Paris Peace Accords 23 Oct. 1991

Monday, May 2, 2016

លោក ហ៊ុន សែន ព្រមាន​ រដ្ឋាភិបាល​ បរទេស​ កុំ ​ឲ្យ​លូក​ដៃ​ ចូល​កិច្ចការ​ ផ្ទៃ​ក្នុង ​របស់​ កម្ពុជា | Hun Sen threatens foreign govts not to interfere in internal affairs of Cambodia

លោក ហ៊ុន សែន ព្រមាន​ រដ្ឋាភិបាល​ បរទេស​ កុំ ​ឲ្យ​លូក​ដៃ​ ចូល​កិច្ចការ​ ផ្ទៃ​ក្នុង ​របស់​ កម្ពុជា

ពី​​​ក្រុង​​​ ព្រះ​​សីហនុ​ ​ទី​​ ដែល​​លោក​​​ កំពុង ​​​ប្រារព្ធ​​ ពិធី​​​ ពល​កម្ម​​​ អន្តរជាតិ​ ១​ ឧសភា, លោក​ នាយក​​រដ្ឋ​​មន្ត្រី ហ៊ុន សែន នៃ​ប្រទេស ​កម្ពុជា បាន​បញ្ចេញ​​ សារ​​ព្រមាន​ មិន​​​ឲ្យ ​រដ្ឋាភិបាល​​​ បរទេស​​ ទាំង​ឡាយ​​ ​​លូក​​លាន់​អ្វី​​ ដែល​លោក​ ហៅ​ថា ​កិច្ច​ការ​ ផ្ទៃ​ក្នុង ​របស់​ កម្ពុជា។
 រូបឯកសារ៖ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ នឹង​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។​​​ REUTERS/Stringer
រូបឯកសារ៖ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ កំពុង​​​ចាប់​​​ដៃ​​​គ្នា​​ ​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​  បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ នឹង​​ ​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​ កម្ពុជា​​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។​​​ REUTERS/Stringer

ការ​ថ្លែង​ របស់​លោក ហ៊ុន សែន នៅ​ចំ​ពេល​ដែល​មាន​ប្រតិកម្ម​ទាំង​ត្រង់ៗ និង​ទាំងប្រយោល​នានា ពី​សំណាក់បណ្ដា​ស្ថាន​ទូត​ប្រទេស​មហា​អំណាច​នៅ​ក្រុង​ភ្នំពេញ​ ទាក់ទង​នឹងចំណាត់​ការរបស់​រដ្ឋាភិបាល​ និងស្ថាប័នយុត្តិធម៌​ខ្មែរ​ ប្រឆាំងនឹងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ នា​ប៉ុន្មានសប្ដាហ៍​ចុងក្រោយនេះ។​
លោក​ នាយក​រដ្ឋ​មន្ត្រី ដែល​ត្រូវ ​បាន​គេ​ ស្គាល់ថា ជា​បុរស ​ខ្លាំង​ នៃ​កម្ពុជា បាន​បដិសេធ​ រាល់​ការ​ លើក​ឡើង​ ពី​សំណាក់ ​សង្គម​ស៊ីវិល ​ជាតិ, ​អន្តរជាតិ ព្រមទាំង ​រដ្ឋាភិបាល ​បរទេស មួយ​ចំនួន​ ដែល​ថា, ​នយោបាយ ​កម្ពុជា​ កំពុង​ មាន​វិបត្តិ។

«បើ​ បរទេស​ណា​ និយាយ​ ថា, ​ប្រទេស​ [កម្ពុជា]​ នេះ​ មានវិបត្តិ, សូម​ មើល​ប្រទេស​ ខ្លួន​ឯង ​មើល៍  វា​ យ៉ាង​ម៉េច?​  ដូច​ជា​អឺរ៉ុប [មាន] ​ការ​ វាយ​ប្រហារ​ ភេរវកម្ម, វិបត្តិ​ ជន​ភៀស​ខ្លួន។  សិទ្ធិ​ស៊ីវិល របស់ ​ជន​ភៀសខ្លួន ទៅណា?» 

