Paris Peace Accords 23 Oct. 1991

Thursday, June 16, 2016

រដ្ឋាភិបាល ថា, អ្នក ក្លែងញត្តិ ថ្វាយ ព្រះមហាក្សត្រ អាចជាប់ទោស ដល់៥ឆ្នាំ | Govt says those who forge petition to king may be imprisoned up to 5 yrs

រដ្ឋាភិបាល ថា, អ្នក ក្លែងញត្តិ ថ្វាយ ព្រះមហាក្សត្រ អាចជាប់ទោស ដល់៥ឆ្នាំ
VOD / វីអូឌី |
១៥ មិថុនា ២០១៦

  ញត្តិរបស់គណបក្ស​សង្រ្គោះជាតិ​ ពេល​ដង្ហែទៅ​ថ្វាយព្រះមហាក្សត្រ​​កាល​ពីពេល​កន្លងទៅAudio Player
00:00
00:00

មន្រ្តី រដ្ឋាភិបាល ថា, អ្នក ថ្វាយញត្តិ និងអ្នក ហែញត្តិ ថ្វាយ ព្រះមហាក្សត្រ អាចប្រឈម ទោសព្រហ្មទណ្ឌ ទាក់ទង នឹងការក្លែង ឯកសារ សាធារណៈ ដោយសារ ក្រុមស្រាវជ្រាវ រកឃើញ ថា, ស្នាមមេដៃ មានភាព មិនប្រក្រតី ច្រើន។

កាលពីថ្ងៃ ទី៣០ ខែឧសភា តំណាងរាស្រ្ត គណបក្សប្រឆាំង បានហែញត្តិ ដែលមាន ស្នាមមេដៃ ប្រជាពលរដ្ឋ ជាង ១៧ម៉ឺន នាក់ ថ្វាយព្រះមហាក្សត្រ ដើម្បី ស្នើសុំ អន្តរាគមន៍ ឲ្យស្ថាប័នរដ្ឋ គោរព អភ័យឯកសិទ្ធិ តំណាងរាស្រ្ត។  ក្រោយការថ្វាយ ញត្តិនោះ, លោក នាយករដ្ឋមន្រ្តី បានសម្រេច ឲ្យក្រសួង មហាផ្ទៃ ធ្វើការ ស្រាវជ្រាវ រកម្ចាស់ ស្នាមមេដៃ ដោយផ្ទាល់ និងថា,ធ្វើកោសលវិច្ច័យ ទៅលើ ស្នាមមេដៃ ទាំងនោះ។

អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ ថា, ក្រុមស្រាវជ្រាវរកឃើញថាញត្តិថ្វាយព្រះមហាក្សត្រនោះមានស្នាមមេដៃខុសប្រក្រតីច្រើន ហើយលោកថាអ្នកថ្វាយញត្តិអាចប្រឈមបទល្មើសព្រហ្មទណ្ឌទាក់ទងនឹងការក្លែងឯកសារសាធារណៈដែលអាចជាប់ទោសពី៦ខែទៅ៥ឆ្នាំ។ 

លោក បន្ថែមថា, ការរកឃើញ ភាពមិនប្រក្រតី នោះ មានដូចជា ឯកសារខ្លះ មានមនុស្សម្នាក់ ផ្ដិតមេដៃ ២ ទៅ៣ ដង, ឯកសារខ្លះ មានស្នាមមេដៃ អត់អាសយដ្ឋាន, និងឯកសារ ខ្លះទៀត មានស្នាមមេដៃ ជាន់គ្នា ច្រើន, សរុប ប្រមាណ ៣០ ភាគរយ នៃស្នាមមេដៃ សរុប។

លោក បន្ថែមថា៖ «អ្នក ដង្ហែញត្តិ និងថ្វាយ ព្រះករុណា គឺ ដង្ហែញត្តិ ស្នាមមេដៃ ក្លែងក្លាយ ថ្វាយព្រះករុណានេះ ជាកំហុសមួយ ធ្ងន់ណាស់ ខាងផ្លូវ សីលធម៌, ទីមួយ,  ហើយ បើ តាមផ្លូវច្បាប់ ក៏គេ អាចចោទប្រកាន់ តាមនីតិវិធីដែរ, ការក្លែង ឯកសារ សារធារណៈ…អាហ្នឹង មានទោស ព្រហ្មទណ្ឌ ពី៦ខែ ទៅ៥ឆ្នាំ, អាហ្នឹង បើ តាមច្បាប់ ក្លែងឯកសារ សាធារណៈ។»

ប៉ុន្តែគណបក្សសង្រ្គោះជាតិបានប្រកាសថា បើចង់ដឹងថាអ្នកផ្តិតស្នាមមេដៃនោះមានឈ្មោះពិតឬមិនពិត រដ្ឋាភិបាលគួតែឲ្យអ្នកទាំងនោះឡើងមកជុំគ្នានៅមុខវាំង។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍នៅថ្ងៃនេះថាការស្រាវជ្រាវស្នាមមេដៃនោះគណបក្សសង្គ្រោះជាតិមិនបានចូលរួមក្នុងការពិនិត្យទេ ដូច្នេះមិនដឹងថាមានភាពមិនប្រក្រតីពិតប្រាកដឬយ៉ាងណានោះទេ។ លោកបន្ថែមថាក្នុងនាមជាតំណាងរាស្រ្តសុខចិត្តដើរចូលគុក បើសិនជាជាប់ទោសព្រហ្មទណ្ឌ ដោយគ្រាន់តែប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដើម្បីដាក់ទៅកាន់ស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍។
លោក មានប្រសាសន៍ថា៖ «ក្រុមតំណាងរាស្ត្រ ៥៥រូបដែលដង្ហែញត្តិថ្វាយព្រះករុណ បើមានទោសព្រហ្មទណ្ឌហើយចាត់ទុកថាជារឿងធ្ងន់ធ្ងរ ដោយសារបំពេញតួនាទីជាអ្នកតំណាងរាស្ត្រទទួលញត្តិពីប្រជាពលរដ្ឋយកទៅថ្វាយស្ថាប័នព្រះមហាក្សត្រយកទៅប្រគល់ជូនស្ថាប័នពាក់ព័ន្ធជូនអន្តរាគមន៍ ទោសព្រហ្មទណ្ឌមួយឆ្នាំឬពីរឆ្នាំ ៥៥នាក់បើកទ្វាគុកដើរចូលគុកតែម្ដង។»

ទោះបីជាមានការស្រាវជ្រាវនិងធ្វើកោសលវិច្ច័យក៏ដោយ គណបក្សសង្គ្រោះជាតិនៅតែបន្តប្រមូលស្នាមមេដៃជាលើកទី២ដោយប្រកាសនៅថ្ងៃពុធនេះថាខ្លួនទទួលស្នាមមេដៃជាងកើនដល់២៦ម៉ឺននាក់ពីតំណាងប្រជាពលរដ្ឋមកពីបណ្តារាជធានី-ខេត្តទាំង២៥។ គណបក្សថាស្នាមមេដៃទាំងនោះសម្រាប់ដាក់ជាញត្តិថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍ឲ្យស្ថាប័នរដ្ឋគោរពសិទ្ធិប្រជាពលរដ្ឋនិងអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត។ ក្នុងដំណើការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនេះ មន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិមួយចំនួនត្រូវបានអាជ្ញាធរឃាត់ខ្លួននិងបានឲ្យចុះកិច្ចសន្យាបញ្ឈប់ការដើរប្រមូលស្នាមមេដៃនេះ៕



No comments:

Post a Comment