[Background]
Part
II: Vietnamization of the Economic Framework (continued)
The
Unequal Exchange
It
is within this new institutional framework that the Vietnamese are asserting their hold over the economy
and future of
Kampuchea. Fisheries, rubber and rice are the three main sectors affected by what should be termed the Unequal
Exchange between Vietnam and Kampuchea.
. . .
រោងចក្រអង្ករក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE)។ RFA/Chuop Sereyroth |
ក្រុមហ៊ុន នាំចេញ អង្ករ ស្នើឲ្យ រដ្ឋាភិបាល បោះទុនបន្ទាន់ សង្គ្រោះ ដល់ការ នាំចេញ ដែលកំពុង ធ្លាក់ចុះ
RFA / វិទ្យុ អាស៊ី សេរី | ៩ មិថុនា ២០១៦
របាយការណ៍ របស់ លេខាធិការដ្ឋាន ច្រកចេញចូល តែមួយ បង្ហាញថា, ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៦ កម្ពុជា នាំចេញអង្ករបានជាង ២៣ម៉ឺនតោនប៉ុណ្ណោះ គឺធ្លាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ កន្លងទៅ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុននាំចេញអង្ករ និងអ្នកជំនាញកសិកម្ម ជំរុញឲ្យរដ្ឋាភិបាលត្រូវតែត្រៀមកញ្ចប់ទុនជាបន្ទាន់ ដើម្បីសង្គ្រោះ និងទប់ស្កាត់ការធ្លាក់ចុះបរិមាណនាំចេញអង្កររបស់កម្ពុជា។
ក្រុមហ៊ុននាំចេញអង្ករ និងអ្នកជំនាញកសិកម្ម បានបង្ហាញក្តីបារម្ភជាថ្មីថា ប្រសិនបើរដ្ឋាភិបាលគ្មានយន្តការទប់ស្កាត់វិបត្តិធ្លាក់ចុះបរិមាណ នាំចេញអង្ករនោះទេ កម្ពុជា មិនត្រឹមតែខ្វះស្បៀងផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ វិស័យស្រូវអង្ករកម្ពុជា ក៏មិនអាចគេចចេញពីការដួលរលំផងដែរ។
ទន្ទឹមគ្នានេះ ម្ចាស់ក្រុមហ៊ុននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ យល់ថា ការត្រៀមកញ្ចប់ទុនទិញស្រូវស្តុកទុករបស់រដ្ឋាភិបាល គឺជាមធ្យោបាយសមស្របមួយក្នុងការឆ្លើយតបការនាំចេញអង្ករក្នុង ឆ្នាំ២០១៦ នេះ។
ការលើកឡើងរបស់ក្រុមហ៊ុននាំចេញអង្ករ និងអ្នកជំនាញកសិកម្មនៅពេលនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយនៃ ក្រសួងកសិកម្ម បង្ហាញថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៦ កម្ពុជា នាំចេញអង្ករបានជាង ២៣ម៉ឺនតោន។
របាយការណ៍ដដែលឲ្យដឹងដែរថា ប្រភេទអង្ករកម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៦ នេះ ឈរលំដាប់លេខ១ មានប្រភេទអង្ករផ្កាម្លិះ និងអង្ករផ្ការំដួល។
របាយការណ៍នេះក៏បញ្ជាក់ទៀតថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៦ កម្ពុជា បាននាំចេញអង្ករទៅកាន់បរទេសបានជាង ២៣ម៉ឺនតោន (២៣៤,៣២៨តោន) ធ្លាក់ចុះ ៣,៧% បើធៀបនឹង ៥ខែដំបូងឆ្នាំ២០១៥ ដែលមានចំនួនជាង ២៤ម៉ឺនតោន (២៤៣,០២៥តោន)។
របាយការណ៍បង្ហាញពីបរិមាណនាំចេញអង្ករនេះ គឺបង្ហាញថា បរិមាណនៃការនាំចេញអង្កររបស់កម្ពុជា នៅតែធ្លាក់ចុះគួរឲ្យបារម្ភ និងនៅតែមានគម្លាតឆ្ងាយនៅឡើយពីទិសដៅដែលរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន ១លានតោនក្នុងមួយឆ្នាំ។
ករណីនេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងជាអគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE CAMBODIA Co., LTD.) ដែល ជាក្រុមហ៊ុននាំចេញអង្ករធំមួយនៅកម្ពុជា លោក សុង សារ៉ន ឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យការនាំចេញអង្កររបស់កម្ពុជា ដើមឆ្នាំ២០១៦ ធ្លាក់ចុះ មកពីកង្វះទុនបន្ទាន់ដើម្បីទិញស្រូវពីកសិករស្តុកទុក និងការគំរាមកំហែងពីឥទ្ធិពលគ្រោះរាំងស្ងួត ដែលជំរុញឲ្យដំណើរការផលិតកម្មកសិកម្មមានភាពយឺតយ៉ាវ និងធ្លាក់ចុះ។
