Paris Peace Accords 23 Oct. 1991

Saturday, April 9, 2016

«ព្រៃឡង់​ នៅ​តែ ​រង​ការ​ កាប់​បំផ្លាញ ​ក្រោយ​ ពី​ប្រកាស​ ដាក់​ជា​ព្រៃ​ អភិរក្ស» | "Prey Lang continues to be destroyed after it was declared a protected area"

«ព្រៃឡង់​ នៅ​តែ ​រង​ការ​ កាប់​បំផ្លាញ ​ក្រោយ​ ពី​ប្រកាស​ ដាក់​ជា​ព្រៃ​ អភិរក្ស»

RFA / វិទ្យុ អាស៊ី សេរី | មេសា ២០១៦

 

សន្និសីទ ព្រៃឡង់ ៨៥៥ ២០១៦
សន្និសីទ​កាសែត​របស់​តំណាង​សហគមន៍​ព្រៃឡង់ ស្ដី​អំពី “ការ​វាយ​ប្រហារ​មក​លើ​កញ្ញា ផន សុភ័ក្រ និង​ការ​ដាក់​ព្រៃឡង់​ជា​ព្រៃ​អភិរក្ស” នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦។  RFA/Sorn Chanratha

តំណាង​ សហគមន៍​ ព្រៃឡង់ នៅ​ព្រឹក​ ថ្ងៃ​ទី​៨ ខែ​មេសា នេះ អះអាង​ ថា, ព្រៃឡង់ ​នៅ​តែ ​រង​ការ​ កាប់​បំផ្លាញ បើ ​ទោះបី​ ជា​លោក​ នាយករដ្ឋមន្ត្រី​ បាន​ប្រកាស ថា ដាក់​ព្រៃឡង់ ជា​ព្រៃ​ អភិរក្ស​ ក៏ដោយ។ [Going NATO again! No Action, Talk Only!]

​មន្ត្រី​ សង្គម​ស៊ីវិល​ ថា, ការ​ប្រកាស​នេះ ​នឹង​មិន​មាន ​ប្រសិទ្ធភាព​ទេ ប្រសិនបើ​ មាន​តែ​ ច្បាប់, ហើយ ​មិន​មាន​ ការ​រឹត​បន្តឹង​ លើ​ការ​អនុវត្ត។


​តំណាង​សហគមន៍​ព្រៃឡង់ លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​រៀបចំ​ឡើង​ក្រោម​ ប្រធានបទ “ការ​វាយ​ប្រហារ​មក​លើ​កញ្ញា ផន សុភ័ក្រ និង​ការ​ដាក់​ព្រៃឡង់​ជា​ព្រៃ​អភិរក្ស” សន្និសីទ​នេះ រៀបចំ​ឡើង​នៅ​ក្នុង​ផ្ទះ​មេត្តា (Metta House) ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​បណ្ដាញ​សហគមន៍​ព្រៃឡង់​ម្នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​កាប់​អំឡុង​ពេល​ល្បាត​ព្រៃឡង់ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

តំណាង​សហគមន៍​ព្រៃឡង់ លោក ហឿន សុភាព អះអាង​ថា លោក​បាន​ប្រទះ​ឃើញ​ភស្តុតាង​មួយ​ចំនួន​ដែល​បញ្ជាក់​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឡង់ នៅ​តែ​បន្ត​កើត​មាន​អំឡុង​ពេល​ក្រុម​របស់​លោក​ដើរ​ល្បាត​នៅ​ក្នុង​ព្រៃឡង់ នៅ​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​មីនា។

លោក ហឿន សុភាព៖ «យើង​បាន​ឃើញ​សកម្មភាព​នេះ​កើន​ឡើង​ខ្លាំង​មែនទែន ដោយសារ​ទី​មួយ យើង​ឃើញ​មាន​ឧបករណ៍​ដឹក​ឈើ ឧបករណ៍​ដឹក​ឈើ​ខុស​ច្បាប់ គឺ​គោយន្ត។ គោយន្ត​រាប់​រយ​គ្រឿង​តែម្ដង នៅ​ពេល​ដែល​យើង​ដេក​ជិត​ផ្លូវ​នោះ គឺ​មាន​គោយន្ត​ជាច្រើន​អត់​ដឹក​ឈើ​ទេ ដោយសារ​បែកការ​ជាមួយ​ក្រុម​ពួក​ខ្ញុំ ហើយ​ចូល​ទៅ​ក្នុង​ព្រៃ​ដែល​មាន​គ្នា​ជិត ២០​នាក់​ជាង អ៊ីចឹង​គោយន្ត​រាប់​រយ​គ្រឿង​បរ​ស្ទើរ​តែ​មួយ​យប់​ទល់​ភ្លឺ ហើយ​អ្នក​អារ​ឈើ​ឌុប​រណា​យន្ត​ចេញ​ក្រៅ ឬ​អ្នក​ខ្លះ​លាក់​ទុក​ក្នុង​ព្រៃ ដោយ​មាន​ឯកសណ្ឋាន ប្រភេទ​អ្នក​អារ​ឈើ គឺ​យើង​ស្គាល់​ច្បាស់​ណាស់ មាន​រូបរាង​ខុស​ពី​អ្នក​ការពារ​ឈើ។»