លោក​ នាយក​រដ្ឋ​មន្ត្រី បាន​បន្ត​ ថា,​ ​អាជ្ញាធរ​ មាន​សមត្ថកិច្ច ​គ្រាន់​តែ ​ចាត់​វិធាន​ការ​ ដោយ​ស្រប​ច្បាប់​ ប្រឆាំង​ នឹង​អ្វី​ ដែលលោក​ ហៅ​ថា​ «ពួក​ អានាធិបតេយ្យ» ​តែ​ប៉ុណ្ណោះ។  លោក​ នាយក​រដ្ឋ​មន្ត្រី ទំនង​ ជា​ចង់​សំដៅ ទៅ​លើ​ ចំណាត់​ការ ​របស់ ​អង្គភាព​ ប្រឆាំង​ អំពើ​ ពុករលួយ​ និង​ចំណាត់​ការ ​របស់ តុលាការ​ ទៅ​លើ​ អ្នក​តស៊ូ​មតិ​ ផ្នែក​សិទ្ធិ​មនុស្ស និងមន្ត្រី បក្សប្រឆាំង។

«អ្នក ​រំលោភ, អ្នក​ ត្រូវ​ ទទួល​ ខុស​ត្រូវ ​ចំពោះ ​មុខ​ច្បាប់។  យើង​ ចាត់​វិធាន​ការ,​ កុំ​ ឱ្យ​ ខក​ខាន ដើម្បី​ ការពារ នូវកិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​ របស់ ​គណបក្ស ​ប្រជាជន និង​រាជ​រដ្ឋាភិបាល​ កម្ពុជា។» 


មក​ទល់​ នឹង​ពេល​នេះ សកម្មជន​ និង​មន្ត្រី​ ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ​ ជាង​១០នាក់ ​រាប់​តាំង ​ពី​ថ្នាក់ តំណាងរាស្ត្រ ​ចុះ​មក   កំពុង ​ត្រូវ​ បាន​តុលាការ​ កម្ពុជា​ កោះហៅ​ សាកសួរ​ និង​សម្រេច​ ឃុំខ្លួន និង​ឃាត់​ខ្លួន​ ជាបន្ត​បន្ទាប់ ​ក្រោមបទ​ចោទ ​ផ្សេងៗ។

កាល​ពី​ចុង​ សប្ដាហ៍​នេះ អង្គភាព ប្រឆាំង​ អំពើ ពុករលួយ​ បាន​ឃាត់​ខ្លួន មន្ត្រី​ ជាន់​ខ្ពស់​ ផ្នែក​អង្កេត​ ចំនួន ​បួនរូប ​របស់​ សមាគម​ សិទ្ធិ​មនុស្ស ​អាដ​ហុក និង​លោក នី ចរិយា អគ្គ​លេខាធិការ ​រង ​នៃ​គណៈកម្មាធិការ​ ជាតិ ​រៀប​ចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.)​ ​ ដោយសង្ស័យ​ ថា, ​ពួក​គេ​ មាន​ការ​ ជាប់​ពាក់​ព័ន្ធ​ នឹង​អំពើ​ ពុករលួយ ​ទាក់ទង​ នឹង​ការ​បញ្ចុះបញ្ចូល ​ឲ្យ​សាក្សី​ ក្លែង​សក្ខីកម្ម ដើម្បី​ បំបិទ​ រឿង​អាស្រូវ​ ស្នេហា លួច​លាក់ ​របស់ អនុ​ប្រធាន​ បក្ស​សង្គ្រោះជាតិ លោក កឹម សុខា។

​ភ្លាមៗ​នោះ​ សកម្មជន​ សិទ្ធិ​មនុស្ស​ ទាំង៤រូប​ និង​មន្ត្រី​ គ.ជ.ប.  ម្នាក់​ ត្រូវ​ បាន​សម្រេច ឃាត់​ខ្លួន​ ដោយ​អង្គភាព ប្រឆាំង​ អំពើ ​ពុករលួយ និង​បញ្ជូន​ សំណុំ​រឿង ​ទៅ​តុលាការ។

អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីល្បាញ គឺ​លោក អ៊ូ វីរៈ ត្រូវ​បាន​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍ ដោយសារ​លោក​បញ្ចេញ​ទស្សនៈ​ថា រឿង​រ៉ាវ​របស់​នាង​ ខុម ចាន់តារ៉ាទី​ នេះ​គឺ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

