(រូបភាពឯកសារ) សិស្សសាលាជិះក្បូនទៅចូលរួមបវេសនកាលនៅសាលាបឋមសិក្សាCasili ក្នុងតំបន់ដាច់ស្រយាលនៃស្រុកMontalban ខេត្តRizal ភាគខាងជើងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។ |
កុមារ រាប់លាននាក់ មិនបានទទួល ការអប់រំ នៅសាលារៀន
VOA / វីអូអេ | ២៣ មិថុនា ២០១៦
របាយការណ៍ ថ្មីមួយ បានបង្ហាញ ថា,
កុមារ រាប់លាននាក់ នៅទូទាំង ពិភពលោក មិនបាន ចូលរៀនឡើយ
ដោយសារតែ មានការ រើសអើង, ថ្លៃសិក្សាខ្ពស់,
ការរំលោភបំពាន, និងអំពើហិង្សា,
បូក រួមទាំង ការបៀតបៀន ផ្លូវភេទ ជាដើម។
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស
បានបញ្ចេញ លទ្ធផល នៃការ រកឃើញនេះ នៅមុនពេល កិច្ចប្រជុំ អន្តរជាតិ
ស្តីពី ការអប់រំ ក្នុងខែមិថុនា នៅប្រទេស ន័រវែស។
WASHINGTON —
របាយការណ៍ ដែលមាន ៨៥ទំព័រ និងមាន ចំណងជើង ថា ឱនភាព នៃវិស័យអប់រំ បង្ហាញអំពី «បរាជ័យ ក្នុងការ ការពារ និងការបំពេញ សិទ្ធិ ទទួលបាន ការអប់រំ។»
លទ្ធផលក្នុងរបាយការណ៍ការនេះផ្អែកលើការស្រាវជ្រាវក្នុងប្រទេសជាង ៤០។ នាង Elin Martinez ដែលជាអ្នកស្រាវជ្រាវអំពីសិទ្ធិកុមារនៃអង្គការ ឃ្លាំមើលសិទ្ធិមនុស្សនិយាយថា៖ «យើងកំពុងនិយាយអំពីកុមារ និងក្មេងជំទង់ជាង១២០លាននាក់ដែលមិនទាន់បានចូលរៀននៅឡើយ។ តាមរយៈការព្យាករណ៍ជាសកល កុមារមួយចំនួនក្នុងចំណោមពួកគេប្រហែលមិនដែលបានចូលរៀនទាល់តែ សោះ ដែលក្នុងនោះក្មេងស្រីជាង៣១លាននាក់ ដែលបានបោះបង់ចោលការសិក្សាពីព្រោះតែកង្វះធនធាន និងឆន្ទៈនយោបាយ។»
នាង Martinez និយាយថា តួលេខផ្លូវការរបស់ អ.ស.ប. ដែលថាមានតែកុមារ ១២៤លាននាក់ប៉ុណ្ណោះមិនបានចូលរៀននោះ គឺអាចជាតួលេខដែលទាបពេកហើយ។ នាងបន្តថា រដ្ឋាភិបាលនៃប្រទេសជាច្រើនមិនមានលទ្ធភាពប្រមូលព័ត៌មានជាក់លាក់នៃ ចំនួនកុមារ និងមូលហេតុដែលកុមារខកខានមិនបានចូលរៀនទេ។
មានកុមារជាច្រើនទៀតដែលយើងមិនទាន់រកឃើញនៅឡើយ បើទោះជាតួលេខនេះធំក៏ដោយ ពីព្រោះការរើសអើងកំពុងតែកើតឡើងក្នុងប្រទេសផ្សេងៗទៀតជាច្រើនដែល មិនចាំបាច់ត្រូវកត់ត្រាក្នុងកម្រិតសកលទេ។ ហើយក្នុងករណីបែបនេះមានកុមាររាប់លាននាក់។ ឧទាហរណ៍ ដូចជាករណីនៅប្រទេសអាហ្វ្រិកខាងត្បូង ការស្រាវជ្រាវបានរកឃើញថា កុមារដែលពិការជាងកន្លះលាននាក់មិនបានចូលរៀនទេ។ ករណីនេះគឺវាកើតឡើងក្នុងប្រទេសដែលបានប្រកាសថា ខ្លួនបានសម្រេចបានគោលដៅការអប់រំកម្រិតបឋមសិក្សាសាកល នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។
របាយការណ៍ដដែលនេះក៏បានរិះគន់លើការដាក់ទណ្ឌកម្មលើរាងកាយផងដែរ ដោយហៅការដាក់ទណ្ឌកម្មបែបនេះថាជា «ការធ្វើឲ្យបាត់បង់តម្លៃ ហើយស្មើនឹងការដាក់ទារុណកម្ម» ដូច្នោះដែរ។ របាយកាណ៍នោះក៏បានបង្ហាញដែរថា ប្រព័ន្ធបែបនេះបាន «រីករាលដាលក្នុងប្រទេសជាច្រើន រួមមាន តង់សានី អាហ្រ្វិកខាងត្បូង និងបណ្តារដ្ឋជាច្រើននៅសហរដ្ឋអាមេរិក។»
នាង Martinez និយាយថា ឧបសគ្គចម្បងមួយទៀតនៃវិស័យអប់រំគឺបញ្ហាហិរញ្ញវត្ថុ។
