មន្ត្រី ជាន់ខ្ពស់ បក្សប្រឆាំង ៤រូប នឹងនាំគ្នា ទៅជួបលោក សម រង្ស៊ី នៅប្រទេស ហ្វីលីពីន
RFA / វិទ្យុ អាស៊ី សេរី | ២៥ មិថុនា ២០១៦
មន្ត្រី ជាន់ខ្ពស់ នៃគណបក្ស សង្គ្រោះជាតិ លោក ប៉ុល ហំម នឹងដឹកនាំ មន្ត្រី ជាន់ខ្ពស់ គណបក្សនេះ ទៅជួបលោក សម រង្ស៊ី រយៈពេល ពីរថ្ងៃ នៅប្រទេស ហ្វីលីពីន ពីថ្ងៃ ទី២៨ ដល់ថ្ងៃ ទី៣០ ខែមិថុនា។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យដឹង នៅថ្ងៃ ទី២៥ ខែមិថុនា ថា, លោកផ្ទាល់ និងមន្ត្រី ជាន់ខ្ពស់ បីរូបទៀត នៃគណបក្សនេះ រួមមាន លោក ប៉ុល ហំម, លោក យឹម សុវណ្ណ, លោក អេង ឆៃអ៊ាង នឹងចាកចេញ ពីប្រទេស កម្ពុជា ដើម្បី ពិភាក្សា ការងារ មួយចំនួន ទាក់ទង យុទ្ធសាស្ត្រ នយោបាយ របស់ គណបក្ស សង្គ្រោះជាតិ ជុំវិញ វិបត្តិនយោបាយ កំពុង កើតឡើង។
លោក អ៊ូ ច័ន្ទឫទ្ធិ ថា គណបក្សសង្គ្រោះជាតិ នឹងរកដំណោះស្រាយណាមួយដើម្បីបញ្ហាដែលកើតឡើងនៅពេលនេះ៖ «ខ្ញុំយល់ថា យើងអាចជជែកគ្នាទទួលបានផ្លែផ្កាច្រើនដើម្បីយកមកជជែកបន្តនៅ ផ្ទៃក្នុងបក្សពេលយើងត្រឡប់មកវិញ ព្រោះធម្មតាយើងកំពុងមានវិបត្តិនយោបាយ ដូច្នេះយើងធ្វើយ៉ាងណាឲ្យដំណោះស្រាយនយោបាយ។»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា នេះជារឿងធម្មតាដែលថ្នាក់ក្រោមបក្សទៅជួបប្រធានរបស់ខ្លួន។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ប្រកាន់ជំហរដដែលថា ប្រសិនគណបក្សសង្គ្រោះជាតិ ចង់ជជែកបញ្ហាអ្វីមួយត្រូវចូលទៅធ្វើនៅរដ្ឋសភា។
ចំណែកអ្នកវិភាគនយោបាយ លោក សូ ចាន់ថា យល់ថា គណបក្សសង្គ្រោះជាតិបញ្ចប់ជម្លោះជាមួយគណបក្សប្រជាជនកាន់តែលឿនកាន់ តែល្អ។ លោកយល់ថា គណបក្សទាំងពីរកំពុងតែបោះដៃរកគ្នាហើយ រង់ចាំតែការសម្រេចពីថ្នាក់ដឹកនាំប៉ុណ្ណោះ៖ «គណបក្សនេះ គួរ រៀបចំ នូវអ្វី ដែលជាការដោះស្រាយជាមួយគណបក្សកាន់អំណាចដើម្បីធ្វើឲ្យ គណបក្សសង្គ្រោះជាតិ មានលទ្ធភាពចុះមូលដ្ឋានដោយសេរី។»
ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីសប្ដាហ៍មុន ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ នឹងពិចារណាចំពោះការវិលចូលសភាវិញ ប្រសិនបើអាចដោះស្រាយបញ្ហាបាន។ ដូចគ្នានេះ អ្នកវិភាគនយោបាយ លោក សូ ចន្ថា ថា រហូតដល់ពេលនេះ គណបក្សកាន់អំណាចនៅតែត្រូវការវត្តមានតំណាងរាស្ត្រគណបក្សប្រឆាំង ដើម្បីឲ្យអន្តរជាតិឃើញថា ស្ថាប័នកំពូលមួយនេះមានដំណើរការល្អ ព្រោះតំណាងរាស្ត្រដែលមានសំឡេងឆ្នោតទាំងពីរគណបក្សចូលធ្វើការ ក្នុងសភា៕
No comments:
Post a Comment