Paris Peace Accords 23 Oct. 1991

Saturday, April 16, 2016

[Vietnamization] ខ្មែរ​ ក្រោម ​រៀបចំ​ បោះពុម្ព​ ឯកសារ​ ប្រវត្តិសាស្ត្រ​ សម្រាប់​ ចែកចាយ​ ក្នុង​ថ្ងៃ​ខួប​​ បាត់បង់​ទឹកដី | Khmer Kampuchea Krom to publish history document for distribution on Day of Remembrance of teritory lost

ខ្មែរ​ ក្រោម ​រៀបចំ​ បោះពុម្ព​ ឯកសារ​ ប្រវត្តិសាស្ត្រ​ សម្រាប់​ ចែកចាយ​ ក្នុង​ថ្ងៃ​ខួប​​ បាត់បង់​ ទឹកដី

RFA / វិទ្យុ អាស៊ី សេរី | ១៦ មេសា ២០១៦

 

បាតុកម្ម ខ្មែរ​ក្រោម ៦២០
ក្រុម​បាតុករ​នាំ​គ្នា​ដុត​ទង់ជាតិ​វៀតណាម និង​ខ្លះ​យក​ជើង​ជាន់​ពី​លើ ក្នុង​ពេល​តវ៉ា​រឿង​ខ្មែរ​ក្រោម​នៅ​ក្បែរ​ស្ថានទូត​វៀតណាម រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ តុលា ២០១៤។  RFA/Leng Maly

សហគមន៍​ ខ្មែរ ​កម្ពុជា​ ក្រោម កំពុង​ រៀបចំ ​បោះពុម្ព​ ឯកសារ​ ប្រវត្តិសាស្ត្រ​ ដែនដី​ កម្ពុជា​ក្រោម ដើម្បី​ ចែកចាយ​ ទៅ​ឲ្យ​ ពលរដ្ឋ​ ខ្មែរ​ ឲ្យ​ទាន់​ ថ្ងៃ​ខ្មែរ​ក្រោម ​ប្រារព្ធ​ខួប ​បាត់បង់​ ទឹកដី ​កម្ពុជា​ ក្រោម នៅ​ថ្ងៃ​ ទី​៤ ខែ​មិថុនា។  ឯកសារ​ ប្រវត្តិសាស្ត្រ​ ទាំង​នេះ ត្រូវ​ បាន​សហគមន៍​ ខ្មែរ​ កម្ពុជា​ ក្រោម ទៅ​ស្រាវជ្រាវ​ យក​មក​ ពី​ប្រទេស​ បារាំង ទុក​ឲ្យ​កូន​ខ្មែរ​ ជំនាន់​ក្រោយ​ សិក្សា ក្រោយ ពី​វៀតណាម អះអាង​ ថា, ដែនដី ​កម្ពុជា​ ក្រោម គឺ​ ជា​ទឹកដី​ របស់​គេ​ តាំងពី​យូរយារ​ ណាស់​ មក​ហើយ។

ព្រោះតែ​ មិន​ចង់​ ឲ្យ​កូន​ខ្មែរ​ ជំនាន់​ក្រោយ ​វង្វេង​ប្រវត្តិសាស្ត្រ​ ដែនដី​ កម្ពុជា​ក្រោម ដូច​ការ​ថ្លែង​ បំភ្លៃ ​របស់ ​រដ្ឋាភិបាល​ វៀតណាម, សហគមន៍ ​ខ្មែរ​ កម្ពុជា ​ក្រោម និង​សម្ព័ន្ធ​ យុវជន​ ដើម្បី​ លទ្ធិប្រជាធិបតេយ្យ បាន​ខិតខំ​ ទៅ​ស្វែងរក ​ឯកសារ ​នៅ​ប្រទេស​ បារាំង មាន​ចំនួន ​រហូត ដល់​ជិត ៥​ពាន់​ ទំព័រ ដើម្បី​ យក​មក​ បកប្រែ និង​បោះពុម្ព​ ទុកជា​ឯកសារ​ ឲ្យ​កូន​ខ្មែរ​ សិក្សា។