ស្ថាន​ទូត​អាល្លឺម៉ង់ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក និងស្ថានទូតបារាំង ជា​បន្ត​បន្ទាប់ បាន​បង្ហោះ​សារ​តាម​រយៈ​ទំព័រ​បណ្ដាញ​សង្គម Twitter របស់​ពួក​គេ នូវ​រូប​អ្នកការ​ទូត​របស់ពួក​គេ​ថត​ជាមួយលោក អ៊ូ វីរៈ ហាក់​ដូច​ជា​ដើម្បីបង្ហាញ​ការ​គាំទ្ររបស់​ពួក​គេ​ចំពោះ​អ្នក​ វិភាគមិនសំចៃមាត់រូប​នេះ។ ស្ថានទូត​មហាអំណាច​ទាំង​បី ក៏បានរៀបចំ​ជំនួប​ដាច់​ដោយ​ឡែក ជាមួយមេដឹកនាំអង្គការអាដ​ហុក អង្គការ​លីកាដូ វេទិកា​អនាគត អង្គការខុម​ហ្វ្រែល និង​អង្គការសីលការ​ជា​ដើម។

ក្រោយពី​មាន​ប្រតិកម្ម​របស់​មន្ត្រី​ទូត លោក ហ៊ុន សែន​ បាន​ព្រមាន​ថា៖

 «សូម​បរទេស កុំ​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ កម្ពុជា​មិន​បាន​លូក​លាន់​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​អ្នក​ដទៃ​ ទេ តែ​សូម​អ្នក​ដទៃ​គោរព​នូវ​ឯករាជ្យ អធិបតេយ្យ​ភាព​ និង​បូរណភាព​ទឹក​ដី​របស់​កម្ពុជា។ កុំ​ជ្រៀត​ជ្រែក​ឲ្យ​សោះ។»

លោក ហ៊ុន សែន បាន​បន្ត​ថា ​រដ្ឋាភិបាល​បរទេស​ បាន​និង​កំពុង​ដាក់​សម្ពាធ​ឱ្យ​កម្ពុជា​លូក​ដៃ​ចូល​កិច្ច​ការតុលាការ ដើម្បី​អន្តរាគមន៍​លើ​សំណុំ​រឿង​ក្ដី​ក្ដាំ​ប្រឆាំង​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រីបក្សប្រឆាំងទាំងនោះ។

«ពេល​ប្រធានាធិបតី អូបាម៉ា និយាយ​ជាមួយ​ខ្ញុំ​ឆ្នាំ​២០១២ ខ្ញុំ​ថា ស្រុក​ខ្មែរ​អត់​មាន​អ្នក​ទោស​នយោបាយ​ទេ ​មាន​តែ​អ្នក​នយោបាយ​ជាប់​គុក [ដោយ​ទោស] ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ប្រាប់ ​អូបាម៉ា​ ត្រង់ៗ​ ខ្ញុំ​ទៅ​ខ្លាច​អី! អូបាម៉ា​ ជា​ប្រធានាធិបតី​អាមេរិកាំង មាន​ប្រធានាធិបតី​ខ្មែរ​ពី​អង្កាល់ ... ចាំ​តែ​ហ៊ុន សែន ខ្លាច​តើ!»

ក៏​ប៉ុន្តែ​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​នានា បាន​បរិហារ​ជា​បន្ត​បន្ទាប់​ថា ​រដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​យាយី ​ជា​បន្ត​បន្ទាប់​ទៅ​លើ​សេរី​ភាព​ជា​មូលដ្ឋាន​របស់​ពួកគេ។​
អ្នក​វិភាគ​នយោបាយ លោក អ៊ូ វីរៈ ដែល​កំពុង​ប្រឈម​នឹង​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញការសោកស្ដាយ​របស់​លោក ចំពោះ​ការ​ថ្លែង​ខាង​ដើម​របស់​លោក ហ៊ុន សែន ប្រឆាំង​នឹង​ការ​លូក​លាន់។