លោកបន្តថា ប្រសិនជាគ្មានការគិតគូរបានទាន់ពេលនោះទេ ការធ្លាក់ចុះបរិមាណនាំចេញអង្ករនេះ វាមិនត្រឹមតែបន្តគំរាមកំហែងដល់ការរីកលូតលាស់វិស័យកសិកម្ម ប៉ុណ្ណោះទេ វាក៏គំរាមកំហែងដល់ទីផ្សារស្រូវកសិករ និងសេដ្ឋកិច្ចជាតិខ្លាំងផងដែរ៖ «ខ្ញុំគិតថា បើសិនយើងគ្មានការទប់ទល់ និងវិធានការបន្ទាន់ណាមួយទៀត យើងនឹងបន្តនាំចេញអង្ករធ្លាក់ចុះទៀតនៅរង្វង់ ៣ ទៅ ៤ខែខាងមុខទៀត។»
ទន្ទឹមគ្នានេះ លោក សុង សារ៉ន បញ្ជាក់ទៀតថា ជំរុញឲ្យរដ្ឋាភិបាលត្រូវត្រៀមកញ្ចប់ទុនទិញស្រូវស្តុកទុកជា បន្ទាន់ ដើម្បីដោះស្រាយការថយចុះបរិមាណនាំចេញអង្ករបានទាន់ពេលនៅប៉ុន្មាន ខែខាងមុខ អំឡុងរដូវប្រមូលផលស្រូវកសិករ៖ «ទុន ប៉ុណ្ណឹងវាត្រូវការសាងសង់ឃ្លាំង ត្រូវការដំឡើងឡសម្ងួត ត្រូវការមនុស្សដែលប្រតិបត្តិការលើទឹកប្រាក់ហ្នឹង។ ចឹងយើងយកមកមិនតែដើម្បីតែទិញស្រូវប៉ុណ្ណោះទេ។ អាហ្នឹងហើយជាគ្រឹះរឹងមាំ ដើម្បីប្រមូលផលជារៀងរាល់ឆ្នាំ ដើម្បីឲ្យក្រុមនាំចេញមានលទ្ធភាពនាំចេញ បញ្ចុះថ្លៃដើមដឹកជញ្ជូន បញ្ចុះថ្លៃអគ្គិសនី ជាដើម។»
ទន្ទឹមនឹងការលើកឡើងនេះ តំណាងសហគមន៍កសិករ លោក ស៊ឹម រ៉ុម យល់ថា ដើម្បីកុំឲ្យការនាំចេញអង្ករកម្ពុជា បន្តធ្លាក់ចុះ រដ្ឋាភិបាលត្រូវដោះស្រាយឲ្យបានឆាប់រហ័សរាល់ឧបសគ្គក្នុងវិស័យ កសិកម្ម សំខាន់គឺកង្វះទុន កង្វះទឹក និងកង្វះទីផ្សារ ដែលជាកត្តារាំងស្ទះដល់ដំណើរការផលិតកម្ម ពិសេសជំរុញឲ្យគ្រួសារកសិករនៅកម្ពុជា កាន់តែក្រីក្រ។
របាយការណ៍ស្ដីពីសភាពការណ៍នៃល្បឿនការងារបង្កបង្កើនផលដំណាំ រដូវវស្សាឆ្នាំ២០១៦ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមខែឧសភា បង្ហាញដែរថា ការងារបង្កបង្កើនផលដំណាំស្រូវទូទាំងប្រទេសសម្រេចបាន ៥,៣៤% តិចជាងឆ្នាំមុន ៩,២៧% បើធៀបនឹងរយៈពេលដូចគ្នា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ាង សុផល្លែត ដើម្បីដឹងពីវិធានការរបស់រដ្ឋាភិបាល ថាតើរដ្ឋាភិបាលបានត្រៀមទុនទិញស្រូវស្តុករួចឬនៅ ដើម្បីបញ្ចៀសវិបត្តិធ្លាក់ចុះបរិមាណនាំចេញអង្ករបាននៅឡើយ នៅថ្ងៃទី៧ ខែមិថុនា។
ប៉ុន្តែក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការទី៣ នៃរដ្ឋសភា កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ឲ្យដឹងថា ក្រសួងកសិកម្ម នឹងខិតខំបង្កើនការស្រាវជ្រាវ និងរិះរកបច្ចេកទេសថ្មីៗដើម្បីបង្កើនប្រសិទ្ធភាព គុណភាពនៃការផលិតពូជដល់កសិករ ដើម្បីសម្រេចទិសដៅនាំចេញអង្ករផងដែរ។
ទន្ទឹមគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានប្រកាសកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីន ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ដែលការបោះឆ្នោតសម្រាប់អាណត្តិទី២ និងមហាសន្និបាតលើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃដើមខែកក្កដា ឆ្នាំ២០១៦ ខាងមុខ ដើម្បីបន្តបេសកកម្មលើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជា ដែរ។
យ៉ាងណា ក្រុមហ៊ុននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ យល់ថា ភ្លាមៗនេះ រដ្ឋាភិបាលត្រូវតែហ៊ានបោះទុនប្រមាណជាង ៣០លានដុល្លារសម្រាប់ដោះស្រាយបញ្ហាប្រឈមដល់ការនាំចេញអង្កររយៈពេល ខ្លីជាបន្ទាន់ ហើយរដ្ឋាភិបាលក៏ត្រូវបោះទុនប្រមាណជាង ៣០០លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីសម្រេចដល់ការនាំចេញអង្ករក្នុងរយៈពេលវែង៕
No comments:
Post a Comment