Paris Peace Accords 23 Oct. 1991

Tuesday, May 31, 2016

[Vietnamization] ពលរដ្ឋ​ បន្ត​ រិះគន់​ អាជ្ញាធរ​ ខេត្ត​ព្រះសីហនុ​ ដែល​ឈូស​ កម្ទេច​ផ្លូវ​ ស្នាព្រះហស្ត​ព្រះ​ មហា​វីរក្សត្រ | People criticize Preah Sihanouk provincial authority bulldozing land for road




ពលរដ្ឋ​ បន្ត​ រិះគន់​ អាជ្ញាធរ​ ខេត្ត​ព្រះសីហនុ​ ដែល​ឈូស​ កម្ទេច​ផ្លូវ​ ស្នាព្រះហស្ត​ព្រះ​ មហា​វីរក្សត្រ

   
RFA / វិទ្យុ អាស៊ី សេរី | ៣០ ឧសភា ២០១៦ 
ឈូស​ផ្លូវ​ស្នាព្រះហស្ត​សម្ដេច​សីហនុ ២០១៦ ៨៥៥
អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ប្រើ​គ្រឿងចក្រ​ជីក​កាយ​ផ្លូវ​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​ចុង​ឆ្នេរ​អូរឈើទាល កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Den Ayuthyea



សាធារណជន ​ទូទៅ ពិសេស​ ក្រុម​យុវជន បាន​បន្ត​ រិះគន់​ អាជ្ញាធរ​ ខេត្ត​ព្រះសីហនុ ដែល​ប្រើ​ គ្រឿងចក្រ​ឈូស​ បំផ្លាញ​ថ្នល់ ​ក្រាល​កៅស៊ូ ដែល​ជា​ស្នាព្រះហស្ត​ អតីត ព្រះមហាក្សត្រ សម្ដេច​ព្រះ​ នរោត្តម សីហនុ បន្សល់​ទុក​ ពី​សម័យ​សង្គម ​រាស្ត្រ​និយម​ មាន​ទីតាំង​ នៅ​ប្រប​មាត់​សមុទ្រ ​ចុង​ឆ្នេរ ​អូរឈើទាល ផ្តល់​ដី​ ជូន​ក្រុមហ៊ុន សុខា អូតែល (Sokha Hotel)

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​បង្ហាញ​ទស្សនៈ​ថា ស្នាព្រះហស្ត ឬ​ស្នាដៃ​ដែល​ថ្នាក់​ដឹក​នាំ​ប្រទេស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ បាន​កសាង ឬ​បន្សល់​ទុក គួរ​ត្រូវ​ថ្នាក់​ដឹក​នាំ​បន្ត​វេន​ជួយ​ថែ​រក្សា និង​អភិរក្ស​កែលំអ​ឲ្យ​គង់វង្ស ដោយ​មិន​ត្រូវ​បំផ្លាញ​វត្ថុ​តាង​ទាំង​នោះ​ចោល​ទេ។
មន្ត្រី​សង្គម​ស៊ីវិល និង​ភ្ញៀវ​ទេសចរ​ជាតិ បង្ហាញ​ការ​ហួស​ចិត្ត កាល​បើ​សង្កេត​ឃើញ​សកម្មភាព​របស់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បាន​ប្រើ​គ្រឿងចក្រ​ឈូស​បំផ្លាញ​ថ្នល់​ក្រាល​កៅស៊ូ ដែល​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ មាន​ទីតាំង​នៅ​តាម​ប្រប​ឆ្នេរ​អូរឈើទាល ត្រូវ​គេ​ជីក​កាយ​យក​អាចម៍​ដី​បំផ្លាញ​ស្ទើរ​បាត់​ភស្តុតាង​ទាំង​ស្រុង គិត​មក​ដល់​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ឧសភា។
ក្រុម​ប្រជាពលរដ្ឋ បាន​លើក​ជា​ទស្សនៈ​ថា ស្នាព្រះហស្ត ឬ​ស្នាដៃ និង​សមិទ្ធផល​ផ្សេងៗ​របស់​អតីត​ព្រះមហាក្សត្រ និង​ថ្នាក់​ដឹក​នាំ​ប្រទេស​គ្រប់​ជំនាន់ ឬ​គ្រប់​សម័យកាល មិន​គួរ​ត្រូវ​ថ្នាក់​ដឹក​នាំ​បន្ត​វេន​បំផ្លាញ​ចោល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ សមិទ្ធផល ឬ​ស្នាព្រះហស្ត​ទាំង​នោះ គួរ​ត្រូវ​ជួយ​ថែ​រក្សា និង​អភិរក្ស​ឲ្យ​បាន​ល្អ ប្រសើរ​ជាង​ឃុបឃិត​បំបាត់​ភស្តុតាង​ក្រោម​រូបភាព​អភិវឌ្ឍន៍ ឬ​ដើម្បី​លាភ​សក្ការៈ​អ្វី​មួយ។
