Paris Peace Accords 23 Oct. 1991

Wednesday, June 15, 2016

សមត្ថកិច្ច​ កំពុង ​ស្រាវជ្រាវ ​រក​ជន​ ពាក់ព័ន្ធ​ ករណី​ ឡាន​ទាហាន​ ដឹក​ឈើ​ប្រណិត ​នៅ​ខេត្ត​ ត្បូងឃ្មុំ | Security searching for drivers of military vehicles transporting luxury timber

 ផែនទី​ខេត្ត​ត្បូងឃ្មុំ ៦២០

សមត្ថកិច្ច​ កំពុង ​ស្រាវជ្រាវ ​រក​ជន​ ពាក់ព័ន្ធ​ ករណី​ ឡាន​ទាហាន​ ដឹក​ឈើ​ប្រណិត ​នៅ​ខេត្ត​ ត្បូងឃ្មុំ

RFA / វិទ្យុ អាស៊ី សេរី | មិថុនា ២០១៦


ផែនទី​ខេត្ត​ត្បូងឃ្មុំ
Photo: RFA
 

មន្ត្រី​ នាំ​ពាក្យ​ កង​រាជ​អាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស ឲ្យ​ដឹង​ ថា, សមត្ថកិច្ច​ កំពុង​ ស្រាវជ្រាវ​ ករណី ​រថយន្ត​ ទាហាន ​ពីរ​គ្រឿង និង​រថយន្ត​ សារ៉ែន​ ដែល​ត្រូវ​ បាន​សមត្ថកិច្ច​ ចាប់​ នៅ​ស្រុក​ ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ពាក់ព័ន្ធ​ ករណី​ ដឹក​ឈើ ​ប្រណិត។  ការ​លើក​ឡើង​នេះ បន្ទាប់​ ពី​សមត្ថកិច្ច​ បង្ក្រាប ​បាន​រថយន្ត​ បី​គ្រឿង​ ដែល​ផ្ទុក​ឈើ​ ប្រណិត​ ប្រភេទ ​គ្រញូង និង​ធ្នង់​ ជាច្រើន​រយ​ដុំ បម្រុង​ ដឹក​ចេញ​ ទៅ​ប្រទេស​ វៀតណាម កាល​ពី​ព្រឹក ​ថ្ងៃ​ទី​១៣ មិថុនា។

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជន​ពាក់ព័ន្ធ និង​គ្រោង​បញ្ជូន​សំណុំ​រឿង​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ដោយ​ប្រើប្រាស់​មធ្យោបាយ​ រដ្ឋ​ទៅ​តុលាការ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ឃាត់​រថយន្ត​ទាហាន​ពីរ​គ្រឿង និង​រថយន្ត​សារ៉ែន​មួយ​គ្រឿង បាន​បង្កប់​ឈើ​ប្រណិត​ប្រភេទ​គ្រញូង និង​ធ្នង់ បម្រុង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ត្បូងឃ្មុំ បាន​ឃាត់​រថយន្ត​បី​គ្រឿង ក្នុង​នោះ​រថយន្ត​ទាហាន​កង​ពល​ដឹក​ជញ្ជូន​៩៩ ចំនួន​ពីរ​គ្រឿង។ ចំណែក​រថយន្ត​សារ៉ែន​មួយ​គ្រឿង​ដែល​មាន​ទម្រង់​ជា​រថយន្ត​សមត្ថកិច្ច​នោះ គឺ​ជា​រថយន្ត​មាន​ស្លាក​លេខ​ក្លែងក្លាយ​របស់​ក្រុម​ជន​ល្មើស​ប៉ុណ្ណោះ។ លោក​បន្ត​ថា ចំពោះ​រថយន្ត​ទាហាន​កង​ពល​ដឹក​ជញ្ជូន​៩៩ សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​បន្ថែម​ទៀត​រក​អ្នក​ពាក់ព័ន្ធ ដើម្បី​ដាក់​ទោស​ទណ្ឌ​តាម​វិន័យ​យោធា និង​ដាក់​ទោស​តាម​ច្បាប់​ព្រៃ​ឈើ៖ «បាទ! ហ្នឹង ​គាត់​ត្រូវ​ទទួល​រង​ពិន័យ​ទៅ​តាម​បទ​វិន័យ​ទូទៅ​របស់​កង​យោធពល​ខេមរភូមិន្ទ ហើយ​យើង​មើល​បទ​ពិន័យ​ហ្នឹង គឺ​ដាក់​តាម​កំហុស​របស់​គាត់»


