Paris Peace Accords 23 Oct. 1991

Tuesday, May 31, 2016

]Vietnamization] សិល្បករ​ ខ្មែរ-វៀតណាម​ ដាក់​តាំង​ ពិព័រណ៍​ សិល្បៈ​ បង្ហាញ​រឿងរ៉ាវ​ ស៊ី​ជម្រៅ​ នៅ​តាម​ព្រំដែន | Khmer, Vietnamese artists display installations

ពិព័រណ៍​ពី​បញ្ហា​ព្រំដែន ២០១៦ ៨៥៥
២៧-ឧសភា-២០១៦៖ សន្តិសុខ​ឈរ​ទស្សនា​ពិព័រណ៍។ RFA/San Sel

សិល្បករ​ ខ្មែរ-វៀតណាម​ ដាក់​តាំង​ ពិព័រណ៍​ សិល្បៈ​ បង្ហាញ​រឿងរ៉ាវ​ ស៊ី​ជម្រៅ​ នៅ​តាម​ព្រំដែន

នៅ​រាជធានី ​ភ្នំពេញ មាន​ការ​តាំង​ពិព័រណ៍​ ស្នាដៃ ​សិល្បៈ​ចម្រុះ ​បែប ដែល​លាត​ត្រដាង​ រឿងរ៉ាវ​ មួយ​ចំនួន ​របស់ ​ប្រជាជន​ នៅ​តាម​តំបន់​ព្រំដែន​ ប្រទេស​ កម្ពុជា និង​វៀតណាម។  ម្ចាស់​ស្នាដៃ​ ពិព័រណ៍ នឹង​រៀបរាប់​ ពី​បទពិសោធន៍ និង​យល់​ឃើញ ​របស់​ ពួក​គាត់​ផ្ទាល់​ ចំពោះ​ ការ​វិវឌ្ឍន៍ ​នៃ​ស្ថានការណ៍​ នៅ​តាម ​ព្រំដែន។

ផលិតករ​ ជនជាតិ​ កម្ពុជា និង​សិល្បករ​ ជនជាតិ ​វៀតណាម បាន​ចុះ​ទៅ ​ស្រាវជ្រាវ ​ដល់​ទីតាំង​ ព្រំដែន, ហើយ​ បាន​ពាំនាំ​ នូវ​ការ​ រក​ឃើញ​ ទាំង​នេះ មក​ដាក់​បង្ហាញ​ ក្នុង​ទម្រង់​ សិល្បៈ។  អ្នក​ទាំង​ពីរ​ ចង់​ឃើញ​ បញ្ហា​ព្រំដែន ត្រូវ​ គេ​ ដោះស្រាយ ​ចប់​សព្វគ្រប់​ ដោយ​សន្តិវិធី និង​ត្រឹមត្រូវ​ តាម​ច្បាប់, ហើយ​ អ្វី​ ដែល​ពួក​គាត់ ​ចង់​ឃើញ​ ដែរ​នោះ គឺ​ ការ​ពង្រឹង​ កិច្ច​សហប្រតិបត្តិការ ​ផ្នែក​ពាណិជ្ជកម្ម ដើម្បី​ ឲ្យ​អ្នក​ នៅ​តាម​ ព្រំដែន បាន​ស្គាល់​ភាព​ សុខសាន្ដ និង​ភាតរភាព។

មួយ​រយៈ​មុន ការ​ជជែក​ពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ជា​ប្រធានបទ​រសើប​នៅ​ប្រទេស​កម្ពុជា ដែល​អាច​នាំ​ឲ្យ​អ្នក​ដែល​ក្លាហាន​បញ្ចេញ​មតិ​ទាក់ទិន​នឹង​បញ្ហា​នេះ ប្រឈម​នឹង​ការ​ចាប់​ខ្លួន និង​ញាត់​ចូល​ក្នុង​ទ្រុង​ដែក។ ក៏ប៉ុន្តែ​សប្ដាហ៍​នេះ សិល្បករ​ជនជាតិ​វៀតណាម និង​ផលិតករ​ភាពយន្ត​ឯកសារ​ជនជាតិ​កម្ពុជា កំពុង​ដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​ចម្រុះ​បែប នៅ​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់ ឬ​មេត្តា​ហៅស៍ (Meta House) ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំង​ពីរ​នៅ​តាម​តំបន់​ព្រំដែន។

