ស្ត្រី ៧នាក់ ត្រូវ សមត្ថកិច្ច ចាប់ខ្លួន នៅសង្កាត់ ព្រៃស ក្នុងយុទ្ធនាការ ថ្ងៃច័ន្ទ ពណ៌ខ្មៅ
RFA / វិទ្យុ អាស៊ី សេរី | ៦ មិថុនា ២០១៦
សកម្មភាពរបស់សមត្ថកិច្ចខណ្ឌដង្កោ
ចាប់ខ្លួនសកម្មជនដីធ្លីដាក់លើរថយន្ត បញ្ជូនទៅអធិការដ្ឋាន
ក្នុងពេលសកម្មជនដីធ្លីទាំងនោះ ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
ក្រោយពន្ធនាគារព្រៃស នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។ RFA/Rann
Samnang
ការចាប់ខ្លួននេះ ធ្វើឡើង ពីរកន្លែង ផ្សេងគ្នា។ មួយកន្លែង នៅតាមផ្លូវ ក្រោយគុក ព្រៃ ស និងមួយកន្លែងទៀត នៅពីមុខ ច្រកចូល គុកព្រៃ ស។ សកម្មជន ដីធ្លី ៦នាក់នោះ មានលោកស្រី ច្រាយ នីម មកពីសហគមន៍ ថ្ម គោល អេសអូអេស (SOS), កញ្ញា អ៊ឹម ស្រីទូច មកពីបណ្ដាញស្ត្រី អតីត បឹងកក់, លោកស្រី ជុំ ង៉ាន់, លោកស្រី យ៉ិន ស្រ៊ីន, លោកស្រី សោម សុម៉ាលី, និងលោកស្រី ង៉ូវ ណារី មកពីសហគមន៍ បុរីកីឡា ៣មករា។
ចំណែក កញ្ញា ហឹម ស្រីមុំ ជាអ្នកសារព័ត៌មានឲ្យមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនដែរ ខណៈនាងប្រើទូរស័ព្ទថតសកម្មភាពចាប់ខ្លួនស្ត្រីបីនាក់នៅមុខគុក ព្រៃស ក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត១រូប។
សម្រាប់លោកស្រី ច្រាយ នីម ដែលស្ថិតនៅក្នុងការចាប់ខ្លួនដែរនោះ នៅតែប្រកាន់ជំហរថា ពួកគាត់នឹងនៅប្រមូលផ្ដុំគ្នាធ្វើសកម្មភាពតវ៉ាដោយពាក់អាវខ្មៅ រាល់ថ្ងៃច័ន្ទ តទៅទៀត លុះត្រាតែមានការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីគ.ជ.ប ដោយគ្មានលក្ខខណ្ឌ។
No comments:
Post a Comment