Paris Peace Accords 23 Oct. 1991

Monday, May 23, 2016

សហភាព អឺរ៉ុប​ រំពឹង ថា, ​គ.ជ.ប. នឹង​មាន ​វិធានការ​ សមរម្យ​ ករណី​ សមាជិក ត្រូវ ចោទប្រកាន់​ | EU expects NEC will have proper procedure in case its members are charged

សហភាព អឺរ៉ុប​ រំពឹង ថា, ​គ.ជ.ប. នឹង​មាន ​វិធានការ​ សមរម្យ​ ករណី​ សមាជិក ត្រូវ ចោទប្រកាន់​

VOD / វីអូឌី | ១៩ ឧសភា ២០១៦

លោក រ៉ុង ឈុន(ធ្វេង)សមាជិកគជប ម្នាក់ក្នុងចំណោម​៩នាក់​និង​លោក នី ចរិយា អគ្គលេខាធិការ​រង​គជប
សហភាព អឺរ៉ុប ប្រចាំប្រទេស កម្ពុជា រំពឹងថា, គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) នឹងមាន វិធានការ សមរម្យ ករណី សមាជិក ត្រូវ ចោទប្រកាន់, ក្នុងនោះ មានលោក រ៉ុង ឈុន ផងដែរ។

ថ្មីៗនេះ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ លោក សាន សុផាត បានចេញលិខិត ជូនដំណឹងមួយ ចុះថ្ងៃ ទី២៦ ខែមេសា ទៅលោក រ៉ុង ឈុន ដែលជាសមាជិកម្នាក់ ក្នុងចំណោម ៩នាក់ ដោយបញ្ជាក់ ថា, លោក បានបញ្ជូន សំណុំរឿង ពាក់ព័ន្ធ នឹងហិង្សា នៅផ្លូវវ៉េងស្រេង ដែលកើតឡើង តាំងពីដើមខែ មករា ឆ្នាំ២០១៤ ទៅជំនុំជម្រះ។  ចំណែកអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្រ្តីសង្គមស៊ីវិល ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាកសាក្សី ទាក់ទងនឹងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា។
ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា  លោក Alain Vandersmissen ប្រាប់វីអូឌីតាមរយៈអ៊ីម៉េលថាសហភាពអឺរ៉ុបបារម្ភពីឯករាជ្យភាពរបស់ប្រព័ន្ធតុលាការនៅកម្ពុជានិងភាពយុត្តិធម៌នៃការអនុវត្តច្បាប់ ជាពិសេសទាក់ទងនឹងការចាប់ខ្លួនតំណាងសង្គមស៊ីវិលនិងមន្រ្តីគ.ជ.ប លោក នី ចរិយា។ សហភាពអឺរ៉ុបអំពាវនាវឲ្យដោះលែងពួកគេ។
ទាក់ទងនឹងករណី លោក រ៉ុង ឈុន លោក Alain Vandersmissen បញ្ជាក់ថា៖ «អំពី ករណីថ្មី ប្រឆាំង នឹងសមាជិក គ.ជ.ប. ក៏ដូចករណី ចាស់ ដែលមន្រ្តី គ.ជ.ប. ត្រូវ បានចាប់ខ្លួន ផងដែរ។  បច្ចុប្បន្ន យើង កំពុង រង់ចាំ ចំណាត់ការ ពីគ.ជ.ប.។  ជាស្ថាប័ន ឯករាជ្យ, យើង រំពឹងថា, គ.ជ.ប. គួរតែ មានជំហរ លើព្រឹត្តិការណ៍ ទាំងនេះ និងមាន វិធានការ សមរម្យ ដើម្បី ធានា ថា, គ.ជ.ប. បំពេញការងារ បានពេញលេញ ខណៈ រក្សាជំហរ ឯករាជ្យ និងសមតុល្យ រវាង គណបក្ស ទាំងពីរ ដូចបាន យល់ព្រម កាលពីឆ្នាំ២០១៤»
សហភាពអឺរ៉ុបកំពុងជួយកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ សហភាពអឺរ៉ុបធ្លាប់ប្រកាសថាខ្លួនបានត្រៀមថវិកាប្រមាណ១០លានអឺរ៉ូ(ប្រមាណ១១,៣លានដុល្លារ) សម្រាប់ការងារកំណែទម្រង់ការបោះឆ្នោត។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថាគ.ជ.ប មិនអាចលូកដៃក្នុងកិច្ចការតុលាការនោះទេ តែលោកថាគ.ជ.ប នឹងតាមដានករណីនេះ។ លោកបញ្ជាក់ថា៖ «ខាងស្ថាប័នតុលាការលោកគ្រាន់តែជូនដំណឹងទៅសាមីខ្លួនគឺឯកឧត្ដម រ៉ុង ឈុន អំពីដំណើរការទី១។ ពីមុនមកជូនដំណឹងថាបញ្ចប់ការស៊ើបអង្កេត ហើយទី២គឺបានបញ្ជូនសំណុំរឿងនឹងទៅស្ថាប័នតុលាការហើយ។ អញ្ចឹងរាល់ឯកសារទាំងនេះគឺមិនមានឆ្លងកាត់មកខាងគ.ជ.ប ទេ អញ្ចឹង គ.ជ.ប មិនមានតួនាទីលូកដៃចូលក្នុងដែនសមត្ថកិច្ចរបស់ស្ថាប័នដទៃទេ អញ្ចឹងហើយគ.ជ.ប នឹងតាមមើលដំណើរការ គ្រប់ករណីឯកឧត្ដម រ៉ុង ឈុន»