រថយន្ត​ទាហាន និង​ឡាន​សារ៉ែន​ទាំង​បី​គ្រឿង​នោះ មាន​ផ្ទុក​ឈើ​ប្រភេទ​គ្រញូង និង​ធ្នង់​ជាង ២០០​ដុំ ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​ជា​ម៉ែត្រ​គូប​នៅ​ឡើយ​ទេ។ ឈើ និង​រថយន្ត ត្រូវ​រក្សា​ទុក​នៅ​ស្នាក់ការ​មន្ត្រី​ជំនាញ​ខេត្ត​ត្បូងឃ្មុំ។ លោក អេង ហ៊ី ឲ្យ​ដឹង​ថា បេសកកម្ម​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា នោះ ក្រុម​ជន​ល្មើស​បាន​រត់​គេច​ខ្លួន​បាត់។ ដូច្នេះ គេ​មិន​ទាន់​ដឹង​ថា ឈើ​នោះ​មាន​ទិសដៅ​ពី​ណា​ទៅ​ណា​ប្រាកដ​ទេ។ មន្ត្រី​នាំ​ពាក្យ​ដដែល​អះអាង​ថា បទល្មើស​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​វៀតណាម ជា​ទ្រង់ទ្រាយ​ធំ គឺ​មិន​មាន​ទៀត​ឡើយ លើក​លែង​តែ​ករណី​លួច​លាក់​តាម​ច្រក​របៀង​ខ្លះ​ប៉ុណ្ណោះ។

ទាក់ទង​បញ្ហា​នេះ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម លោក ស៊ូ យាន មើល​ឃើញ​ថា សកម្មភាព​រត់​ពន្ធ​ឈើ​ឆ្លង​ដែន​ចេញ​ទៅ​វៀតណាម ទ្រង់ទ្រាយ​ធំ គឺ​មិន​សូវ​មាន​មែន ប៉ុន្តែ​បទល្មើស​ក្រោម​រូបភាព​លួច​លាក់​នៅ​តែ​ជា​ក្តី​បារម្ភ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា បទល្មើស​អាច​កើត​ឡើង គឺ​ដោយសារ​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៖ «អភិបាល​ ខេត្ត​ ដែល​ជា​គណៈ​ មេ​បញ្ជាការ​ ឯកភាព ​របស់​ ខេត្ត មាន​វិធានការ​ទប់ស្កាត់​ទៅ​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​យើង​លើក​តែ​លើក។ លើក​ក្នុង​កិច្ច​ប្រជុំ គឺ​វា​មិន​មាន​ប្រសិទ្ធភាព»


មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត ​ត្បូងឃ្មុំ លោក នាង សុវ៉ាត សាទរ​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​រថយន្ត​ដឹក​ឈើ​ របស់​ទាហាន និង​លើក​ទឹក​ចិត្ត​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ធ្វើ​ការងារ​នេះ​បន្ថែម​ទៀត ព្រម​ទាំង​ត្រូវ​បង្ក្រាប​ឲ្យ​បាន​ស្មើ​ភាព​គ្នា ពីព្រោះ​លោក​យល់​ថា ករណី​នេះ​អាច​ជា​ទំនាស់​ផល​ប្រយោជន៍​ច្រើន​ជាង៖ «ទោះ ​បង្កើត​ គណៈកម្មការ​ ប៉ុន្មាន​ ទៀត​ ក៏ដោយ បើ​សិន ​ខ្វះ​មនសិការ​, ខ្វះ​ឆន្ទៈ​ ក្នុង​ការ ​ធ្វើ​ហើយ, គឺ​ គេ ​ធ្វើ​ ទៅ​លើ​ អ្នក​ណា ដែល​មិន ​បាន​ផ្តល់​ ប្រយោជន៍ ​ឲ្យ​គេ​ទេ»

លោក​បន្ថែម​ថា សកម្មភាព​បង្ក្រាប​បទល្មើស​ឈើ​ប្រណិត​ធំៗ កម្រ​ឃើញ​ចាប់​បាន​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​ណាស់ បើ​ទោះ​បី​បទល្មើស​ទាំង​នោះ​ជាក់ស្តែង​យ៉ាង​ណា​ក៏ដោយ។ លោក​ថា ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព អាជ្ញាធរ ឬ​តុលាការ ត្រូវ​ចាប់​ជន​ល្មើស រួម​មាន​មន្ត្រី ឧកញ៉ា​ធំៗ​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ស្តុក​ទុក និង​រក​ស៊ី​ឈើ​កន្លង​មក។ លោក​មើល​ឃើញ​ថា តាំង​ពី​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មករា គឺ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ចាប់​ខ្លួន ឬ​ដាក់​ទោស​ទណ្ឌ​ដល់​ឧកញ៉ា​រក​ស៊ី​ឈើ​នៅ​ឡើយ បាន​ត្រឹម​តែ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ប៉ុណ្ណោះ៕

No comments:

Post a Comment