ការ​តាំង​ពិព័រណ៍​ស្នាដៃ​ស្រាវជ្រាវ​សិល្បៈ​ចម្រុះ​នៅ​រាជធានី​ ភ្នំពេញ ដែល​បាន​បើក​សម្ពោធ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​ឧសភា ដែល​មាន​ចំណង​ជើង​ថា «ខ្សែ​ព្រំដែន​ដែល​មើល មិន/ឃើញ (In/Visible Borderline)» ព្យាយាម ​បង្ហាញ​របក​គំហើញ​ក្នុង​ទម្រង់​សិល្បៈ​ចម្រុះ​ពី​ជីវិត​របស់​ប្រជាជន​ វៀតណាម និង​កម្ពុជា តាម​ព្រំដែន​ដែល​រស់នៅ​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ស្ករ​ត្នោត និង​ការ​ប្រើប្រាស់​ទឹក​ទន្លេ​មេគង្គ​រួម​គ្នា។ សម្មតិករ​ទាំង​ពីរ ព្យាយាម​បង្ហាញ​ទំនាក់ទំនង​រវាង​ជាតិ​ពីរ​ពី​ជ្រុង​ផ្សេងៗ ទាំង​ជ្រុង​នយោបាយ ជាតិ​និយម វប្បធម៌ និង​ពាណិជ្ជកម្ម។  សម្មតិករ ​ទាំង​ពីរ គឺ​ អ្នកស្រី សៅ សុភ័ក្ត្រ នៅ​រាជធានី​ ភ្នំពេញ និង​លោក ធួន ម៉ាមី (Tuan Mami) មក​ពី​ទីក្រុង​ហាណូយ។

អ្នកស្រី សៅ សុភ័ក្ត្រ មាន​កិត្តិសព្ទ​ខាង​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​បញ្ហា​សង្គម នយោបាយ​របស់​កម្ពុជា ដែល​នាំ​ទៅ​ឆាក​អន្តរជាតិ ដូចជា មហោស្រព​ភាពយន្ត​អន្តរជាតិ​ប៊ែកឡាំង (Berlin International Film Festival) ហើយ ​អ្នកស្រី​ក៏​ជា​នាយក​ផ្នែក​ច្នៃ​ប្រឌិត​របស់​មេត្តា​ហៅស៍។ អ្នកស្រី​ទទួល​គម្រោង​ពិព័រណ៍​សិល្បៈ​ចម្រុះ​នេះ​ពី​វិទ្យាស្ថាន​បារាំង នៅ​កម្ពុជា និង​មេត្តា​ហៅស៍។ ដោយសារ​គម្រោង​នេះ​ត្រូវ​ការ​ស្នាដៃ​ស្រាវជ្រាវ​បែប​សិល្បៈ ដើម្បី​បង្ហាញ​ពី​បញ្ហា​ខ្សែ​បន្ទាត់​កម្ពុជា-វៀតណាម អ្នកស្រី សុភ័ក្ត្រ ក៏​សហការ​ជាមួយ​លោក ធួន ម៉ាមី ដែល​មាន​បទពិសោធន៍ និង​ទេពកោសល្យ​ផ្នែក​ដំឡើង​ស្នាដៃ​សិល្បៈ៖ «យើង ​រក​អ្វី​ដែល​ពាក់ព័ន្ធ ដូចជា​ទឹក​ទន្លេ។ ទឹក​ទន្លេ គឺ​ទាំង​ប្រជាជន​ខ្មែរ និង​វៀតណាម ប្រើ​ជាមួយ​គ្នា។ នេះ​ទី​មួយ។ ទី​ពីរ នៅ​ព្រំដែន គេ​រក​ស៊ី​ស្ករ​ត្នោត នាំ​ចេញ​ដូច​គ្នា។ ចឹង​បាន​ពួក​ខ្ញុំ​ធ្វើ​បង្គោល​ហ្នឹង​ពី​ស្ករ​ត្នោត»