លោកបន្តថាគ.ជ.ប មិនបារម្ភថាករណីទាំងនេះនឹងប៉ះពាល់ដល់ដំណើរការរបស់គ.ជ.ប នោះទេ។
មាត្រា១៣នៃច្បាប់គ.ជ.ប ចែងថាប្រធាន អនុប្រធាននិងសមាជិកគ.ជ.ប ត្រូវអនុវត្តតួនាទីរបស់ខ្លួនដោយមិនលម្អៀង ដោយឈរលើគោលការណ៍គោរពច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យឬការបង្គាប់បញ្ជាដោយផ្ទាល់ឬដោយប្រហារពីបុគ្គលឬស្ថាប័នណាមួយឡើយ។ ប្រធាន អនុប្រធាននិងសមាជិកត្រូវទទួលបានការធានាការពារសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ ក្នុងករណីចំបាច់តាមសំណូមពររបស់សាមីខ្លួន។
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានសម្តែងក្តីបារម្ភចំពោះភាពទុកចិត្តទៅគ.ជ.ប ស្របពេលតុលាការបានសើរើករណីហិង្សានៅផ្លូវវ៉េងស្រេង ដែលលោក រ៉ុង ឈុន សមាជិកគ.ជ.ប ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធ។ លោកប្រាប់វីអូឌីតាមអ៊ីម៉េលនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ប្រសិនបើការគាបសង្កត់ផ្នែកនយោបាយបច្ចុប្បន្ននេះនៅតែបន្តថា គ.ជ.បថ្មីនឹងបាត់បង់ភាពទុកចិត្តរបស់ខ្លួន ដោយសារវានឹងមិនអាចរៀបចំការបោះឆ្នោតមួយដោយទុកចិត្តបាន»
អតីតប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលត្រូវបានជ្រើសរើសដោយគណបក្សសង្រ្គោះជាតិឲ្យក្លាយជាសមាជិកគ.ជ.បម្នាក់ក្នុងចំណោម៩នាក់ ប្រាប់វីអូឌីថាប្រសិនជាតុលាការអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួន នោះសំណុំរឿងនេះត្រូវបានបញ្ចប់រួចយូរមកហើយ មិនបណ្តោយឲ្យរឿងនេះនៅបន្តយូររហូតមកទល់ពេលនេះនោះទេ។ លោកមានប្រសាសន៍ថា៖ «តាមការពិតទៅគឺថាភ្ជាប់ឲ្យយើងមានករណីបែបហ្នឹងដើម្បី បង្កការលំបាកដល់ការងាររបស់យើងប្រចាំថ្ងៃនោះ យើងដឹងហើយគេថា ពាក្យសាមញ្ញគេថារាយមង គេដាក់មងសម្រាប់អ្នកដែលការពារសិទ្ធិកម្មករ ការពារពលរដ្ឋការពារគ្រូបង្រៀនអីហ្នឹងគេរាយមង ដាក់ចោលទៅបើថាគេមិនសប្បាយចិត្តទេគេលើកសំណុំរឿងចាស់ហ្នឹងយកមករំឭកឡើងវិញទៅ»  លោកបន្ថែមថា៖ «តាមការពិតទៅសមាជិកគ.ជ.ប វាមិនមានអីធំដុំទេ ទំរាំតំណាងរាស្រ្តមានអភ័យឯកសិទ្ធិ សមាជិកគ.ជ.ប អត់មានអភ័យឯកសិទ្ធិផងហ្នឹង យើងមានអីទៅធំដុំអី គេចង់អូសទៅថ្មើម៉ានក៏បានដែរ អាហ្នឹងទៅតាមអារម្មណ៍របស់គេ ពីព្រោះឥឡូវគេធ្វើការតាមអារម្មណ៍ គេមិនមែនធ្វើការតាមច្បាប់ឯណា!»
លោក រ៉ុង ឈុន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធាន ធ្លាប់បានចូលបំភ្លឺនៅតុលាការកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប៉ុន្តែពួកគេមិនត្រូវបានចាប់ខ្លួននោះទេ។ តុលាការកោះហៅពួកគេបន្ទាប់ពីមានករណីប៉ះទង្គិចដោយហិង្សារវាងកងកម្លាំងសមត្ថកិច្ចរាប់រយនាក់និងក្រុមកម្មករដែលតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ កាលពីថ្ងៃទី២និងទី៣ខែមករា នៅផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករ៥នាក់ស្លាប់ ជាច្រើននាក់រងរបួសនិងមួយចំនួនទៀតត្រូវបានចាប់ខ្លួន៕ រាយការណ៍បន្ថែមដោយ ខាន់ លក្ខិណា


No comments:

Post a Comment