Paris Peace Accords 23 Oct. 1991

Thursday, June 16, 2016

[Vietnamization] សហគមន៍ ​ខេត្ត​រតនគិរី ​រក​ឃើញ​ គំនរ​ឈើ ​ដែល​គេ​ បម្រុង​លួច​ ឆ្លង​ដែន ​ទៅ​ប្រទេស ​វៀតណាម | Jarai community in Ratanakiri found piles of timber waiting to be transported to Vietnam

សហគមន៍ ​ខេត្ត​រតនគិរី ​រក​ឃើញ​ គំនរ​ឈើ ​ដែល​គេ​ បម្រុង​លួច​ ឆ្លង​ដែន ​ទៅ​ប្រទេស ​វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ១៦ មិថុនា ២០១៦

ផែនទី​ខេត្ត​រតនគិរី ៦២០
ផែនទី​ខេត្ត​រតនគិរី។ RFA  

ក្រុម​ល្បាត​ តំបន់​ព្រៃ​ឈើ​ សហគមន៍​ ជនជាតិ​ដើម​ ភាគតិច​ ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី រក​ឃើញ ​គំនរ​ឈើ​ ពីរ​គំនរ ដែល​គេ​ គ្រោង​ដឹក​ជញ្ជូន​ ឆ្លង​ដែន ​លួច​លាក់​ ទៅ​លក់ ​ឲ្យ​ឈ្មួញ​ វៀតណាម។  មន្ត្រី ​ឃ្លាំ​មើល​ បទល្មើស​ ព្រៃ​ឈើ​ នៃ​សមាគម​ អាដហុក (ADHOC) ចាត់​ទុក ​ថា, ​នេះ​ ជា​សញ្ញា​បញ្ជាក់​ ថា បទល្មើស​ ដឹក​ជញ្ជូន ​ឈើ​ ឆ្លង​ដែន​ នៅ​តែ​ បន្ត​ កើត​មាន។


មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា សមត្ថកិច្ច​រឹប​អូស​ឈើ​ជ្រុង​ចំនួន​ជិត ៤០​កំណាត់ ដែល​គេ​ទុក​ចោល​នៅ​ក្នុង​ព្រៃ​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍​ការពារ​ព្រំដែន​ថ្មដា ក្នុង​ស្រុក​អូរយ៉ាដាវ។

ការ​រក​ឃើញ​នេះ បន្ទាប់​ពី​ក្រុម​ល្បាត​ព្រៃ​សហគមន៍​ភូមិ​ឡំ បាន​ប្រទះ​ឃើញ​ឈើ​នោះ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​រឹប​អូស​ឈើ​នោះ និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ឲ្យ​ទទួល​ខុស​ត្រូវ​ពី​បទល្មើស​ព្រៃ​ឈើ​នេះ។

សមាជិក​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡំ លោក រចំ ខាំ បញ្ជាក់​ថា ឈើ​ទាំងអស់​នោះ​ជា​ប្រភេទ​ឈើ​ក្រំ​ទំហំ​ពីរ​តឹក​បួន​ជ្រុង ប្រវែង ៣​ម៉ែត្រ។ លោក​ថា ឈើ​នោះ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​តាម​រថយន្ត បំណង​ឆ្លង​ទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ទំនង​ខ្លាច​ក្រុម​សមត្ថកិច្ច​ស្ទាក់​ចាប់ ទើប​យក​ឈើ​ទាំង​នោះ​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ជា​បណ្ដោះអាសន្ន៖ «មេ​ព្រៃ​គេ​មក​តើ! ខ្ញុំ ​ទៅ​មើល​រដ្ឋបាល​ព្រៃ​ឈើ។ មិន​មែន​ព្រៃ​សហគមន៍​ទេ ឈើ​ហ្នឹង​គេ​ដឹក​មក​ពី​ព្រៃ​ខ្លះ​ភូមិ​ដរ និង​កុក​ព្នង។ គេ​ដឹក​ទៅ​លក់​នៅ​វៀតណាម»


