Paris Peace Accords 23 Oct. 1991

Monday, June 20, 2016

អ្នក​នាំ​ពាក្យ​ គណបក្ស​ ប្រជាជន​ កម្ពុជា​ ថា​, គណបក្ស​ មិន​ត្រូវ​ ការ​អនុសាសន៍​ ពី​អ្នក​ក្រៅ​ទេ | CPP spokesman says party has no need for recommendations from outside

អ្នក​នាំ​ពាក្យ​ គណបក្ស​ ប្រជាជន​ កម្ពុជា​ ថា​, គណបក្ស​ មិន​ត្រូវ​ ការ​អនុសាសន៍​ ពី​អ្នក​ក្រៅ​ទេ

RFA / វិទ្យុ អាស៊ី សេរី | ១៩ មិថុនា ២០១៦

ឈឹម ផលវរុណ ២០១៦ ៨៥៥
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ថ្លែង​ក្នុង​វេទិកា​យុវជន​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yang Chandara
  
អ្នក​នាំ​ពាក្យ​ គណបក្ស​ ប្រជាជន​ កម្ពុជា លោក ឈឹម ផលវរុណ បាន​ថ្លែង​ ជា​សាធារណៈ ​ថា, គណបក្ស​ មួយ​នេះ​ មិន​ត្រូវ​ការ​ អនុសាសន៍​ ពី​គណបក្ស​ ដទៃ ឬ​អ្នក​ណា​ ដែល​មិន ​ពាក់ព័ន្ធ​ ជាមួយ​ គណបក្ស​នោះ​ទេ។  លោក ​ថ្លែង​បែប​នេះ ក្នុង​វេទិកា​ យុវជន​មួយ​ នៅ​ព្រឹក​ថ្ងៃ​ ទី​១៩ មិថុនា។  តំណាង​ គណបក្ស​ ប្រឆាំង, អ្នក​វិភាគ, និង​យុវជន មិន​គាំទ្រ​ ការ​លើក​ឡើង​ បែប​នេះ​ឡើយ ដោយ​ពួក​គេ​ យល់​ឃើញ ​ថា, ការ​ទទួល​យក​ គំនិត​ ពី​អ្នក​ដទៃ អាច​ នឹង​ជួយ ​ឲ្យ​មាន​ ការ​សម្រេច​ចិត្ត​ ដ៏​ត្រឹមត្រូវ។

នៅ​ចំពោះ​មុខ​យុវជន និង​អ្នក​ចូលរួម​ជាង ២០០​នាក់ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​ត្រូវ​ទទួល​យក​មេរៀន ឬ​អនុសាសន៍​ពី​អ្នក​ក្រៅ​នោះ​ទេ។ លោក​ថា គណបក្ស​របស់​លោក​កំពុង​ផ្ដោត​លើ​នយោបាយ​បន្ត​ជំនាន់ ជាមួយ​នឹង​ភាព​ជាក់លាក់​នៃ​គោល​នយោបាយ​យុវជន«គណបក្ស ​ប្រជាជន​កម្ពុជា ក៏​ពុំ​មាន​ភាព​ចាំបាច់​ជា​ដាច់​ខាត​ក្នុង​ការ​ទទួល​យក​អនុសាសន៍ ឬ​មេ​រៀន​ពី​គណបក្ស​ដទៃ ព្រោះ​យើង​ក៏​អត់​ផ្តល់​មេរៀន​ទៅ​គេ គេ​ក៏​អត់​ចាំ​បាច់​ផ្តល់​មេរៀន​ឲ្យ​យើង ឬ​អ្នក​ណា​ដែល​ពុំ​មាន​ជាប់​សិទ្ធិ និង​កាតព្វកិច្ច​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​យើង​អត់​ត្រូវ​ការ​ទេ។ យើង​ត្រូវ​ការ​ទស្សនៈ​នយោបាយ​របស់​សមាជិក»



លោក​ថ្លែង​ដូច​នេះ​នៅ​ក្នុង​វេទិកា​យុវជន​ស្ដីពី "យន្តការ​ប្រជាធិបតេយ្យ​របស់​គណបក្ស​នយោបាយ សម្រាប់​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន" ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វ៉ាយ.អ.ឌី.ភី (YRDP) នៅ​សណ្ឋាគារ​អ៊ីមភើរៀល ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា។

លោក ឈឹម ផលវរុណ ថ្លែង​ទៀត​ថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​សន្តិភាព មិន​មែន​ជា​ប្រជាធិបតេយ្យ​នោះ​ទេ«ជំហរ ​យើង គឺ​សន្តិភាព​ជា​អាទិភាព មិន​មែន​ជា​ប្រជាធិបតេយ្យ​ទេ។ ដូច្នេះ យើង​មិន​បណ្តោយ​ឲ្យ​ប្រជាធិបតេយ្យ ឬ​ផ្នែក​ណា​មួយ​នៃ​ប្រជាធិបតេយ្យ ចាប់​សន្តិភាព​ធ្វើ​ជា​ចំណាប់​ខ្មាំង​ជា​ដាច់​ខាត។ បើ​មាន​ស្ថានភាព​បែប​នេះ យើង​ត្រូវ​តែ​ចៀរ​ប្រជាធិបតេយ្យ ឬ​ផ្នែក​ណា​មួយ​នៃ​ប្រជាធិបតេយ្យ​នៅ​កន្លៀត ឬ​នៅ​ក្នុង​បន្ទប់​ទឹក»



