អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ស្ដាប់មន្ត្រីបក្សថ្លែងសារនាទីស្នាក់ការរបស់គណបក្សនៅសង្កាត់ ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦។ RFA/Leng Maly |
គណបក្ស សង្គ្រោះជាតិ អំពាវនាវ ឲ្យអ្នកគាំទ្រ មកប្រមូលផ្ដុំ នៅទីស្នាក់ការ កណ្ដាល នៅថ្ងៃ ទី១៤ មិថុនា
RFA / វិទ្យុ អាស៊ី សេរី | ១៣ មិថុនា ២០១៦
គណបក្ស សង្គ្រោះជាតិ ប្រកាស អំពាវនាវ ឲ្យអ្នកគាំទ្រ មកប្រមូលផ្ដុំ គ្នា ឲ្យបានច្រើន នៅទីស្នាក់ការ កណ្ដាល របស់ខ្លួន នៅថ្ងៃ ទី១៤ មិថុនា ដើម្បី ឃ្លាំមើល ស្ថានការណ៍ នយោបាយ ដែលកំពុង តានតឹង ជាពិសេស ស្ថានការណ៍ ទាក់ទង នឹងការកោះហៅ លោក កឹម សុខា ទៅតុលាការ។
ការអំពាវនាវ ឲ្យអ្នកគាំទ្រ មកប្រមូលផ្ដុំគ្នា ឲ្យបានច្រើន នេះ ធ្វើឡើង ដោយមន្ត្រី ជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ គឺ សមាជិក ព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល ពេលប្រកាស ព័ត៌មាន នៅថ្ងៃ ទី១២ មិថុនា៖ «ឲ្យប្រជាពលរដ្ឋ ខ្មែរ ក៏ដូច ជាសកម្មជន អញ្ជើញមក ទីស្នាក់ការ កណ្ដាល របស់ គណបក្ស សង្គ្រោះជាតិ ដើម្បី ឃ្លាំមើល, មិនមែន ធ្វើបដិវត្តន៍ទេ។ សូម បញ្ជាក់ថា, មកឃ្លាំមើល ស្ថានការណ៍ ថ្ងៃទី១៤ ជាថ្ងៃ ដែលមាន ដីកា កោះអញ្ជើញ ឯកឧត្ដម ប្រធានស្ដីទី ទៅតុលាការ។ គណបក្ស សង្គ្រោះជាតិ នៅតែ បើកចំហ ការចរចា ជានិច្ច។»
លោក ប្រាប់ទៅសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្ដាល នាសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃដដែលនេះថា គណៈអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ សម្រេចនឹងមិនឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺតុលាការតាមការកោះហៅរបស់ចៅក្រមស៊ើបសួរទេ នៅព្រឹកថ្ងៃអង្គការ ទី១៤ មិថុនា នោះ។ ការរក្សាជំហររបស់លោក កឹម សុខា បែបនេះ គឺជាលើកទី៣ ហើយ បន្ទាប់ពីលើកទីមួយនៅថ្ងៃទី១៧ ខែឧសភា និងលើកទីពីរនៅថ្ងៃទី២៦ ឧសភា លោកបដិសេធក្នុងការចូលខ្លួនជាសាក្សីក្នុងរឿងសញ្ចារកម្ម។
ដោយសារតែលោកបដិសេធក្នុងការចូលខ្លួនជាសាក្សីនេះហើយ ទើបនៅថ្ងៃទី២ មិថុនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ គឺចៅក្រម ថាន់ ឡេង ចេញដីកាបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅឆ្លើយពីដំណើររឿងដែលលោកបដិសេធនោះ។
មន្ត្រីខាងគណបក្សសង្គ្រោះជាតិ តែងតែចាត់ទុកចំណាត់ការតាមប្រព័ន្ធតុលាការកោះហៅលោក កឹម សុខា ថាខុសនឹងរដ្ឋធម្មនុញ្ញ ព្រោះលោក កឹម សុខា មានអភ័យឯកសិទ្ធិសភា។
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ថ្លែងក្នុងឃ្លីបវីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១១ មិថុនា ថា លោក កឹម សុខា ប្រឈមចំពោះមុខច្បាប់ត្រង់មាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដោយធាតុផ្សំ ៣ គឺទីមួយ លោក កឹម សុខា បានដឹងអំពីការកោះហៅ។ ទីពីរ មិនចូលខ្លួន និងទីបី ការសំអាងហេតុផលជាអ្នកតំណាងរាស្ត្រជាការមិនសមស្រប។
លោក គឹម សន្តិភាព ថ្លែង ថា៖ «ប្រសិនបើ គាត់ កំពុង ជាប់ប្រជុំ ពេញ នៃរដ្ឋសភា ក្នុងថ្ងៃ ដែលអយ្យការ កោះហៅនោះ ឬមួយ ក៏គាត់ ជាប់បំពេញ បេសកកម្ម ដែលរដ្ឋសភា បានតម្រូវ ឲ្យគាត់ ចុះបំពេញ បេសកកម្ម នៅទីកន្លែង ណាមួយ ចំថ្ងៃ ដែលព្រះរាជអាជ្ញា លោកកោះនោះ, គាត់ ត្រូវ ជូនដំណឹង អំពី មូលហេតុនោះ, ហើយ មូលហេតុ ហ្នឹង ដែលសមស្រប។ ភ្ជាប់ នឹងការ ជូនដំណឹងនេះ គាត់ត្រូវតែ ស្នើសុំ លើកពេលចូល ដើម្បី ឆ្លើយទៅថ្ងៃណាមួយកំណត់។ នេះជាធាតុផ្សំទីបី។ ប៉ុន្តែដោយឡែកយើងឃើញហើយ គាត់មិនបានធ្វើតាមអ្វីដែលនៅក្នុងការផ្ដល់មូលហេតុសមស្រប, ហើយក៏មិនបានស្នើសុំលើកពេលក្នុងចូលមកបំភ្លឺនៅចំពោះមុខអយ្យការដែរ។ ធាតុផ្សំទាំងបីនេះហើយ ដែលបង្កើតបានទៅជាបទល្មើសពាក់ព័ន្ធទៅនឹងមាត្រា៥៣៨ គឺបទបដិសេធមិនចូលខ្លួននេះ។»
គណបក្សសង្គ្រោះជាតិ បានថ្វាយញត្តិទៅព្រះមហាក្សត្រម្ដងហើយកាលពីថ្ងៃទី៣០ ខែឧសភា ដើម្បីឲ្យជួយក្នុងករណីលោក កឹម សុខា និងឲ្យដោះលែងសកម្មជនគណបក្ស សកម្មជនអង្គការសង្គមស៊ីវិល និងមន្ត្រី គ.ជ.ប ដែលកំពុងជាប់ឃុំឃាំង។ នៅថ្ងៃច័ន្ទ ទី១៣ មិថុនា គណបក្សសង្គ្រោះជាតិ នឹងប្រមូលញត្តិពលរដ្ឋនៅមូលដ្ឋានទាំង ២៥ខេត្ត-រាជធានី ជាលើកទី២ ប៉ុន្តែមិនទាន់កំណត់ថ្ងៃហែញត្តិទៅព្រះបរមរាជវាំងនៅឡើយទេ៕
No comments:
Post a Comment