អង្គភាព ប្រឆាំង អំពើ ពុករលួយ នឹងពិនិត្យ លើបណ្ដឹង ដែលប្ដឹង មន្ត្រី គ.ជ.ប. នៅថ្ងៃ ទី៦ មិថុនា
RFA / វិទ្យុ អាស៊ី សេរី | ៤ មិថុនា ២០១៦
ការចេញមុខ ប្ដឹងមន្ត្រីស្ថាប័ន បោះឆ្នោត នៅពេលនេះ ត្រូវ បាន អ្នកវិភាគ មើលឃើញ ថា, អាចនឹងធ្វើ ឲ្យប៉ះពាល់ ដំណើរការ នៃការបោះឆ្នោត ប្រសិនបើ ACU រកឃើញ ថា, ថ្នាក់ដឹកនាំ គ.ជ.ប. ទាំងនោះ ពិតជាមាន កំហុសមែន។
ការត្រួតពិនិត្យ លើបណ្ដឹង ដែលធ្វើឡើងនេះ បន្ទាប់ ពីអង្គភាព ប្រឆាំង អំពើពុករលួយ ទទួលបាន ពាក្យបណ្ដឹង ពីប្រធាន សមាគម ជយលាភី បញ្ញាជន កម្ពុជា លោក រស់ សារ៉ុម កាលពីល្ងាច ថ្ងៃសុក្រ ទី៣ ខែឧសភា។ អង្គភាព ប្រឆាំង អំពើពុករលួយ កោះហៅ ដើម្បី ឲ្យបញ្ជាក់បន្ថែម លើបណ្ដឹង របស់ ពួកគេ។
ប្រធាន អង្គភាព ប្រឆាំង អំពើពុករលួយ លោក ឱម យ៉ិនទៀង ឲ្យវិទ្យុ អាស៊ី សេរី ដឹងនៅថ្ងៃ ទី៤ ខែមិថុនា ថា, តាមនីតិវិធី បន្ទាប់ ពីអង្គភាព លោក ទទួលបានបណ្ដឹង ជំហានដំបូង គឺ ក្រុមជំនាញ ត្រូវ វាយតម្លៃ ថា, ចាត់ការ ឬមិនចាត់ការ លើបណ្ដឹងនោះ ជាមុនសិន។ លោក បន្តថា, ប្រសិនបើរកមិនឃើញ មានតម្រុយ អ្វីនោះទេ អង្គភាព នឹងជួនដំណឹង ទៅដើមបណ្ដឹង ថា, មិនអាច បើកការ ស៊ើបអង្កេតទេ។
ប្រធានសមាគមជយលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម ដែលអះអាងថា អង្គការរបស់លោកបានធ្វើការងារទាក់ទងរឿងបោះឆ្នោតតាំងពីឆ្នាំ២០១២ ដែលសព្វថ្ងៃទីស្នាក់ការទូទាំង ២៥ ខេត្ត រាជធានី និងមានបុគ្គលិកផ្លូវការជាង ១០នាក់នោះ បានចោទប្រកាន់ក្បាលម៉ាស៊ីន គ.ជ.ប. រយៈពាក្យបណ្ដឹងលោកថា ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាអ្នកធ្វើឲ្យមានភាពមិនប្រក្រតីក្នុងដំណើរការតែងតាំងបុគ្គលិក ចាប់ពីថ្នាក់នាយកដ្ឋានដល់អនុការិយាល័យក្នុងអគ្គលេខាធិការដ្ឋានរបស់ គ.ជ.ប.។
អង្គការនេះ ប្តឹងប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក, អនុប្រធាន លោក គួយ ប៊ុនរឿន, អ្នកនាំពាក្យ ហង្ស ពុទ្ធា, និងអគ្គលេខាធិការ រង លោក ម៉ៅ សុភារិទ្ធ។
ប្រធាន សមាគមជយលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម ថ្លែងបញ្ជាក់ថា លោកមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកទៅថ្នាក់ដឹកនាំ គ.ជ.ប។ ប៉ុន្តែលោកមិនទាន់បញ្ជាក់លំអិតនៅពេលនេះទេ។ លោកថា លោកស្ម័គ្រចិត្តដើរចូលគុក បើពាក្យបណ្ដឹងរបស់លោកមិនពិត។
ទាក់ទងបណ្ដឹងនេះដែរ ប្រធានអង្គការសភាយុវជនខ្មែរ លោក ឡុង គឹមឃន ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ទី៣ ខែមិថុនា ថា ការប្ដឹងលើថ្នាក់ដឹកនាំ គ.ជ.ប នៅពេលនេះ មានអ្នករៀបចំដើម្បីធ្វើឲ្យស្ថាប័នមួយនេះជាប់គាំង។
ស្ថាប័នបោះឆ្នោតដែលកើតឡើងពីកិច្ចព្រមព្រៀងនៃគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីខែមេសា ឆ្នាំ២០១៥ សមាជិកទាំង ៩ នៃស្ថាប័ននេះត្រូវរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដោយសំឡេង ភាគច្រើនដាច់ខាត (៥០%+1)។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បដិសេធថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ លោកថា លោកហ៊ានទទួលខុសចំពោះមុខច្បាប់ និងទាមទារឲ្យអ្នកប្ដឹងលោក ត្រូវហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។
ប្រធានស្ថាប័នបោះឆ្នោតដដែលអះអាងថា ពាក្យបណ្តឹងនេះ មិនប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតទេ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ សុំមិនធ្វើអត្ថាធិប្បាយទាក់ទងរឿងនេះទេ។ ដោយឡែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការចោទប្រកាន់លើក្បាលម៉ាស៊ីន គ.ជ.ប នៅពេលនេះ ប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតទេ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឲ្យដឹងថា នេះជាបណ្ដឹងទី១ ប្តឹង គ.ជ.ប ថ្មី ដែលស្ថាប័នលោកទទួលបាន។ លោកថា ការពិនិត្យបន្ថែមលើពាក្យដែលធ្វើនៅអង្គភាពប្រឆាំងអំពើពុករលួយ នៅម៉ោង ៧កន្លះព្រឹក ថ្ងៃទី៦ ខែមិថុនា នឹងអនុញ្ញាតឲ្យសារព័ត៌មានចូលស្តាប់៕
No comments:
Post a Comment