Paris Peace Accords 23 Oct. 1991

Thursday, June 2, 2016

«សមត្ថកិច្ច​ អាច​ មិន​ ចាប់​ខ្លួន​ លោក កឹម សុខា» | "Security may or may not apprehend Kem Sokha"

«សមត្ថកិច្ច​ អាច​ មិន​ ចាប់​ខ្លួន​ លោក កឹម សុខា»

RFA / វិទ្យុ អាស៊ី សេរី | ១ មិថុនា ២០១៦
កឹម សុខា ៨៥៥ ២០១៥
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ពេល​ប្រារព្ធ​ទិវា​សន្ធិសញ្ញា​សន្តិភាព​ ទីក្រុង​ប៉ារីស នា​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

មន្ត្រី​ ជាន់​ខ្ពស់ ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ពុធ ទី​១ ខែ​មិថុនា អះអាង​ ថា, សមត្ថកិច្ច​ អាច​ មិន​ចាប់​ខ្លួន​ លោក កឹម សុខា ប្រធាន​ស្ដីទី​ គណបក្ស​ សង្គ្រោះ​ជាតិ ប្រសិនបើ​ ការ​ចាប់​ខ្លួន​នោះ​ ធ្វើ​ឲ្យ​ជាតិ​ខាត, ហើយ​ នាំ​ ឲ្យ​មាន​ ការ​បង្ហូរ​ឈាម ​រវាង ​ខ្មែរ​ និង​ខ្មែរ។

អ្នក​នាំ​ពាក្យ​ ក្រសួង​ មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ បង្ហាញ​ទស្សនៈ​ ផ្ទាល់​ខ្លួន ​របស់​លោក ​ថា, បញ្ហា​ របស់​ បុគ្គល​ម្នាក់​ គ្មាន​ អ្វី​សំខាន់​ ជាង​ប្រទេស​ជាតិ​ មាន​សុខ​ សន្តិភាព និង​ស្ថិរភាព​ នយោបាយ​ នោះ​ទេ៖ «ជា​ទស្សនៈ​ បុគ្គល​ផ្ទាល់​ របស់ ខ្ញុំ​ទេ, បើ ​ចាប់​លោក កឹម សុខា ទៅ​ នាំ​ឲ្យ​ ជាតិ​ខាត ​ប្រយោជន៍, អ៊ីចឹង ​យើង​ ទៅ​ចាប់​យក​មក ​ធ្វើ​អី?  បើ​ពេល​ហ្នឹង​ ចាប់​វា​ មិន​បាន, ចាំ​ពេល​ក្រោយ​ទៅ​ ក៏​បាន​ដែរ។  វា​ មិន​ទៅ​ ពិបាក​អី។   វា​មិន​សំខាន់ ​ចាប់​ខ្លួន​លោក កឹម សុខា ទៅ​, ជាតិ​យើង​ លែង​អភិវឌ្ឍន៍​ ឯ​ណា។  សំខាន់ ​យើង ​រក​បាន ​សន្តិភាព​ បច្ចុប្បន្ន​នេះ។  មាន​សន្តិភាព,  មាន​ស្ថិរភាព​ នយោបាយ, មាន​ការ​អភិវឌ្ឍ​ ត្រឹមត្រូវ​អា -- ​ហ្នឹង​ យើង​ ផ្តល់​ឲ្យ​គេ​ទៅ, ហើយ​ ចំពោះ​ ករណី​លោក កឹម សុខា, ថ្ងៃ​ណា​ ក៏​បាន​ដែរ។  ប្រទេស ​យើង ​ចេះ​តែ​ ជឿនលឿន​ទៅ, ចេះតែ​ ទៅមុខ​ទៅ។  សំខាន់​ គឺ​ ជា​តិ​យើង​ទេ, មិន​ បុគ្គល​ ផ្ទាល់​ខ្លួន ​ទេ»

ការ​អះអាង​របស់​លោក ខៀវ សុភ័គ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​សកម្មជន​បក្ស​ប្រឆាំង​ខាង​ក្នុង និង​ក្រៅ​ប្រទេស​កំពុង​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ លោក កឹម សុខា ទាំង​មាន​អភ័យ​ឯកសិទ្ធិ​សភា។

ក្រុម​និស្សិត​ព្រមាន​ធ្វើ​បាតុកម្ម​ប្រសិន​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា

កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ចលនា​និស្សិត​មួយ​ក្រុម​ប្រកាស​ដឹកនាំ​សិស្ស និស្សិត និង​សមាជិក​ទូទាំង​ប្រទេស​ប្រមាណ ៤​ពាន់​នាក់ ធ្វើ​បាតុកម្ម​អហិង្សា ប្រសិនបើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ ទាំង​មាន​អភ័យឯកសិទ្ធិ​សភា។