ភ្ញៀវ​ទេសចរ​ជាតិ ពិសេស​ក្រុម​យុវជន​ដែល​ចូល​មក​ទស្សនា​តាម​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ បាន​បន្ត​រិះគន់​រដ្ឋាភិបាល ដែល​អសមត្ថភាព​ថែ​រក្សា​ផ្លូវ​ក្រាល​កៅស៊ូ ដែល​អតីត​ព្រះមហាក្សត្រ​បន្សល់​ទុក ប៉ុន្តែ​បែរ​ជា​ត្រូវ​បំផ្លាញ​ដោយ​ក្រុមហ៊ុន​វិនិយោគ ឬ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​របស់​រដ្ឋាភិបាល​ទៅ​វិញ។
ពួក​គេ​បង្ហាញ​ការ​ហួស​ចិត្ត កាល​បើ​ឃើញ​សកម្មភាព​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​របស់​រដ្ឋាភិបាល ឈាន​ដល់​បំផ្លាញ​ថ្នល់​ក្រាល​កៅស៊ូ​ទាំង​ស្រុង​របស់​អតីត​ព្រះមហាក្សត្រ មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរឈើទាល ភ្ជាប់​ពី​ផ្លូវ​ក្រាល​កៅស៊ូ​ទល់​មុខ​វិមាន​លំហែ​កាយ​របស់​ប្រមុខ​ដឹក​នាំ ត្រូវ​អាជ្ញាធរ​ឈូស​កម្ទេច​ចោល​ភស្តុតាង។
បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ ទទូច​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​បរិស្ថាន ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិចារណា​ចំពោះ​សកម្មភាព​បំផ្លាញ​ផ្លូវ​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ​ជា​ថ្មី​ឡើង​វិញ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​សម្ដេច ហ៊ុន សែន ជួយ​រក្សា​ផ្លូវ​កៅស៊ូ​សម្ដេច​តា​ឲ្យ​គង់វង្ស ដោយ​មិន​ត្រូវ​ស្ថាបនា​ផ្លូវ​ថ្មី​បំផ្លាញ​ផ្លូវ​សម្ដេច​តា​ចោល​ទេ»
ទោះ​បី​ជា​មាន​ប្រតិកម្ម​បែប​នេះ​ក្តី ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​សម្ដេច​ព្រះ​នរោត្តម សីហនុ មាន​ទីតាំង​នៅ​តាម​បណ្តោយ​ចុង​ឆ្នេរ​អូរឈើទាល ឬ​ឆ្នេរ​អូរឈើទាល​ទី​២ ត្រូវ​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដាក់​គ្រឿងចក្រ​ឈូស​កម្ទេច និង​ជីក​យក​អាចម៍​ដី​ដឹក​ចេញ​ពី​ផ្លូវ​ចាស់​នេះ ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា មក​ដល់​ពេល​នេះ ឈាន​ដល់​បាត់បង់​ទ្រង់ទ្រាយ​ដើម​ក្នុង​ពេល​ឆាប់ៗ​នេះ។
ឈូស​ផ្លូវ​ស្នាព្រះហស្ត​សម្ដេច​សីហនុ ២០១៦ ៨៥៥
