អ្នកវិភាគ ថា, អ្នកនយោបាយ ខ្មែរ គួរ រួបរួម ដើម្បី ប្រយោជន៍ ជាតិ ដូចអ្នកនយោបាយ ភូមា
RFA / វិទ្យុ អាស៊ី សេរី | ៥ មេសា ២០១៦
តើ កម្ពុជា អាចរៀនសូត្រ អ្វីខ្លះ ពីការផ្ទេរ អំណាច ដោយសន្តិវិធី នៅប្រទេស មីយ៉ាន់ម៉ា?
បណ្ដាញសារព័ត៌មានធំៗនៅលើពិភពលោកកាលពីពេលថ្មីៗនេះ បានផ្សព្វផ្សាយព្រោងព្រាតពីការផ្ទេរអំណាចនៅប្រទេសមីយ៉ាន់ម៉ា។ រហូតមកទល់ពេលនេះ ក៏នៅតែមានសារព័ត៌មានផ្សព្វផ្សាយជាហូរហែពីការវិវឌ្ឍន៍ស្ថានការណ៍ នយោបាយនៅក្នុងប្រទេសមួយនេះដដែល។
មេដឹកនាំប្រទេសមហាអំណាចភាគច្រើន សុទ្ធតែបានចូលរួមសម្ដែងការសាទរចំពោះការផ្ទេរអំណាចនៅប្រទេសភូមា ព្រមទាំងបង្ហាញការប្ដេជ្ញាថានឹងរឹតចំណងមិត្តភាពឲ្យកាន់តែ ខ្លាំងថែមទៀតជាមួយមីយ៉ាន់ម៉ា។
ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើទោះបីជារូបលោកផ្ទាល់បានកាន់អំណាចនៅកម្ពុជា ជាង ៣០ឆ្នាំមកហើយក្តី លោកបានផ្ញើលិខិតទៅកាន់ប្រធានាធិបតីថ្មីនៃប្រទេសមីយ៉ាន់ម៉ា គឺលោក ធិន ច (Htin Kyaw) ដើម្បីអបអរសាទរចំពោះប្រធានាធិបតីមក ពីបក្សប្រឆាំងរូបនេះ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ក៏បានផ្ញើលិខិតសាទរចំពោះមេបក្សប្រឆាំងនៃប្រទេសមីយ៉ាន់ម៉ា អ្នកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានរដ្ឋាភិបាលថ្មីតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស។
លោក សុខ ឥសាន៖ «ឆ្នាំ ២០១៣ គាត់ឡើងដល់កំពូលភ្នំហើយ ដូច្នេះគាត់អត់មានអីឡើងទៀតទេ ក្នុងចំណុចកំពូលនេះយើងឃើញហើយ សមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ក៏បោះជូនគាត់ សមាជិកសមាជិកាចលនាអំណាចពលរដ្ឋខ្មែររបស់ សួន សេរីរដ្ឋា ក៏ប្រមូលផ្តុំបោះគាំទ្រគាត់ ហើយជំទាវ ឡាក់ សុភាព ក៏នៅប្រមូលត្រកូលនៅហ្នឹងមិនទាន់បែកបាក់ ហើយគណបក្សផ្សេងៗទៀតដែលក្រៅរដ្ឋាភិបាល ក៏ប្រមូលផ្តុំបោះឆ្នោតឲ្យសង្គ្រោះជាតិ ក៏ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ២០១៣ រួចហើយ វាអត់មានឈ្នះដល់ចំណុចកំពូលអត់មានឈ្នះផង។»រដ្ឋាភិបាលកម្ពុជា សម្ដែងក្តីជឿជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍របស់ប្រជាជន និងប្រជាជាតិរបស់ប្រទេសទាំងពីរ។
សម្រាប់បក្សប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ា ការឈ្នះឆ្នោតនៅពេលនេះមិនមែនជារឿងចម្លែកនោះទេ ព្រោះថា គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយ អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីម្តងរួចហើយក្នុងពេលបោះឆ្នោតកាល ពីឆ្នាំ១៩៩០ ប៉ុន្តែរបបយោធាភូមា មិនព្រមប្រគល់អំណាចឲ្យអ្នកស្រីឡើយ។ ផ្ទុយទៅវិញ អ្នកស្រីត្រូវបានមេដឹកនាំយោធាចាប់ឃុំខ្លួនអស់ជាច្រើនឆ្នាំ។ សម្រាប់ការបោះឆ្នោតនៅពេលនេះវិញ អ្វីដែលមនុស្សទូទៅចាំអ៊ុតមើលនោះ ថាតើមេដឹកនាំយោធានឹងផ្ទេរអំណាចទៅឲ្យបក្ស អ្នកស្រី អ៊ុងសាន ស៊ូជី ដោយសន្តិវិធីដែរឬទេ?
