Paris Peace Accords 23 Oct. 1991

Wednesday, April 27, 2016

«លោក អ៊ុំ សំអាន ត្រូវ​ សមត្ថកិច្ច ​រឹត​បន្តឹង​ សិទ្ធិ​សេរីភាព​ នៅ​ក្នុង​ ពន្ធនាគារ ​ព្រៃ ស» | "Um Sam An restricted in freedom, rights by security in Prey Sar Prison

«លោក អ៊ុំ សំអាន ត្រូវ​ សមត្ថកិច្ច ​រឹត​បន្តឹង​ សិទ្ធិ​សេរីភាព​ នៅ​ក្នុង​ ពន្ធនាគារ ​ព្រៃ ស»

RFA / វិទ្យុ អាស៊ី សេរី |  មេសា ២០១៦


សុន ឆ័យ ៨៥៥ ២០១៦
តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​នៅ​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦ ខណៈ​លោក​ទៅ​សួរ​សុខទុក្ខ​តំណាងរាស្ត្រ អ៊ុំ សំអាន។  RFA/Cheu Sideth


ប្រធាន​ អភិបាល​ នៃ​គណៈ​អភិបាល ​ដែល​គ្រប់គ្រង​ សមាជិក​ សភា ​នៃ​គណបក្ស​ សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​ ថា, សិទ្ធិ​សេរីភាព ​របស់​លោក អ៊ុំ សំអាន ដែល​ជា​សមាជិក ​សភា​ តំណាងរាស្ត្រ​ បក្ស​ប្រឆាំង ត្រូវ​ បាន​គេ ​រឹត​ត្បិត​ យ៉ាង​ធ្ងន់ធ្ងរ​ នៅ​ក្នុង ​ពន្ធនាគារ ​ព្រៃ ស។  លោក សុន ឆ័យ ចាត់​ទុក​ សកម្មភាព​ បែប​នេះ​ ថា, ជា​ការ​រំលោភ អំណាច​ ទាំង​បំពាន​ ដែល​ពុំ​ ធ្លាប់​មាន ​នៅ​ក្នុង​ ប្រវត្តិសាស្ត្រ​ កម្ពុជា។


អង្គការ​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា សំណុំរឿង​លោក អ៊ុំ សំអាន មិន​ដល់​ថ្នាក់​កំហិត​សេរីភាព​ដូច​នេះ​ឡើយ ដោយសារ​ពុំ​ទាន់​មាន​សាលក្រម​ណា​មួយ​ដែល​រក​ឃើញ​ថា សមាជិក​សភា​រូប​នេះ ត្រូវ​មាន​ទោស​នៅ​​ឡើយ។ មន្ត្រី​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ដោយសារ​លោក អ៊ុំ សំអាន ជា​មនុស្ស​ដែល​មាន​មនោគមន៍​វិជ្ជា និង​ជា​ករណី​ពិសេស ហេតុ​នេះ​ត្រូវ​តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​យ៉ាង​ដូច្នេះ។

ការ​ចំណាយ​ពេល​ជួប​លោក អ៊ុំ សំអាន ដែល​ប្រើ​ពេល​មិន​ដល់ ៤០​នាទី​ស្រួល​បួល​ផង លោក សុន ឆ័យ អះអាង​ថា លោក​នឹង​ស្វះស្វែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​ស្នើ​ឲ្យ​តុលាការ និង​ខាង​ពន្ធនាគារ​ដក​បម្រាម​នេះ​ចេញ។

ថ្លែង​ក្រោយ​ចេញ​ពី​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​លោក សុន ឆ័យ ឲ្យ​ដឹង​ថា ករណី​​​លោក អ៊ុំ សំអាន នេះ​វា​បាន​ប្រែក្លាយ​ទៅ​ជា​សំណុំរឿង​ដ៏​ស្មុគស្មាញ​មួយ​ដែល​ពុំ​ធ្លាប់​ មាន។ លោក​បន្ត​ថា ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​​ទាំង​អស់ គឺ​មាន​តែ​លោក អ៊ុំ សំអាន មួយ​គត់​ដែល​ត្រូវ​បាន​គេ​ដាក់​កម្លាំង​ការពារ​នៅ​ក្នុង​ពន្ធនាគារ​គ្រប់​ វិនាទី។បន្ថែម​ពី​លើ​នេះ លោក​អះអាង​ថា ការ​ចាប់​ដាក់​ឃុំ​គឺ​ជា​រនាំង​មួយ​ទៅ​ហើយ ប៉ុន្តែ​របាំង​មួយ​ជាន់​បន្ថែម​ពី​លើ​នេះ​ទៀត​នោះ​គឺ​ការ​ដាក់​​កម្រិត​ សិទ្ធិ​សេរីភាព​ក្នុង​ការ​​ជួបជុំ និង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ពន្ធនាគារ​ជាដើម ដែល​ខុស​ពី​​អ្នក​ទោស​ដទៃ​ទៀត។