ផ្លូវ​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​ចុង​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា សកម្មភាព​ឈូស​ឆាយ​ផ្លូវ​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ នា​ចុង​ឆ្នេរ​អូរឈើទាល គឺ​ពួក​គេ​បាន​អនុវត្ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ថ្នាក់​ដឹក​នាំ​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ដាក់​ចេញ។ ជាង​នេះ ការ​ជីក​យក​អាចម៍​ដី​ចេញ​ពី​ផ្លូវ​ចាស់​នេះ គឺ​ដើម្បី​យក​ទៅ​ស្ថាបនា​ផ្លូវ​ថ្មី​មាន​ទីតាំង​នៅ​ប្រប​មាត់​សមុទ្រ​នៃ​ឆ្នេរ​អូរឈើទាល នេះ​ដែរ។ ហើយ​ផ្លូវ​កៅស៊ូ​បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម ដែល​ត្រូវ​ឈូស​ឆាយ​នេះ ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន សុខា អូតែល ព្រោះ​ផ្លូវ​នេះ​ត្រូវ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី និង​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ អាណត្តិ​មុន បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ក្រុមហ៊ុន សុខា ដោយ​ស្រប​ច្បាប់​ជា​ស្ថាពរ​ហើយ។
កាល​ពី​ដើម​ខែ​ឧសភា នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​តាម​រថភ្លើង​ពី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្ត​ព្រះសីហនុ របស់​ប្រមុខ​ដឹក​នាំ លោក​បាន​រំឭក​ពី​សមិទ្ធផល ឬ​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ គឺ​ផ្លូវ​ដែក ឬ​ផ្លូវ​រថភ្លើង មាន​ខ្លឹមសារ​ថា «ផឹក​ទឹក​ត្រូវ​នឹក​ដល់​ប្រភព ទទួល​ទាន​ផ្លែ​ឈើ​ត្រូវ​នឹក​ដល់​អ្នក​ដាំ។ កូន​ចៅ​ប្រជារាស្ត្រ​ទូទាំង​ប្រទេស ចងចាំ និង​ដឹង​គុណ​ចំពោះ​ស្នាព្រះហស្ត​អតីត​ព្រះ​មហា​វីរក្សត្រ​កម្ពុជា សម្ដេច​ឪ សម្ដេច​តា សម្ដេច​តាទួត​នៃ​យើង ដែល​បាន​កសាង​ផ្លូវ​ដែក​ក្នុង​ទសវត្សរ៍​ឆ្នាំ​៦០ ដែល​បាន​បន្សល់​ទុក​ឲ្យ​កម្ពុជា ប្រើប្រាស់​មក​ទល់​សព្វថ្ងៃ​នេះ»
ត្រង់​ចំណុច​នេះ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ គាំទ្រ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រមុខ​ដឹក​នាំ​ដែល​ធានា​ថែ​រក្សា និង​អភិរក្ស​នូវ​ស្នាព្រះហស្ត ឬ​សមិទ្ធផល​នានា​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ បន្សល់​ទុក​ឲ្យ​គង់វង្ស។ ព្រម​គ្នា​នេះ អ្នកស្រី សុធារី ក៏​សំណូមពរ​ដល់​ប្រមុខ​ដឹក​នាំ ឲ្យ​ជួយ​ថែ​រក្សា និង​អភិវឌ្ឍ​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម ដែល​បច្ចុប្បន្ន​នេះ ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កំពុង​ដាក់​គ្រឿងចក្រ​ឈូស​បំផ្លាញ​ភស្តុតាង​មាន​ទីតាំង​ភ្ជាប់​តាម​ផ្លូវ​កៅស៊ូ​ផ្លូវ​ទល់​មុខ​វិមាន​លំហែ​កាយ​លោក​នាយក​រដ្ឋមន្ត្រី នា​ឆ្នេរ​អូរឈើទាល ដូច​ប្រមុខ​ដឹក​នាំ​ជួយ​ថែ​រក្សា និង​អភិវឌ្ឍ​ផ្លូវ​ដែក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ដែរ។
