ក្រសួង វប្បធម៌ ហាម មិនឲ្យ ចាក់បញ្ចាំង ខ្សែភាពយន្ត សកម្មជន បរិស្ថាន លោក ឈុត វុទ្ធី
ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានហាម មិនឲ្យ មជ្ឈមណ្ឌល វប្បធម៌ កម្ពុជា-អាល្លឺម៉ង់ ឬហៅថា មជ្ឈមណ្ឌល មេត្តាហោស៍ (Meta House) បញ្ចាំង វីដេអូ ឯកសារមួយ ស្តីពី ជីវិត របស់ អតីត សកម្មជន ការពារ ធនធាន ធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវ បាញ់សម្លាប់ កាលពីឆ្នាំ ២០១២។
តាមគម្រោង វីដេអូ ឯកសារនេះ នឹងត្រូវ ដាក់បញ្ចាំង ឲ្យសាធារណជន ទស្សនា នៅថ្ងៃ ទី២០ ខែមេសា ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់។
ប្រធាន នាយកដ្ឋាន សិល្បៈ ភាពយន្ត និងផ្សព្វផ្សាយ វប្បធម៌ លោក ស៊ិន ចាន់សាយ៉ា ប្រាប់វីអូឌី នៅថ្ងៃចន្ទនេះ ថា, ការដាក់ ក្រសួង សម្រេច មិនឲ្យបញ្ចាំង ភាពយន្តនេះ ដោយសារ ក្រុមការងារ បញ្ចាំង មិនបាន សុំការអនុញ្ញាត ពីក្រសួង និងមួយវិញទៀត ដោយសារ ការថតរឿងនេះ ក៏មិនបាន សុំការអនុញ្ញាត ពីក្រសួង ផងដែរ។ លោក បានបដិសេធ មិនបកស្រាយ លម្អិត ពីបញ្ហានេះ។
លោក មានប្រសាសន៍ ថា៖ «មជ្ឈមណ្ឌល មេត្ដាហោស៍ អត់មាន បានសុំ ការអនុញ្ញាត ពីក្រសួងទេ, ហើយ នៅក្នុង ខ្សែរឿង នេះដែរ ទាំងការថត និងការគ្រោង ដាក់បញ្ចាំង គឺ មិនមាន ការស្នើសុំ ដល់ក្រសួង។ ដូចនេះ ក្រសួង មិនអនុញ្ញាត ឲ្យដាក់បញ្ចាំងទេ។»

លោកស្រី បន្តថា, ក្រុមការងារ នឹងរៀបចំ បញ្ចាំងភាពយន្តនេះ ឡើងវិញ នៅកន្លែង ផ្សេងទៀត នៅថ្ងៃ ទី២៣ ខែមេសា។
វីដេអូ ឯកសារនេះ មានចំណងជើង ជាភាសាអង់គ្លេស ថា "I am Chut Wutty" ឬ «ខ្ញុំ ឈុត វុទ្ធី» បង្ហាញ ពីសកម្មភាព របស់លោក ឈុត វុទ្ធី មុនពេល ត្រូវ បានបាញ់សម្លាប់, បទសម្ភាសន៍ ជាមួយ រូបលោក និងគ្រួសារ ជនរងគ្រោះ ដែលរស់នៅ ពឹងផ្អែក លើអនុផល ព្រៃឈើ។
កន្លងទៅ តុលាការខេត្តកោះកុងបានសន្មត់ថាលោក ឈុត វុទ្ធី ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងស្រុកមណ្ឌលសីមា នៅពេលដែលរូបលោកនិងអ្នកកាសែត The Cambodia Daily ពីរនាក់ចូលទៅថតគំនរឈើ នៅក្រុមហ៊ុន Timber Green។ ក្នុងហេតុការណ៍នោះ មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏ត្រូវភាគីទី៣បាញ់សម្លាប់តាមក្រោយ។ សំណុំរឿងនេះ ត្រូវបានតុលាការខេត្តកោះកុង សម្រេចតម្កល់ទុកមិនចាត់ការ ដោយតុលាការសំអាងថាឃាតកដែលសម្លាប់លោក ឈុត វុទ្ធី គឺឈ្មោះ អ៊ិន រតនា ត្រូវបានសម្លាប់ដែរ។ ប៉ុន្តែក្រុមមន្ត្រីសិទ្ធិមនុស្សនៅតែជំរុញបន្តស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ ដោយសំអាងថាភាគីទី៣ដែលជាអ្នកបញ្ជាមិនទាន់នាំមកកាត់ទោសនៅឡើយ ពោលគឺបានកាត់ទោសតែសន្តិសុខយាមក្រុមហ៊ុនTimber Greenតែម្នាក់គត់៕
No comments:
Post a Comment