ប្រធាន ​សហគមន៍ ​ខ្មែរ​ កម្ពុជា​ ក្រោម លោក ថាច់ សេដ្ឋា ដែល​បាន​ ធ្វើ​ដំណើរ​ ទៅ​កាន់ ​ប្រទេស​ បារាំង ចំនួន ២​លើក ​រួច​ហើយ​ ដើម្បី​ បំពេញ ​បេសកកម្ម​ ស្វែង​រក​ ឯកសារ​នេះ, លោក​ ឲ្យ​ដឹង ​នៅ​ថ្ងៃ​ ទី​​១៦ មេសា ថា, ក្រុម​ការងារ​លោក​ កំពុង​ត្រៀម​ បោះពុម្ព​ ឯកសារ​ ប្រវត្តិសាស្ត្រ​ កម្ពុជា​ ក្រោមដំណាក់កាល ​ទី​១ ក្នុង​ពេល​ ឆាប់ៗ ដើម្បី​ ធ្វើ​យ៉ាង​ណា ​ឲ្យ​ទាន់​ សម្រាប់​ ចែកចាយ​ ទៅ​ឲ្យ​ ពលរដ្ឋ​ខ្មែរ​ នៅ​ថ្ងៃ​ រម្លឹក​ខួប​ បាត់បង់​ ទឹកដី​ កម្ពុជា​ក្រោម។

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ដោយសារ​ឯកសារ​មាន​ចំនួន​ច្រើន ដូច្នេះ​ក្រុម​ការងារ​លោក​មិន​មាន​លទ្ធភាព​បោះពុម្ព​ម្ដង​ទាំង​អស់​នោះ​ទេ គឺ​ត្រូវ​បោះពុម្ព​ជា​ដំណាក់កាល​ទៅ​តាម​ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន ដែល​លោក​ថា ត្រូវ​ចំណាយ​លើ​ថ្លៃ​សេវា​បកប្រែ​ផង និង​បោះពុម្ព​ផង៖ «ខ្ញុំ ​មើល​ទៅ​ឃើញ​ថា ឯកសារ​ទាំង​អស់​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​សុទ្ធ​តែ​ជា​ឯកសារ​ដែល​យើង​មិន​ដែល​បាន​ឃើញ មាន​និយាយ​ពី​កិច្ច​ព្រមព្រៀង សន្និសីទ​ពី​ការ​កាត់ទឹក ដី​របៀប​ណា ការ​ចរចា​កំណត់ហេតុ​របស់​សភា ការ​តវ៉ា ខ្ញុំ​ថា​ជា​ប្រយោជន៍​មួយ​ដ៏​សំខាន់ សម្រាប់​សាធារណជន និង​សិស្ស-​និស្សិត​ដែល​មាន​បំណង​ចង់​ស្រាវជ្រាវ។»

បើ​ទោះ​ជា​ប្រឈម​នឹង​បញ្ហា​ថវិកា​ក្នុង​ការ​បក​ប្រែ និង​បោះពុម្ព​ក្ដី លោក ថាច់ សេដ្ឋា ថ្លែង​ថា ឯកសារ​ទាំង​អស់​នេះ នឹង​ចែកចាយ​ទៅ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដោយ​មិន​គិត​ថ្លៃ​ឡើយ។ លើស​ពី​នេះ លោក​ថា នឹង​ប្រគល់​ឯកសារ​បោះ​ពុម្ព​រួច​ទៅ​ឲ្យ​ក្រសួង​អប់រំ​ពិចារណា​ដាក់​បញ្ចូល​ ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ និង​ទៅ​ឲ្យ​រាជបណ្ឌិត្យសភា​កម្ពុជា សម្រាប់​ទុក​ធ្វើជា​ឯកសារ​ស្រាវជ្រាវ។

