លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
|
លោក ហ៊ុន សែន អះអាង ថា, រដ្ឋាភិបាល មិនខ្លាច ការគំរាម ផ្ដាច់ជំនួយ ពីបរទេស ឡើយ
RFA / វិទ្យុ អាស៊ី សេរី | ១៣ មិថុនា ២០១៦
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ ទី១៣ មិថុនា អះអាង ថា, លោក មិនខ្លាច ការគំរាម ផ្ដាច់ជំនួយ របស់ បរទេសឡើយ ព្រោះ វា នឹងមិន ប៉ះពាល់ ដល់រដ្ឋាភិបាល របស់លោក ទេ។ ទន្ទឹម នឹងការ មិនខ្វល់ ពីការគំរាម ផ្ដាច់ជំនួយ, លោក ហ៊ុន សែន ក៏បាន លើកសរសើរ ពីគុណសម្បត្តិ ជាច្រើន របស់ រដ្ឋាភិបាល ចិន។ ក៏ប៉ុន្តែ អ្នកឃ្លាំមើល ការអភិវឌ្ឍ សង្គម ព្រមាន ថា, ភាពព្រងើយ កន្តើយ របស់ រដ្ឋាភិបាល ចំពោះ ការគំរាម បង្កក ជំនួយ នឹងធ្វើ ឲ្យពលរដ្ ឋកម្ពុជា ជួបគ្រោះ មហន្តរាយ។ទោះបីជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាន និយាយ ចំៗ ថា, រដ្ឋាភិបាល បរទេស មួយ ណាក្ដី ក៏គេ ដឹងជាទូទៅ ថា, លោក សំដៅ ដល់សហភាព អឺរ៉ុប ដែលកាល ពីពេល ថ្មីៗនេះ សភា សហភាព អឺរ៉ុប បានអនុម័ត សេចក្តីសម្រេច មួយ ដាក់សម្ពាធ ដល់រដ្ឋាភិបាល កម្ពុជា ដោយព្រមាន បង្កក ជំនួយ អភិវឌ្ឍន៍ ដល់កម្ពុជា ប្រសិនបើ មិនមាន ការដោះលែង សកម្មជន ការពារ សិទ្ធិមនុស្ស និងបញ្ឈប់ ការធ្វើ ទុក្ខបុកម្នេញ គណបក្សប្រឆាំង នោះទេ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និងសម្ពោធមជ្ឈមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវវិថីសូត្រសមុទ្រ ឧបត្ថម្ភដោយរដ្ឋាភិបាលចិន លោក ហ៊ុន សែន ថ្លែងបែបចំអកទៅរដ្ឋាភិបាលបរទេសណាដែលគំរាមផ្ដាច់ជំនួយដល់កម្ពុជា ថា ប្រសិនបើផ្ដាច់ជំនួយមែន លោកក៏មិនខ្លាចដែរ ព្រោះចំណាត់ការនោះនឹងប៉ះពាល់ដល់ក្រុមអង្គការសង្គមស៊ីវិល ប្រើប្រាស់ជំនួយរបស់រដ្ឋាភិបាលប្រទេសទាំងនោះ មិនមែនប៉ះពាល់រដ្ឋាភិបាលរបស់លោកនោះទេ ។
ទន្ទឹមនឹងនេះ លោក ហ៊ុន សែន បានលើកសរសើរពីគុណសម្បត្តិជាច្រើនរបស់រដ្ឋាភិបាលចិន ដែលជាប្រភពប្រាក់កម្ចីចម្បងមួយដែលមានការប្រាក់ខ្ពស់ជាងគេ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងក្នុងតំបន់អាស៊ី ប៉ុន្តែលោកថ្លែងការពារខ្លួនថា លោកមិនស្ថិតក្រោមឥទ្ធិពលចិន ឡើយ។
ភ្លាមៗក្រោយសុន្ទរកថានោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្ដីថ្លែងការណ៍មួយបន្ទរប្រសាសន៍លោកនាយករដ្ឋមន្ត្រី ដោយចោទប្រកាន់សភាអឺរ៉ុប ថាកំពុងអនុវត្ត «ស្តង់ដារ ពីរ» នៅ ពេលវាយតម្លៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ក្រៅពីនេះ ក្រសួងការបរទេសកម្ពុជា ក៏បានចោទក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិសរុប ៤,៦៣៧ អង្គការ នៅកម្ពុជា មានអង្គការក្រៅរដ្ឋាភិបាល មួយចំនួន «ជាប់ពាក់ព័ន្ធ សកម្មភាព នយោបាយ ក្រោមការ ឧបត្ថម្ភ ពីស្ថាប័ន បរទេស។»
ចំពោះភាពព្រងើយកន្តើយរបស់រដ្ឋាភិបាលទៅនឹងការព្រមានបង្កក ជំនួយពីសហភាពអឺរ៉ុប នេះ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោក កែម ឡី លើកឡើងថា អ្នករងគ្រោះពិតប្រាកដពីការបង្កកជំនួយរបស់សហភាពអឺរ៉ុប គឺពលរដ្ឋកម្ពុជា ទូទាំងប្រទេស នៅពេលគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាលប្រើប្រាស់ជំនួយពីសហភាពអឺរ៉ុប លែងដំណើរការ។
ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ មិថុនា លោក កែម ឡី លើកឡើងថា រដ្ឋាភិបាលមិនត្រូវអាងជំនួយពីប្រទេសចិន ដែលមិនគិតពីការគោរពសិទ្ធិមនុស្ស ហើយមិនអើពើនឹងការព្រមានរបស់សហភាពអឺរ៉ុប ឡើយ ។
សហភាពអឺរ៉ុប ជាម្ចាស់ជំនួយអភិវឌ្ឍន៍ធំបំផុតរបស់កម្ពុជា ចាប់ពីឆ្នាំ១៩៩២ មក។ ជំនួយសរុបពីសហភាពអឺរ៉ុប ស្មើនឹងប្រមាណ ២២% នៃ ជំនួយអភិវឌ្ឍន៍សរុបរបស់បរទេសដល់កម្ពុជា ក្នុងនោះ ជំនួយឥតសំណងក្នុងមួយឆ្នាំៗដែលកម្ពុជា ទទួលបានពីសហភាពអឺរ៉ុប មានទឹកប្រាក់ជាមធ្យមពី ១៣០លាន ទៅ ១៥០លានដុល្លារអាមេរិក ផ្ដោតលើវិស័យនានា រួមមានសុខាភិបាល អប់រំ កសិកម្ម អភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមព្រមានថា មហន្តរាយនឹងកើតមានឡើងដល់ពលរដ្ឋខ្មែរ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមិនខ្វល់ខ្វាយនឹងចំណាត់ការរបស់សហភាពអឺរ៉ុប ទេនោះ៕
No comments:
Post a Comment