ថ្លៃសិក្សាគឺជាឧបសគ្គដ៏ធំធេងមួយសម្រាប់កុមាររាប់លាននាក់។ កុមារភាគច្រើនដែលយើងបានសម្ភាស គឺក្រុមកុមារមកពីគ្រួសារក្រីក្រ ឬកុមារដែលប្រឈមមុខនឹងការហាមឲ្យចូលរៀនដោយហេតុតែពួកគេរស់នៅ ក្នុងក្រុមណាមួយ។ ពួកគេនៅតែប្រឈមនឹងការបង់ថ្លៃសិក្សា បើទោះជាគ្រប់ប្រទេសទាំងអស់ដែលបានចុះហត្ថលេខាលើអនុសញ្ញាស្តីពី សិទ្ធិកុមារ និងអនុសញ្ញាអន្តរជាតិនានា ដែលបានចែងបំបាត់ការបង់ថ្លៃសិក្សានៅកម្រិតអប់រំបឋមសិក្សាយ៉ាងណាក្តី។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបង្ហាញថា កុមារីប្រឈមឧបសគ្គរាប់ជំពូកក្នុងការសិក្សា។ ឧបសគ្គទាំងនោះរួមមានទាំង «ការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាដោយគ្រូបង្រៀន និងមិត្តភក្តិ ការធ្វើតេស្តមើលព្រហ្មចារី ការធ្វើតេស្តមើលការមានផ្ទៃពោះដែលច្បាប់កណត់ កង្វះសម្ភារបរិក្ខាសម្រាប់រក្សាការសម្ងាត់ពេលមករដូវ ភាពថ្លៃថ្នូរ និងការរៀបការនៅវ័យក្មេង។»
កុមារដែលឆាប់រៀបការភាគច្រើនជាកុមារី ដែលឱពុកម្តាយពួកគេចាប់រៀបការដោយសារពួកគាត់មិនអាចផ្គត់ផ្គង់ ការសិក្សាកូនៗរបស់គាត់ និងគិតថាពួកគាត់អាចកាត់បន្ថយការចំណាយបានខ្លះដោយការរៀបការកូនៗ ទាំងនោះ។ យើងបានរកឃើញករណីបែបនេះក្នុងប្រទេសជាច្រើន ដូចជាប្រទេសឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងនៅប្រទេសតង់សានី។
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អ.ស.ប. ថ្មី (SDGs) បានប្រកាសឲ្យមាន «ការធានាបាននូវការអប់រំសម្រាប់ទាំងអស់គ្នាប្រកបដោយគុណភាព និងបរិយាប័ន្នត្រឹមឆ្នាំ២០៣០»។ គោលដៅនេះ គឺជាលើកទីមួយហើយដែលបានកំណត់យកការអប់រំកម្រិតមធ្យមសិក្សាជាទិស ដៅសកល។ ប៉ុន្តែអ្នកស្រី Martinez និយាយថា ការបេ្តជ្ញាចិត្តជាច្រើនក៏ត្រូវធ្វើឲ្យបានសម្រេចនៅមុនពេលដែល គោលដៅអភវិឌ្ឍន៍ប្រកបដោយចីរភាពអាចសម្រេចបាន។
ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក បានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ លើកលែងតែសហរដ្ឋអាមេរិក។ អនុសញ្ញានេះ បានចែងយ៉ាងច្បាស់ថា កុមារទាំងអស់មានសិទ្ធិក្នុងការទទួលបានការអប់រំកម្រិតបឋមសិក្សា ដោយឥតគិតថ្លៃនិងជាកាតព្វកិច្ច។ កុមារទាំងនោះក៏មានសិទ្ធិទទួលបានការអប់រំកម្រិតមធ្យមសិក្សា ហើយប្រទេសនីមួយៗត្រូវធានាឲ្យមានការអប់រំ និងឥតគិតថ្លៃជាបន្តបន្ទាប់ ដល់កុមារទាំងអស់ក្នុងទឹកដីរបស់ខ្លួន។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានបង្ហាញដែរថា ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងមធ្យម បាន «បង្កើតឧបសគ្គដល់ការទទួលបានការអប់រំតាមរយៈការអនុវត្តបែប រើសអើងលើកុមារជនជាតិភាគតិច ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ក៏ដូចជាកុមារីកុមារាស្រឡាញ់មនុស្សភេទដូចគ្នា កុមារស្រឡាញ់ភេទទាំងពីរ និងកុមារដែលវះកាត់ប្តូរភេទ។
កិច្ចប្រជុំកំពូលភាពជាដៃគូសកលសម្រាប់ការអប់រំ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ទី១៦ ខែមិថុនា នៅប្រទេសន័រវែស៕
No comments:
Post a Comment