ផ្ទុយ​ពី​ការ​លើក​ឡើង​បែប​នេះ​របស់​លោក ឈឹម ផលវរុណ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​វិភាគ និង​យុវជន​មួយ​ចំនួន​ដែល​មាន​វត្តមាន​ក្នុង​វេទិកា​នោះ បាន​ប្រតិកម្ម​ថា វា​មិន​មែន​ជា​ជំហរ​ត្រឹមត្រូវ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា គួរ​ប្រកាន់​យក​នោះ​ទេ។

ហ៊ីង សុខសាន្ត ២០១៦ ៨៥៥
ប្រធាន​ចលនា​យុវជន​ គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ថ្លែង​ក្នុង​វេទិកា​យុវជន​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yang Chandara
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បញ្ជាក់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​មិន​ទទួល​យក​ទស្សនៈ​ពី​អ្នក​ដទៃ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​វា​ជា​ភាព​អវិជ្ជមាន ដោយសារ​វា​នឹង​ធ្វើ​ឲ្យ​បុគ្គល ឬ​ក្រុម​នោះ​ឯកោ«សម្ព័ន្ធ​ភាព​នយោបាយ​របស់​គណបក្ស​នយោបាយ គឺ​មាន​ប្រជាពលរដ្ឋ មាន​សង្គម​ស៊ីវិល ស្ថាប័ន​ជាតិ ស្ថាប័ន​អន្តរជាតិ។ បើ​គាត់​បដិសេធ (ទស្សនៈ) ទាំងអស់ ​ហ្នឹង មាន​ន័យ​ថា គាត់​ផ្តាច់​សម្ព័ន្ធ​ភាព​នយោបាយ​ហើយ ចង់​មិន​ចង់ ការ​គាំទ្រ គាត់​ទៅ​តែ​ឯង​ហើយ ហាក់​បី​ដូច​ជា​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឯកោ។ ឧទាហរណ៍​ដូចជា បុគ្គល​ម្នាក់​អ៊ីចឹង បើ​យើង​ឲ្យ​យោបល់​នរណា​ម្នាក់ ម្តង​គេ​អត់​ស្តាប់ ពីរ​ដង​គេ​អត់​ស្តាប់ គេ​លែង​និយាយ​ហើយ។ យើង​ឯកោ​តែ​ឯង ពីព្រោះ​សម័យ​នេះ​ហើយ​មិន​អាច​មាន​អ្នក​ណា​រស់នៅ​ឯកោ​តែ​ឯង​បាន​ទេ។ សូម្បី​តែ​ប្រទេស​យើង ទើប​នឹង​ងើប​ពីណា​ពី​ណី​មក ក៏​យើង​ខំ​ធ្វើ​សមាហរណកម្ម​ចូល​អាស៊ាន ចូល​តំបន់ និង​ពិភពលោក​ដែរ»




ទាក់ទង​នឹង​រឿង​សន្តិភាព​វិញ អ្នក​វិភាគ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បកស្រាយ​ថា គ្មាន​សង្គ្រាម​តែ​មួយ​មុខ មិន​រាប់​ថា​ជា​សន្តិភាព​នោះ​ទេ។ លោក​ថា សន្តិភាព​ត្រូវ​តែ​ផ្សារភ្ជាប់​ជាមួយ​ការ​គោរព​សិទ្ធិ​មនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ ធ្វើ​បែប​នេះ​ទើប​អាច​ឲ្យ​ពលរដ្ឋ​មាន​សន្តិភាព​ក្នុង​ចិត្ត«ពាក្យ ​ថា​សន្តិភាព​ហ្នឹង មិន​មែន​តែ​សន្តិភាព​សង្គម​ទេ វា​ត្រូវ​សន្តិភាព​មនុស្ស​ជាតិ​ទៅ​ទៀត។ បើ​វា​មាន​អំពើ​ហិង្សា វា​អត់​មាន​ប្រជាធិបតេយ្យ មនុស្ស​កាន់​តែ​ធុញ​ថប់​អារម្មណ៍ មនុស្ស​កាន់​តែ​ខឹង មនុស្ស​ត្រូវ​បាន​គេ​រំលោភ​បំពាន​កាន់​តែ​ច្រើន នោះ​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​អត់​សន្តិសុខ​មនុស្ស​ជាតិ​ទេ។ កាលណា​អត់​មាន​សន្តិសុខ​មនុស្ស​ជាតិ​ទេ វា​ធ្វើ​ឲ្យ​អសន្តិសុខ​ជាតិ។ កាលណា​អសន្តិសុខ​ជាតិ វា​ធ្វើ​ឲ្យ​អត់​មាន​សន្តិភាព។ អា​ហ្នឹង​វា​ត្រូវ​ចេញ​ពី​មនុស្ស»



