ពលរដ្ឋ ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ បារម្ភ ខ្លាចបាត់បង់ ដីកប់សព ដូនតា
RFA / វិទ្យុ អាស៊ី សេរី | ៨ មិថុនា ២០១៦
ដីតំបន់កប់សពរបស់អ្នកភូមិដែលមានវិវាទ ឋិតនៅឃុំស្រឡប់
ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែមិថុនា
ឆ្នាំ២០១៦។ Photo ADHOC
ប្រជាពលរដ្ឋ និងសមាជិកក្រុមប្រឹក្សាឃុំស្រឡប់ ស្នើឲ្យអាជ្ញាធរមូលដ្ឋាន ព្រមទាំងអាជ្ញាធរខេត្ត ជួយទប់ស្កាត់ការប៉ុនប៉ងណាមួយ ដើម្បីចង់បានដីតំបន់កប់សពរបស់អ្នកភូមិ។ ពលរដ្ឋបញ្ជាក់ថា នឹងតវ៉ាចំពោះសកម្មភាពឈូសឆាយ ឬរំលោភយកកន្លែងទីសក្ការៈបូជារបស់ពួកគាត់ ដោយមិនអនុញ្ញាតឲ្យជនណាបំពានបានឡើយ។
ពលរដ្ឋនៅភូមិអង្គរជ័យ ឃុំស្រឡប់ មួយរូបមានវ័យ ៧០ឆ្នាំ អ្នកស្រី ហង់ ឡេន មានប្រសាសន៍ថា ដីតំបន់ត្រពាំងកែវតាខ្វាក់ គឺជាកន្លែងកប់សពរបស់អ្នកស្រុកកាលពីដើមមក ហើយមានផ្នូរដូនតាអ្នកស្រីកប់នៅទីនោះទៀតផង។ អ្នកស្រីបន្តថា កាលពីខែមីនា មានករណីឈូសឆាយកន្លែងកប់សពរបស់អ្នកភូមិម្តង ក្រោយមកចេះតែមានសកម្មភាពឈ្មួញដីមកប៉ុនប៉ងចង់បានដីកន្លែងកប់ សពដូនតាពួកគាត់បន្តទៀត ជាហេតុធ្វើឲ្យពលរដ្ឋបារម្ភខ្លាចបាត់បង់ដីតំបន់នោះ៖ «ដល់ពេលគេចែកឲ្យវា ស្មានតែគេចែកផ្នូរហ្នឹងវាយកអី? ដល់អ៊ីចឹងដល់ពេលដីបានថ្លៃ ចង់បានផ្នូរយកទៅលក់។»
វិវាទដីផ្នូរកប់សពនេះ កើតឡើងក្រោយពេលដីនៅក្បែរបរិវេណទួលកប់សពចាប់ផ្តើមឡើងថ្លៃ បន្ទាប់ពីអាជ្ញាធរឈូសឆាយផ្លូវពីសាលាខេត្តត្បូងឃ្មុំ ដែលកំពុងសាងសង់កាត់តាមតំបន់នោះ។
សមាជិកក្រុមប្រឹក្សាឃុំស្រឡប់ មួយរូប លោក ភា ធាំង ឲ្យដឹងថា វិវាទដីកប់សព គឺកើតឡើងក្រោយពេលដីតំបន់នោះឡើងថ្លៃ ហើយឈ្មួញដីធ្លាប់ឈូសឆាយប៉ះពាល់សពមួយចំនួន ពិសេសសពដែលមិនមានសាច់ញាតិ។ ដោយឡែក សាច់ញាតិសពខ្លះព្រមទទួលយកថវិកា ជាថ្នូរនឹងការឈូសឆាយ។ ចំណែកសាច់ញាតិសពប្រមាណ ២០នាក់ទៀត គឺមិនព្រមលក់កន្លែងកប់សពនោះទេ៖ «បើសិនយើងមិនប្ដឹង គេលក់ទួលហ្នឹងដើម្បីបិទផ្លូវយើង សពដែលមិនព្រមចេញហ្នឹង គេបិទផ្លូវយើងម៉ងដំណើរហ្នឹង។»
ប្រភពដដែលបន្តថា លោក និងប្រជាពលរដ្ឋផ្សេងទៀត បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ដើម្បីជួយអន្តរាគមន៍ ដោយស្នើសុំរក្សាទុកកន្លែងកប់សពជាសម្បត្តិសាធារណៈដូចដើមវិញ ប៉ុន្តែមិនទាន់មានការឆ្លើយតបទេ។
ទាក់ទងបញ្ហានេះ មេឃុំស្រឡប់ លោក ស៊ាប សុជាតិ បញ្ជាក់ថា ការឈូសឆាយកាលពីពេលមុន គឺដោយសារសាច់ញាតិសព យល់ព្រមទទួលសំណងពីគេ ទើបឈ្មួញដីនៅទីនោះគេហ៊ានឈូសឆាយ។ ចំណែកផ្នូរសពដែលនៅសេសសល់ គឺគ្មានជនណាអាចរំលោភយកបានឡើយ ប្រសិនបើគ្មានការយល់ព្រមពីសាច់ញាតិសពទាំងនោះ៖ «គ្មាន នរណា ទៅរំលោភ! បាទ! ព្រោះ ថា, គ្រួសារ មួយក្រុម, គាត់ មាន ៨ ឬ៩ គ្រួសារ។ គាត់ ថា, អត់ព្រម លក់ទេ, មិនព្រម លក់ ឲ្យគាត់ ព័ទ្ធរបង ឃុំទុកទៅ។»
ទោះបីជាបែបនេះក្តី មន្ត្រីអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្ត កំពង់ចាម លោក វ៉ន សេងធុយ ដែលបានចុះអង្កេតផ្ទាល់មើលឃើញថា មានសាច់ញាតិសពខ្លះព្រមទទួលយកសំណងមែន ប៉ុន្តែពួកគេទទួលយកដោយការបង្ខំចិត្តប៉ុណ្ណោះ។ លោកថា ករណីនេះមានជាប់ពាក់ព័ន្ធពលរដ្ឋមួយចំនួន និងអាជ្ញាធរមូលដ្ឋានផង ក្នុងការឃុបឃិតលក់ដីតំបន់កប់សពនោះ។ លោកបញ្ជាក់ថា ការរំលោភកន្លែងទីសក្ការបូជាបែបនេះ គឺជាបទល្មើសព្រហ្មទណ្ឌ ហើយពលរដ្ឋមិនអាចលក់ដូរដីដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ បែបនេះទេ៖ «នឹងមានការបោះបង្គោលយកដីហ្នឹង ដើម្បីភ្ជាប់ក្បាលដីដែលនៅខាងក្រោយហ្នឹងមកដល់ផ្លូវ។ អ៊ីចឹងងាយបាត់បង់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋ។»
លោកបារម្ភថា ប្រសិនបើគ្មានការដោះស្រាយពីសំណាក់អាជ្ញាធរជុំវិញករណីនេះទេ តំបន់កប់សពរបស់អ្នកស្រុក នឹងត្រូវបានឈ្មួញរំលោភយកក្រោមរូបភាពផ្សេងៗជាក់ជាមិនខាន៕
No comments:
Post a Comment