​លោក​ថា ភស្តុតាង​ទាំង​នេះ ស្ដែង​អោយ​ឃើញ​ពី​កំណើន​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឡង់ ក្រោយ​ពេល​មាន​ការ​ប្រកាស​ដាក់​ព្រៃឡង់ ជា​ព្រៃ​អភិរក្ស។ លោក​នាយករដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា បាន​ប្រកាស​ដាក់​ព្រៃឡង់ ជា​ព្រៃ​អភិរក្ស នៅ​ក្នុង​ពិធី​បិទ​សន្និបាត​អប់រំ​យុវជន និង​កីឡា ឆ្នាំ​២០១៦៖ «យើង​ដាក់​ព្រៃ​មួយចំនួន​ជា​ព្រៃ​អភិរក្ស​តែម្ដង ដូច​ព្រៃឡង់​ហ្នឹង​ឯង! ទុក​វា​ធ្វើ​អី​ទៀត ត្រូវ​ដាក់​វា​ជា​ព្រៃ​ការពារ អ្នក​ណា​ដែល​ទៅ​បំបួស​អី ទាំង​សង្គម​ស៊ីវិល ទាំង​អ្នក​ណា​ដែល​ទៅ​រុំ​ឈើ​ហ្នឹង ឱ្យ​ចូល​រួម​ក្នុង​ចលនា​ការពារ​ព្រៃឈើ​តែម្ដង។»

តំណាង​សហគមន៍​ព្រៃឡង់ លោក ហឿន សុភាព រិះគន់​រដ្ឋបាល​ព្រៃឈើ​ដែល​មិន​បង្ក្រាប និង​ហាក់​មិន​អើពើ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ លោក​ថា ទីតាំង​កាប់​បំផ្លាញ​ព្រៃឈើ​ខ្លះ ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីស្នាក់ការ​របស់​រដ្ឋបាល​ព្រៃឈើ​ឡើយ។

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ប្រាប់​វិទ្យុ​អាស៊ីសេរី ថា បច្ចុប្បន្ន ក្រសួង​បរិស្ថាន គ្រោង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​សហគមន៍ ដើម្បី​ជជែក​ពី​ការ​ដាក់​ព្រៃ​ផ្ដល់​ផល​ទៅ​ជា​ព្រៃ​អភិរក្ស។

​លោក​បន្ថែម​ថា ខាង​ក្រសួងបរិស្ថាន ក៏​កំពុង​សរសេរ​គម្រោង​ស្នើ​ថវិកា​ទៅ​រដ្ឋាភិបាល ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ពី​ទំហំ​ទឹកប្រាក់​ពិតប្រាកដ​នោះ​ទេ។ លោក​ក៏​ស្នើ​ឲ្យ​ដៃគូ​ពាក់ព័ន្ធ​ទាំង​អស់​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន ដើម្បី​អនុវត្ត​ផែនការ​នេះ៖ «រហូត​មក​ទល់​ពេល​នេះ គឺ​យើង​កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ទាំង​អស់ ហើយ​នៅ​ក្នុង​ហ្នឹង​យើង​ក៏​មាន​រៀបចំ​ឱ្យ​មាន​ជា​លក្ខណៈ​កិច្ចប្រជុំ ឬ​ក៏​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ។»

ទោះ​ជា​យ៉ាង​ណា តំណាង​បណ្ដាញ​សហគមន៍​ព្រៃឡង់ ថ្លែង​សាទរ​ចំពោះ​ការ​សម្រេច​ដាក់បញ្ចូល​ព្រៃឡង់ ជា​ព្រៃ​អភិរក្ស។ លោក ហឿន សុភាព អំពាវនាវ​សុំ​ឱ្យ​រដ្ឋាភិបាល​សូម​ដាក់​បញ្ចូល​សមាសភាព​ក្រុម​បណ្ដាញ​សហគមន៍​ ព្រៃឡង់ ជាមួយ​ក្រុម​អភិរក្ស​របស់​រាជរដ្ឋាភិបាល​ដើម្បី​រួមគ្នា​ការពារ​ព្រៃ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់៖ «តំបន់​ការពារ​មួយ មាន​ការ​គ្រប់គ្រង​ពី​ស្ថាប័ន​មួយ គឺ​វា​មិន​ស្រួល​ប៉ុន្មាន​ទេ វា​មាន​ចំណុច​សំខាន់ៗ​ដែល​គេ​ត្រូវ​ហាម មិន​ឱ្យ​ប្រជាជន​ចូល​ទៅ​ក្នុង​តំបន់​ស្នូល ឬ​ក៏​អ្វី​ដែល​យើង​អត់​ដឹង​ផ្សេង​ទៀត នេះ​គឺ​ជា​ការ​យល់​ឃើញ​របស់​ក្រុម​យើង ដែល​យើង​គិត​ឃើញ​ថា នៅ​ពេល​ដែល​រាជរដ្ឋាភិបាល ដាក់​តំបន់​ព្រៃ​ការពារ វា​នឹង​មាន​បញ្ហា​ជា​ច្រើន​ជះឥទ្ធិពល​ដល់​ក្រុម​បណ្ដាញ​ព្រៃឡង់។»

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា ការ​សម្រេច​ដាក់​ព្រៃឡង់ ជា​ព្រៃ​អភិរក្ស​នេះ  នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​គ្មាន​ការ​ចាត់​វិធានការ​តឹងរ៉ឹង។

​ លោក​ថា ដើម្បី​រក្សា​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​បាន​គង់វង្ស រាជរដ្ឋាភិបាល​ត្រូវ​បញ្ឈប់​រាល់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រក​ស៊ី​ឈើ​ទាំង​ អស់  បិទ​រោង​សិប្បកម្ម​កែច្នៃ​ឈើ និង​សុំ​បញ្ឈប់​ការ​នាំ​ចេញ​ឈើ​ទៅ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម៕​



No comments:

Post a Comment