ពិព័រណ៍​នេះ​បង្ហាញ​ស្នាដៃ​សិល្បៈ​ចម្រុះ​ក្នុង​ទម្រង់​ភាពយន្ត​ឯកសារ គំនូរ និង​ស្មូន ដែល​បាន​ផលិត​ឡើង​នៅ​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម ត្រង់​ខេត្ត​កណ្ដាល និង​ស្វាយរៀង នៅ​តំបន់​ពាណិជ្ជកម្ម​សេរី។ ពិព័រណ៍​សិល្បៈ​នេះ បើក​ជា​សាធារណៈ​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​មិថុនា។

ផលិតករ សៅ សុភ័ក្ត្រ និង ធួន ម៉ាមី ដាក់​បង្ហាញ​វីដេអូ​ឯកសារ​ពី​ពលរដ្ឋ​កម្ពុជា និង​វៀតណាម ពីរ​រូប​ផ្ទាំង​គំនូរ​ដី​សើម​ពី​ផែនដី អម​ដោយ​សំឡេង​លំហូរ​ទឹក ទឹក​ទន្លេ​ចំនួន​ពីរ​ដប បំណែក​ដី​មួយ​ដុំ បង្គោល​ព្រំដែន​សិប្បនិមិត្ត​ធ្វើ​ពី​ស្ករ​ត្នោត​ចំនួន​២០។ បង្គោល​ព្រំដែន​សិប្បនិមិត្ត​មាន​ទំហំ ២០x១២x១២ សង់ទីម៉ែត្រ។ អ្នកស្រី សៅ សុភ័ក្ត្រ ពន្យល់​លម្អិត​ពី​អត្ថន័យ​ស្នាដៃ​ទាំង​នេះ៖ «ផ្ទាំង ​ដែល​គូរ​ពី​ដី​ដែល​យក​មក​ពី​ព្រំដែន ត្រង់​តំបន់​ពាណិជ្ជកម្ម​សេរី ហើយ​ទូរទស្សន៍​បញ្ចាំង​ពី​សំឡេង​ទឹក​ដែល​កាណូត​បាញ់ ដែល​មើល​ទៅ​ដូចជា​ទំនាស់​ចឹង។ វា​ដូចជា​នៅ​តាម​ព្រំប្រទល់​តែង​មាន​ទំនាស់ មិន​ត្រូវ​គ្នា។ បើ​យើង​មើល​ផែនទី​ហ្នឹង​ធំ​មែន​ទែន តែ​ទំនាស់​ហ្នឹង​តូច​មួយ ដូច​ទូរទស្សន៍។ ចឹង​មាន​ន័យ​ថា ទំនាស់​វា​មិន​កើត​ឡើង​គ្រប់​ទីកន្លែង​ទេ គឺ​វា​កើត​ឡើង​នៅ​ចំណុច​តូច»

ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម មាន​បណ្ដោយ ១.២៧០ ​គីឡូម៉ែត្រ។ តាំង​ពី​ឆ្នាំ​២០០៥ មក​ដល់​ពេល​សព្វថ្ងៃ ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​គោក​ជាង ៨៣​ភាគរយ ឬ ៣១១​បង្គោល ដោយឡែក​ព្រំដែន​ទឹក​មាន​ប្រវែង​ជាង ២.៥០០​គីឡូម៉ែត្រ មិន​ទាន់​វាស់វែង​នៅ​ឡើយ។