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ពុធ ថា គម្រោង​បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​បុព្វហេតុ​ការពារ​រដ្ឋធម្មនុញ្ញ​ពី​ ការ​រំលោភ​បំពាន​ម្ដង​ហើយ​ម្ដង​ទៀត​ពី​សំណាក់​ក្រុម​អ្នក​កាន់​អំណាច៖ «គម្រោង ​នេះ​គឺ​ខាង​សហព័ន្ធ​បញ្ញវន្ត​អត់​ទាន់​មាន​លប់​ទៅ​ណា​ទេ។ យើង​នៅតែ​ឃ្លាំមើល​ប្រសិនបើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា មែន​នោះ គឺ​យើង​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ធ្វើ​បាតុកម្ម​អហិង្សា​ដដែល។ ពួកយើង​មាន​សមាជិក​នៅ​ទូទាំង​ប្រទេស​ជាង ៤​ពាន់​នាក់ ដែល​យើង​រំពឹង​ថា នឹង​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​ជាមួយ​យើង​ដើម្បី​ការពារ​អភ័យ​ឯកសិទ្ធិ​ អ្នក​តំណាងរាស្ត្រ ក៏​ដូចជា​ការពារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៨០»

លោក​បន្ត​ថា លោក​មិន​ខ្លាច​ការ​ចាប់​ខ្លួន ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ក៏​ដូចជា​ក្រុម​ក្មេង​ស្ទាវ​គាំទ្រ​បក្ស​កាន់​អំណាច​នោះ​ឡើយ ចំពោះ​ការ​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​ការ​ចាប់​ខ្លួន​ណា​មួយ​ដែល​នឹង​ អាច​ធ្វើ​ឡើង​ទៅ​លើ​លោក កឹម សុខា នោះ។

​ឆ្លើយ​តប​ទៅ​នឹង​គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​និស្សិត​ទាំង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ ព្រមាន​ថា សមត្ថកិច្ច​នឹង​រក្សា​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ហើយ​ចាត់​វិធានការ​តាម​ផ្លូវ​ចំពោះ​បាតុកម្ម​ទាំង​ឡាយ​ដែល​មាន​ល្បិច​បោក​ បញ្ឆោត៖ «ដាក់​សុំ​ប៉ុន្មាន​ថ្ងៃ​មុន​ប៉ុណ្ណេះ​នាក់ ដង្ហែរ​ក្បួន​ប៉ុណ្ណេះ ចង់​បាន​ប៉ុណ្ណេះ គឺ​សមត្ថកិច្ចការពារ​ជូន។ យើង​ចង់​ណាស់​ពាក្យ​បញ្ចេញ​មតិ​ហ្នឹង ប៉ុន្តែ​កុំ​ឲ្យ​ធ្វើ​បាតុកម្ម​ដោយ​មាន​ការ​បង្កប់​នូវ​ល្បិចកល។ ដូច​យើង​ធ្លាប់​ឃើញ​ហើយ​ឆ្នាំ​២០១៣ បាតុកម្ម​តាំង​ពី​មាន​ការ​ទាមទារ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ តែ​ទីបំផុត​ដង្ហែ​ពេញ​ទីក្រុង​ភ្នំពេញ។ មនុស្ស​បួន​ប្រាំ​ម៉ឺន​នាក់​ហ្នឹង​ដង្ហែ​ពេញ​ភ្នំពេញ ស្រែក​ទាមទារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ អាហ្នឹង​ប្រាកដ​ជា​សមត្ថកិច្ច​អ្នក​មាន​ភារកិច្ច​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ទទួល​យក​មិន​បាន​ទេ»

​ក្រៅ​តែ​ពី​គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​និស្សិត​ទាំង​នេះ អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង ក៏​គ្រោង​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតុន នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​មិថុនា ខាង​មុខ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅលើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន រហូត​ដល់​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ដទៃ​ទៀត​ឲ្យ​មាន​សេរីភាព។

​ក្រុម​នេះ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​នាំ​គ្នា​ធ្វើ​ បាតុកម្ម​ដោយ​សន្តិវិធី តាម​សាលាក្រុង សភាជាតិ និង​ស្ថានទូត​ខ្មែរ​នានា នៃ​បណ្តា​ប្រទេស​របស់​ខ្លួន​កំពុង​រស់​នៅ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ខាង​មុខ​នេះ ដើម្បី​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ដែល​អង្គការ​លីកាដូ រក​ឃើញ​មាន​ចំនួន ២៩​នាក់ កំពុង​ជាប់​ឃុំឃាំង​ដោយសារ​ការ​ហ៊ាន​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ៕




No comments:

Post a Comment