កាល​ពី​ខែ​ឧសភា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប៉ាដល ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ រាយការណ៍​ថា ឈើ​ជ្រុង​រាប់​សិប​ឡាន​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ចេញ​ពី​ព្រៃ​ក្បែរ​ការដ្ឋាន​ក្រុមហ៊ុន​ សម្បទាន​សេដ្ឋកិច្ច ចាង លី និង​ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ នៅ​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​តំបន់​ព្រំដែន តាម​ផ្លូវ​លំ​ដែល​ក្រុមហ៊ុន​បាន​ធ្វើ ហើយ​ឆ្លង​តាម​ច្រក​របៀង​ព្រំដែន​ចំណុច​ភូមិ​ភិ ចូល​ទៅ​ប្រទេស​វៀតណាម ស្ទើរ​រៀង​រាល់​យប់។

នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​អូរយ៉ាដាវ លោក ឡេង យុគ បញ្ជាក់​ថា សមត្ថកិច្ច​រក​មិន​ឃើញ​អត្តសញ្ញាណ​ម្ចាស់​ឈើ​នោះ​នៅ​ឡើយ។ ដោយឡែក​ប្រភព​ដើម​នៃ​ឈើ​ទាំង​នោះ មិន​មាន​នៅ​តំបន់​នោះ​ទេ។ លោក​ថា វត្ថុ​តាង​ឈើ​ទាំង​នោះ នឹង​ត្រូវ​រឹប​អូស​ទុក​ជា​សម្បត្តិ​រដ្ឋ៖ «កណ្ដាល​ព្រៃ​មិន​ដឹង​ទៅ​រក​ឯណា? គ្មាន​មនុស្ស​ផង។ មិន​ដឹង​យក​ចេញ​ពី​ច្រក​ណា? ឈើ​ហ្នឹង​នោះ តំបន់​ហ្នឹង​អត់​ដែល​មាន​ឈើ​ក្រំ​ណា មិន​ដឹង​យក​ចេញ​ពី​ច្រក​ណា​មក»


មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា អាជ្ញាធរ​ខេត្ត​បាន​ទប់ស្កាត់​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ទ្រង់ទ្រាយ​ ធំ​បាន​ប្រសើរ បន្ទាប់​ពី​រាជ​រដ្ឋាភិបាល ដាក់​បទបញ្ជា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ចាប់​ពី​ចុង​ឆ្នាំ​២០១៥ រហូត​មក។ ទោះ​យ៉ាង​នេះ​ក្តី លោក​សង្កេត​ឃើញ​ថា បទល្មើស​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​ទេសចរណ៍​ខ្នាត​តូច នៅ​តែ​បន្ត​កើត​មាន ដោយសារ​តែ​មន្ត្រី​ពាក់ព័ន្ធ​ខ្លះ​ឃុបឃិត​បើក​ច្រក​របៀង​ព្រំដែន ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​នៅ​វេលា​យប់៖ «មាន​ភាព​ ប្រសើរ​ជាង​ឆ្នាំ​មុនៗ ទោះ​បី​មាន​ការ​ដឹក​ជញ្ជូន​ដោយ​លួច​លាក់​ពី​សំណាក់​ឈ្មួញ​តូចតាច ក៏ប៉ុន្តែ​នៅ​តែ​មាន​ការ​ចុះ​បង្ក្រាប​ញឹកញាប់​ជាង​មុន»

យ៉ាង​ណា​ក៏ដោយ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក កែប កត់ បញ្ជាក់​ថា សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ បាន​ចាត់​មន្ត្រី​ចុះ​ទៅ​ឃ្លាំ​មើល​តាម​ច្រក​របៀង​ព្រំដែន​ដែល​មាន​សេចក្តី​ រាយការណ៍​ថា មាន​ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​នោះ​ហើយ។ លោក​ថា មន្ត្រី​ព្រៃ​ឈើ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ជន​ទាំងឡាយ​ណា ដែល​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ខុស​ច្បាប់​នេះ៕


No comments:

Post a Comment