ឯកអគ្គរដ្ឋទូត បារាំង ជួបប្រជុំ បិទទ្វារ ជាមួយប្រធានស្ដីទី គណបក្ស សង្គ្រោះជាតិ
RFA / វិទ្យុ អាស៊ី សេរី | ២០ មិថុនា ២០១៦
ជំនួប រវាង ឯកអគ្គរដ្ឋទូត បារាំង និងលោក កឹម សុខា គណបក្ស សង្គ្រោះជាតិ មិនបានអនុញ្ញាត ឲ្យអ្នកកាសែត ចូលយកព័ត៌មានទេ។ បន្ទាប់ ពីកិច្ចប្រជុំ ដែលមាន រយៈពេល មួយម៉ោង ទាំងមន្ត្រីទូត បារាំង និងគណបក្ស សង្គ្រោះជាតិ ក៏មិនបានផ្ដល់ព័ត៌មានអ្វី ជាសាធារណៈដែរ។
នេះ គឺជាជំនួបទ្វេភាគីបិទទ្វារលើកទីពីររវាងអ្នកការទូតនៃប្រទេស អឺរ៉ុប និងមន្ត្រីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់ លោក ហ្គើត មូលើរ (Gerd Muller) បាន ជួបលោក កឹម សុខា ដូចគ្នានេះដែរ កាលពីថ្ងៃទី១៥ មិថុនា។ ជំនួបបន្តបន្ទាប់នេះ គឺក្រោយពេលដែលសភាអឺរ៉ុប ចេញសេចក្ដីថ្លែងការណ៍បង្ហាញកង្វល់របស់ខ្លួន អំពីស្ថានការណ៍នយោបាយនៅកម្ពុជា តឹងតែង ដែលគណបក្សនយោបាយទាំងពីរមិនទាន់ជួបចរចាគ្នា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ជាក់អំពីលទ្ធផលនៃជំនួបបិទទ្វាររវាងឯកអគ្គរដ្ឋទូតបារាំង និងលោក កឹម សុខា នេះបានទេ រហូតមកដល់ល្ងាចថ្ងៃទី២០ មិថុនា។
ជំនួយការមួយរូបឆ្លើយតបទូរស័ព្ទថា មន្ត្រីជាន់ខ្ពស់ទាំងនោះ កំពុងជាប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សរបស់ខ្លួន៕
No comments:
Post a Comment