កាលពី​ខែ​មិថុនា ឆ្នាំ​២០១៤ អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​ក្រោម​គឺជា​ទឹកដី​របស់​ប្រទេស​វៀតណាម តាំង​ពី​យូរ​ណាស់​មក​ហើយ។ ខ្មែរ​ក្រោម​ចាត់​ទុក​ការ​ថ្លែង​នេះ​ថា ជា​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​របស់​រដ្ឋាភិបាល​វៀតណាម ហើយ​បាន​ចេញ​មក​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ការ​ពិត​នូវ​ប្រវត្តិសាស្ត្រ និង​សុំទោស​ចំពោះ​ប្រជា​ជាតិខ្មែរ។ ការ​តវ៉ា​ពេល​នោះ បាន​ឈាន​ដល់​ការ​ដុត​កម្ទេច និង​ជាន់​ឈ្លី​ទង់ជាតិ​វៀតណាម ទៀត​ផង។

ចំពោះ​ការ​បោះ​ពុម្ព​ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ដោយ​ក្រុមការងារ​របស់​លោក ថាច់ សេដ្ឋា ពេល​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​ប្រឆាំង​នឹង​ការ​បំភ្លៃ​ ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​របស់​រដ្ឋាភិបាល​វៀតណាម ផង​ដែរ។

អនុប្រធាន​រាជ្យ​បណ្ឌិតសភា្យ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា លោក​បណ្ឌិត សុខ ទូច កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ស្រាវជ្រាវ​រក​ឯកសារ​របស់​ខ្មែរ​ក្រោម។

លោក​ចាត់​ទុក​ថា នេះ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​សិក្សា​ខ្មែរ។ លោក​បណ្ឌិត សុខ ទូច សន្យា​ថា នឹង​យក​ឯកសារ​ប្រវត្តិសាស្ត្រ​ទាំង​អស់​នេះ​មក​ប្រើប្រាស់​ជា​ឯកសារ​សម្រាប់ ​ធ្វើ​ការស្រាវជ្រាវ​ក្នុង​ពេល​ខាង​មុខ៖ «ឯកសារ​ទាំង​អស់​នេះ បើសិនជា​លោក​មាន​ជា​ភាសា​ខ្មែរ​ក៏ដោយ ភាសា​បារាំង​ក៏ដោយ លោក​យក​មក​ឲ្យ​សាលា​ទៅ ហើយ​សាលា​នឹង​ចាប់​ផ្ដើម​ដាក់​ប្រធានបទ ហើយ​ឲ្យ​និស្សិត​ស្រាវជ្រាវ  ធ្វើ​ជា​ឯកសារយោង​ដើម្បី​ស្រាវជ្រាវ។»

​ដែនដី​កម្ពុជា​ក្រោម ដែល​មាន​ផ្ទៃដី​ជិត ៧​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ ត្រូវ​បាន​ជនជាតិ​វៀតណាម លេប​ត្របាក់​យក​ពី​កម្ពុជា បន្តិចៗ​ម្ដង​តាំង​ពី​ដើម​សតវត្ស​ទី​១៧។ រហូត​មក​ដល់​ឆ្នាំ​១៩៤៩ ក្រោម​ការ​គ្រប់គ្រង​របស់​អាណានិគម​និយម​បារាំង បារាំង​បាន​កាត់​ទឹកដី​នេះ​ទៅ​ឲ្យ​ស្តេត​អណ្ណាម បាវ ដាយ (Bao Dai) គ្រប់គ្រង​បន្ត ជា​ថ្នូរ​នឹង​ការ​ខ្ចី​ដៃ​កម្លាំង​ស្ដេច បាវ ដាវ ដើម្បី​ទប់ទល់​នឹង​កម្លាំង​ទ័ព​កុម្មុយនិស្ត​របស់ ហូ ជី មិញ (Ho Chi Minh)។ ទោះជា​បែប​នេះ​ក្ដី រដ្ឋាភិបាល​វៀតណាម តែង​ព្យាយាម​និយាយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ដែល​ថា ទឹកដី​នេះ ជា​ទឹកដី​របស់​ពួកគេ​តាំង​ពី​ដើម​មក​ទៅ​វិញ៕



No comments:

Post a Comment