ទីក្រុងខ្មែរ នៅរដ្ឋចចា នឹងត្រូវ បើកឲ្យ ដំណើរការ ជាផ្លូវការ នៅថ្ងៃ ទី២៥ មិថុនា
RFA / វិទ្យុ អាស៊ី សេរី | ២១ មិថុនា ២០១៦
សភាតំណាងរាស្ត្រនៃរដ្ឋចចា បានទទួលស្គាល់ឲ្យមានការបង្កើតទីក្រុងខ្មែរនៅទីនោះកាលពីខែ កុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ។ យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរជាង ១ម៉ឺននាក់រស់នៅក្នុងរដ្ឋនេះ។ ពលរដ្ឋខ្មែរនៅទីនោះបានកសាងវត្តប្រាំ បង្កើតសមាគមខ្មែរ៤ និងមានហាងលក់ទំនិញជាច្រើនទៀត។
ស្ថាបនិកទីក្រុងខ្មែរម្នាក់ លោក ណែម ឈើង អំពាវនាវឲ្យពលរដ្ឋខ្មែរយកទង់ជាតិ និងរបស់របរដែលបង្ហាញពីអត្តសញ្ញាណខ្មែរ រួមមានឧបករណ៍ភ្លេង រូបចម្លាក់ ក្រមា ឬរូបគំនូរផ្សេងជាដើម ដើម្បីដាក់ចូលរួមនៅថ្ងៃដើរព្យុហយាត្រានោះ។ ជាងនេះទៅទៀត លោក ណែម ឈើង ក៏បានជំរុញឲ្យពលរដ្ឋខ្មែរទាំងអស់នៅក្នុងរដ្ឋនេះចេះសាមគ្គី គ្នាជាធ្លុងមួយដើម្បីធ្វើឲ្យសហគមន៍របស់ខ្លួនកាន់តែមានភាព រីកចម្រើន៖ «ខ្ញុំ សូមឲ្យខ្មែរយើងគិតអំពីការរួបរួមគ្នានៅក្នុង សហគមន៍ ហើយគិតថា នេះគឺជាការកសាងផ្ទះសម្រាប់កូន សម្រាប់ចៅយើង។ ម្ល៉ោះហើយការមកចូលរួមនេះជាការបង្ហាញនូវភាពសាមគ្គីមួយដែលយើង កសាងគ្រឹះសម្រាប់កូន សម្រាប់ចៅយើងទៅថ្ងៃក្រោយ ហើយជាកន្លែងមួយដែលយើងមានមោទនភាពក្នុងការបង្ហាញទៅដល់រដ្ឋាភិបាល របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក នេះថា យើងគឺជាជនជាតិមួយដែលរស់នៅក្នុងទីក្រុងអាឡាន់តា នៃរដ្ឋចចា នេះ ក៏មានមុខមានមាត់មានអរិយធម៌ មានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួនក្នុងការបង្ហាញទៅពិភពលោកផងដែរ។»
ក្បួនព្យុហយាត្រានៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះនឹងមានការចូលរួមពីសំណាក់សមាជិករដ្ឋសភាសមាជិក ព្រឹទ្ធសភា និងអាជ្ញាធរដែនដីប្រចាំទីក្រុងអាឡាន់តា ហើយ អាចនឹងមានមនុស្សប្រមាណពី៣០០ ទៅ ៥០០នាក់ចូលរួម៕
No comments:
Post a Comment