ពលរដ្ឋ និងសង្គមស៊ីវិល ស្នើឱ្យ អាជ្ញាធរ ខេត្តត្បូងឃ្មុំ បង្ហាញកិច្ចសន្យា វិនិយោគ ដីសម្បទាន
RFA / វិទ្យុ អាស៊ី សេរី | ១ មេសា ២០១៦
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល នៅខេត្ត ត្បូងឃ្មុំ រកឃើញ ថា, ក្រុមហ៊ុន ដីសម្បទាន សេដ្ឋកិច្ច មួយចំនួន បានរំលោភ ដីធ្លី សហគមន៍ ជនជាតិដើម ភាគតិច និងដីប្រជាពលរដ្ឋ។ ពួកគេ ទាមទារ ឱ្យអាជ្ញាធរ ខេត្តត្បូងឃ្មុំ បង្ហាញកិច្ចសន្យា វិនិយោគ ដីសម្បទាន សេដ្ឋកិច្ច របស់ ក្រុមហ៊ុន។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល នៅខេត្តត្បូងឃ្មុំ រកឃើញថា មានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចខ្លះមិនបានគោរពតាមគោលការណ៍ ច្បាប់ ដូចជារក្សាទុកដីទំនេរចោលជាច្រើនឆ្នាំ ហើយខ្លះយកដីរបស់ខ្លួនទៅជួលឱ្យឯកជន ឬជនបរទេសបន្ត ហើយមានខ្លះទៀតជាក្រុមហ៊ុនវិនិយោគដែលបានដីតាមរយៈទិញដីសហគមន៍ ពីប្រជាពលរដ្ឋជាដើម។
ថ្លែងក្រោយពេលសម្រាកកិច្ចប្រជុំបណ្ដាញសហគមន៍ដីធ្លីនៅ ទីស្នាក់ការសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ចាម ពលរដ្ឋមកពីឃុំទន្លូង ស្រុកមេមត់ មួយរូប លោក ទេព បិះ ឱ្យដឹងថា ដោយសារតែទំហំដីសម្បទានរបស់ក្រុមហ៊ុនវិនិយោគនៅស្រុកមេមត់ មានភាពមិនច្បាស់លាស់ គឺបណ្ដាលដីសហគមន៍ ឬដីសមូហភាពរបស់ជនជាតិដើមភាគតិចស្ទៀង ត្រូវបាត់បង់។ បន្ថែមពីនេះ គឺបណ្ដាលឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលមានមុខរបរធ្វើស្រែចម្ការនៅតំបន់នោះ។
លោកបន្តថា ក្រុមហ៊ុនដែលមានស្លាកសម្គាល់ច្បាស់លាស់ គឺមានតែក្រុមហ៊ុន ម៉ែន សារុន មួយប៉ុណ្ណោះ ប៉ុន្តែគេនៅមិនទាន់ដឹងពីទំហំផ្ទៃដីប្រាកដទេ។ ក្រៅពីនោះ គឺមានតែឈ្មោះ និងកាងដីទុកចោល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋប៉ះពាល់ឡើយ៖ «ខ្ញុំសូមឱ្យអាជ្ញាធរខេត្ត និងរដ្ឋាភិបាល បង្ហាញពីក្រុមហ៊ុននៅតំបន់ហ្នឹងមានប៉ុន្មាន ហើយមានផ្ទៃដីមានប៉ុន្មាន?»