អ្នកស្រី សុភ័ក្ត្រ បញ្ជាក់​ថា គម្រោង​នេះ​បាន​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ភាព​ដូច​គ្នា និង​ខុស​គ្នា​រវាង​ប្រជាជន​កម្ពុជា-វៀតណាម ដែល​អ្នកស្រី​អះអាង​ថា ទំនាក់ទំនង​របស់​ជាតិ​សាសន៍​ទាំង​ពីរ ត្រូវ​បំផ្លាញ​ដោយ​ភាព​មិន​ទុក​ចិត្ត និង​ភាព​រើសអើង ហើយ​អ្នកស្រី​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​ព្យាយាម​យក​រឿង​ព្រំដែន ដើម្បី​កេង​ចំណេញ​ផល​ប្រយោជន៍​រៀង​ខ្លួន ដោយ​មិន​បាន​មើល​ពី​ផល​ប៉ះពាល់​នៃ​ការ​រស់នៅ​របស់​ប្រជាជន​មូលដ្ឋាន៖ «ក្នុង​វីដេអូ ខ្ញុំ​បង្ហាញ​អ្នក​ម៉ូតូ​ឌុប​ពីរ​នាក់ គាត់​រក​ស៊ី​នៅ​ហ្នឹង ហើយ​បោះ​ម៉ូយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​និយាយ​ភាសា​វៀតណាម-ខ្មែរ។ ខ្ញុំ​បាន​សួរ​ពួក​គាត់​ថា តើ​ទំនាស់​នយោបាយ​មាន​អី​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់​គាត់​អត់? គាត់ ​និយាយ​ថា រឿង​នយោបាយ​ជា​រឿង​នយោបាយ រឿង​រក​ស៊ី គាត់​ដឹង​តែ​រក​ស៊ី ហើយ​ពួក​គាត់​សង្ឃឹម​ថា អត់​មាន​ការ​ឈ្លោះ​គ្នា ដើម្បី​អាច​ឲ្យ​ការ​រក​ស៊ី​របស់​គាត់​ដំណើរ​ការ​ទៅ​មុខ។ នៅ​ច្រក​ព្រំដែន​ខ្លះ​គ្មាន​មនុស្ស​ចេញ​ចូល​ទេ ដូច​នៅ​ច្រក​ព្រំដែន​ខ្សាច់​កណ្ដាល។ ដល់​ពេល​ចឹង គាត់​រក​អត់​សូវ​បាន។ ពេល​ខ្លះ គេ​ទៅ​កន្លែង​ជិតៗ​រក​ស៊ី​បាន​តិចតួច។ ដល់​ពេល​ចឹង មួយ​ថ្ងៃ​បាន ១០ ទៅ ១៥​ដុល្លារ។ ដឹង​ស្រាប់​ហើយ អ្នក​រក​ស៊ី បើ​អត់​មាន​ស្រែ​អី​ទេ ពិបាក​ណាស់​ឥឡូវ»


និយាយ​ដល់​ចំណុច​នេះ សិល្បករ​នៃ​ទីក្រុង​ហាណូយ លោក ធួន ម៉ាមី ឲ្យ​ដឹង​ថា នៅ​ប្រទេស​វៀតណាម ប្រជាជន​មិន​សូវ​បាន​ដឹង​ពី​ទំនោរ​របស់​ប្រជាជន​កម្ពុជា ដែល​ស្អប់​វៀតណាម នោះ​ទេ។ លោក​បាន​ស្ដី​បន្ទោស​អ្នក​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ធ្វើ​ឲ្យ​ទំនោរ​នេះ​កាន់​តែ​អាក្រក់​ទៅ៖ «ខ្ញុំ ​ចង់​មាន​ន័យ​ថា ទំនោរ​នេះ​ជា​បំណង​នយោបាយ និង​បណ្ដាល​មក​ពី​ការ​មិន​យល់​គ្នា​ច្បាស់ ប៉ុន្តែ​ខ្ញុំ​គិត​ថា ស្ថានភាព​ជាក់ស្ដែង យុវជន​កម្ពុជា មួយ​ចំនួន​ស្អប់​វៀតណាម ហើយ​វៀតណាម តិចតួច​ដឹង​ពី​អ្វី​ដែល​កើត​ឡើង​រវាង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ។ នៅ​ប្រទេស​វៀតណាម យើង​មាន​ការ​បង្រៀន​តិចតួច​ពី​ទំនាស់​នេះ។ សូម្បី​តែ​ខ្លួន​ខ្ញុំ។ វា​ជា​ការ​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ចំពោះ​ខ្ញុំ»