បញ្ហា​នេះ ភ្ញៀវ​ទេសចរ បង្ហាញ​ការ​ហួស​ចិត្ត​កាល​បើ​សង្កេត​ឃើញ​ផ្លូវ​កៅស៊ូ​ដែល​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ ត្រូវ​គេ​ប្រើ​គ្រឿងចក្រ​ឈូស​បំផ្លាញ និង​ឃើញ​មាន​សសរ​ថ្ម​ធំៗ​រាប់​រយ​ដើម ត្រូវ​ក្រុមហ៊ុន សុខា អូតែល យក​មក​បុក​គ្រឹះ​នៅ​លើ​ថ្នល់​កៅស៊ូ​នេះ និង​ហ៊ុមព័ទ្ធ​របង​ថ្ម ឬ​ដែក​បិទ​ជិត​មិន​អាច​ឲ្យ​យាន​ជំនិះ​គ្រប់​ប្រភេទ​បើក​ឆ្លង​កាត់​ចេញ​ពី​ដើម​ផ្លូវ​ម្ខាង ចេញ​ទៅ​ចុង​ផ្លូវ​ម្ខាង​ទៀត​បាន។
សកម្មភាព​បំផ្លាញ​សមិទ្ធផល ឬ​ស្នាព្រះហស្ត​របស់​អ្នក​ដឹក​នាំ​បន្សល់​ទុក​នេះ សាធារណជន​ទូទៅ បាន​ស្នើ​ឲ្យ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ពិចារណា​ជា​ថ្មី និង​ឈាន​ដល់​ជួយ​ថែ​រក្សា ឬ​សង្គ្រោះ​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​បន្សល់​ទុក​ឲ្យ​គង់វង្ស។ ជាង​នេះ ក៏​ត្រូវ​ជួយ​សើរើ​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ដី​ថ្នល់​កៅស៊ូ​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ ឬ​ទ្រព្យ​សម្បត្តិ​ព្រះបរមរាជវាំង ដើម្បី​ឈាន​ដល់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ៖ «សូម​ឲ្យ​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ជួយ​កុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន សុខា បិទ​ផ្លូវ​កៅស៊ូ​សម្ដេច​តា​ចោល និង​ឈូស​ផ្លូវ​កៅស៊ូ​នេះ​ចោល ទៅ​ស្ថាបនា​ផ្លូវ​ថ្មី​ជំនួស​វិញ​ឲ្យ​សោះ។ ខ្ញុំ​ជា​កូន​ជា​ចៅ ចង់​ឲ្យ​រក្សា​ផ្លូវ​កៅស៊ូ​បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ប្រើប្រាស់​ដូច​ដើម​វិញ»
ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បង្ហាញ​ទស្សនៈ​ថា សមិទ្ធផល ឬ​ស្នាព្រះហស្ត​នានា​ដែល​ថ្នាក់​ដឹក​នាំ​ប្រទេស​បន្សល់​ទុក​នៅ​តាម​ជំនាន់​នីមួយៗ គួរ​ត្រូវ​ថ្នាក់​ដឹក​នាំ​បន្ត​វេន ជួយ​ថែ​រក្សា ឬ​អភិរក្ស​កែលំអ​ឲ្យ​បាន​គង់វង្ស ដោយ​មិន​ត្រូវ​ឃុបឃិត​បំផ្លាញ​សមិទ្ធផល​ទាំង​នោះ​បំបាត់​ភស្តុតាង​ចោល​ទេ។ ត្រង់​ចំណុច​នេះ លោក កែម ឡី សង្កត់​ធ្ងន់​ថា ស្នាដៃ​កសាង និង​សមិទ្ធផល​ផ្សេងៗ​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​ជំនាន់​ដែល​បាន​ស្ថាបនា​ឡើង​សម្រាប់​បម្រើ​ដល់​ប្រជាពលរដ្ឋ ឬ​សាធារណជន​ទូទៅ គួរ​ត្រូវ​អ្នក​ដឹក​នាំ​បន្ត​វេន​ជួយ​ថែ​រក្សា ឬ​អភិរក្ស​ឲ្យ​បាន​គង់វង្ស ដោយ​មិន​ត្រូវ​ឃុបឃិត​បំផ្លាញ​ចោល​ភស្តុតាង​ក្នុង​ហេតុផល​ផ្សេងៗ​នោះ​ទេ៖ «ស្នាព្រះហស្ត ឬ​ក៏​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​យើង​បាន​កសាង និង​បន្សល់​ទុក​ពី​ជំនាន់​មុនៗ យើង​ត្រូវ​ថែ​រក្សា ឬ​អភិរក្ស។ ប៉ុន្តែ​បើ​យើង​ចង់​អភិវឌ្ឍ​ឆ្នេរ ឬ​អភិវឌ្ឍ​អ្វី​មួយ គឺ​ដី​ខ្មែរ ឬ​ឆ្នេរ​ខ្មែរ​យើង​នៅ​ខេត្ត​ព្រះសីហនុ នៅ​មាន​ច្រើន​កន្លែង​ដែល​ត្រូវ​យក​មក​អភិវឌ្ឍ ដោយ​មិន​ត្រូវ​បំផ្លាញ​សមិទ្ធផល​មាន​ស្រាប់​ចោល​នោះ​ទេ»
បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ដក​ដង្ហើម​ធំ​មុន​នឹង​ឆ្លើយ​សំណួរ​ជាមួយ​វិទ្យុ​អាស៊ីសេរី ដោយ​បញ្ជាក់​ខ្លី​ថា ផ្លូវ​កៅស៊ូ​ដែល​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ​នៅ​ប្រប​មាត់​សមុទ្រ​ចុង​ឆ្នេរ​អូរឈើទាល​នេះ ត្រូវ​បាន​អតីត​អភិបាល​ខេត្ត និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ អាណត្តិ​មុន ស៊ីញេ​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ក្រុមហ៊ុន សុខា អូតែល បាត់​ហើយ ហើយ​ករណី​នេះ រូប​លោក​គ្មាន​សិទ្ធិ​សម្រេច​ទេ ទាល់​តែ​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ទើប​មាន​សិទ្ធិ​សម្រេច ឬ​អារ​កាត់​មាន​ប្រសិទ្ធភាព។
យ៉ាង​ណា​ក៏ដោយ​ចុះ តំណាង​ក្រុមហ៊ុន សុខា អូតែល និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា ឡាវ កាំង មាន​ប្រសាសន៍​ថា ផ្លូវ​ក្រាល​កៅស៊ូ ឬ​ដី​នៅ​ជាប់​ចុង​ឆ្នេរ​អូរឈើទាល ឬ​ឆ្នេរ​អូរឈើទាល​ទី​២ ក្រុមហ៊ុន​នេះ​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ចេញ​ដោយ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​អាណត្តិ​មុន។ លោក​បន្ត​ថា បច្ចុប្បន្ន ក្រុមហ៊ុន សុខា ក៏​បាន​បុក​សសរ​គ្រឹះ​ខ្លះ​នៅ​លើ​ផ្លូវ​កៅស៊ូ​នេះ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នៅ​តាម​បរិវេណ នៃ​ចុង​ឆ្នេរ​អូរឈើទាល​នេះ​ជា​បន្តបន្ទាប់​មក​ដល់​ពេល​នេះ។
ទោះ​យ៉ាង​ណា សាធារណជន ពិសេស​ក្រុម​យុវជន​ដែល​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​ព្រះសីហនុ ហើយ​បាន​ចូល​ទៅ​ទស្សនា​តាម​ឆ្នេរ​អូរឈើទាល កំពុង​រង់ចាំ​មើល​ចំណាត់​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​តើ​ប្រមុខ​ដឹក​នាំ​អាច​ជួយ​សង្គ្រោះ ឬ​ស្រោចស្រង់​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរឈើទាល ផ្លូវ​ត្រង់​ទល់​មុខ​វិមាន​លំហែ​កាយ​របស់​លោក ហ៊ុន សែន បាន​គង់វង្ស ដូច​ជួយ​ថែ​រក្សា​ផ្លូវ​ដែក ឬ​ផ្លូវ​រថភ្លើង ដូច​ការ​អះអាង​របស់​ប្រមុខ​ដឹក​នាំ​បាន​លើក​ឡើង ដើម្បី​ទុក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដូច​ដើម​វិញ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?



No comments:

Post a Comment