លោក​បន្ត​ថា៖ «យើង​ក៏​បាន​ស្ដាប់​ពី​ការ​លំបាក​របស់​គាត់​ពី​មន្ទីរ​ ឃុំឃាំង​ព្រៃស​នេះ យ៉ាង​ច្រើន​ករណី​ដែរ។ យើង​នឹង​ចាត់វិធានការ​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​បាន យ៉ាង​ហោច​ណាស់​ឲ្យ​មាន​លទ្ធភាព​រស់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នេះ។ ធ្ងន់ធ្ងរ​ជាង​អ្នក​ជាប់​ពន្ធនាគារ​ដទៃ​ទៀត។ស្ថានភាព​ដែល​យើង​ដឹង​គឺ​គាត់​ មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ច្រើន»

លោក អ៊ុំ សំអាន ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មេសា នៅ​ខេត្ត​សៀមរាប។ តំណាងរាស្ត្រ​ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ឃុំ​បណ្ដោះអាសន្ន​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​ក្រសួង​មហាផ្ទៃ។ មួយ​ថ្ងៃ​បន្ទាប់​នៃ​​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក តុប ឈុនហេង ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃស​ភ្លាម​ដែរ។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ឲ្យ​ដឹង​ថា ការ​ដាក់​កម្រិត​នេះ វា​គឺ​ជា​គោលការណ៍​ដើម្បី​ចៀសវាង​បញ្ហា​ដែល​អាច​កើត​ឡើង​ជាយថាហេតុ​ណា​មួយ។ ម្យ៉ាង​ទៀត នេះ​ពុំ​មែន​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​​អ្វី​នោះ​ឡើយ ប៉ុន្តែ​ជា​ការ​ការពារ​សុវត្ថិភាព និង​សន្តិសុខ​របស់​លោក អ៊ុំ សំអាន ទៅ​វិញ​ទេ។

បន្ថែម​ពី​លើ សំណុំរឿង​របស់​លោក អ៊ុំ សំអាន នេះ​ទៀត​សោត គឺ​ជា​ករណី​ពិសេស ដែល​ចាំ​បាច់​ត្រូវ​តែ​យាម​ការពារ​ដូច្នេះ៖ «គាត់ ​ជា​តំណាងរាស្ត្រ​ផង ដល់​អ៊ីចឹង​យើង​ការពារ​គាត់​ក្រែង​លោ​មាន​បញ្ហា​ពី​ណា​លួច​មក​ធ្វើ​នេះ​ធ្វើ ​នោះ​ហើយ​ចោទ​ដាក់​រដ្ឋាភិបាល​បង្ក​របួស​ស្នាម និយាយ​ទៅ​ក្នុង​គោលបំណង​ល្អ​ទេ។ ខ្ញុំ​គិត​ទៅ ពីព្រោះ​នៅ​ក្នុង​ហ្នឹង​ជន​ជាប់​ឃុំ​យើង​ដឹង​ស្រាប់​ហើយ​មាន​ជាង ៤​ពាន់​ហើយ»

ផ្ទុយ​ពី​នេះ​វិញ​លោក សុន ឆ័យ ចាត់​ទុក​ថា នេះ​ជា​ការ​រំលោភ​សិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​លោក អ៊ុំ សំអាន ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​នៅ​មាន​អភ័យឯកសិទ្ធិ​សភា​នៅ​ឡើយ។ ក្រៅ​ពី​នេះ​វិញ​ គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការ​ចាប់​ខ្លួន​ផ្ទួនៗ មក​លើ​បក្ស​ប្រឆាំង និង​គំរាម​អ្នក​វិភាគ ព្រម​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ខ្លះ​ផង​ នៅ​ពេល​នេះ​ថា ជា​ភាព​អាសន្ន​ផ្នែក​នយោបាយ។

