សហគមន៍ ព្នង ខេត្ត មណ្ឌលគិរី ថា, ព្រៃ រាប់ពាន់ ហិកតារ ត្រូវ បានគេ កាប់ទន្ទ្រាន យកដី ធ្វើកម្មសិទ្ធិ
RFA / វិទ្យុ អាស៊ី សេរី | ៦ មេសា ២០១៦
ដីព្រៃ រាប់ពាន់ ហិកតារ នៅតំបន់ វាល់យោង ឃុំ ប៊ូស្រា ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគិរី ត្រូវ បានគេ កាប់រាន ដើម្បី យកដី ជាសម្បត្តិ ឯកជន។ សហគមន៍ ព្នង រស់នៅ តំបន់នោះ អះអាង ថា, ការកាប់ រានព្រៃនេះ បង្កផលប៉ះពាល់ តំបន់ព្រៃអភិរក្ស ប្រពៃណី ជនជាតិដើម ភាគតិច និងជីវភាព រស់នៅ របស់ពួកគេ។
ជនជាតិដើមភាគតិចព្នង នៅភូមិចំនួន៧ ក្នុងឃុំប៊ូស្រា នៅថ្ងៃទី៥ ខែមេសា អំពាវនាវសុំឲ្យរាជរដ្ឋាភិបាល ដកហូតដីពីអ្នកមានអំណាច និងពលរដ្ឋដែលបានកាប់រានព្រៃដោយខុសច្បាប់នៅតំបន់វាល់យោង ប្រគល់ឲ្យសហគមន៍អភិរក្សឡើងវិញ ដើម្បីរក្សាព្រៃឈើទុកជាសម្បត្តិធនធានធម្មជាតិ និងជាផ្នែករក្សាបរិស្ថានធម្មជាតិទៅថ្ងៃអនាគត។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារថ្នាក់ខេត្ត រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះវាស់វែងដីសហគមន៍ប៊ូស្រា តាមការតវ៉ារបស់ពលរដ្ឋដែលអះអាងថា តំបន់ព្រៃកប់សព ព្រៃសក្ការបូជា និងព្រៃការពារសហគមន៍ ត្រូវបានប្រជាពលរដ្ឋចំណាកស្រុកកាប់រានយកដី ក្រោមហេតុផលថាជាដីសម្បទានសង្គមកិច្ច។ លើសពីនេះទៀត ព្រៃឈើមួយចំណែកទៀត ក៏ត្រូវបានមន្ត្រីអ្នកមានអំណាចមួយចំនួននៅតំបន់នោះ កាប់រានយកដីជាសម្បត្តិឯកជន។
តំណាងសហគមន៍ឃុំប៊ូស្រា លោក ថ្លាង ថូ មានប្រសាសន៍ថា ការវាស់វែងរបស់ក្រុមជំនាញទៅលើតំបន់ដីសម្បទានសង្គមកិច្ច គឺមានដីជាង ១.១០០ហិកតារជាដីត្រួតលើដីសហគមន៍អភិរក្ស និងដីជាង ១ពាន់ហិកតារទៀត ត្រូវបានមន្ត្រីមានអំណាច និងឈ្មួញមានប្រាក់ កាប់រានក្នុងតំបន់ព្រៃដែនជម្រកសត្វព្រៃណាមលៀរ។ លោកថា អ្នកភូមិទាមទារឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្ត ត្រូវដកហូតដីនោះ ហើយប្រគល់ឲ្យសហគមន៍អភិរក្សឡើងវិញតាមប្រពៃណីជនជាតិដើមភាគតិច ជាអ្នកថែរក្សា និងអាស្រ័យផលព្រៃឈើទាំងនោះ៖ «ថ្ងៃ អាទិត្យ ធ្វើកំណត់ហេតុផ្ដិតមេដៃ ដីសង្គមកិច្ចមិនស្របច្បាប់ជាន់លើច្បាប់។ អត់តាមគោលបំណងច្បាប់ យើងនឹងដាក់ញត្តិទៅក្រសួង។»