ចំណែក​ក្រុម​យុវជន​វិញ​យល់​ឃើញ​ថា កម្ពុជា សព្វថ្ងៃ​មាន​​តែ​សន្តិភាព​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ មិន​មាន​សន្តិភាព​ខាង​ក្នុង​នោះ​ទេ ដ្បិត​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​រងគ្រោះ​ដោយសារ​ការ​រំលោភ​យក​ដីធ្លី និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជាដើម«នៅ ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន យើង​ឃើញ​ថា​ប្រទេស​អត់​មាន​ភាព​វឹកវរ​ទេ ប៉ុន្តែ​សន្តិភាព​ដែល​នៅ​ក្នុង​ចិត្ត​របស់​ពួក​គាត់​ហ្នឹង គឺ​អត់​មាន​ទេ ដោយសារ​បញ្ហា​ច្រើន​កើត​ឡើង​សម្រាប់​ពួក​គាត់ ដូចជា​បញ្ហា​ដីធ្លី បញ្ហា​ព្រៃ​ឈើ ជាដើម ដែល​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួក​គាត់។ សម្រាប់​ខ្ញុំ ប្រទេស​កម្ពុជា សព្វថ្ងៃ អត់​ទាន់​ទទួល​បាន​សន្តិភាព​ពេញលេញ​ទេ។ ពេល​ដែល​មាន​ការ​បោះឆ្នោត ឬ​មាន​ចលនា​អ្វី​មួយ​កើត​ឡើង ប្រទេស​កម្ពុជា តែង​មាន​ហិង្សា​កើត​ឡើង​ចំពោះ​ប្រជាពលរដ្ឋ រវាង​ថ្នាក់​ដឹក​នាំ អាជ្ញាធរ​ទៅ​កាន់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ពួក​គាត់​ទទួល​រង​នូវ​អំពើ​ហិង្សា ដូចជា​ការ​ចាប់​ពួក​គាត់​ដាក់​គុក ជាដើម»


បន្ថែម​ពី​លើ​នេះ ពួក​គេ​លើក​ឡើង​ស្រដៀង​គ្នា​ថា ជំហរ​មិន​ទទួល​យក​ទស្សនៈ ឬ​អនុសាសន៍​ពី​ខាង​ក្រៅ គ្មាន​ផល​ចំណេញ​អ្វី​ដល់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ«ភាគ ​ច្រើន​អង្គការ​សង្គម​ស៊ីវិល ឬ​ស្ថាប័ន​ផ្សេង​ទៀត គាត់​បាន​សិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​អំពី​បញ្ហា​ទាំងឡាយ មាន​ទិន្នន័យ​ចំពោះ​ការ​សិក្សា​ទៅ​ដល់​ប្រជាជន។ ដូច្នេះ​បក្ស​ប្រជាជន គួរ​តែ​យក​ទិន្នន័យ​ទាំង​នោះ​ដើម្បី​មក​សិក្សា​ស្រាវជ្រាវ​បន្ថែម ដោយ​មិន​សំអាង​ថា​ខ្លួន​មាន​នូវ​បញ្ញវ័ន្ត ឬ​ក៏​មាន​អ្នក​ចេះ​ដឹង​ច្រើន​ក្នុង​បក្ស ដោយ​មិន​គិត​អំពី​សមត្ថភាព​របស់​អ្នក​ដទៃ។ នេះ​វា​ជា​រឿង​ខុស​ឆ្គង​មួយ។ គាត់​គួរ​តែ​ទទួល​យក ព្រោះ​វា​ជា​ឱកាស​មួយ​ដែល​ផ្តល់​ឲ្យ​យុវជន និង​អ្នក​ដទៃ​អាច​ចូលរួម​ផ្តល់​មតិ​យោបល់​បាន។ បើ​គាត់​ធ្វើ​អ៊ីចឹង យុវជន​មិន​ហ៊ាន​បញ្ចេញ​មតិ​យោបល់ គំនិត ឬ​ទស្សនៈ​ផ្សេងៗ​ទៀត​ទេ»

ទាំង​អ្នក​វិភាគ និង​ក្រុម​យុវជន សុទ្ធតែ​លើក​ឡើង​ដូច​គ្នា​ថា ការ​បើក​ចំហ​ទទួល​យក​ពហុ​គំនិត ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ គឺ​ជា​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ធ្វើ ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​ម្ចាស់​ឆ្នោត ពិសេស​យុវជន ឲ្យ​បន្ត​បោះឆ្នោត​ជូន​គណបក្ស​នេះ​ត​ទៅ​ទៀត៕




No comments:

Post a Comment