នៅទីបំផុត រដ្ឋាភិបាលដឹកនាំដោយក្រុមយោធា បានធ្វើពិធីផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យបក្សប្រឆាំង ដែលព្រឹត្តិការណ៍នេះមិនត្រឹមតែត្រូវបានអ្នកប្រវត្តិសាស្ត្រភូមា ចារឹកលើក្រាំងប្រវត្តិសាស្ត្ររបស់ប្រទេសគេនោះទេ តែវាក៏ជាព្រឹត្តិការណ៍ដែលធ្វើឲ្យអ្នកនយោបាយខ្មែរ និងអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា មួយចំនួន មើលឃើញថា កម្ពុជា អាចរៀនសូត្រពីការផ្ទេរអំណាចនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា លោកសាទរចំពោះជ័យជម្នះរបស់បក្សប្រឆាំងនៅភូមា ព្រោះលោកថា វាគឺជាឆន្ទៈ និងជាការសម្រេចចិត្តរបស់ប្រជាជនភូមា៖ «ក្នុង នាមជាអ្នកគិតគូរនយោបាយ ប្រទេសណាក៏យើងត្រូវគិតគូរដែរ ហើយជាពិសេសប្រទេសភូមា ដែលងាកមកកាន់លទ្ធិប្រជាធិបតេយ្យ។ នេះជារបត់នយោបាយថ្មីមួយរបស់ប្រទេសភូមា ហើយយើងគួរតែចូលរួមអបអរសាទរ ហើយយើងក៏មានការចាប់អារម្មណ៍ក្នុងការផ្ទេរតំណែងដោយសន្តិវិធី។ យើងអបអរចំពោះប្រជាជនភូមា ដែលទទួលបានមនុញ្ញផលថ្មី គ្រប់គណបក្សនយោបាយត្រូវគោរពឆន្ទៈប្រជាពលរដ្ឋសំឡេងភាគច្រើន ក្នុងការសម្រេចចិត្ត ក្នុងការជ្រើសរើសមេដឹកនាំ។»
តាមពិត ជ័យជម្នះរបស់បក្សប្រឆាំងលើពួកយោធានៅភូមា ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ បានក្លាយជាប្រធានបទដែលថ្នាក់ដឹកនាំបក្សប្រឆាំងនៅកម្ពុជា តែងលើកយកមកធ្វើការប្រៀបធៀប និងថ្លែងឌឺដងទៅកាន់បក្សកាន់អំណាចនៅកម្ពុជា។ បក្សប្រឆាំងតែងលើកឡើងថា ជ័យជម្នះរបស់បក្សប្រឆាំងនៅភូមា ស្ដែងឲ្យឃើញថា របបដឹកនាំផ្ដាច់ការ គឺមិនស្ថិតស្ថេរឡើយ ហើយរបបដឹកនាំបែបផ្ដាច់ការកំពុងតែរលាយម្តងមួយៗ ជំនួសមកវិញដោយរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតរបស់ពលរដ្ឋពិត ប្រាកដ។
នៅពេលសួរថា ប្រសិនបើបក្សប្រឆាំងនៅកម្ពុជា ឈ្នះឆ្នោតក្នុងពេលខាងមុខ តើគណបក្សប្រជាជនកម្ពុជា នឹងធ្វើការផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យបក្សប្រឆាំងដូចនៅភូមា ដែរឬទេ? លោក សុខ ឥសាន ឆ្លើយតបថា គណបក្សប្រជាជនកម្ពុជា មិនបានត្រៀមលក្ខណៈផ្ទេរអំណាចដូចដែលមេបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា តែងប្រកាសឲ្យបក្សកាន់អំណាចត្រៀមខ្លួននោះទេ ព្រោះលោកថា គណបក្សសង្គ្រោះជាតិ គ្មានក្រឡាអ្វីមកយកឈ្នះលើគណបក្សប្រជាជនកម្ពុជា នោះឡើយ៖ «ឆ្នាំ ២០១៣ គាត់ឡើងដល់កំពូលភ្នំហើយ ដូច្នេះគាត់អត់មានអីឡើងទៀតទេ ក្នុងចំណុចកំពូលនេះយើងឃើញហើយ សមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ក៏បោះជូនគាត់ សមាជិកសមាជិកាចលនាអំណាចពលរដ្ឋខ្មែររបស់ សួន សេរីរដ្ឋា ក៏ប្រមូលផ្តុំបោះគាំទ្រគាត់ ហើយជំទាវ ឡាក់ សុភាព ក៏នៅប្រមូលត្រកូលនៅហ្នឹងមិនទាន់បែកបាក់ ហើយគណបក្សផ្សេងៗទៀតដែលក្រៅរដ្ឋាភិបាល ក៏ប្រមូលផ្តុំបោះឆ្នោតឲ្យសង្គ្រោះជាតិ ក៏ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ២០១៣ រួចហើយ វាអត់មានឈ្នះដល់ចំណុចកំពូលអត់មានឈ្នះផង។»
ទោះបីជាយ៉ាងណាក៏ដោយ កន្លងមក គណបក្សប្រឆាំងអះអាងថា ប្រសិនបើការបោះឆ្នោតក្នុងឆ្នាំ២០១៣ ប្រព្រឹត្តដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌មែននោះ បក្សប្រឆាំងប្រាកដជាទទួលបានជ័យជម្នះមិនខានឡើយ។ បក្សប្រឆាំងអះអាងថា ក្នុងពេលនោះ បក្សកាន់អំណាចមានសំឡេងលើសគណបក្សសង្គ្រោះជាតិ តែជាង ៣០ម៉ឺនសំឡេងប៉ុណ្ណោះ ខណៈដែលពលរដ្ឋដែលបាត់ឈ្មោះពីបញ្ជីឈ្មោះអ្នកបោះឆ្នោតមានរហូតដល់ ១លាននាក់។
សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះទៀត វាអាចពិបាកធ្វើឲ្យគេសង្ឃឹមថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ និងយុត្តិធម៌ណាស់ ខណៈដែលបក្សកាន់អំណាចហាក់កំពុងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យបក្សប្រឆាំងចុះទន់ខ្សោយ ដូចជាការប្រើប្រាស់ប្រព័ន្ធតុលាការចាប់ខ្លួន លោក សម រង្ស៊ី ការចាប់ខ្លួនមន្ត្រី និងសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារ និងលទ្ធភាពនៃការប្រើប្រាស់តុលាការ ចាត់ការ លោក កឹម សុខា ដោយសារតែរឿងអាស្រូវស្នេហា។ នេះមិនទាន់រាប់បញ្ចូលបញ្ហាមួយចំនួនដែលពលរដ្ឋខ្មែរធ្លាប់ជួប ប្រទះកន្លងមកនៅពេលបោះឆ្នោតម្តងៗ ដូចជាការមិនអាចចុះឈ្មោះបោះឆ្នោត ការបាត់ឈ្មោះបោះឆ្នោត ករណីគេបោះឆ្នោតជំនួស ឬការគំរាមកំហែងផ្នែកនយោបាយ ជាដើម។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ឃើញថា បើគណបក្សប្រជាជនកម្ពុជា គិតថាបក្សប្រឆាំងគ្មានក្រឡាយកឈ្នះលើបក្សកាន់អំណាចមែននោះ ម្ល៉េះលោកថា បក្សកាន់អំណាចមិនរៀបចំយុទ្ធសាស្ត្រដូចពេលបច្ចុប្បន្ន ដើម្បីគាបសង្កត់គណបក្សប្រឆាំងនោះឡើយ៖ «នេះស ឲ្យឃើញថាគាត់មិនមានមធ្យោបាយអ្វីដែលយកឈ្នះលើបក្សប្រឆាំង ដោយទាញការគាំទ្រពីប្រជាពលរដ្ឋទេ ពីព្រោះបើយើងគិតទៅដល់ការកែទម្រង់ គឺគាត់ទៅយឺតបំផុត ហើយប្រជាពលរដ្ឋក៏ទទួលបានព័ត៌មានតាមបណ្ដាញសង្គម គាត់ចាប់ផ្ដើមត្រិះរិះពិចារណា គាត់យល់ពីតួនាទីភារកិច្ចក្នុងការការពារប្រទេសជាតិ កសាងសង្គម យុត្តិធម៌ ចូលរួមចំណែកក្នុងដំណើរការនយោបាយ។ អ៊ីចឹងរឿងទាំងអស់នេះឯងដែលបក្សកាន់អំណាចមើលឃើញថា មិនអាចយកឈ្នះបក្សប្រឆាំងតាមគោលនយោបាយ។»