អាជ្ញាធរស្រុកពេជ្រដា បានកំណត់ថ្ងៃទី១ ខែមេសា ចុះវាស់វែងព្រំដីសម្បទានសង្គមកិច្ច និងទីតាំងមានផលប៉ះពាល់ដីសហគមន៍ប៊ូស្រា បន្ទាប់ពីអ្នកភូមិបានបិទផ្លូវធ្វើដំណើរមុខសាលាស្រុក តវ៉ាសុំឲ្យអាជ្ញាធរខេត្ត អនុវត្តលក្ខខណ្ឌរបស់សហគមន៍។ រហូតមកទល់នឹងថ្ងៃទី៥ ខែមេសា ការវាស់វែងដីនេះបានបញ្ចប់ ក៏ប៉ុន្តែលទ្ធផលយ៉ាងណាមិនទាន់បូកសរុបនៅឡើយ។
អភិបាលរងស្រុកពេជ្រាដា ដែលបានចូលរួមក្នុងក្រុមការងារថ្នាក់ខេត្តចុះវាស់វែងដី លោក វណ្ណា ម៉ាប់ កត់សម្គាល់ថា ទិន្នន័យទាក់ទិនអត្តសញ្ញាណដីដែលសហគមន៍ស្នើសុំវាស់វែងនោះ ក្រុមការងារមិនទាន់បូកសរុបនៅឡើយ។ ចំណែកលទ្ធផលយ៉ាងណានោះ ក្រុមការងារនឹងធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្តជាអ្នកសម្រេច។ លោកបន្តថា លទ្ធផលជាក់ស្តែងទាក់ទិនការវាស់វែងដី នឹងអាចបញ្ចប់ក្នុងរយៈពេលពីរថ្ងៃខាងមុខនេះ៖ «ថ្នាក់ ស្រុកត្រូវតែឆ្លងទៅខេត្ត ព្រោះស្រុកគ្មានសិទ្ធិសម្រេចទេ។ គណៈកម្មការចុះវាស់វែងមានមន្ត្រីថ្នាក់ខេត្តមកដែរ អ៊ីចឹងប្រហែលមួយថ្ងៃពីរថ្ងៃទៀតដឹងហើយ។»
សហគមន៍ប៊ូស្រា មកពីភូមិចំនួន៧ មានគ្នាប្រមាណ ២០០នាក់ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៥ ខែមេសា បាននាំគ្នាធ្វើដំណើរទៅតំបន់វាល់យោង ជាកន្លែងដែលសហគមន៍អះអាងថាមានការកាប់រានព្រៃឈើបែបអនាធិបតេយ្យ។ សេចក្តីរាយការណ៍របស់អ្នកភូមិឲ្យដឹងថា ព្រៃឈើនៅតំបន់នោះរាប់ពាន់ហិកតារ ត្រូវគេកាប់រានរួចហើយ ក្នុងនោះដីព្រៃមួយចំណែកត្រូវគេដុតរានយកជាដីសម្បទានសង្គមកិច្ច ក៏ប៉ុន្តែដីសម្បទានសង្គមកិច្ចនោះត្រូវគេបែងចែកទៅឲ្យប្រជាពលរដ្ឋ ចំណាកស្រុក ដោយមិនបានអនុវត្តតាមគោលការណ៍ផ្តល់ដីសម្បទានសង្គមកិច្ចត្រឹមត្រូវ។ ដោយឡែកអ្នកទទួលបានដីសម្បទានខ្លះ បានលក់ដីនោះបន្តពីម្នាក់ទៅម្នាក់។ លើសពីនេះទៀត ដីព្រៃមួយចំណែកទៀត ត្រូវបានមន្ត្រីអភិរក្សនៅតំបន់នោះជួលកម្មករកាប់រានយកដីជា សម្បត្តិឯកជន និងលក់ដូរទៅឲ្យប្រជាពលរដ្ឋចំណាកស្រុក។
