រដ្ឋសភា គ្រោងបើក កិច្ចប្រជុំ ពិភាក្សា សំណុំរឿង លោក កឹម សុខា នៅថ្ងៃ ទី៣០ ឧសភា
RFA / វិទ្យុ អាស៊ី សេរី | ២៨ ឧសភា ២០១៦
គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃរដ្ឋសភា គ្រោងបើក កិច្ចប្រជុំ នៅថ្ងៃចន្ទ ទី៣០ ខែឧសភា សប្ដាហ៍ក្រោយ ដើម្បី ពិភាក្សា សំណុំរឿង លោក កឹម សុខា ប្រធាន ស្ដីទី គណបក្ស សង្គ្រោះជាតិ។ ការបើក កិច្ចប្រជុំនេះ បន្ទាប់ ពីសាលាដំបូង រាជធានីភ្នំពេញ ដាក់លិខិត ទៅប្រធាន រដ្ឋសភា រាយការណ៍ អំពី ការចោទប្រកាន់ លោក កឹម សុខា ដែលមិនចូលខ្លួន ទៅបំភ្លឺ តាមការកោះហៅ ចំនួន ពីរលើក។
រដ្ឋសភាបានឆ្លើយតបភ្លាមៗ ចំពោះលិខិតរបស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដែលបានរាយការណ៍អំពីការចោទប្រកាន់លោក កឹម សុខា ថាមានបទល្មើសជាក់ស្ដែងពីបទឧក្រិដ្ឋ និងបទមជ្ឈិមជាក់ស្ដែង ដោយសារលោកមិនចូលខ្លួនបំភ្លឺក្នុងនាមសាក្សីលើសំណុំរឿង សញ្ចារកម្ម។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងនៅថ្ងៃទី២៨ ឧសភា ថា លោកបានរៀបចំបែបបទដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ឲ្យមានកិច្ច ប្រជុំមួយនៅថ្ងៃចន្ទ ទី៣០ ខែឧសភា ដើម្បីយកលទ្ធផលដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភាប្រជុំអនុម័ត ក្នុងសំឡេង ៣ ភាគ ៤ នៃសមាជិករដ្ឋសភា ទើបអាចសម្រេចកិច្ចការនេះបាន។
លោកបញ្ជាក់ថា ការសម្រេចនេះទៀតសោត គឺមានតែករណីពីរប៉ុណ្ណោះ គឺអនុម័តផ្អាកចោទប្រកាន់លោក កឹម សុខា ឬអនុញ្ញាតឲ្យសមត្ថកិច្ចបន្តនីតិវិធី៖ «អត់មានប្រជុំដកអភ័យ ឯកសិទ្ធិអីទេ គឺក្នុងសំបុត្ររបស់ព្រះរាជអាជ្ញាក្នុងការចោទប្រកាន់នេះក៏មានចែង នៅក្នុងច្បាប់ដែរ ការចោទប្រកាន់ត្រូវតែរាយការណ៍ភ្លាមហើយសភាមានសិទ្ធិសម្រេចថា តុលាការនឹងបន្តនីតិវិធី ឬក៏ផ្អាកបើសិនផ្អាកត្រូវបោះឆ្នោតត្រូវមានការអនុម័ត ៣ ភាគ ៤ ក្នុងច្បាប់មានហើយ។ គណៈកម្មាធិការអចិន្ត្រៃយ៍មានហើយ គឺសម្រេចក្នុងករណីហ្នឹងយ៉ាងម៉េចៗតទៀត។»
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានព្រះរាជអាជ្ញា យ៉េត ចរិយា និងព្រះរាជអាជ្ញារងលោក សៀង សុខ ផ្ញើលិខិតជូនប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃទី២៨ ខែឧសភា ស្ដីអំពីការរាយការណ៍ជុំវិញការចោទប្រកាន់លើលោក កឹម សុខា តំណាងរាស្ត្រមណ្ឌលកំពង់ចាម។ លិខិតដដែលបានរៀបរាប់ថា អំពើដែលលោក កឹម សុខា បដិសេធក្នុងការចូលខ្លួនបំភ្លឺក្នុងនាមសាក្សី ចំនួន ២លើក ក្នុងពេលតុលាការកំពុងចាត់ការសំណុំរឿងសញ្ចារកម្មទាក់ទងនឹងរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ។
ក្នុងលិខិតនោះ បានលើកឡើងមាត្រា ១២ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រដែលបានចែងថា «ក្នុងករណីតំណាងរាស្ត្រណាបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ក្រសួងមានសមត្ថកិច្ចអាចចោទប្រកាន់ ចាប់ខ្លួន ឬឃុំខ្លួនបាន ហើយត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅចន្លោះសម័យប្រជុំរដ្ឋសភា ជាបន្ទាន់ដើម្បីសម្រេច។»
ថ្វីបើរដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ក្ដី ប្រធានគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ថ្លែងទៅកាន់អ្នកគាំទ្រនៅមុខស្នាក់ការគណបក្សថា អ្នកតំណាងរាស្ត្រទាំងអស់នៃគណបក្សសង្គ្រោះជាតិ គ្រោងដាក់ញត្តិទៅប្រធានរដ្ឋសភាថា អ្នកតំណាងរាស្ត្រមិនអាចបំពេញតួនាទីរបស់ខ្លួនឲ្យបានពេញលេញដោយសារ មានរំលោភបំពានទៅលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ៖ «ខ្ញុំគាំទ្រ អោយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តាមរយៈក្រុមសមាជិកសភាធ្វើញត្តិផ្ញើជូនប្រធានរដ្ឋសភាដើម្បី បញ្ជាក់ប្រាប់ថា តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិទាំងអស់មិនអាចទៅបំពេញការងារនៅ មន្ទីររដ្ឋសភាបានទេ ក្នុងកាលៈទេសៈដែលមានរំលោភបំពានអភ័យឯកសិទ្ធិសភារបស់អ្នក តំណាងរាស្ត្របន្តបន្ទាប់បានទេ។»
កាលពីថ្ងៃទី១២ ឧសភា សម័យប្រជុំពេញអង្គរដ្ឋសភា ដែលមានតែតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បានអនុម័តសម្រេចករណី លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប គណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ពីរបទល្មើសគឺញុះញង់ឲ្យប្រព្រឹត្តិអំពើឧក្រិដ្ឋ និងញុះញង់ឲ្យមានការរើសអើងជាអាទិ៍នៃក្រមព្រហ្មទណ្ឌ ទាក់ទងទៅនឹងការបង្ហោះផ្សព្វផ្សាយផែនទី ដែលរដ្ឋាភិបាលចោទថាជាផែនទីក្លែងក្លាយ។
កាលពីយប់ថ្ងៃទី២៧ ខែឧសភា ក្រសួងយុត្តិធម៌ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ជុំវិញសំណុំរឿងលោក កឹម សុខា នេះដែរ ដោយចោទពីបទ បដិសេធក្នុងការចូលខ្លួនតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌដែលចែងថា "រាល់បុគ្គលណាដែលត្រូវបានកោះហៅឱ្យចូលមកឆ្លើយជាសាក្សីនៅមុខ អយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ១លានរៀល"៕
No comments:
Post a Comment