លោក​និយាយ​ថា តាម​លោក​យល់​ឃើញ​ រដ្ឋាភិបាល​បរទេស​ទាំងនេះបង្ហាញ​ពី​កង្វល់​ទាក់ទង​នឹងការ​អនុវត្តសិទ្ធិ​នេះ ​គឺដោយ​សារ​តែ ​រដ្ឋាភិបាល​បរទេស​ទាំង​នោះ ​ចង់​ឱ្យ​មាន​ការ​គោរពសិទ្ធិ​មនុស្ស និងអនុវត្តនីតិរដ្ឋដោយស្មើភាពតែប៉ុណ្ណោះ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុម​ហ្វ្រែល បាន​និយាយ​ថា រដ្ឋាភិបាល​ប្រទេស​សេរី​ទាំង​នោះ មាន​សិទ្ធិ​ក្នុង​ការ​និយាយ​ក្នុង​នាម​ជា​ម្ចាស់​ជំនួយ និង​បង្ហាញ​យោបល់​លើបញ្ហា​សិទ្ធិ​មនុស្ស​ដែល​កម្ពុជា​មាន​កាតព្វកិច្ច​ត្រូវ ​ធានា។

«កម្ពុជាយើង​ មិន​អាច​ដើរ​ឆ្ងាយ​ពី​ការ​ផ្ដល់​មតិ​យោបល់​បាន​ទេ។ ឥឡូវ​យើង​កំពុង​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុងពិភពលោក ទាំង​ក្នុង​អាស៊ាន ទាំង​ក្នុង​សាកល​លោក។ អ៊ីចឹង​បើ​យើង​មិន​អាចនិយាយពីប្រទេសមួយបានឯករាជ្យ វា​ទៅ​អត់​រួច វា​ទាល់​តែ​ប្រទេស​ហ្នឹង​វា​អាច​រស់​បាន​ដោយ​ខ្លួន​ឯង​ដែរ។ ហើយ​ទោះ​បី​ជា​រស់​បានដោយខ្លួនឯង ក៏នៅ​ត្រូវការ​មតិយោបល់​ពី​អន្តរជាតិ​ដែរ ដែល​គេ​មាន​ពិសោធន៍​ពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែរ។»

លោក គល់ បញ្ញា​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បើ​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស គេ​មិន​និយាយ​អំពី​បញ្ហា​អធិបតេយ្យភាព ហើយ​ក៏​មិនមែន​ជា​បញ្ហា​ប្រទេស​និង​ប្រទេស តែ​បញ្ហា​សិទ្ធិ​មនុស្ស​ជា​បញ្ហា​សកល ដែល​គ្រប់​គ្នា នរណា​ក៏​ដោយ អាច​បញ្ចេញ​មតិយោបល់​បាន។​

ទោះជាយ៉ាងណាក៏​ដោយ អ្នក​វិភាគនយោបាយ​សង្កេត​ឃើញ​ជា​ហូរហែរ​ថា ជំនួយ​របស់​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជាដែល​ចេះ​តែ​កើន​ឡើង​ និង​ឈរ​នៅ​លើ​គេ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មិន​មាន​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​ដូច​ជំនួយរបស់ប្រទេស​សេរី​ទេ។

គេ​នៅ​ចាំ​បាន​ថា លោក វ៉ាង យី រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន ក៏​ធ្លាប់​ថ្លែង​ការពារ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ដែរ នៅ​ពេល​លោក​មក​ទីក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ២០១៣ ដែល​នៅ​កាល​នោះ​កម្ពុជា មាន​ភាព​ចម្រូងចម្រាស​ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​ ឆ្នាំ​២០១៣។

កាលនោះ ប្រមុខ​ការ​ទូត​ចិន​រូប​នេះ បានប្រកាស​ថា ចិន​នឹង​ទប់​ស្កាត់​ មិន​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ ចូល​កិច្ច​ការ​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ។​

ទាំង​ចិន ​ទាំង​កម្ពុជា និង​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​ឡាយ ​សុទ្ធ​តែ​មាន​នយោបាយ ​មិនលូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​ឡើយ។ ជាមួយ​នឹង​ជំនួយ​របស់​ចិន ដែលចេះ​តែ​កើន​ឡើង គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​នេះ​ត្រូវបាន​គេ​មើល​ឃើញ​ថា កាន់តែត្រូវបានអនុវត្តកាន់តែខ្លាំងនៅកម្ពុជា៕



1 comment:

  1. Anonymous9:39 AM

    Hun Sen threatens foreign govts not to interfere in internal affairs of Cambodia, except Vietnam, because without their help Hun Sen would be who he is and where he is at now.

    ReplyDelete