ពិព័រណ៍​នេះ ក៏​បើក​ឲ្យ​សាធារណជន​យក​វត្ថុ​ដែល​ទាក់ទង​នឹង​រឿង​ផ្ទាល់​ខ្លួន ឬ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ឬ​ក៏​វត្ថុ​ដែល​ពាក់ព័ន្ធ​នឹង​ព្រំដែន ដើម្បី​ដូរ​យក​ស្ករ​ត្នោត​សូន​ជា​រូប​ព្រំដែន។ សម្មតិករ សៅ សុភ័ក្ត្រ ពន្យល់​ថា នេះ​ជា​គំនិត​តំណាង​សកម្មភាព​ពាណិជ្ជកម្ម​នៅ​តាម​តំបន់​ព្រំដែន​រវាង​ជាតិ​ សាសន៍​ទាំង​ពីរ។ សុភ័ក្ត្រ និង ម៉ាមី ដើរ​តួនាទី​ជា​ឈ្មួញ​កណ្ដាល​ដែល​ត​ថ្លៃ​វត្ថុ​ដោះ​ដូរ​យក​ស្ករ​ត្នោត។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម បាន​សម្ពោធ​បង្គោល​ព្រំដែន​ថ្មី​ពីរ នៅ​ខេត្ត​រតនគិរី និង​ខេត្ត​តាកែវ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ភាគី​ទាំង​ពីរ​នឹង​បន្ត​ចរចា​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​គោក។ ក៏ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ព្រំដែន​ដែល​បាន​បោះ​នេះ គឺ​បោះ​ចូល​ទឹក​ដី​កម្ពុជា។

ចង្អុល​បង្ហាញ​ឯកសារ​វីដេអូ​ដែល​អ្នកស្រី សៅ សុភ័ក្ត្រ ព្យាយាម​ជជីក​សួរ​ពលរដ្ឋ​កម្ពុជា-វៀតណាម ពី​ស្ថានការណ៍​នយោបាយ​ស្ដីពី​បញ្ហា​ព្រំដែន អ្នកស្រី​ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​តាម​ព្រំដែន​មិន​ចង់​និយាយ​ពី​រឿង​នយោបាយ​ព្រំដែន។

សម្រាប់​អ្នកស្រី សៅ សុភ័ក្ត្រ ដែល​ធ្លាប់​សិក្សា​ពី​មេរៀន​ប្រវត្តិសាស្ត្រ ចង់​ឃើញ​ប្រជាជាតិ​ទាំង​ពីរ​ផ្សះផ្សា​គ្នា និង​បញ្ចប់​ជម្លោះ​ព្រំដែន​តាម​ច្បាប់​ត្រឹមត្រូវ ហើយ​អ្នកស្រី​ចង់​ឲ្យ​អ្នក​នយោបាយ​គិតគូរ​ពី​កិច្ច​សហប្រតិបត្តិការ​ ពាណិជ្ជកម្ម ជា​ជាង​យក​បញ្ហា​មនោគមវិជ្ជា​នយោបាយ​មក​ប្រកួត​ប្រជែង​គ្នា៖ «គម្រោង ​របស់​ខ្ញុំ គឺ​បង្ហាញ​ពី​សម្ព័ន្ធភាព​រវាង​ប្រទេស​ពីរ។ វៀតណាម និង​កម្ពុជា។ ខ្ញុំ​រក​ឃើញ​ថា ពួក​យើង​អាច​រក​ស៊ី​ស្ករ​ត្នោត ពីព្រោះ​វៀតណាម ក៏​គេ​មាន​ដែរ។ ខ្មែរ​យើង​មាន​ស្ករ​ត្នោត ហើយ​វៀតណាម មាន​រោងចក្រ។ ខ្មែរ​មាន​ស្ករ ហើយ​វៀតណាម គេ​ច្នៃ​សម្រាប់​នាំ​ចេញ​ទៅ​ចិន រួម​គ្នា។ ចឹង​មាន​ន័យ​ថា ចែក​ប៊ីចេង ចែក​ស្ករ​គ្នា​ញ៉ាំ។ យើង​មាន​ធនធាន​ដើម គេ​មាន​រោងចក្រ»


