំណាងរាស្រ្តបានលុះត្រាតែមាន​ បទល្មើសជាក់ស្តែង។ លោក​បាន​ប្រៀបធៀបករណី​លោក អ៊ុំ សំអាន ទៅនឹង​ករណី​លោក ហុង សុខហួរ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​រឿង​ប្រើប្រាស់ឯក​សារ​ក្លែងក្លាយ ទាក់​ទង​នឹង​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម។​ លោក​បញ្ជាក់​ថា៖ អាហ្នឹង​វាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង។  លោក​បន្ថែម​ថា​អ្វីៗអាស្រ័យ​លើ​តុលាការ​។​

ប្រធានស្តី​ទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃ​អង្គារ​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​”បញ្ឈប់​ហែក​ហួរគ្នា” ស្រប​ពេល​​រដ្ឋាភិបាល​បាន​ចាប់ខ្លួន​តំណាងរាស្រ្ត​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន។​ លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅព្រឹក​ថ្ងៃ​អង្គារនេះ​ថា៖ ឆ្នាំថ្មី ខ្ញុំសូមអំពាវនាវដល់ខ្មែរគ្រប់និន្នាការ បញ្ឈប់ការហែកហួរគ្នា បែកបាក់គ្នាពីពេលនេះតទៅ ដោយចាប់យកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិខ្មែរពិតប្រាកដវិញ។

គួរបញ្ជាក់​ថា​លោក អ៊ុំ សំអាន ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់រំលងអធ្រាត្រថ្ងៃអាទិត្យ​ ក្នុងខេត្តសៀមរាប ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់រឿង​ប្រើប្រាស់ផែនទីក្លែងក្លាយ​។ លោកបាន​​​ចាកចេញពីប្រទេស​អស់រយៈ​​ពេល​ជាង​៧ខែ ហើយ​បានវិលត្រឡប់មកប្រទេសកម្ពុជា​​វិញកាលពីព្រឹក​ថ្ងៃ​អាទិត្យ​។

ស្ថានភាព​នយោបាយ​ចាប់ផ្តើមឡើង​ កម្តៅឡើងវិញមួយរយៈ​ពេល​ចុងក្រោយនេះ ស្រប​ពេល​មាន​ការ​ចាប់ខ្លួន​តំណាងរាស្រ្ត និង​លោក កឹម សុខា កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​រឿង​អាស្រូវស្នេហា​ហើយ​អង្គភាព​ប្រ​ ឆាំងអំពើពុករលួយ​កំពុង​ស៊ើប​អង្កេតករណីនេះ៕



No comments:

Post a Comment