លោក ហ៊ុន សែន ប្រកាស ជំហរ មិន លូកដៃ ចូលក្នុងជម្លោះ សមុទ្រចិន ខាងត្បូង
RFA / វិទ្យុ អាស៊ី សេរី | ២៨ មិថុនា ២០១៦
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា
អ្នកស្រី ពូ ជៀនហ្គ័រ (Bu Jianguo) (ឆ្វេង) លោក ហេង សំរិន (កណ្ដាល) និងលោក
ហ៊ុន សែន (ស្ដាំ) ក្នុងពិធីប្រារព្ធខួប
៦៥ឆ្នាំគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។
RFA/Brach Chev
ជម្លោះនៅសមុទ្រចិនខាងត្បូង គឺជាប្រធានរឿងអន្តរជាតិតែមួយគត់ដែលប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន លើកយកមកនិយាយដើម្បីបង្ហាញពីជំហរនយោបាយការបរទេសរបស់កម្ពុជា ចំពោះជម្លោះនេះ។
ថ្លែងចំពោះមុខប្រមុខការទូតនានាដែលចូលរួមក្នុងពិធី ជាពិសេសប្រមុខការទូតប្រទេសចិន និងវៀតណាម ដែលជាប្រទេសជាប់ពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះ លោក ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជា ចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង ជាបញ្ហាអធិបតេយ្យរវាងបណ្ដាប្រទេសដែលមានការពាក់ព័ន្ធក្នុងជម្លោះ មិនមែនជាបញ្ហារវាងប្រទេសចិន និងសមាគមអាស៊ាននោះទេ។
ផ្ទុយទៅវិញ លោក ហ៊ុន សែន ជំរុញឲ្យបណ្ដាប្រទេសដែលមានការពាក់ព័ន្ធ ដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី ដោយលោកបញ្ជាក់ថា មានតែប្រទេសពាក់ព័ន្ធប៉ុណ្ណោះ ទើបមានលទ្ធភាពដោះស្រាយជម្លោះនេះ អាស៊ានគ្មានលទ្ធភាពធ្វើជំនួសឲ្យប្រទេសពាក់ព័ន្ធក្នុងជម្លោះនោះ ទេ។
លើសពីនេះ លោក ហ៊ុន សែន ក៏ប្រកាសអំពាវនាវឲ្យប្រទេសមិនមានជាប់ពាក់ព័ន្ធក្នុងជម្លោះ បញ្ឈប់ការជ្រៀតជ្រែកលើបញ្ហាសមុទ្រចិនខាងត្បូង និងឈប់យកបញ្ហានេះធ្វើជាឧបករណ៍តថ្លៃ ឬជាចំណាប់ខ្មាំងនៅក្នុងសម័យប្រជុំថ្នាក់តំបន់ និងអន្តរជាតិនានា។ លោក ហ៊ុន សែន បញ្ជាក់ថា អាស៊ានមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ មិនមែនមានតែបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ៖ «កម្ពុជា ធ្លាប់ជាជនរងគ្រោះនៃបញ្ហាសមុទ្រចិនខាងត្បូងម្តងហើយម្តងទៀត តាមរយៈការចោទប្រកាន់ដោយអយុត្តិធម៌ ហើយសង្ឃឹមថាប្រទេសផ្សេងទៀតដែលគ្មានការពាក់ព័ន្ធ នឹងមិនទទួលរងនូវភាពអយុត្តិធម៌ដូចកម្ពុជា នោះទេ។»
បើទោះជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រួមទាំងលោក ហ៊ុន សែន ធ្លាប់ត្រូវបានវៀតណាម លើកបន្តុបឲ្យឡើងកាន់អំណាចក្រោយពីរបបខ្មែរក្រហមដួលរលំក៏ដោយ ប៉ុន្តែនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនេះ លោក ហ៊ុន សែន ហាក់មិនបានបង្ហាញជំហរគាំទ្រតាមការចង់បានរបស់វៀតណាម និងប្រទេសក្នុងសមាគមអាស៊ានមួយចំនួនទៀត ដែលចង់ឃើញជម្លោះនៅសមុទ្រចិនខាងត្បូង ត្រូវបានដោះស្រាយក្នុងក្របខ័ណ្ឌរួមរវាងអាស៊ាន និងចិន ឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជា នឹងប្រឆាំងចំពោះការចេញសេចក្តីថ្លែងការណ៍រួមណាមួយរបស់អាស៊ាន ដែលគាំទ្រសាលដីការបស់តុលាការមជ្ឈត្តការ (Permanent Court of Arbitration) ពាក់ព័ន្ធ នឹងជម្លោះនៅសមុទ្រចិនខាងត្បូងឡើយ ព្រោះកម្ពុជា ចាត់ទុកថា វាគឺជាការឃុបឃិតនយោបាយដ៏អាក្រក់បំផុត ដែលលទ្ធផលអាចនឹងនាំទៅដល់ការបែកបាក់រវាងប្រទេសអាស៊ានគ្នាឯងផង និងរវាងអាស៊ាន និងចិន ផង។
ការប្រកាសជំហររបស់កម្ពុជា នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង នៅក្នុងពិធីរំឭកខួប ៦៥ឆ្នាំរបស់គណបក្សមួយដែលគេដឹងគ្រប់គ្នាថា ត្រូវបានបង្កើតឡើងក្រោមការជួយជ្រោមជ្រែងរបស់វៀតណាម ដូចនេះ ប្រហែលជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ចង់បង្ហាញឲ្យគេមើលឃើញថា គណបក្សប្រជាជនកម្ពុជា មិនស្ថិតនៅក្រោមឥទ្ធិពលប្រទេសណាមួយឡើយ ជាពិសេសប្រទេសវៀតណាម តែម្តងនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះ។
កាលពីពេលថ្មីៗនេះ កម្ពុជា ក៏បានច្រានចោលការចោទប្រកាន់ដែលថា កម្ពុជា បានបំផ្លាញការចេញសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងនៅក្នុងទីក្រុងគុនមីញ (Kunming) ប្រទេស ចិន និងនៅភ្នំពេញកាលពីឆ្នាំ២០១២។ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា កំហុសគឺមកពីប្រទេសវៀតណាម និងហ្វីលីពីន ទៅវិញទេ ដែលបដិសេធមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយសារអាស៊ានមិនបានបញ្ចូលបញ្ហាសមុទ្រចិនខាងត្បូង ទៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួននៅក្នុងឆ្នាំ២០១២ នោះ៕
No comments:
Post a Comment