ទាំង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម សុទ្ធតែ​បាន​ទម្លាក់​កំហុស​ទៅ​លើ​ចលនា​ជ្រុល​និយម​ស្ដីពី​ព្រំដែន​របស់​ គណបក្ស​ប្រឆាំង ដែល​ព្យាយាម​បំផ្លាញ​ចំណង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ចំណេញ​នយោបាយ​ផ្ទាល់​ខ្លួន ហើយ​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ចោទ​គណបក្ស​ប្រឆាំង ថា​ជ្រៀតជ្រែក​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន។

គណបក្ស​ប្រឆាំង​វិញ បាន​ចោទ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​វៀតណាម ហើយ​ចោទ​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា កាត់​ទឹក​ដី​ឲ្យ​វៀតណាម និង​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​កម្ពុជា ដោយ​ខុស​ច្បាប់។

សិល្បករ​ វៀតណាម លោក ធួន ម៉ាមី ប្រាប់​ថា, លោក ​ត្រូវ​បាន​ ប្រជាជន​កម្ពុជា ទទួល​ស្វាគមន៍ និង​រាក់ទាក់ បើ​ទោះ​ជា​ពួក​គេ​ដឹង​ថា លោក​ជា​ជនជាតិ​វៀតណាម ក៏ដោយ ហើយ​លោក​ក៏​បាន​ដឹង​ថា​កម្ពុជា ស្អប់​វៀតណាម។  សហ​អ្នក​ដំឡើង​ពិព័រណ៍​សិល្បៈ​ចម្រុះ​រូប​នេះ មាន​សុទិដ្ឋិនិយម​ថា ទៅ​អនាគត ទំនាក់ទំនង​រវាង​ប្រទេស​លោក និង​កម្ពុជា នឹង​ប្រសើរ​ឡើង ហើយ​លោក​ជឿជាក់​លើ​មធ្យោបាយ​ផ្សះផ្សា​តាម​រយៈ​សិល្បៈ​វប្បធម៌​ នៃ​ប្រជាជន​ ទាំង​ពីរ ជា​ជាង​យន្តការ​ នយោបាយ៖ «បើ​ ទោះ​ជា ​ការ​ពិត ​ដែល​ថា មាន​ជម្លោះ ​រវាង ​ប្រទេស​ ទាំង​ពីរ, តែ ​វា ​ត្រូវ ​តែ​មាន ​ដំណោះស្រាយ។  តើ ​ដោះស្រាយ​ ដោយ​របៀប​ណា?  សម្រាប់ ​ខ្ញុំ​ផ្ទាល់, ខ្ញុំ​ មិន​ទុក​ចិត្ត​ នយោបាយ ឬ​អ្នក​ នយោបាយ​ទេ ឬ​ក៏​របៀប​ ដែល​រដ្ឋាភិបាល​យើង​ ព្យាយាម​ បង្កើន​ ទំនាក់ទំនង។  ប៉ុន្តែ​ តែ ​ខ្ញុំ​ ជឿជាក់ លើ​សិល្បៈ ឬ​អ្នក​សិល្បៈ​ ដែល​អាច ​ចែក​រំលែក​ រឿងរ៉ាវ, ការ​គិត និង​វប្បធម៌​ របស់​យើង ដើម្បី​ អាច​នាំ ​ប្រជាជន​ ទាំង​ពីរ​ រួម​គ្នា​ ជា​ធ្លុង​មួយ។  យើង​ នៅ​ជាមួយ​គ្នា និង​ជជែក​ ជាមួយ​គ្នា។  ខ្ញុំ​ ជឿ​ថា, យើង​ អាច​លុប​បំបាត់ ​ការ​ស្អប់​គ្នា និង​បន្ធូរបន្ថយ ​ភាព​តានតឹង​ បាន»

អ្នកស្រី សៅ សុភ័ក្ត្រ សង្ឃឹម​ថា ប្រទេស​កម្ពុជា និង​វៀតណាម នឹង​អាច​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​ទឹក​ដី ហើយ​ងាក​មក​រក​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ដូចជា​ពាណិជ្ជកម្ម​ស្ករ​ត្នោត​នេះ ជាដើម៕



No comments:

Post a Comment