ទាក់ទងនឹងការផ្ទេរអំណាចនៅប្រទេសភូមា វិញ លោក យឹម សុវណ្ណ យល់ថា វាជាគំរូល្អ ពិសេសនៅពេលដែលអ្នកនយោបាយមកអង្គុយជជែកគ្នាដោយស្មោះត្រង់ ដើម្បីដោះស្រាយបញ្ហារបស់ប្រទេសជាតិ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ យល់ឃើញថា វាគួរដល់ពេលដែលអ្នកនយោបាយខ្មែរមកពីគ្រប់គណបក្ស ឈប់ប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារ គាបសង្កត់គ្នា និងត្រូវហ៊ានបំភ្លេចអតីតកាលដូចអ្នកនយោបាយភូមា រួចងាកមកប្រកួតប្រជែងគ្នាដោយស្មើភាព ហើយរួមគ្នាធ្វើការដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ជាជាងបម្រើប្រយោជន៍បក្ស និងបុគ្គល៖ «កម្ពុជា យើង ទាំងគណបក្សប្រឆាំង ទាំងគណបក្សកាន់អំណាច គួរសិក្សាមើលគំរូរបៀបចរចារបស់គេ មើលពីរបៀបដឹកនាំរបស់គេ មើលពីភាពអត់ធ្មត់នៃអ្នកនយោបាយរបស់គេ មកសិក្សាគំរូគេ មកអនុវត្តចំពោះកម្ពុជា ដើម្បីបានសេចក្តីសុខចំពោះប្រជាពលរដ្ឋ ដើម្បីធ្វើការឲ្យមានការរីកចម្រើនសម្រាប់ប្រទេសជាតិ។»
ប្រទេសភូមា ដែលកន្លងមកពុំសូវមានសហគមន៍អន្តរជាតិយកចិត្តទុកដាក់ ដោយសារតែមេដឹកនាំគ្រប់គ្រងបែបផ្ដាច់ការ បានប្រែមុខមាត់បន្តិចម្តងៗក្រោយពីរដ្ឋាភិបាលដឹកនាំដោយ លោក ថេន សេន (Thein Sein) ដែលគ្រប់គ្រងប្រទេសចាប់ពីឆ្នាំ២០១១ បង្ហាញឆន្ទៈក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងប្រទេស និងកាត់បន្ថយការគាបសង្កត់លើបក្សប្រឆាំង។
ពេលនេះ ភូមា កំពុងបោះជំហានឆ្ពោះទៅកាន់ផ្លូវលទ្ធិប្រជាធិបតេយ្យមួយកម្រិតធំថែម ទៀត ក្រោយពីរបបយោធាភូមា បានផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យបក្សប្រឆាំងដឹកនាំប្រទេសបន្តពី ខ្លួន។ គន្លងទៅកាន់ប្រជាធិបតេយ្យរបស់ភូមា កំពុងធ្វើឲ្យប្រទេសមហាអំណាចដែលលើកកម្ពស់ការគោរព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សសាទរ ហើយទណ្ឌកម្មដែលគេធ្លាប់ដាក់លើប្រទេសនេះ ក៏ត្រូវបានលើកចេញជាបន្តបន្ទាប់ ខណៈដែលអ្នកវិនិយោគក៏កំពុងនាំគ្នាសម្រុកបោះទុនវិនិយោគនៅក្នុង ប្រទេសនេះ។
របាយការណ៍របស់ក្រុមប្រឹក្សាទំនាក់ទំនងការបរទេស (Council of Foreign Relations) ដែល មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឲ្យដឹងថា តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ សេដ្ឋកិច្ចរបស់ភូមា ត្រូវគេរំពឹងថា នឹងកើនពី ៤៥ពាន់លានដុល្លារក្នុងឆ្នាំ២០១០ រហូតដល់ ២០០ពាន់លានដុល្លារនៅឆ្នាំ២០៣០៕
No comments:
Post a Comment