គ.ជ.ប. ប្រគល់ សិទ្ធិ ឲ្យអាជ្ញាធរ មូលដ្ឋាន ជាអ្នក ចុះឈ្មោះ បោះឆ្នោត តាមប្រព័ន្ធ ទំនើប
VOD / វីអូឌី |
Audio Player
00:00
00:00
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) បានសម្រេច ប្រគល់សិទ្ធិ ដល់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ជាអ្នកពិនិត្យ បញ្ជីឈ្មោះ និងការ ចុះឈ្មោះ បោះឆ្នោត ថ្មី តាមប្រព័ន្ធ កុំព្យូទ័រ សម្រាប់ ការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ ខាងមុខ។
ក្នុងសេចក្ដីសម្រេច មួយ ចុះថ្ងៃ ទី៣១ ខែឧសភា, គ.ជ.ប. បានធ្វើ ប្រតិភូកម្ម អំណាច ដល់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ឲ្យដើរ តួនាទី ជាតំណាង គ.ជ.ប. ក្នុងការ ពិនិត្យបញ្ជី ឈ្មោះ និងការ ចុះឈ្មោះ បោះឆ្នោត ក្នុងបញ្ជី បោះឆ្នោត សម្រាប់ ឃុំ-សង្កាត់ រៀងៗខ្លួន។
អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា មានប្រសាសន៍ ថា, ការប្រគល់ សិទ្ធិ ឲ្យក្រុមប្រឹក្សា ឃុំ-សង្កាត់ ជាអ្នក ធ្វើកិច្ចការនេះ ដោយថា ពួកគេ ដឹងពីភូមិសាស្រ្ត និងស្គាល់ ប្រជាពលរដ្ឋ ច្រើនជាង មន្រ្តី គ.ជ.ប. ដែលអាច ជួយសម្រួល ដល់ការពិនិត្យ បញ្ជីឈ្មោះ និងការ ចុះឈ្មោះ បោះឆ្នោត។
លោក បន្ថែម ថា, ការពិនិត្យ និងចុះ បោះឆ្នោតនេះ ធ្វើតាម ប្រព័ន្ធកុំព្យូទ័រនេះ គ.ជ.ប. ជាអ្នក ជ្រើសតាំង ប្រធាន ក្រុមការងារ ដែលមាន សមត្ថភាព លើការងារនោះ។
លោក បន្ថែមថា៖ បច្ចេកវិទ្យាថ្មីនេះ មនុស្សជំនាញ សំខាន់ៗ គ.ជ.ប. ជាអ្នក ជ្រើសរើស, ជាអ្នក បណ្ដុះបណ្ដាល។ ផ្ទុយទៅវិញ អាជ្ញាធរ ជាចាស់ទុំ នៅទីនោះ ដើម្បី សម្រួល និងរៀបរយ ដល់ការងារ ទាំងឡាយ ដែលទាក់ទង នឹងប្រជាពលរដ្ឋ។ អញ្ចឹង បញ្ហាប្រសិទ្ធិភាព គ.ជ.ប. បានសិក្សា រួចហើយ គ.ជ.ប បានធ្វើការ ចុះឈ្មោះ សាកល្បង រួចហើយ ថា, យើង ពិតជាត្រូវការ អាជ្ញាធរ ឃុំ-សង្កាត់ ដើម្បី ចូលរួម និងសហការ ជាមួយយើង។
សហភាព អឺរ៉ុប ប្រកាស ផ្តល់ថវិកា ប្រមាណ ជា១០លាន អឺរ៉ូ ដើម្បី ជួយធ្វើ កំណែទម្រង់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ឈានទៅ លុបបំបាត់ ភាពមិនប្រក្រតី ក្នុងការ បោះឆ្នោត នៅកម្ពុជា, ហើយ អ្នកជំនាញ ជប៉ុន ៣នាក់ បានជួយ គ.ជ.ប. តាំងពីឆ្នាំ មុនមក។
នាយកប្រតិបត្ តិនៃអង្គការ ឃ្លាំមើល ការបោះឆ្នោត មួយ ហៅកាត់ ថានិចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ ថា, បើ ទោះបីជា គ.ជ.ប. ផ្តល់អំណាច ទៅឲ្យ អាជ្ញាធរ ឃុំ-សង្កាត់ ធ្វើកិច្ចការនេះ ក៏ដោយ, តែ លោក យល់ថា នឹងល្អប្រសើរ ជាងមុន ដោយសារ មានការ ចូលរួម ពីអ្នកជំនាញ ដែលជ្រើសតាំង
ដោយ គ.ជ.ប.។
លោក បន្ថែម ថា, មូលហេតុ ដែលការ ចុះឈ្មោះ បោះឆ្នោត កន្លងទៅ មានភាព មិនប្រក្រតី ច្រើន ព្រោះ ធ្វើឡើង ដោយស្មៀនឃុំ តែឯង ដោយមិនមាន ភាគី ពាក់ព័ន្ធ ចូលរួម។
លោក បន្ថែមថា៖ គ្រាន់តែ ចំណុច អវិជ្ជមាន ដូចលើកមុន ឃុំ-សង្កាត់ ជាអ្នក គ្រប់គ្រង ផ្ទាល់ហ្មង, គឺ ស្មៀនឃុំ ឯករាជ្យ ធ្វើតែ ម្នាក់ឯង, ហើយ ឃុំ-សង្កាត់ គ្រាន់តែ មើលពីលើ។ តែ អានេះ មានក្រុម ការងារ ចុះឈ្មោះ បោះឆ្នោត, មានការី កុំព្យូទ័រ ដែលជ្រើសរើស ដោយ គ.ជ.ប., ហើយ ឃុំ-សង្កាត់ហ្នឹង អាចជួយ ដោះស្រាយ បណ្ដឹង -- បណ្ដឹង តវ៉ា, បណ្ដឹង ជំទាស់ នៅពេលដែលអ្នក អត់មាន សិទ្ធិ ចុះឈ្មោះ បោះឆ្នោត, តែ ត្រូវ បានចុះ។ អញ្ចឹង ក្រុមប្រឹក្សា ឃុំ មានតួនាទី ហ្នឹង។
កាលពីថ្ងៃ ទី២៧ ខែមេសា នាយកប្រតិបត្តិ នៃអង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា បានដឹកនាំ ប្រតិភូ នៃអង្គការ ធ្វើការ លើការ បោះឆ្នោត ចំនួន ១០ ចូលជួប ពិភាក្សា ជាមួយនឹងប្រធាន គ.ជ.ប. ដោយថា នឹងដាក់ អ្នកសង្កេតការណ៍ ឲ្យបានគ្រប់ ឃុំ-សង្កាត់ ចំនួន ១,៦៣៣ ដើម្បី សង្កេតមើល ដំណើរការ ចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៦។
គួរបញ្ជាក់ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ថ្ងៃចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦, ហើយ រដ្ឋាភិបាល ក៏បានកំណត់យកថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤គឺត្រូវធ្វើនៅថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ២០១៧៕
No comments:
Post a Comment