ក្រៅពីស្រុកមេមត់ នៅស្រុកតំបែរ វិញ ក្រុមហ៊ុនចិន មួយឈ្មោះ ហាមីនីវេន អ៊ីនវេសមេន (Hamenivent Investment) ដែលកំពុងដំណើរការដាំដំណាំផ្សេងៗ គឺទទួលបានដីតាមរយៈអាជ្ញាធរមូលដ្ឋានប្រមូលទិញដីសហគមន៍ពី ប្រជាពលរដ្ឋកាលពីឆ្នាំ២០០៩ ដើម្បីវិនិយោគ។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា មានប្រសាសន៍នៅថ្ងៃទី១ ខែមេសា ថា អាជ្ញាធរនឹងដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុនទាំងនោះ ទៅតាមពាក្យបណ្ដឹងរបស់ពួកគាត់ចំពោះចំណុចដែលមានជម្លោះ ប៉ុន្តែការស្នើសុំឱ្យអាជ្ញាធរបង្ហាញលិខិតកិច្ចសន្យាវិនិយោគ គឺមិនអាចទៅរួចទេ។
លោកថា ប្រសិនបើពលរដ្ឋ ឬសង្គមស៊ីវិលត្រូវការ ពួកគេអាចស្នើទៅក្រសួងពាក់ព័ន្ធតែម្ដង ពីព្រោះអាជ្ញាធរខេត្តជាអ្នកគ្រប់គ្រងប៉ុណ្ណោះ៖ «គាត់ប្រជាពលរដ្ឋ ហើយគាត់មកសុំអាជ្ញាធរសើរើឯកសារ អ៊ីចឹងដូចជាមិនត្រូវ។»
លោកបញ្ជាក់ថា ក្រោយពេលរាជរដ្ឋាភិបាលបានចេញសារាចរណែនាំឱ្យអាជ្ញាធរណែនាំ ប្រជាពលរដ្ឋ ឬក្រុមហ៊ុនបញ្ឈប់ការជួលដីនៅតាមព្រំដែន ឱ្យទៅប្រទេសជិតខាងនោះ សកម្មភាពជួលដីនៅខេត្តត្បូងឃ្មុំ គឺមិនមែនទៀតឡើយ។ លោកថា វិវាទដីធ្លីនៅខេត្តត្បូងឃ្មុំ អាជ្ញាធរខេត្តនៅតែបន្តដោះស្រាយជូនពលរដ្ឋរហូត។
ទោះជាបែបនេះក្តី ប្រជាពលរដ្ឋ និងសង្គមស៊ីវិលអះអាងថា សកម្មភាពជួលដីឱ្យទៅជនជាតិវៀតណាម ពីសំណាក់ក្រុមហ៊ុនមួយចំនួននៅតែកើតមានដដែលដូចជាក្រុមហ៊ុន ម៉ែន សារុន ហើយជនជាតិវៀតណាម ទាំងនោះ ថែមទាំងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិទៀតផង។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត នៅតែទទូចឱ្យអាជ្ញាធរខេត្ត បង្ហាញឯកសារវិនិយោគរបស់ក្រុមហ៊ុនទាំងនោះ ពីព្រោះលោកថា ក្រុមហ៊ុនទទួលបានដីសម្បទាននៅស្រុកមេមត់ មិនបានគោរពតាមច្បាប់ឡើយ ព្រមទាំងមានភាពមិនប្រក្រតីជាច្រើនទៀតផង៖ «វាអត់មានអី ប្រក្រតីទេ ព្រោះ ៧ ក្រុមហ៊ុននៅឃុំទន្លូង មិនមានក្រុមហ៊ុនណាមួយដាក់ផ្លាកទេ ថាជាក្រុមហ៊ុនអីទេ? ហើយអត់មានធ្វើអ្វីទេ ក្រុមហ៊ុនមួយៗទុកដីចោល ឬជួលឱ្យយួន។»
លោក នាង សុវ៉ាត លើកឡើងថា ប្រសិនបើអាជ្ញាធរខេត្តនៅតែមិនបង្ហាញលិខិតកិច្ចសន្យាវិនិយោគរបស់ ក្រុមហ៊ុនទាំងនោះ ទំនាស់ដីធ្លីនឹងមិនអាចដោះស្រាយចប់ឡើយ ម្យ៉ាងធ្វើឱ្យពលរដ្ឋសង្ស័យថា អាជ្ញាធរអាចឃុបឃិតជាមួយក្រុមហ៊ុនទាំងនោះ ដើម្បីទទួលបានដីរដ្ឋរាប់ពាន់ហិកតារតែម្ដង៕
No comments:
Post a Comment