យ៉ាង​នេះ​ក្ដី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ថ្លែង​ការពារ​​​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់ ហើយ​ស្ថានភាព​នយោបាយ​ក៏​ពុំ​មាន​ឡើង​កម្ដៅ​អ្វី​នោះ​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ នាយកដ្ឋាន​ពន្ធនាគារ​​នៃ​ក្រសួង​មហាផ្ទៃ បាន​បង្កក​លិខិត​លោក កឹម សុខា ដែល​ស្នើ​សុំ​ជួប​លោក មាជ សុវណ្ណារ៉ា នៅ​​ពេល​រសៀល។ លោក នុត សវនា មន្ត្រី​នាំ​ពាក្យ​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ អះអាង​ថា បម្រាម​នេះ​គឺ​ដើម្បី​រក្សា​កម្ដៅ​នយោបាយ ដែល​កំពុង​តែ​មាន​បញ្ហា​នៅ​ពេល​នេះ ហើយ​ការ​អនុញ្ញាត​ឲ្យ​លោក កឹម សុខា ចូល​ជួប​នៅ​​ពេល​ណា​នោះ គេ​មិន​ទាន់​ពិចារណា​នៅ​ឡើយ​ទេ។

ដោយ​ឡែក​សមាជិក​សភាព​ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន​ជាមួយ​លោក អ៊ុំ សំអាន ដែរ​គឺ​លោក រៀល ខេមរិន្ទ្រ វិញ​បញ្ជាក់​ថា លោក​ពុំ​ខ្លាច​ញញើត​ចំពោះ​ការ​ចាប់​ខ្លួន​ព្រោះ​បញ្ហា​ទឹកដី​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​លោក​ក៏​មិន​រត់​ភៀសខ្លួន ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន។

អង្គការ​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ការ​អនុវត្ត​ចំពោះ​សំណុំរឿង​របស់​លោក អ៊ុំ សំអាន នេះ​គឺ​ជា​ករណី​មួយ​ជំហាន​ទៀត​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ពុំ​បាន​យក​ច្បាប់​ជា​ធំ​ឡើយ។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា វា​ជា​ការ​ដាក់​កម្រិត​ដ៏​តឹង​តែង​ពេក​ណាស់ ប្រឆាំង​លោក អ៊ុំ សំអាន នៅ​ពេល​នេះ។ លោក​យល់​ឃើញ​ថា ជា​ធម្មតា​អ្នក​ដែល​ពុំ​ទាន់​មាន​​ទោស វា​គួរ​ណាស់​ត្រូវ​បាន​ផ្ដល់​សេរីភាព​ពេញ​លេញ​ជាង​អ្នក​ដទៃ។ ម្យ៉ាង​វិញ​ទៀត ចាប់​ខ្លួន​នេះ​ជា​ការ​អនុវត្ត​ទាំង​បំពាន​ថែម​ទៀត​ផង។

លោក អ៊ុំ សំអាន ដែល​ជាប់​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍​នៃ​ក្រុម​ព្រហ្មទណ្ឌ​នោះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ បដិសេធ​ការ​សុំ​នៅ​ក្រៅ​​ឃុំ​ម្ដង​រួច​មក​ហើយ របស់​មេធាវី​ការពារ​ក្ដី​លោក ជូង ជូងី។ ១​ថ្ងៃ​បន្ទាប់​នៃ​ការ​បដិសេធ​សំណើ​សុំ​ឲ្យ​ដោះលែង ដែល​មេធាវី​ដាក់​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា នេះ​ជា​ការ​លូកដៃ​ផ្នែក​នយោបាយ ដូច្នេះ​លុះ​ត្រា​តែ​ត្រូវ​បញ្ចប់​តាម​ផ្លូវ​នយោបាយ​ជា​មុន​សិន ទើប​អាច​មាន​ដំណោះស្រាយ​ក្នុង​សំណុំរឿង​នេះ៕



No comments:

Post a Comment