មន្ត្រីផ្នែកអង្កេតសមាគមអាដហុក (ADHOC) ខេត្ត មណ្ឌលគិរី លោក អ៊ា ម៉េងលី ដែលបានចូលរួមចុះសង្កេតការណ៍នៅតំបន់នោះ កត់សម្គាល់ថា ដីព្រៃឈើរាប់ពាន់ហិកតារ ពិតជាត្រូវគេកាប់រាន។ លោកថា ព្រៃតំបន់នោះឋិតក្រោមការអភិរក្សរបស់សហគមន៍។ ហេតុនេះ ការកាប់រានព្រៃបែបអនាធិបតេយ្យនេះ បង្កផលប៉ះពាល់តំបន់ព្រៃសហគមន៍ជនជាតិដើមភាគតិចអាស្រ័យផល និងអភិរក្សសម្រាប់ប្រពៃណី និងបរិស្ថានធម្មជាតិ៖ «គណៈកម្មការ គាត់ឆ្លើយប្រាប់បងប្អូនដែលទៅថា ជាអតីតមន្ត្រីបរិស្ថាន បានជួលគាត់ចូលកាប់ឆ្ការ។ កាប់ឆ្ការហ្នឹងធ្វើឲ្យប៉ះពាល់ព្រៃត្រណមបងប្អូនជាច្រើនកន្លែង។ អាជ្ញាធរ ជាពិសេសរាជរដ្ឋាភិបាល គួរចាត់វិធានការបញ្ឈប់បន្ទាន់រឿងរុករានដីរដ្ឋខុសច្បាប់ហ្នឹង។»
រាជរដ្ឋាភិបាល បានសម្រេចផ្តល់ដី ២.៤០០ហិកតារនៅ តំបន់វាល់យោង សម្រាប់សម្បទានសង្គមកិច្ចដល់ពលរដ្ឋមកពីខេត្តកំពង់ចាម ៥៨៨គ្រួសារ បន្ទាប់ពីប្រជាពលរដ្ឋទាំងនោះបានស្នើសុំដីប្រកបរបរកសិកម្មចិញ្ចឹម ជីវិតកាលពីឆ្នាំ២០១១។ រហូតពេលនេះ អាជ្ញាធរខេត្តមណ្ឌលគិរី មិនទាន់បែងចែកដីទៅដល់ប្រជាពលរដ្ឋដែលស្នើសុំនោះនៅឡើយ។ ផ្ទុយទៅវិញ ពលរដ្ឋចាម បានចូលមកកាប់ឆ្ការព្រៃនៅតំបន់នោះសម្រាប់តាំងលំនៅឋាន និងលក់ដូរពីម្នាក់ទៅម្នាក់ ទើបអ្នកភូមិជនជាតិដើមភាគតិចធ្វើការតវ៉ា។
អភិបាលរងខេត្តមណ្ឌលគិរី លោក មឹង សុចន្ថា ថ្លែងបញ្ជាក់ថា អាជ្ញាធរខេត្តមិនទាន់កំណត់ធ្វើយ៉ាងណាទាក់ទិនសំណើដកហូតដីរបស់ សហគមន៍នោះទេ ពីព្រោះត្រូវរង់ចាំលទ្ធផលក្រុមការងារវាស់វែងដីបង្ហាញទិន្នន័យ និងអត្តសញ្ញាណដីជាក់លាក់ ទើបអនុវត្តនីតិវិធីទាក់ទិនដីសហគមន៍ និងដីសម្រាប់សម្បទានសង្គមកិច្ច៖ «យើងមិនទាន់ កំណត់ថាយ៉ាងម៉េចទេ ទាល់តែយើងវាស់វែងកំណត់ហើយបានដឹងបាន។ សហគមន៍គាត់មានហេតុផលរបស់គាត់ សហគមន៍មួយជាសហគមន៍ប្រើប្រាស់ដីធ្លីមួយទៀត សហគមន៍នីតិបុគ្គល។ សហគមន៍ដីធ្លីត្រូវមានផែនទីទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច។»
ទោះបីជាយ៉ាងណាក៏ដោយ តំណាងសហគមន៍ឃុំប៊ូស្រា លោក ថ្លាង ថូ ឲ្យដឹងថា សហគមន៍គ្រោងធ្វើញត្តិដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីទាមទារដកហូតដីទាំងអស់ដែលក្រុមឈ្មួញមានអំណាច និងអ្នកមានលុយ រួមទាំងពលរដ្ឋចំណាកស្រុកបានមកកាប់រានព្រៃឈើដោយខុសច្បាប់ និងសុំលុបចោលគម្រោងផ្តល់ដីសម្បទានសង្គមកិច្ច ដែលធ្វើឡើងខុសគោលការណ៍ ហើយរក្សាដីនោះទុកឲ្យសហគមន៍អភិរក្ស៕
No comments:
Post a Comment